FTA រវាងជប៉ុននិង EU៖ សារច្បាស់លាស់ប្រឆាំងជំទាស់លទ្ធិគាំពារនិយមពាណិជ្ជកម្ម

(VOVWORLD) - នាថ្ងៃទី១៧ កក្កដា នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ថ្នាក់ដឹកនាំជប៉ុននិង សហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី (FTA) ក្រោយរយៈពេល៥ឆ្នាំដំណើរការកិច្ចចរចា។ ក្នុងបរិបទដែលលទ្ធិ គាំពារនិយមពាណិជ្ជកម្មកំពុងរីករាល ដាល ក្នុងនោះមានគោលនយោបាយ “ប្រទេសអាមេរិកជាចម្បង” របស់ប្រធានាធិបតីលោក Donald Trump និងសង្គ្រាម ពាណិជ្ជកម្មរវាងអាមេរិកនិងចិននោះ កិច្ចព្រមព្រៀងទ្វេភាគីរវាងជប៉ុននិង EU បានបញ្ជូនសារដ៏ខ្លាំងក្លាមួយសំដៅប្រឆាំងជំទាស់លទ្ធិគាំពារនិយមពាណិជ្ជកម្ម ហើយអះអាងថា ប្រទេសធំៗមិនអាចប្រើកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនដើម្បីដំឡើង លក្ខខណ្ឌពាណិជ្ជកម្មដែលមានផលប្រយោជន៍សំរាប់ខ្លួនឯងបានឡើយ។

   FTA EU-ជប៉ុន គ្រោងនឹងចូលជាធរមាននាខែមីនាឆ្នាំ២០១៩ ក្រោយពីត្រូវបានស្ថាប័ននីតិបញ្ញាត្តិនៃភាគីទាំងពីរអនុម័ត។ នាគ្រានោះ FTA នេះនឹងបង្កើតឡើងប្លុកសេដ្ឋកិច្ចមួយក្នុងចំណោមប្លុកសេដ្ឋកិច្ចដ៏ធំបំផុតលើពិភពលោក ដែលស្រូបយកប្រមាណ៣០% GDP សកល ដោយមានចំនួនប្រជាជនឡើងដល់ទៅ៦០០លាននាក់នៃប្រទេសចំនួន២៩។

        តាមកិច្ចព្រមព្រៀងនេះ ជប៉ុននឹងលុបចោលពន្ធ ចំពោះទំនិញនាំចូលពី EU ចំនួន៩៤%។ ហើយ EU នឹងលុបចោលពន្ធចំពោះទំនិញនាំចូលពីជប៉ុនចំនួន៩៩%វិញ។

        និន្នាការជំរុញ FTA ដែលគ្មានអាមេរិក

        FTA ខាងលើត្រូវបានចុះហត្ថលេខាក្នុងបរិបទទាំង EU និងជប៉ុន ដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិកនោះ សុទ្ធតែស្ថិតនៅក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសនិងតំបន់ ដែលត្រូវវ៉ាស៊ីនតោនដាក់កម្រិតពន្ធថ្មី។

        ចាប់ពីពេលឡើងកាន់អំណាចមក ប្រធានាធិបតីលោក Donald Trump ជានិច្ចកាលរក្សាគោលនយោបាយធ្វើឲ្យប្រទេសអាមេរិកអស្ចារ្យឡើងវិញ។ ចំពោះលោក Trump ប្រទេសអាមេរិកជាចម្បង។ ប៉ុន្តែពិភពលោកមិនគិតដូច្នេះឡើយ។ ខឿនសេដ្ឋកិច្ចធំៗដទៃមិនទទួលយកទស្សនៈរបស់អាមេរិកស្ដីពីការគាំពារពាណិជ្ជកម្មទេ។ ចំពោះមុខបម្រែបម្រួលរបស់វ៉ាស៊ីនតោនដូចជាដកខ្លួនចេញពីកិច្ចព្រមព្រៀង FTA ពហុភាគី ហើយចង់ចរចាលើ FTA ទ្វេភាគីជាមួយប្រទេសនីមួយៗនោះ មិនទាន់មានប្រទេសណាមួយដែលយល់ព្រមជាមួយសំណើរបស់លោក Trump ស្ដីពីការចរចាលើ FTA ថ្មីឡើយ។ ប្រទេសជាច្រើនក៏បានជ្រើសរើសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយដៃគូផ្សេងៗ ឬរិះរកកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីដ៏សមស្រប។ កិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជាឧទាហ័រមួយ ដោយជំនួសឲ្យកិច្ចព្រមព្រៀង TPP ដែលអាមេរិកបានដកខ្លួនចេញពីមុននោះ។

        នាថ្ងៃទី៦ កក្កដា EU និងជប៉ុន បានឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយមុននឹងកិច្ចប្រជុំកំពូល G20 ហើយកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនាថ្ងៃទី១៧ កក្កដា។ ក្រៅពីជប៉ុន ក្នុងឆ្នាំនេះ EU ក៏ខិតខំប្រឹងប្រែងទទួលបានកិច្ចព្រមព្រៀងស្ដីពីការកាត់បន្ថយពន្ធដារនិងបើកទ្វារទីផ្សារជាមួយមិកស៊ិកនិងឈីលីផងដែរ។ EU ក៏កំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុក Mercosur រួមមានប្រទេសអាមេរិកឡាទីនចំនួន៤ទៀត។ ក្នុងពេលនោះ កាណាដានិងមិកស៊ិកកំពុងមានសញ្ញាបែខ្នងពីលើអាមេរិក នាពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជំនួសឲ្យ NAFTA ក្នុងករណីកិច្ចព្រមព្រៀងនេះត្រូវដួលរលំ។ ការដែលអាមេរិកដកខ្លួនចេញពី TPP និងគោលជំហរដ៏តឹងរឹងចំពោះការចរចាលើ NAFTA នោះ បានបង្ខំឲ្យរដ្ឋាភិបាលនិង ភាគទុនិកនៅតំបន់នេះ ត្រូវពិចារណាឡើងវិញនូវការពឹងផ្អែករបស់ខ្លួនទៅលើទីផ្សារអាមេរិក។

        ព្យួទង់នៃសេរីភាពពាណិជ្ជកម្ម

        តាមមជ្ឈដ្ឋានអ្នកជំនាញថា កិច្ចព្រមព្រៀង FTA រវាង EU និងជប៉ុន មិនត្រឹមតែជាការលុបបំបាត់ពន្ធដារនិងរបាំងពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យនយោបាយដ៏ធំធេងទៀត ផង។ នោះគឺសេរីភាពពាណិជ្ជកម្មនឹងជានិន្នាការមិនអាចជៀសវាងបានឡើយ ហើយនឹងឈ្នះលើលទ្ធិគាំពារនិយម។ ប្រការនេះត្រូវបានអះអាងតាមសេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំ EU ដែលថា នេះជាពេលវេលាដែល EU ត្រូវក្ដាប់ជាប់ជោគវាសនារបស់ខ្លួន។ នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំស្នូលៗរបស់ EU បានមានវត្តមានជាច្រើននៅមជ្ឈឹមប៉ូព៌ា ជប៉ុន និងចិន ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ។

        ហើយគេបានរកឃើញប្រការនេះនាពេលចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីធំជាងពេលណាៗទាំងអស់” ជាមួយជប៉ុន។ ជាមួយ FTAនេះ ភាគីទាំងពីរកំពុងបញ្ជូនសារដ៏ច្បាស់លាស់ថា គេកំពុងប្រកៀកស្មាគ្នាប្រឆាំងនឹងលទ្ធិគាំពារនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ