កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ៖ មេរៀនស្តីពីការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងឋានៈនិងកម្លាំងក្នុងសកម្មភាពការទូត

(VOVWORLD) - កាលពី ៧០ ឆ្នាំមុន (ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៤) រួមជាមួយនឹងជ័យជម្នះជា ប្រវត្តិសាស្ត្រ Dien Bien Phu ជ័យជំនះក្នុងវិស័យការទូតនៅសន្និសីទទីក្រុងហ្សឺណែវ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីការបញ្ឈប់សង្គ្រាម និងបង្កើតសន្តិភាព ឡើងវិញនៅឥណ្ឌូចិន បានបញ្ជាក់ពីឋានៈរបស់ការទូតវៀតណាមលើឆាកអន្តរជាតិ ដោយនាំវៀតណាមក្លាយជាកត្តាមិនអាចខ្វះបានក្នុងការពង្រឹងសន្តិភាព និងការអភិវឌ្ឍ នៃពិភពលោកទំនើប។ ក្រោយរយៈពេល ៧០ ឆ្នាំ សន្និសីទទីក្រុងហ្សឺណែវ ជាមួយនឹង កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ បានបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើន ជាពិសេស មេរៀនអំពីការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងឋានៈ និងកម្លាំងក្នុងសកម្មភាពការទូត។

"ត្រូវពឹងផ្អែកលើកម្លាំង។ កម្លាំងខ្លាំង ការទូតនឹងឈ្នះ។ កម្លាំងគឺជាគង ហើយការទូតគឺជាសំឡេង។ គងធំ ទើបចេញសំឡងខ្លាំង"។ នេះជាការអះអាងរបស់លោក ប្រធានហូជីមិញកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៤៥ អំពី តួនាទីនៃការទូត។ ពាក្យពេជ្រ របស់លោកប្រធានហូជីមិញត្រូវបានអនុវត្តន៍យ៉ាងហ្មត់ចត់ក្នុងប្រវត្តិសាស្ត្រជាក់ស្តែងនៃការតស៊ូលើសមរភូមិការទូតរបស់វៀតណាម ក្នុងការតស៊ូរំដោះជាតិ ដែលកិច្ច ព្រមព្រៀងទីក្រុងហ្សឺណែវជាឧទាហរណ៍មួយ។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិ សាស្ត្រការទូតរបស់វៀតណាម ដែលនាំមកនូវផលប្រយោជន៍ដ៏ធំធេង និងស្របច្បាប់ សម្រាប់ប្រជាជាតិ។

មិនមែនជាព្រឹត្តិការណ៍ការទូតសុទ្ធសាធទេ

យោងតាមលោកសាស្ត្រាចារ្យ - បណ្ឌិតវិទ្យាសាស្ត្រ Vu Minh Giang អនុប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវមិនមែនជា ព្រឹត្តិការណ៍ការទូតសុទ្ធសាធទេ ប៉ុន្តែវាជាការផ្ដុំមកនូវដំណើរការតស៊ូដណ្ដើមឯក រាជ្យជាតិយ៉ាងស្វិតស្វាញ ដែលកើតចេញពីបដិវត្តន៍ខែសីហា រហូតដល់រយៈពេល ៩ ឆ្នាំ តស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង ដែលកំពូលជាជ័យជម្នះ Dien Bien Phu ដ៏ភ្លុកទឹកភ្លុកដី៖

“កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវគឺជាការឆ្លុះបញ្ចាំងដ៏ជោគជ័យនៃការតស៊ូដ៏មហិមារ។ មុននឹងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ គ្មានកិច្ចព្រមព្រៀងណាមួយ ដែលបញ្ជាក់ ពីសិទ្ធិឯករាជ្យ និងបូរណភាពទឹកដីនោះទេ។ ឬនិយាយម្យ៉ាងទៀត ត្រូវតែផ្អែកលើមូល ដ្ឋាននៃឋានៈនិងកម្លាំងថ្មី ជាមួយនឹងជ័យជម្នះ Dien Bien Phu ដ៏ភ្លុកទឹកភ្លុកដី ទើប សិទ្ធិស្វ័យសម្រេចលើ ឯករាជ្យជាតិ អាចត្រូវបានកត់ត្រាយ៉ាងគ្រប់គ្រាន់នៅក្នុងកិច្ច ព្រមព្រៀងបែបនោះ។ ជាលើកដំបូង វៀតណាមត្រូវបានទទួលស្គាល់ដោយសន្ធិសញ្ញា អន្តរជាតិដ៏មានតម្លៃមួយ ដោយមានការចូលរួមពីមហាអំណាចនានា។ ច្បាស់ណាស់ ថា នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីឋានៈរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពី ជំហររបស់វៀតណាមនៅលើឆាកអន្តរជាតិទៀតផង”។

ជ័យជំនះ Dien Bien Phu បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើទូទាំង ពិភពលោក ហើយជះឥទ្ធិពលយ៉ាងខ្លាំងលើសន្និសីទទីក្រុងហ្សឺណែវ នាំវៀតណាម ជាលើកដំបូងបោះជំហានឡើងវេទិកាចរចាពហុភាគី ដោយមានការចូលរួមពីមហាអំណាចធំៗ។ វៀតណាមមកចូលរួមសន្និសិទទីក្រុងហ្សឺណែវក្នុងឋានៈជាប្រជាជាតិមួយដែលបានឈ្នះ បង្ខំឱ្យគូជំទាស់ត្រូវទទួលស្គាល់នូវសិទ្ធិជាតិជាមូលដ្ឋានរបស់វៀតណាម។ អតីតនាយក បណ្ឌិតសភាការទូត លោក Vu Duong Huan បានអះអាងថា៖

“ច្បាស់ណាស់ថា ជ័យជំនះ Dien Bien Phu គឺជាកណ្តាប់ដៃដែកមួយ ដែល អង្រួនក្បួនយុទ្ធសាស្ត្រទាំងស្រុងរបស់បារាំង។ បើគ្មានជ័យជំនះ Dien Bien Phu ទេ មិន អាចសម្រេចបានលទ្ធផលខ្ពស់ក្នុងកិច្ចចរចានៅសន្និសីទក្រុងហ្សឺណែវឡើយ។ អាស្រ័យដោយជ័យជម្នះ Dien Bien Phu វាបានជះឥទ្ធិពលនៅក្នុងប្រទេសបារាំង ធ្វើឱ្យចលនាប្រឆាំងសង្រ្គាមរបស់ប្រជាជនបារាំងកាន់តែខ្លាំងឡើង ធ្វើឱ្យរដ្ឋា ភិបាលនិងរដ្ឋសភាបារាំងរង្គោះរង្គើ...នោះគឺជាគុណសម្បត្តិ ដែលបានបង្កើត របត់សម្រាប់ឋានៈនិងកម្លាំងរបស់យើងនៅលើតុចរចា”។

បទពិសោធន៍ប្រវត្តិសាស្ត្រដ៏មានតម្លៃអំពីឋានៈនិងកម្លាំងក្នុងកំឡុងពេលតស៊ូការទូត

សព្វថ្ងៃនេះ នៅពេលដែលប្រទេសជាតិមានសន្តិភាព និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅនោះ  "គង" សម្រាប់កិច្ចការបរទេស គឺជាឋានៈនិងកម្លាំង របស់ប្រទេសជាតិលើឆាកអន្តរជាតិ។ ផ្តល់ដំបូន្មានជូនផ្នែកការទូត ពេលនៅរស់ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ធ្លាប់បានអះអាងថា៖ ឋានៈក្នុងសកម្មភាពការទូតត្រឹមតែរឹងមាំ លុះត្រាតែមានកម្លាំងខ្លាំងពិតប្រាកដ។ កម្លាំងជាតិត្រូវបានបង្កើតដោយកម្លាំងពលំរួមនៃប្រជាជាតិទាំងមូល មិនមែនត្រឹមតែ កម្លាំងសម្ភារៈប៉ុណ្ណោះទេ។ កិត្យានុភាពអន្តរជាតិដែលវៀតណាមបានកសាងឡើង ដោយឆន្ទៈសុចរិតរបស់ខ្លួន ក្នុងការតស៊ូរំដោះជាតិមុនៗ ដោយសមិទ្ធិផលដ៏ធំធេង នៃបុព្វហេតុផ្លាស់ប្ដូរថ្មីបច្ចុប្បន្ន និងដោយប្រពៃណីផ្ទាល់ខ្លួន និងអត្តសញ្ញាណការទូត វៀតណាម-ហូជីមិញប្រកបដោយភាពសុខដុមរមនា បានបង្កើតឋានៈការទូតដ៏ធំធេង សម្រាប់វៀតណាម។

ដូច្នេះ កិច្ចការបរទេសរបស់វៀតណាមបាននឹងកំពុងបន្តពង្រីកមេរៀនអំពី ការផ្សាភ្ជាប់នូវឋានៈ និងកម្លាំងក្នុងការចរចាកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវកាលពី ៧០ ឆ្នាំមុន ដោយឈរលើមូលដ្ឋានគ្រឹះនៃរចនាបទការទូត "ដើមឬស្សីវៀតណាម" ជំរុញ គ្រប់ជ្រុងជ្រោយនិងព្រមៗគ្នានូវបុព្វហេតុផ្លាស់ប្ដូរថ្មី និងសមាហរណកម្មអន្តរជាតិ យ៉ាងស៊ីជម្រៅ សំដៅអនុវត្តន៍គោលដៅកសាងប្រទេសឱ្យរឹងមាំនិងរីកចម្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ