កិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្រ្តអ៊ីស្រាអែល - UAE និង​ផលប៉ះពាល់​ដល់​ស្ថានភាព​ភូមិសាស្ត្រន​យោបាយនៅតំបន់មជ្ឈឹមបូព៌ា

(VOVWORLD) - ក្រោមការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍កន្លងទៅ អេមីរ៉ាតអារ៉ាប់រួម (UAE) និងអ៊ីស្រាអែលបានប្រកាសទទួលបានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រឆ្ពោះទៅរកការធ្វើឱ្យប្រក្រតីភាព ទំនាក់ទំនងការទូតយ៉ាងពេញលេញ។ 

ដូច្នេះហើយ UAE បានក្លាយទៅជាប្រទេសដើមដំបូង នៅតំបន់ឈូងសមុទ្រពែក្ស ហើយជាប្រទេសអារ៉ាប់ទី ៣ ដែលបានធ្វើ ប្រក្រីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល បន្ទាប់ពីអេហ្ស៊ីប (នាឆ្នាំ ១៩៧៩) និងហ្ស៊កដានី (នាឆ្នាំ ១៩៩៤) ។ ជាមួយនឹងអត្ថន័យពិសេសនេះ ព្រឹត្តិការណ៍នេះត្រូវបានគេព្យាករណ៍ថានឹងនាំទៅរកការផ្លាស់ប្តូរដ៏ធំធេងនៃស្ថានភាពភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈឹមបូព៌ានាពេលអនាគត។

យោងតាមព័ត៌មានជាផ្លូវការបានឲ្យដឹងថា ខ្លឹមសារសំខាន់មួយក្នុងកិច្ចព្រមព្រៀងនេះគឺជាការដែលអ៊ីស្រាអែលបានសន្យាព្យួរផែនការដាក់បញ្ជូលផ្នែកមួយចំនួននៃទឹកដីប៉ាឡេស្ទីនទៅក្នុងប្រទេសខ្លួន។ លើសពីនេះទៅទៀត រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួមបានអះអាងថា កិច្ចព្រមព្រៀងនេះ គឺសំដៅដោះស្រាយការគំរាមកំហែងចំពោះដំណោះស្រាយរដ្ឋពីរ ក្នុងជម្លោះប៉ាឡេស្ទីន - អ៊ីស្រាអែល។ បណ្ដាប្រទេសក្នុងតំបន់និងពិភពលោកបានអបអរសាទរចំពោះកិច្ចព្រមព្រៀងនេះ ហើយចាត់ទុកថា នេះគឺជាជំហានដ៏សំខាន់ ដែលមានផលប្រយោជន៍សម្រាប់ខឿនសន្តិភាពក្នុងតំបន់។ ផ្ទុយទៅវិញ ប្រទេសមួយចំនួនបានសម្តែងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា ហើយចាត់ទុកថា នេះគឺជាការវិវឌ្ឍន៍ដ៏គ្រោះថ្នាក់ចំពោះស្ថានភាពតំបន់។

ក្ដីសង្ឈឹម

ក្រោយពេលរដ្ឋអំណាចសហរដ្ឋអាមេរិកបានប្រកាសអំពីការដែល អ៊ីស្រាអែល និង UAE ទទួលបានកិច្ចព្រមព្រៀងកាលពីថ្ងៃទី ១៣ សីហានោះ ប្រទេសជាច្រើន ដូចជារុស្ស៊ី អាល្លឺម៉ង់ ជប៉ុន អេហ្ស៊ីប បារ៉ែន និងអូម៉ង់បានឡើងសម្លេងអបអរសាទរចំពោះកិច្ចព្រមព្រៀងនេះ។ ជាក់ស្ដែង រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺឡឺម៉ង់ លោក Heiko Maas បានវាយតម្លៃថា ការដែលអ៊ីស្រាអែល និង UAE បានធ្វើប្រក្រតីភាពទំនាក់ទំនងគឺជា "ការចូលរួមវិភាគទានដ៏សំខាន់ដល់សន្តិភាពក្នុងតំបន់" ខណៈដែលប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានសម្ដែងជំនឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវ សន្តិភាពដល់តំបន់មជ្ឈឹមបូព៌ា។ ចំណែកឯ  អនុប្រធានទីមួយនៃគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភារុស្ស៊ីលោក Vladimir Dzhabarov បានចាត់ទុកថា កិច្ចព្រមព្រៀងអ៊ីស្រាអែល - UAE នឹងចូលរួមចំណែកធ្វើប្រក្រីភាពស្ថានភាពនៅតំបន់។

រីឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterresបានអះអាងថា កិច្ចព្រមព្រៀងនេះអាចជំរុញសន្តិភាព និងសន្តិសុខនៅតំបន់មជ្ឈឹមបូព៌ា។

យោងតាមក្រុមអ្នកវិភាគថា កិច្ចព្រមព្រៀងនេះទទួលបានការអបអរសាទរដ៏ធំទូលំទូលាយរបស់សហគមន៍អន្តរជាតិ ព្រោះថា កិច្ចព្រមព្រៀងនេះមិនត្រឹមតែបានជួយកាត់បន្ថយភាពតានតឹងខាងការទូតរវាងពិភពអារ៉ាប់ និងអ៊ីស្រាអែលប៉ុណ្ណោះទេ ថែមទាំងអាចជំរុញ និងបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងស្រដៀងគ្នាជាបន្តបន្ទាប់រវាងប្រទេសអារ៉ាប់ដទៃទៀត ជាមួយអ៊ីស្រាអែល នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ មានមតិជាច្រើនបានសម្តែងការព្រួយបារម្ភថា ព្រឹត្តិការណ៍នេះអាចនាំឱ្យកើតមានស្ថានភាពផ្ទុយទៅនឹងក្ដីសង្ឈឹមសម្រាប់ដំណើរការសន្តិភាពមជ្ឈឹមបូព៌ា។

ស្ថានភាពពិបាករំពឹងទុក

ក្នុងសេចក្តីប្រកាសនាថ្ងៃទី ១៦ ខែសីហា អគ្គមេបញ្ជាការកងកំលាំងប្រដាប់អាវុធអ៊ីរ៉ង់ ឧត្តមសេនីយ៍ទោ Mohammad Bagheri បានព្រមានថា“ ប្រសិនបើមានអ្វីកើតឡើងនៅឈូងសមុទ្រពែក្ស ហើយប្រសិនបើសន្តិសុខជាតិអ៊ីរ៉ង់ត្រូវរងការការខូចខាត ទោះបីតិចតូចក៏ដោយ គឺអ៊ីរ៉ង់នឹងតម្រូវឲ្យ UAE  ត្រូវទទួលខុសត្រូវអំពីបញ្ហានេះ ហើយអ៊ីរ៉ង់នឹងមិនអត់ឳនឡើយ”។  ទន្ទឹមនឹងនេះ ឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានរិះគន់យ៉ាងខ្លាំងក្លាចំពោះកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកថា នេះគឺជាកិច្ចព្រមព្រៀងមួយ ដែលមានការធ្វើអន្តរាគមន៍ពីសហរដ្ឋអាមេរិក ហើយនឹងបង្កើនឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈឹមបូព៌ា ព្រមទាំងនាំមកនូវអនាគតដ៏គ្រោះថ្នាក់មួយ សម្រាប់ UAE ។

កិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្រ្តអ៊ីស្រាអែល - UAE និង​ផលប៉ះពាល់​ដល់​ស្ថានភាព​ភូមិសាស្ត្រន​យោបាយនៅតំបន់មជ្ឈឹមបូព៌ា - ảnh 1អេមីរ៉ាតអារ៉ាប់រួម (UAE) និងអ៊ីស្រាអែលបានប្រកាសទទួលបានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រឆ្ពោះទៅរកការធ្វើឱ្យប្រក្រតីភាព ទំនាក់ទំនងការទូតយ៉ាងពេញលេញ 

យោងតាមក្រុមអ្នកវិភាគថា ប្រតិកម្មរបស់អ៊ីរ៉ង់គឺអាចយល់បាន ព្រោះថាតាមទស្សនៈរបស់ទីក្រុងតេរ៉ង់ កិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល - UAE ក៏ត្រូវបានគេមើលឃើញថាជាជោគជ័យសម្រាប់កិច្ចប្រឹងប្រែងធ្វើឯកោអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក។ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន គេរំពឹងថាអ៊ីរ៉ង់នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រមូលផ្តុំកម្លាំង សំដៅ ជំរុញការប្រឈមមុខរវាងអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត នៅក្នុងតំបន់ឱ្យកើនឡើងនាពេលខាងមុខ។

លើលពីនេះទៅទៀត កិច្ចព្រមព្រៀងនេះក៏ប្រឈម នឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពីប្រទេសមួយចំនួនទៀត ជាពិសេសគឺអាជ្ញាធរប៉ាឡេស្ទីន។ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Nabil Abu Rudeineh បានអះអាងថា ក្រុមមន្រ្តីប៉ាឡេស្ទីនបានថ្កោលទោសកិច្ចព្រមព្រៀងនេះ ហើយចាត់ទុកថានេះគឺជាការក្បត់ទីក្រុងយេរូសាឡឹម Al-Aqsa និងបុព្វហេតុរបស់ប៉ាឡេស្ទីន។

ជាមួយនឹងការពិតជាក់ស្ដែងនេះ ស្ថានភាពភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈឹមបូព៌ា ក្រោយពីកិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល - UAE នៅតែត្រូវបានវាយតម្លៃថាពិតជាពិបាកព្យាការណ៍លទ្ធផលណាស់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ