កិច្ចសន្ទនាសកលទីក្រុងប៊ែកឡាំង ស្វែងរកទិសដៅផ្លាស់ប្តូរសម្រាប់សេដ្ឋកិច្ចពិភពលោក

(VOVWORLD) - សន្និសីទសន្ទនាសកលទីក្រុងប៊ែកឡាំងត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅថ្ងៃទី ២៨-២៩ ខែកញ្ញានៅរដ្ឋធានីប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់)។ នេះគឺជាវេទិកាថ្មីមួយដើម្បីជួយរដ្ឋាភិបាល សម្ព័ន្ធក្រុមហ៊ុន ក៏ដូចជាអង្គការស៊ីវិលផ្លាស់ប្តូរនិងបង្កើតចក្ខុវិស័យរួមសម្រាប់អនាគតមួយដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចសកល។

ពេលវេលានៃការផ្លាស់ប្តូរប្រវត្តិសាស្រ្ត

នៅក្នុងសារមួយដែលបានផ្ញើមុនការបើកសន្និសីទដំបូងនៃកិច្ចសន្ទនាសកលទីក្រុងប៊ែកឡាំង លោកសាស្ត្រាចារ្យ Lars Hendrik Roller បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងស្ថិតពេលវេលានៃការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ នៅពេលដែលរចនាសម្ព័ន្ធសេដ្ឋកិច្ចសកលទាំងមូលពីមុនមក កំពុងបង្ហាញពីសញ្ញានៃការរបាក់បែក។ ហេតុដូច្នេះ កិច្ចសន្ទនាសកលទីក្រុងប៊ែកឡាំង នឹងផ្ដោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទៅលើអាទិភាពសំខាន់ៗចំនួន៣។

ទីមួយ កិច្ចសន្ទនាសកលទីក្រុងប៊ែកឡាំង នឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូររវាងបណ្តាប្រទេសភាគខាងជើង ដែលជាប្រទេសអភិវឌ្ឍន៍ និងពិភពលោកភាគខាងត្បូង ដែលប្រមូលផ្ដុំបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី អាហ្វ្រិក និងមេរិកឡាទីន។ អាទិភាពទីពីរនៃកិច្ចសន្ទនាសកលទីក្រុងប៊ែកឡាំងគឺជំរុញកិច្ចសន្ទនាសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំនយោបាយ ជាមួយនឹងថ្នាក់ដឹកនាំសហគ្រាសនានា តាមនោះកែសម្រួលគោលនយោបាយសេដ្ឋកិច្ចតាមរបៀបសមហេតុផលជាងមុន។ ជាចុងក្រោយ កិច្ចសន្ទនាសកលទីក្រុងប៊ែកឡាំងផ្តល់អាទិភាពដល់ការជំរុញភាពជាដៃគូថ្មីៗ ដើម្បីសម្រេចបានវឌ្ឍនភាពជាក់ស្តែងនិងពិតប្រាកដ។

កិច្ចសន្ទនាសកលទីក្រុងប៊ែកឡាំង ស្វែងរកទិសដៅផ្លាស់ប្តូរសម្រាប់សេដ្ឋកិច្ចពិភពលោក - ảnh 1អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz អញ្ជើញថ្លែងនៅកិច្ចសន្ទនាសកលទីក្រុងប៊ែកឡាំង។ (រូបថត៖ TTXVN)

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលជាវាគ្មិនស្នូលនៃសន្និសីទឆ្នាំនេះ បានធ្វើអត្ថាធិប្បាយថា ពិភពលោកពហុប៉ូលនាពេលបច្ចុប្បន្ននេះ ត្រូវការចក្ខុវិស័យថ្មីៗ និងដំណោះស្រាយពហុភាគីថ្មីៗ។ មុននោះ នៅក្នុងសុន្ទរកថានៅក្នុងសប្តាហ៍កិច្ចប្រជុំជាន់ខ្ពស់ (ថ្ងៃទី ១៩-២៦ ខែកញ្ញា) នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ (UNGA-78) ដែលទើបតែប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នោះ លោក Olaf Scholz បានសង្កត់ធ្ងន់ពិសេសលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទាំងនេះ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៖

“បញ្ហាប្រឈមធំបំផុតគឺការប្រែប្រួលអាកាសធាតុ។ ប្រាកដប្រជាថាបណ្ដាប្រទេសឧស្សាហកម្មប្រពៃណីមានទំនួលខុសត្រូវពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ប៉ុន្តែប្រទេសជាច្រើនទៀតក៏ស្ថិតក្នុងចំណោមប្រទេសដែលបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ។ ដូច្នេះ ជំនួសឱ្យការរង់ចាំអ្នកដទៃ យើងទាំងអស់គ្នាត្រូវធ្វើសកម្មភាពជាមួយគ្នា”។

ឆ្ពោះទៅរកសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកថ្មី

នៅក្នុងសន្និសីទលើកដំបូងឆ្នាំនេះ កិច្ចសន្ទនាសកលទីក្រុងប៊ែកឡាំង នឹងផ្តោតការពិភាក្សាលើប្រធានបទចំនួន៣ ស្ដីពី "ការផ្លាស់ប្តូរ"។ ទីមួយ គឺការផ្លាស់ប្តូរទៅកាន់សណ្ដាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកថ្មី។ នៅក្នុងវគ្គពិភាក្សាលើប្រធានបទនេះ ថ្នាក់ដឹកនាំនយោបាយ និងសេដ្ឋកិច្ចនឹងពិភាក្សាគ្នាហើយស្វែងរកវិធីដើម្បីផ្លាស់ប្តូរទៅកាន់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកថ្មី ដោយមិនបង្កឱ្យមានការប្រឈមមុខដាក់គ្នារវាងប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជារវាងតំបន់ភូមិសាស្ត្រនានានោះឡើយ។

ការផ្តោតសំខាន់ទីពីរគឺការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចកាបូនទាប។ ថ្នាក់ដឹកនាំនានានឹងស្វែងរកយន្តការដើម្បីផ្លាស់ប្តូរដោយជោគជ័យទៅកាន់សេដ្ឋកិច្ចកាបូនទាប ខណៈដែលនៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ច និងវិបុលភាពផងដែរ។

ការផ្តោតសំខាន់ទីបីនៃកិច្ចសន្ទនាសកលទីក្រុងប៊ែកឡាំងគឺការផ្លាស់ប្តូរទៅជាសង្គមយុត្តិធម៌។ វាគ្មិនដែលចូលរួមសន្និសីទនឹងពិភាក្សាអំពីវិធីបង្រួញវិសមភាពដែលកំពុងកើនឡើងលើពិភពលោក ព្រមទាំងរក្សាតុល្យភាពនៃតម្រូវការសេដ្ឋកិច្ចជាមួយនឹងតម្រូវការសង្គម និងតម្រូវការអេកូឡូស៊ី។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ កិច្ចសន្ទនាសកលទីក្រុងប៊ែកឡាំង គឺជាកិច្ចខិតខំប្រឹងប្រែងបន្ទាប់របស់មជ្ឈដ្ឋានវរជននយោបាយ-សេដ្ឋកិច្ចអាល្លឺម៉ង់ ក្នុងការបង្កើតឥទ្ធិពលកាន់តែខ្លាំងសម្រាប់អាល្លឺម៉ង់ក្នុងអភិបាលកិច្ចសកល តាមរយៈវេទិកាសន្ទនាពហុភាគី និងពហុវិមាត្រ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសអាឡឺម៉ង់ក៏ជាម្ចាស់ផ្ទះនៃវេទិកាអន្តរជាតិប្រចាំឆ្នាំដ៏មានកិត្យានុភាពខ្ពស់ផងដែរ ដូចជាសន្និសីទសន្តិសុខទីក្រុង Munich (MSC) ដែលមានឯកទេសក្នុងការពិភាក្សាអំពីបញ្ហាសន្តិសុខសកល ឬកិច្ចសន្ទនាផ្លាស់ប្តូរថាមពលទីក្រុងប៊ែកឡាំង (BETD) ដោយមានឯកទេសលើបញ្ហាថាមពលផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ