កិច្ចសហប្រតិបតិ្តការអាស៊ី-អឺរ៉ុបប្រឈមមុខនឹងការសាកល្បងថ្មី

(VOVWORLD) - វេទិកាសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ត្រូវបានរៀបចំ ឡើងនៅទីក្រុងប្រ៊ុចសែលចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែតុលា ដោយមានការ ចូលរួមរបស់ប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេសជាសមាជិកទាំង៥១។ ក្រោម ប្រធានបទ “ទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប៖ ទំនាក់ទំនងភាពជាដៃគូសកលសំដៅ ទប់ទល់ទៅនឹងការសាកល្បងសកល” នោះ បណ្ដាថ្នាក់ដឹកនាំនឹងពិភាក្សាអំពី ឱកាសនិងការសាកល្បងដែលទ្វីបទាំងពីរត្រូវប្រឈមមុខ ហើយដាក់ចេញ ទិសដៅធំៗសំដៅបង្កើនកិច្ចសន្ទនា កិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់អាស៊ី-អឺរ៉ុបដើម្បីទប់ទល់នឹងការសាកល្បងទាំងនោះផងដែរ។

ASEM លើកទី១២ប្រព្រឹត្តទៅក្នុងបរិបទដែលការសាកល្បងសន្តិសុខក្រៅប្រពៃណី កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ និងសភាពការណ៍សកលលោកពោរពេញទៅដោយបម្រែបម្រួលដ៏ស្មុគស្មាញ។ សន្និសីទឆ្នាំនេះគឺសំដៅឆ្ពោះទៅរកវិធានការនានាដើម្បីពង្រីកតួនាទីរបស់ ASEM នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ការតភ្ជាប់អាស៊ី-អឺរ៉ុប និងគោរពច្បាប់អន្តរជាតិដើម្បីដោះស្រាយការសាកល្បងជាកសល។

       ASEM - រយៈពេល២២ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍

        ចាប់បដិសន្ធិកាលពីឆ្នាំ១៩៩៦ ក្រោយរយៈពេល២២ឆ្នាំ ASEM បានក្លាយទៅជាយន្តការសន្ទនានិងសហប្រតិបត្តិការដោយទ្រង់ទ្រាយធំបំផុត នៅក្នុងការបង្កើតទំនាក់ទំនងភាពជាដៃគូថ្មីគ្រប់វិស័យរវាងទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ក៏ដូចជាបង្កើនការយល់ដឹងគ្នារវាងប្រជាជននៃទ្វីបទាំងពីរផងដែរ។

        យន្តការសកម្មភាពរបស់ ASEM រួមមានសន្និសីទជាន់ខ្ពស់ សន្និសីទរដ្ឋមន្រ្តីការបរទេស សន្និសីទរដ្ឋមន្រ្តីឯកទេសចំនួន១០ និងសន្និសីទមន្ត្រីជាន់ខ្ពស់ (SOM)។

        នាគ្រាដំបូង ASEM មានសមាជិកតែ២៦ប្រទេសប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្នបានឡើងដល់ទៅ៥៣ប្រទេស ក្នុងនោះ ភាគច្រើនគឺបណ្ដាប្រទេសនៃសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន និងសហភាពអឺរ៉ុប (EU) រួមជាមួយគណៈលេខាធិការអាស៊ាននិងគណៈកម្មាធិការអឺរ៉ុប។ ការរីកចម្រើននេះបានអះអាងនូវកម្លាំងទាក់ទាញ សក្ដានុភាព ក៏ដូចជាឋានៈកាន់តែកើនឡើងៗរបស់ ASEM។ នាពេលកន្លងទៅ ASEM បានរួមចំណែកគួរឲ្យកត់សម្គាល់ទៅក្នុងកិច្ចខិតខំប្រឹងប្រែងសកលសំដៅជំរុញកិច្ចសហប្រតិបតិ្តការ ស្ដារសេដ្ឋកិច្ចឡើងវិញ ឆ្ពោះទៅរកកំណើនដោយចីរភាព និងតុល្យភាព ធានាការអនុវត្តនូវគោលដៅអភិវឌ្ឍន៍សហសត្សន៍ របៀបវាៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍដោយចីរភាពក៏ដូចជាទប់ទល់នឹងការសាកល្បងជាសកលផងដែរ។

       ម្ចាស់ការនិងតភ្ជាប់គ្នានៅចំពោះមុខការសាកល្បងថ្មី

        ប៉ុន្តែ ក៏ដូចជាយន្តការសហប្រតិបត្តិការផ្សេងៗលើពិភពលោកដែរ ASEM កំពុងប្រឈមមុខនឹងការសាកល្បងថ្មីៗ ក្នុងបរិបទដែលពិភពលោកកំពុងប្រែប្រួលយ៉ាងលឿននិងស្មុគស្មាញ។ បញ្ហាសំខាន់ជាច្រើនចំពោះទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ត្រូវបានលើកយកមកពិភាក្សានៅវេទិកាលើកនេះ ចាប់តាំងពីបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដល់បញ្ហាកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ប៉ុន្តែ ការរីកសាយភាយនៃលទ្ធិគាំពារពាណិជ្ជកម្មនិយម ប្រហែលជាការសាកល្បងដ៏ធំធេងបំផុតចំពោះសន្និសីទ ASEM លើកនេះ។

        បញ្ហាក្ដៅគគុកមួយទៀតនៃសន្និសីទ ASEM លើកនេះគឺពាក់ព័ន្ធដល់សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ ភារកិច្ចការពារគ្រឹះស្ថាននៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាអាទិភាពចម្បងនៅសន្និសីទលើកនេះ។ រឿងល្អគឺ ប្រទេសជាសមាជិក ASEM ទាំងអស់សុទ្ធតែចែករំលែកទស្សនៈរួមថា WTO នៅតែជាស្ថាប័នតែមួយគត់ដែលមានលទ្ធភាពនាំមកនូវយន្តការដោយឈរលើច្បាប់ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មលើទូទាំងពិភពលោក។

        មិនត្រឹមតែសង្កត់ធ្ងន់ទៅលើការសន្យារួមចំពោះពាណិជ្ជកម្មបើកចំហនិងប្រកបដោយសេរីភាពប៉ុណ្ណោះទេ ASEM ថែមទាំងមានគោលដៅជំរុញការតភ្ជាប់និងការអភិវឌ្ឍគ្រប់ដណ្ដប់ គាំទ្រប្រព័ន្ធពហុភាគីនិងកិច្ចសហប្រតិបតិ្តការក្នុងការដោះស្រាយបញ្ហាសកលដូចជាការលុបបំបាត់អាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ការប្រយុទ្ធប្រឆាំងលទ្ធិភេវកម្ម សន្តិសុខសមុទ្រនិងបញ្ហាជនចំណាកស្រុក ជាដើម ផងដែរ។ ប្រការនេះបានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តរបស់ ASEM ក្នុងយុទ្ធសាស្ត្រតភ្ជាប់ទ្វីបទាំងពីរ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពស្វាហាប់និងការតភ្ជាប់គ្នាថែមទៀតនៃយន្តការសហប្រតិបតិ្តការនេះនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ