(VOVWORLD) - ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រព័ន្ធនយោបាយទាំងមូល ចាប់តាំងពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន រួមដៃគ្នាថែទាំប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក។ នេះជាសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តន៍គោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមនោះ គឺ “មិនទុកឲ្យអ្នកណាគ្មានបុណ្យតេតឡើយ” “គ្មានអ្នកណាត្រូវបំភ្លេចចោលនៅពីក្រោយទេ” តាមនោះបានរួមចំណែកនាំមកនូវបុណ្យតេតដ៏កក់ក្តៅ និងពោរពេញទៅដោយសេចក្តីស្រឡាញ់ជូនប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក បង្កើតកម្លាំងចិត្តជួយគេឈានឡើងក្នុងជីវភាព។
ចលនា “បុណ្យតេតសប្បុរសធម៌” ឆ្នាំ ២០២៥ នៅខេត្ត Dak Lak។ (រូបថត៖ VOV) |
ប្រជាជនទាំងអស់ គ្រួសារទាំងអស់មានបុណ្យតេត
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ផ្សារបុណ្យតេតសប្បុរសធម៌ ត្រូវបានកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ តាំងពីមជ្ឈិមដល់មូលដ្ឋាន រៀបចំឡើងដោយមានការរួមដំណើរពីសហគ្រាស សប្បុរសជន និងសង្គមជាតិទាំងមូល។ មុខទំនិញ របស់របរប្រើប្រាស់ក្នុងបុណ្យតេត អំណោយបុណ្យតេត ប័ណ្ណទិញទំនិញសូន្យដុង ត្រូវបានផ្តល់ជូនដោយផ្ទាល់ដល់ជនក្រីក្រ ប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក ជនពិការ និងក្រុមងាយរងគ្រោះផ្សេងទៀត។ ផ្សារបែបនេះបានជួយរីកសាយភាយស្មារតីសហគមន៍ ភាពសប្បុរស ការជួយទំនុកបម្រុងគ្នាទៅវិញទៅមក ដែលនាំមកនូវសេចក្តីរីករាយកាន់តែច្រើនដល់មនុស្សគ្រប់គ្នាក្នុងអំឡុងពេលបុណ្យតេត។
“អំណោយទាំងនេះមានអត្ថន័យណាស់។ ទឹកត្រី ម្សៅស៊ុប ស្ករ...មានប្រយោជន៍ខ្លាំងណាស់។ បងប្អូននារីយើង ទទួលបានជំនួយខ្លះៗសម្រាប់ក្រុមគ្រួសារ។ ខ្ញុំមានបំណងថា ឆ្នាំណាក៏ទទួលបានអំណោយបែបនេះដែរ”។
“មីសួសាគូ អង្ករដំណើប ស្ករគ្រាប់... ដោយទទួលបានអំណោយ ០ ដុងយើងខ្ញុំនឹង មិនបាច់ដើរទិញទំនិញទៀតទេ ព្រោះគ្រប់គ្រាន់សម្រាប់បុណ្យតេតហើយ”។
រួមជាមួយសមាគមកាកបាទក្រហមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សហព័ន្ធពលករវៀតណាម និងសម្ព័ន្ធពលករគ្រប់លំដាប់ថ្នាក់ក៏បានរៀបចំសកម្មភាពជាបន្តបន្ទាប់ ដើម្បីថែទាំទាំងខាងសម្ភារៈ និងស្មារតី សម្រាប់សមាជិកសហជីព ពលករ ជាពិសេសអ្នកដែលមានស្ថានភាពលំបាក។ ឆ្នាំនេះ សកម្មភាពគឺឆ្ពោះទៅរកប្រធានបទ "បុណ្យតេតកក់ក្ដៅ - និទាឃរដូវដឹងគុណបក្ស" ដោយមានបាវចនាដែលសមាជិកសហជីព និងពលករទាំងអស់ សុទ្ធតែមានបុណ្យតេត ដូចជា៖ ផ្សារតេតសហជីព; កម្មវិធី "រថភ្លើងសហជីព - និទាឃរដូវឆ្នាំ ២០២៥"; កម្មវិធី "ជើងហោះហើរសហជីព - និទាឃរដូវឆ្នាំ ២០២៥" ជាដើម។
“ខ្ញុំសប្បាយរីករាយណាស់ដែលទទួលបានការយកចិត្តទុកដាក់និងការថែទាំពីសហជីព។ នេះជាការលើកទឹកចិត្តដែលជួយឱ្យយើងខ្ញុំកាន់តែមានអារម្មណ៍រីករាយនៅដើមឆ្នាំថ្មី បង្កើតជាកម្លាំងចលករដើម្បីបន្តខិតខំប្រឹងប្រែងក្នុងឆ្នាំនេះ”។
“ឆ្នាំនេះបានទទួលអំណោយពីសហជីពគ្រប់ជាន់ថ្នាក់ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់។ ក្រៅពីអំណោយ ខ្ញុំបានទទួលជំនួយជាសាច់ប្រាក់ ប័ណ្ណទិញទំនិញបញ្ចុះតម្លៃ និងសំបុត្ររថយន្តទៅស្រុកកំណើត ទទួលបុណ្យតេត”។
ពង្រីកកម្លាំងនៃប្រព័ន្ធទាំងមូលក្នុងការថែទាំមុខសញ្ញាងាយរងគ្រោះក្នុងអំឡុងពេលបុណ្យតេតអនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយសុខុមាលភាពសង្គម ថែទាំយ៉ាងយកចិត្តទុកដាក់ដល់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានស្ថានភាពលំបាក គ្រួសារក្រីក្រ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជំងឺរាតត្បាត តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ តំបន់ជនជាតិភាគតិច កម្មករ កម្មការិនី អ្នកដែលបាត់បង់ការងារធ្វើ... ធានាថាគ្រួសារទាំងអស់ ប្រជាពលរដ្ឋទាំងអស់មានលក្ខខណ្ឌទទួលអំណរបុណ្យតេត។ នេះជាខ្លឹមសារដែលបានលើកឡើងដំបូងគេក្នុងសារាចរណ៍របស់គណៈលេខាស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥។ អញ្ជើញចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ និងប្រជាជនខេត្ត Kien Giang ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានសង្កត់ធ្ងន់ថា៖
“ផ្តោតលើការអនុវត្តឲ្យបានល្អនូវសារាចរណ៍លេខ៤០ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់គណៈលេខា សារាចរណ៍របស់នាយករដ្ឋមន្ត្រី និងផ្នែកនានា ស្តីពីការថែទាំប្រជាជនក្នុងអំឡុងពេលបុណ្យតេតឆ្នាំ២០២៥ ធានាថាគ្រប់គ្រួសារមានបុណ្យតេត គ្មានអ្នកណាត្រូវបំភ្លេចចោលនៅពីក្រោយឡើយ។ ទន្ទឹមនឹងនោះ រៀបចំឱ្យបានល្អនូវសកម្មភាពសាកសួរសុខទុក្ខ អបអររដូវផ្ការីក អំណរបុណ្យតេតប្រកបដោយការយកចិត្តទុកដាក់ សុវត្ថិភាព និងអត្ថន័យជាក់ស្ដែង”។
សកម្មភាព "បុណ្យកម្មករ-ផ្សារសប្បុរសធម៌"
រៀបចំដោយសហព័ន្ធការងារទីក្រុងហូជីមិញ។ (រូបថត៖ VOV) |
គោលជំហរនិងគោលនយោបាយស្តីពីការថែទាំប្រជាជនក្នុងអំឡុងពេលបុណ្យតេត បានបង្ហាញឲ្យឃើញថា ក្រុមងាយរងគ្រោះជានិច្ចកាលជាការយកចិត្តទុកដាក់ និងអាទិភាពចម្បងរបស់បក្ស និងរដ្ឋ។ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Nguyen Van Hoi បានឲ្យដឹងថា៖
“សម្រាប់មុខសញ្ញាដែលទទួលការគាំពារសង្គម និងជនក្រីក្រ មូលដ្ឋានភាគច្រើនមានផែនការថែទាំក្នុងឱកាសបុណ្យតេត ហើយអំណោយមានតម្លៃជាមធ្យម ៣០ ម៉ឺនដុង/គ្រួសារ (ប្រហែល ១១,៨ ដុល្លារ); ទីក្រុងហូជីមិញមានកម្រិត ១,១៥ លានដុង/គ្រួសារ (ច្រើនជាង ៤៥ ដុល្លារ) ហើយខេត្ត ក្រុងជាច្រើនក៏មានកម្រិតខ្ពស់ជាងមធ្យមផងដែរ។ ទាក់ទិននឹងអង្ករ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសម្រេចផ្តល់ជំនួយអង្ករចំនួន ៧.៥០០ តោន ដល់ប្រជាពលរដ្ឋជិត ៥០ ម៉ឺននាក់ ដែលជួបការលំបាកដោយសារគ្រោះធម្មជាតិ ទឹកជំនន់ និងបងប្អូនជនជាតិភាគតិចក្រីក្រ និងលើបន្ទាត់ក្រីក្រ។ ការចំណាយសរុបលើការធានាសន្តិសុខសង្គមក្នុងអំឡុងពេលបុណ្យតេតត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ១០ ទ្រីលានដុង (ជាង ៣៩៣,៨ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ”។
ការចុះសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយដ៏មានអត្ថន័យមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដល់គ្រួសារក្រីក្រ គ្រួសារគោលនយោបាយ ជនមានគុណូបការៈ និងប្រជាពលរដ្ឋដែលមានស្ថានភាពលំបាកពិសេស មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ ការថែទាំរបស់បក្ស រដ្ឋ ការរួមដៃជួយឧបត្ថម្ភរបស់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីមហាសាមគ្គីជនជាតិទាំងមូល។ ប្រការនេះក៏បង្ហាញឱ្យឃើញថា គោលជំហរ គោលនយោបាយធានាសន្តិសុខសង្គមរបស់បក្ស និងរដ្ឋ ជានិច្ចកាលត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកធានាសន្តិសុខសង្គម លើកទឹកចិត្តគ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយឈានឡើងក្នុងជីវភាព៕