ចំណាប់អារម្មណ៍នៃព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស

(VOVWORLD) - ក្រោយរយៈពេល ២ សប្តាហ៍ប្រព្រឹត្តទៅ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស បានបន្សល់ទុកនូវចំណាប់អារម្មណ៍នៃភាពអស្ចារ្យនិងភាពវិសេសវិសាលនៃកន្លែងប្រកួត រួមជាមួយនឹងបរិយាកាសសុទិដ្ឋិនិយម ដែលវាបាននាំមកជូនប្រទេសបារាំង។ ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅលើភពផែនដីក៏បានរកឃើញកំណត់ត្រាពិភពលោកថ្មីមួយចំនួនត្រូវបានបង្កើតឡើងផងដែរ។

ចំណាប់អារម្មណ៍នៃព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស - ảnh 1កម្មវិធីសម្ដែងពន្លឺនៅតំបន់ប៉ម Eiffel ក្នុងពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

ចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី ២៦ ខែកក្កដា អូឡាំពិកទីក្រុងប៉ារីសកំពុងឈានចូលដល់ថ្ងៃចុងក្រោយនៃការប្រកួត មុនពេលបិទនៅយប់ថ្ងៃទី ១១ ខែសីហា។

ជោគជ័យដែលនឹកស្មានមិនដល់សម្រាប់ប្រទេសបារាំង

អូឡាំពិកទីក្រុងប៉ារីសបានចាប់ផ្ដើមដោយពិធីបើកជាមួយនឹងចំណាប់អារម្មណ៍ជាច្រើន។ ទោះបីជាមានភាពចម្រូងចម្រាសលើការសម្តែង ដែលរងការរិះគន់ថា មានទំនោរចំអកសាសនាក៏ដោយ ប៉ុន្តែពិធីបើកនេះ នៅតែត្រូវបានវាយតម្លៃជាវិជ្ជមាន ដោយសាធារណជននិងអ្នកជំនាញភាគច្រើន។ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កីឡាអូឡាំពិកសម័យទំនើប ដែលពិធីបើកមិនធ្វើឡើងនៅក្នុងពហុកីឡដ្ឋានឡើយ ហើយការដែលប្រទេសបារាំងបានជ្រើសរើសទន្លេ Seine និងអគារប្រវត្តិសាស្ត្រ ល្បីៗជាច្រើនទៀតនៃរដ្ឋធានីប៉ារីស ដែលស្ថិតនៅសងខាងដងទន្លេ ជាវេទិកាស ម្រាប់ពិធីបើកនោះ បានបង្កើតឡើងចំណាប់អារម្មណ៍ពិសេសសម្រាប់ពិធីបើក។ លើស ពីនេះ កន្លែងសម្រាប់ការប្រកួត ក៏នាំមកនូវរូបភាពដ៏ស្រស់ស្អាតដល់ប្រទេសបារាំង ផងដែរ នៅពេលដែលអគារជាច្រើនដែលធ្លាប់ជាគោលដៅទេសចរណ៍ល្បីៗ ត្រូវបាន ប្រែក្លាយទៅជាកន្លែងប្រកួតប្រជែងដូចជា៖ វិមាន Versailles វិមាន Grand Palais ទីលាន Concorde ទីលានវាយកូនបាល់ Roland Garros ជាដើម។ ចំណុចវិជ្ជមាន មួយ ទៀតជាមួយព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស គឺការងារសន្តិសុខ ដែលជាក្តីបារម្ភដ៏ធំបំផុតសម្រាប់ប្រទេសបារាំង មុនពេលព្រឹត្តិការណ៍នេះចាប់ផ្តើម។

ចំណាប់អារម្មណ៍នៃព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស - ảnh 2នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal។ (រូបថត៖ រូបថត៖ AFP/TTXVN)

បន្ទាប់ពី ការប្រកួតរយៈពេល ២ សប្តាហ៍ ប្រទេសបារាំងបានធានាសន្តិសុខបានល្អនៅគ្រប់ ទីកន្លែងប្រកួតទូទាំងទឹកដីបារាំង រួមទាំងទឹកដីក្រៅប្រទេសផងដែរ។ នាយករដ្ឋមន្ត្រី បារាំង លោក Gabriel Attal បានវាយតម្លៃថា៖

«សន្តិសុខគឺជាកត្តាមូលដ្ឋានដែលបានបង្កើតឡើងភាពជោគជ័យនៃព្រឹត្តិការណ៍អូឡាំពិក ហើយមកដល់ពេលនេះ កីឡាអូឡាំពិកទីក្រុងប៉ារីសបានទទួលជោគជ័យ គ្រប់ជ្រុងជ្រោយ ជាពិសេសផ្នែកសន្តិសុខ»។

ព្រឹត្តិការណ៍អូឡាំពិកក៏បង្កើតជំហានលោតផ្លោះ សម្រាប់សេដ្ឋកិច្ចបារាំងផង ដែរ។ នៅក្នុងការវិភាគមួយដែលបានចេញផ្សាយកាលពីថ្ងៃទី ៤ ខែសីហា វិទ្យាស្ថាន ស្ថិតិនិងស្រាវជ្រាវសេដ្ឋកិច្ចជាតិរបស់បារាំង (INSEE) បាននិយាយថា ព្រឹត្តិការណ៍ អូឡាំពិកទីក្រុងប៉ារីស អាចជួយបង្កើនកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ ប្រទេសបារាំងដោយ ០,៣% បន្ថែមទៀតនៅក្នុងត្រីមាសទីបីនៃឆ្នាំនេះ តាមនោះជួយ ឱ្យអត្រាកំណើនសេដ្ឋកិច្ចក្នុងរយៈពេលនេះឈានដល់ ០,៥%។

លើវិស័យកីឡាវិញ ក្រុមកីឡាបារាំង ទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះ ដោយបានឈ្នះមេដាយច្រើនជាងគេក្នុងបណ្ដាព្រឹត្តិការណ៍កីឡា អូឡាំពិកតាំងពីមុនមក គិតត្រឹមថ្ងៃទី ៨ ខែសីហា (មេដាយចំនួន ៥១ គ្រឿង ក្នុងនោះ មេដាយមាស ១៣ គ្រឿង)។

កំណត់ត្រាពិភពលោកនិងសញ្ញាសម្គាល់របស់រឿងព្រេងកីឡា

នៅក្នុងប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍កីឡាអូឡាំពិកសម័យទំនើប តួនាទីរបស់តារា ជាកីឡាករតែងតែមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវាស់វែងភាពជោគជ័យនៃការប្រកួត ព្រោះពួកគេគឺជាមនុស្សដែលបង្កើតការទាក់ទាញដ៏ធំបំផុតសម្រាប់កីឡាអូឡាំពិក ទាំងផ្នែក ប្រព័ន្ធផ្សព្វផ្សាយ និងផលប្រយោជន៍សេដ្ឋកិច្ច។ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកថ្មីៗ នេះ តួនាទីជានិមិត្តរូបនេះ ត្រូវបានផ្តល់ទៅឱ្យរឿងព្រេងកីឡាដូចជា៖ កីឡាករហែល ទឹក Michael Phelps (សហរដ្ឋអាមេរិក) ឬ កីឡាករអត្តពលកម្ម Usain Bolt (ចាម៉ៃកា)។

នៅឯកីឡាអូឡាំពិកទីក្រុងប៉ារីស កីឡាករហែលទឹកនៃប្រទេសម្ចាស់ផ្ទះបារាំង Leon Marchand ប្រាកដជាតារាដ៏ភ្លឺចែងចាំងបំផុត។ មិនត្រឹមតែឈ្នះមេដាយមាស ៤ គ្រឿង និង មេដាយសំរឹទ្ធ ១ គ្រឿងសម្រាប់ក្រុមកីឡាបារាំងប៉ុណ្ណោះទេ កីឡាករ Leon Marchand ក៏បានបង្កើតកំណត់ត្រាដែលសូម្បីតែរឿងព្រេងកីឡា Michael Phelps ក៏មិនអាចធ្វើបានដែរ នោះគឺឈ្នះមេដាយមាសពីរដង ក្នុងវិញ្ញាសារហែលកង្កែប ចម្ងាយ ២០០ ម៉ែត្រ និងហែលមេអំបៅចម្ងាយ ២០០ ម៉ែត្រ ក្នុងថ្ងៃប្រកួតតែមួយ ព្រមទាំងបានបំបែក កំណត់ត្រាអូឡាំពិកក្នុងវិញ្ញាសាហែលបួនរបៀបឯកត្តជន ២០០ ម៉ែត្រផ្នែកបុរសផង ដែរ។ តារាកីឡាករថ្មីរបស់បារាំងរូបនេះ បានចែករំលែកថា៖

“លទ្ធផលនេះគឺស្ទើរតែល្អឥតខ្ចោះសម្រាប់ខ្ញុំ ហើយក៏វិជ្ជភាព សម្រាប់ក្រុមបារាំងផងដែរ។ យើងខ្ញុំពិតជាមានជំនាន់កីឡាករល្អមួយ ហើយយើងខ្ញុំសម្រេច បានជោគជ័យក្នុងរយៈពេល ៣ ដល់ ៤ ឆ្នាំកន្លងមកនេះ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ វាពិតជាអស្ចារ្យណាស់ មេដាយមាស៤គ្រឿង គឺជាសមិទ្ធផលលើសពីអ្វីដែលខ្ញុំស្រមៃចង់បាន”។

កំណត់ត្រាដ៏គួរឱ្យកត់សម្គាល់មួយទៀតក្នុងកីឡាហែលទឹក គឺថិរវេលា ៤៦ វិនាទី ៤០ ក្នុងវិញ្ញាសាហែលសេរី ១០០ ម៉ែត្រផ្នែកបុរសរបស់កីឡាករចិន Pan Zhanle។ នេះ មិនត្រឹមតែជាកំណត់ត្រាពិភពលោកថ្មីមួយនៅក្នុងវិញ្ញាសារនេះប៉ុណ្ណោះទេ ថែមទាំង ជាសមិទ្ធិផល ដែលអ្នកជំនាញជាច្រើនធ្លាប់គិតថា មនុស្សទំនងជាមិនអាចសម្រេច បានទេ ពោលគឺហែលទឹក ១០០ ម៉ែត្រក្នុងរយៈពេលតិចជាង ៤៧ វិនាទី។ កីឡាករ Pan Zhanle បន្ទាប់នោះបានបញ្ជាក់ជាថ្មីថា ខ្លួនជាអ្នកហែលទឹកលឿនបំផុតលើពិភព លោក នៅពេលដែលលោកនិងមិត្តរួមក្រុម បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែល បួនរបៀប ៤x១០០m ផ្នែកបុរស ដែលក្នុងនោះកីឡាករចិនរូបនេះ សូម្បីតែបានហែល ១០០ ម៉ែត្រចុងក្រោយ លឿនជាងពេលគាត់ហែលក្នុងវិញ្ញាសាឯកត្តជន ជាមួយនឹង ថិរវេលា ៤៥ វិនាទី ៩២។

នៅក្នុងប្រភេទកីឡាផ្សេងទៀត រឿងព្រេងកីឡាជាច្រើនក៏បានបន្សល់ទុកនូវ សញ្ញាសម្គាល់ផងដែរ។ នៅក្នុងកីឡាវាយកូនបាល់ កីឡាករវាយកូនបាល់ជនជាតិ ស៊ែប៊ី Novak Djokovic បានសម្រេចក្រុមពានរង្វាន់ធំៗទាំងស្រុងក្នុងអាជីពរបស់ខ្លួន នៅពេលដែលឈ្នះមេដាយមាសក្នុងវិញ្ញាសារវាយកូនបាល់បុរស។ នៅក្នុងកីឡាចំបាប់ រឿងព្រេងកីឡាជនជាតិគុយបា Mijain Lopez ក៏ត្រូវបានចារិកក្នុងប្រវត្តិសាស្ត្រផងដែរ នៅពេលដែលគាត់បានក្លាយជាមនុស្សដំបូងគេដែលឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកចំនួន ៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ