ឆ្នាំ ២០២៤៖ ខិតខំប្រឹងប្រែងខ្ពស់បំផុតដើម្បីសម្រេចបានលទ្ធផលល្អបំផុត

(VOVWORLD) - ដោយប្រព្រឹត្តទៅកាលពីចុងសប្តាហ៍មុន (ថ្ងៃទី ៥ ខែមករា) សន្និសីទរដ្ឋាភិបាល ជាមួយមូលដ្ឋាន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់របស់រដ្ឋាភិបាលដើម្បីដាក់ពង្រាយ គោលដៅឆ្នាំ ២០២៤ បាននាំចេញទិសដៅដឹកនាំសំខាន់ៗដោយមានលក្ខណៈជាគន្លឹះ សម្រាប់ពេញមួយឆ្នាំ។ ស្មារតីទូទៅគឺនៅឆ្នាំ ២០២៤ វៀតណាមត្រូវតែខិតខំប្រឹងប្រែង ឱ្យបានខ្លាំងក្លាជាងទៀតដើម្បីសម្រេចបានលទ្ធផលល្អប្រសើរជាងឆ្នាំ ២០២៣។
ឆ្នាំ ២០២៤៖ ខិតខំប្រឹងប្រែងខ្ពស់បំផុតដើម្បីសម្រេចបានលទ្ធផលល្អបំផុត - ảnh 1សន្និសីទបូកសរុបការងារឆ្នាំ២០២៣ ដាក់ពង្រាយភារកិច្ចឆ្នាំ២០២៤របស់រដ្ឋាភិបាលជាមួយបណ្ដាមូលដ្ឋាន។ (រូបថត៖ VOV)
ទម្លុះឲ្យបានកម្លាំងចលករថ្មីសម្រាប់កំណើន 
ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដំបូងដែលបានលើកឡើង ដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងសន្និសីទគឺធ្វើយ៉ាងណាដើម្បីបន្ត ជំរុញកំណើន ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាព សំខាន់ៗ គ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា៖
“ផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើន រក្សារឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ បន្តគ្រប់គ្រងគោល នយោបាយរូបិយវត្ថុដោយម្ចាស់ការ បត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ សម្របសម្រួលប្រកបដោយសមកាលកម្ម ស៊ីសង្វាក់គ្នា និងជិតស្និទ្ធជាមួយនឹងគោល នយោបាយសារពើពន្ធបើកទូលាយដ៏សមហេតុផលក៏ដូចជាគោលនយោបាយផ្សេងៗ ទៀត។ ជំរុញខ្លាំងកម្លាំងចលករកំណើនប្រពៃណី ដូចជាការវិនិយោគ ការនាំ ចេញ ការប្រើប្រាស់។ ទន្ទឹមនឹងនោះ ជំរុញកម្លាំងចលករថ្មីៗ ដូចជា៖ ការតភ្ជាប់តំបន់ វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង ផ្នែកនិងវិស័យទើបលេចចេញដូចជា បន្ទះឈីប semiconductor អ៊ីដ្រូសែន ជាដើម”។
ក្នុងឆ្នាំ ២០២៤ វៀតណាមក៏នឹងពន្លឿនដំណើរការសាងសង់គម្រោងគមនា គមន៍សំខាន់ៗ ជាពិសេសព្រលានយន្តហោះអន្តរជាតិ Long Thanh; ដាក់ជូនអាជ្ញាធរ មានសមត្ថកិច្ច ដើម្បីអនុម័តលើគោលជំហរវិនិយោគលើគម្រោងផ្លូវរថភ្លើងល្បឿន លឿនខាងជើង-ខាងត្បូង។ ដើម្បីក្លាយជាមូលដ្ឋាននៃឧស្សាហកម្មផលិតបន្ទះឈីប semiconductor វៀតណាមក៏នឹងត្រូវជំរុញខ្លាំងការអភិវឌ្ឍធនធានមនុស្សដោយមាន គុណភាពខ្ពស់ដែលផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្នុងនោះការបណ្តុះ បណ្តាលធនធានមនុស្សប្រកបដោយមានគុណភាពខ្ពស់សម្រាប់ឧស្សាហកម្ម និងវិស័យទើប លេចចេញ; ឆ្ពោះទៅរកគោលដៅធនធានមនុស្សដោយមានគុណភាពខ្ពស់ពី ៥ ម៉ឺន ទៅ ១០ ម៉ឺននាក់ សម្រាប់ឧស្សាហកម្មផលិតបន្ទះឈីប semiconductor ត្រឹមឆ្នាំ ២០៣០។
រដ្ឋាភិបាលក៏ផ្តោតទៅលើការស្តារនិងអភិវឌ្ឍន៍យ៉ាងខ្លាំងនូវផ្នែកឧស្សាហកម្មមួយ ចំនួន ជាពិសេសឧស្សាហកម្មកែច្នៃ ផលិត និងឧស្សាហកម្មផលិតបន្ទះឈីប semiconductor; ខិតខំប្រឹងប្រែងបង្កើនសន្ទស្សន៍ផលិតកម្មឧស្សាហកម្មពី ៧ ទៅ ៨% ក្នុងឆ្នាំ ២០២៤ ហើយទំហំនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ស្រូបយកជាង ៥០% នៃទំហំនាំចេញសរុប។ ក្នុងវិស័យកសិកម្មវិញ អនុវត្តន៍កម្មវិធីផ្ទៃដី ១ លានហិកតាសម្រាប់ដាំស្រូវស្អាត និងបំភាយកាបូនទាប។
វៀតណាមក៏ដាក់ពង្រាយយ៉ាងប្ដូរផ្ដាច់ និងប្រញាប់ប្រញាល់នូវកម្មវិធីសកម្មភាព អនុវត្តការសន្យានៅ COP28 និងសេចក្តីប្រកាសនយោបាយស្តីពីការផ្លាស់ប្តូរថាមពល ដោយយុត្តិធម៌ (JETP)។ ទន្ទឹមនឹងនោះគឺជំរុញយ៉ាងខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយនូវកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិផងដែរ។ ដោយមានទស្សនៈខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋ ដែលយកប្រជាជនជាមជ្ឈភាព ជាកម្មវត្ថុ គោលដៅ កម្លាំងចលនា និងប្រភពធនធាននៃការអភិវឌ្ឍនោះ លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា៖ នៅក្នុងគ្រប់កាលៈទេសៈ វៀតណាមត្រូវតែបំពេញឲ្យបានល្អនូវការងារសុខុមាលភាពសង្គម ជាពិសេសនៅពេលកើតមានផលប៉ះពាល់ ដល់ជនក្រីក្រ ក្រុមងាយរងគ្រោះ ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ ព្រំដែនកោះសមុទ្រ។
ឆ្នាំ ២០២៤៖ ខិតខំប្រឹងប្រែងខ្ពស់បំផុតដើម្បីសម្រេចបានលទ្ធផលល្អបំផុត - ảnh 2លោកនាយករដ្ឋមន្រ្តីអញ្ជើញថ្លែងនៅសន្និសីទ។
ខិតខំប្រឹងប្រែងឲ្យខ្ពស់បំផុតដើម្បីសម្រេចបានលទ្ធផលល្អបំផុត
ស្ថានភាពក្នុងឆ្នាំ២០២៤ បន្តមានការលំបាក រហូតដល់មានការលំបាកជាងឆ្នាំ២០២៣ ដូច្នេះហើយ ប្រមុខរដ្ឋាភិបាលវៀតណាម តម្រូវឱ្យគ្រប់ថ្នាក់ ផ្នែក និងមូលដ្ឋានត្រូវ ប្តេជ្ញាអនុវត្តន៍គោលដៅ និងភារកិច្ចជាក់លាក់ក្នុងឆ្នាំ២០២៤។
“ប្ដេជ្ញាចិត្តជំនះលើរាល់ការលំបាក បញ្ហាប្រឈមក្នុងគ្រប់វិស័យ; ប្តេជ្ញាដោះស្រាយ ការលំបាក ជំរុញផលិតកម្ម អាជីវកម្ម និងធានាឱ្យប្រជាជន និងអាជីវកម្មទទួលបាន ផលយ៉ាងពិតប្រាកដ។ ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឱ្យបានខ្ពស់បំផុតដើម្បីសម្រេចបានលទ្ធ ផលល្អបំផុតក្នុងឆ្នាំ២០២៤”។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ភារកិច្ចដែលបាន កំណត់សម្រាប់ឆ្នាំ ២០២៤ ពិតជាមានសារៈសំខាន់សម្រាប់ការអនុវត្តគោលដៅ ដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣បានដាក់ ចេញ។ លោកនាយករដ្ឋមន្ត្រីបានស្នើដល់សមាជិករដ្ឋាភិបាល រដ្ឋមន្ត្រី ប្រធានស្ថាប័ន ថ្នាក់ក្រសួង ស្ថាប័នរដ្ឋាភិបាល និងប្រធានគណៈកម្មាធិការប្រជាជនមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងឲ្យបានខ្ពស់បំផុត ដើម្បីសម្រេចឲ្យបានគ្រប់ជ្រុងជ្រោយនូវគោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៤ រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ ឆ្នាំ ដំណាក់កាល ២០២១-២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ