ឆ្នាំ២០១៨ជាឆ្នាំគន្លឹះដើម្បីវៀតណាមកសាងប្រទេសចាប់ផ្ដើមអាជីវកម្ម

(VOVWORLD) - ឆ្នាំ២០១៨ត្រូវ បានចាត់ទុកជាឆ្នាំគន្លឹះដើម្បីវៀតណាមជំរុញខ្លាំងសកម្មភាពចាប់ផ្ដើមអាជីវកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ឆ្នាំ២០១៨ជាឆ្នាំគន្លឹះដើម្បីវៀតណាមកសាងប្រទេសចាប់ផ្ដើមអាជីវកម្ម - ảnh 1 រដ្ឋធានីហាណូយ (រូបថត៖ VOV)


រដ្ឋាភិបាលវៀតណាមបានជ្រើសរើសឆ្នាំ២០១៦ជា ឆ្នាំដែលប្រទេសចាប់ផ្ដើមអាជីវកម្ម។ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ រដ្ឋាភិបាលក៏ដូចជាតំបន់ជាច្រើនបានខំប្រឹងប្រែងបង្កើតឡើងប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្ម (Start-up ecosystem) សំរាប់សមាសភាពសេដ្ឋកិច្ចទាំងអស់និងប្រជាជនគ្រប់ស្រទាប់ នាំមកនូវកម្លាំងចលករចាប់ផ្ដើមអាជីវកម្ម និងលើកទឹកចិត្តការច្នៃប្រឌិត។ ឆ្នាំ២០១៨ត្រូវបានចាត់ទុកជាឆ្នាំគន្លឹះដើម្បីវៀតណាមជំរុញខ្លាំងសកម្មភាពចាប់ផ្ដើមអាជីវកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

រដ្ឋាភិបាលវៀតណាមតាំងពីគ្រាដំបូង បានដើរឈានមុខដោយការសន្យាដ៏ខ្លាំងក្លារបស់ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដែលប្ដេជ្ញាចិត្តកសាងឡើងរដ្ឋាភិបាលស្មោះត្រង់និងស្ថាបនា ធ្វើសកម្មភាពនិងបម្រើ។ រាល់ការសន្យានោះពិតជាភារកិច្ចចាប់បង្ខំចំពោះស្ថាប័នរដ្ឋបាលទាំងអស់ពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាននិងប្រជាជន ពិសេសគឺក្នុងកាលៈទេសៈដែលប្រទេសជាតិធ្វើសមាហរណកម្មកាន់តែស៊ីជំរៅទៅក្នុងសេដ្ឋកិច្ចសកល។

ចាប់ផ្ដើមអាជីវកម្មដើម្បីធ្វើមានសំរាប់ខ្លួនឯងនិងកសាងប្រទេសជាតិ

ទីក្រុងហូជីមិញជាតំបន់ឈានមុខគេនៅលើទូទាំងប្រទេសក្នុងចលនាចាប់ផ្ដើមអាជីវកម្ម ដោយចំណាយថវិកាឡើងដល់ទៅ១លានលានដុងដើម្បីជួយឧបត្ថម្ភគម្រោងការណ៍ចាប់ផ្ដើមអាជីវកម្ម។ កម្រិតប្រាក់ឧបត្ថម្ភខ្ពស់បំផុតសំរាប់គម្រោការណ៍មួយគឺ២ពាន់លានដុង។ ទន្ទឹមនឹងនោះ ទីក្រុងឆ្ពោះទៅការបង្កើតឡើងមជ្ឈមណ្ឌលជួយឧបត្ថម្ភការចាប់ផ្ដើមអាជីវកម្ម ដើម្បីតភ្ជាប់គម្រោងការណ៍ជាមួយមូលនិធិវិនិយោគ ព្រមទាំងធ្វើសេនាធិការសំរាប់រដ្ឋអំណាចអំពីគោលនយោបាយពាក់ព័ន្ធនានាផងដែរ។ រហូតដល់ដល់ចុងឆ្នាំ២០១៦ មានគម្រោការណ៍ចំនួន២០០ដែលទទួលបានការជួយឧបត្ថម្ភ។ គោលដៅរបស់ទីក្រុងគឺដល់ឆ្នាំ២០២០ នឹងជួយឧបត្ថម្ភគម្រោងការណ៍ចាប់ផ្ដើមអាជីវកម្មចំនួន២០០០គម្រោង។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមចាត់ទុកថា ដំណាក់កាល ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ត្រូវបានវៀតណាមកំណត់ ជារយៈពេល៥ឆ្នាំដែលប្រទេសចាប់ផ្ដើមអាជីវកម្ម ៥ឆ្នាំដែលប្រទេសទាំងមូលផ្តោតសំខាន់ទៅលើការអភិវឌ្ឍសហគ្រាស។

“ការចាប់ផ្ដើមអាជីវកម្មកំពុងក្លាយទៅជាចលនានិងនិន្នាការនៃខឿនសេដ្ឋកិច្ចវៀតណាម។ និន្នាការក្នុងប៉ុន្មានឆ្នាំខាងមុខនៃខឿនសេដ្ឋកិច្ចវៀតណាម តាមខ្ញុំគិតថា គឺជារដ្ឋាភិបាលស្ថាបនានិងប្រជាជនទាំងមូលចាប់ផ្ដើមអាជីវកម្ម។ ដូច្នេះហើយ ការចាប់ផ្ដើមអាជីវកម្ម ពិសេសគឺចាប់ផ្ដើមអាជីវកម្មច្នៃប្រឌិតកំពុងក្លាយ

ទៅជាសំណូមពរសំខាន់បំផុតនៃខឿនសេដ្ឋកិច្ចវៀតណាម។ គោលដៅគឺដល់ឆ្នាំ២០២០ យើងត្រូវមានសហគ្រាសយ៉ាងហោចណាស់ចំនួន១លាន ដែលមានន័យថា ក្នុងរយៈពេល៥ឆ្នាំយើងត្រូវបង្កើនបរិមាណសហគ្រាសវៀតណាមឡើងទ្វេដង។ នោះគឺជំហានលោតផ្លោះមួយក្នុងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសនៅវៀតណាម”។

ឆ្នាំ២០១៨ជាឆ្នាំគន្លឹះដើម្បីវៀតណាមកសាងប្រទេសចាប់ផ្ដើមអាជីវកម្ម - ảnh 2 ទីក្រុងហូជីមិញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់វៀតណាម (រូបថត៖dantri)


ឆ្លៀតយកបដិវត្តន៍៤.០ដើម្បីចាប់ផ្ដើមអាជីវកម្មប្រកបដោយជោគជ័យ

បដិវត្តន៍ឧស្សាហកម្ម៤.០កំពុងបង្កើតឡើងការផ្លាស់ប្ដូរយ៉ាងធំធេងក្នុងការធ្វើផលិតកម្ម អាជីវកម្មលើទូទាំងពិភពលោក ហើយនេះក៏ជាឱកាសសំរាប់ការចាប់ផ្ដើមអាជីវកម្មនៅវៀតណាមដែរ។ តាមអ្នកជំនាញការសេដ្ឋកិច្ចលោកស្រី Pham Chi Lan ថា ឱកាសនិងការសាកល្បងចំពោះសហគ្រាសចាប់ផ្ដើមអាជីវកម្មគឺផ្សាភ្ជាប់នឹងនិន្នាការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិងសម័យឌីជីថល់៤.០។ ហេតុនេះហើយ បណ្ដាសហគ្រាសចាំបាច់ត្រូវកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយចីរភាពដើម្បីចូលរួមបដិវត្តន៍នេះ។

“ហេដ្ឋារចនាសម្ព័ន្ធសំណង់សំខាន់បំផុតក្នុងសម័យឌីជីថល់នេះ គឺមូលដ្ឋានទិន្នន័យ។ សហគ្រាសវៀតណាមភាគច្រើនគឺសហគ្រាសរបស់ជនវ័យក្មេង។ ពួកគេត្រូវធ្វើការជាមួយគ្នា ធ្វើការជាមួយដៃគូផ្សេងៗ មិនត្រឹមតែជាមួយមនុស្សប៉ុណ្ណោះទេ ថែមទាំងជាមួយម៉ាស៊ីនទៀតផង។ គេត្រូវបានការទទួលខុសត្រូវនិងលទ្ធភាពដើម្បីធ្វើការជាមួយដៃគូទាំងនេះ”។

គោលនយោបាយរបស់រដ្ឋាភិបាលកំពុងបង្កើតឡើងសន្ទុះអភិវឌ្ឍន៍សំរាប់សហគ្រាស ឆ្ពោះទៅគោលដៅមានសហគ្រាសចំនួន១លាននាឆ្នាំ២០២០។ គោលដៅនេះបង្ហាញឲ្យឃើញសេចក្ដីសង្ឃឹមរបស់រដ្ឋាភិបាលចំពោះការអភិវឌ្ឍនិងការចាប់ផ្ដើមអាជីវកម្មរបស់សហគ្រាស។ ដើម្បីសម្រេចបានគោលដៅនេះគឺទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏ដូចជាសហគ្រាសចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ