ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ នៅតែមិនទាន់រកឃើញសម្លេងរួមឡើយ

(VOVWORLD) - ក្រោយរយៈពេលជិត ១១ ខែនៃជម្លោះ រុស្ស៊ី និងអ៊ុយក្រែន និងភាគីពាក់ព័ន្ធនានានៅតែមិនអាចស្វែងរកសំឡេងរួម ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាឡើយ។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីជំរុញការចរចា ដែលត្រូវបានសហគមន៍អន្តរជាតិអនុវត្តន៍ក៏ដោយ ប៉ុន្តែយថាទស្សន៍ឈានចូលកិច្ចព្រមព្រៀងសន្តិភាពនៅតែស្រពិចស្រពិលនៅឡើយ។ ស្វែងរកសំឡេងរួមដើម្បីបញ្ចប់ជម្លោះ និងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព នៅតែជាបញ្ហាប្រឈមដ៏ធំចំពោះភាគីពាក់ព័ន្ធនានា ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។
ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ នៅតែមិនទាន់រកឃើញសម្លេងរួមឡើយ - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin(ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ។ រូបថត៖ AP

ស្ថានភាពសមរភូមិដ៏ស្មុគស្មាញ

ក្រោយរយជិត ១១ ខែ នៃជម្លោះ រុស្ស៊ីកំពុងគ្រប់គ្រងតំបន់ដ៏ធំទូលាយជាច្រើននៅភូមិភាគខាងត្បូងអ៊ុយក្រែន។ នារយៈពេលថ្មីៗនេះទីក្រុងម៉ូស្គូបន្តមានការកែសម្រួលយុទ្ធវិធីនៅលើសមរភូមិ តាមទិសដៅបង្រួញតំបន់គ្រប់គ្រង និងបង្កើនការវាយប្រហារ

មីស៊ីល យន្តហោះដ្រូន UAV ចូលទៅជ្រៅទឹកដីអ៊ុយក្រែន។ ការប្រយុទ្ធគ្នារវាងភាគីទាំងសងខាងបានកើតឡើងជារៀងរាល់ថ្ងៃនៅលើសមរភូមិជាច្រើន ក្នុងនោះកងកម្លាំងអ៊ុយគ្រែនត្រូវបានប្រទេសលោកខាងលិចផ្ដល់ជំនួយជាបន្តបន្ទាប់នូវអាវុធថ្មី រួមមានអាវុធទំនើបៗជាច្រើនដូចជាកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងរថពាសដែកធុនធ្ងន់ជាដើម។

សហគមន៍ចារកិច្ចសហរដ្ឋអាមេរិកប៉ាន់ប្រមាណថា កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានបាត់បង់មនុស្សប្រហែល ១០ ម៉ឺននាក់របស់ភាគីទាំងសងខាង រួមទាំងទាហាន ដែលត្រូវស្លាប់ និងរងរបួស។ ទោះបីជាទីក្រុងម៉ូស្គូ និងទីក្រុងគៀវសុទ្ធតែបានផ្ដល់តួរលេខស្ថិតិទាបជាងច្រើនក៏ដោយ ប៉ុន្តែមជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា ជាមួយនឹងការប្រយុទ្ធគ្នានៅតាមទីក្រុង និងការបាញ់កាំភ្លើងធំត្រូវបានប្រើប្រាស់ជាអតិបរមានោះ ករណីស្លាប់ និងរងរបួសរបស់ភាគីទាំងពីរគឺធំធេងណាស់។

ប្រការគួរឲ្យព្រួយបារម្ភគឺ បើទោះបីមានការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែជម្លោះនៅតែមិនទាន់មានសញ្ញាធូរស្រាលឡើយ។ ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៨ មករា លោក Sergei Kiriyenko អនុប្រធានទី ១ ខុទ្ទកាល័យរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកច្បាស់ថា៖ “រាល់ភារកិច្ច ដេលត្រូវបាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដាក់ចេញសម្រាប់ប្រតិបត្តិការយោធាពិសេសនឹងត្រូវសម្រេចរួចរាល់ ហើយនឹងមានជ័យជំនះជាក់ជាមិនខាន” ។ ចំណែកឯមជ្ឈដ្ឋានមន្ត្រីអ៊ុយក្រែនបានច្រានចោលបទឈប់បាញ់ក្នុងឱកាសបុណ្យណូអែល ៧ មករា របស់សហគមន៍គ្រិស្តសាសនារបស់រុស្ស៊ី ដោយអះអាងថានឹងបន្តពង្រីកការវាយប្រហារសំដៅទៅលើកងកម្លាំងរុស្ស៊ីលើគ្រប់សមូរភូមិ។

មជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិបានវាយតម្លៃថា ស្ថានភាពជម្លោះនៅអ៊ុយក្រែននៅតែមានភាពស្មុគស្មាញ ហើយជាបញ្ហាសាកល្បងដ៏ធំធេងសម្រាប់ការខិតខំប្រឹងប្រែងស្រោចស្រង់ការចរចាសន្តិភាព ដែលប្រទេសជាច្រើន និងសហគមន៍អន្តរជាតិកំពុងប្រដេញតាមផងដែរ។

ឱកាសសម្រាប់ការចរចាសន្តិភាព

ទោះបីជាស្ថានភាពជាក់ស្ដែងគួរឱ្យព្រួយបារម្ភក៏ដោយ ប៉ុន្តែសាធារណៈមតិអន្តរជាតិជឿជាក់ថា ឱកាសសន្ទនារវាងរុស្ស៊ី អ៊ុយក្រែន រួមទាំងភាគីពាក់ព័ន្ធនានា និងមានឥទ្ធិពលដល់ជម្លោះនៅតែមានវត្តមាន។

មានមូលដ្ឋានសំខាន់ៗជាច្រើនសម្រាប់ជំនឿជាក់នេះ។ ទីមួយ បើទោះបី ការប្រយុទ្ធគ្នានៅតែប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លាក៏ដោយ ប៉ុន្តែរុស្ស៊ី និងអ៊ុយក្រែននៅតែរក្សាយន្តការសន្ទនាចាំបាច់ ដើម្បីអនុវត្តន៍ការដោះដូរអ្នកទោសជាច្រើនប្រកបដោយជោគជ័យនារយៈពេលកន្លងទៅ។ នាពេលថ្មីៗបំផុត គឺការដោះដូរ អ្នកទោសដែលបានប្រកាសកាលពីថ្ងៃទី ៨ មករា ដោយភាគីម្ខាងៗបានដោះលែងអ្នកទោសម្ខាងទៀតចំនួន ៥០ នាក់។ យោងតាមអ្នកវិភាគបានឲ្យដឹងថា បណ្ដាការចរចាដោះដូរអ្នកទោសប្រកបដោយជោគជ័យអាចក្លាយទៅជាមូលដ្ឋានគ្រឹះ សម្រាប់ភាគីទាំងពីរពង្រីកការចរចាលើបញ្ហាផ្សេងៗទៀត រួមទាំងបញ្ហាបទឈប់បាញ់ផងដែរ។

ទីពីរ ដោយរងការខាតបង់កាន់តែធ្ងន់ធ្ងរអំពីមនុស្ស និងសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃនោះ រដ្ឋាភិបាលនៃភាគីទាំងពីរបានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ជាពិសេសសម្ពាធក្នុងប្រតេស អំពីការបញ្ចប់ការប្រយុទ្ធគ្នា។  សូម្បីតែសម្រាប់រដ្ឋាភិបាលលោកខាងលិចជាច្រើន ជាពិសេសគឺបណ្ដាប្រទេសលោកខាងលិច ដែលធ្លាប់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៃជម្លោះនោះ ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនក៏ជាសម្ពាធដ៏ធំធេង ខណៈពេលដេលការទាមទាររបស់សាធារណៈជននៃបណ្ដាប្រទេសនេះកាន់តែកើនឡើង។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺជាដំណើការដ៏សែនលំបាក ដោយទាមទារឲ្យមានការខិតខំប្រឹងប្រែង និងសុច្ឆន្ទៈដ៏ខ្លាំងក្លារមិនត្រេមតែសម្រាប់ភាគីពាក់ព័ន្ធនានាទាំងអស់ឡើយ ថែមទាំងរបស់សហគមន៍អន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ