ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ នៅតែរកមិនឃើញសំឡេងរួម

(VOVWORLD) - ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងការទូតអន្តរជាតិជាច្រើនដែលត្រូវបានជំរុញក៏ដោយ ប៉ុន្តែរុស្ស៊ី និងអ៊ុយក្រែននៅតែរកមិនឃើញសំឡេងរួមដើម្បីអនុវត្តន៍បទឈប់ បាញ់នោះទេ។ អ្នកអត្ថាធិប្បាយខ្លះព្រួយបារម្ភថា វិបត្តិបច្ចុប្បន្នអាចនឹងកើនឡើងកាន់តែស្មុគស្មាញដោយសារតែភាពជាប់គាំងក្នុងការចរចា និងការធ្វើអន្តរាគមន៍ខ្វះសុឆន្ទៈពីខាងក្រៅ។

ជាងមួយខែកន្លះចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន (ថ្ងៃទី២៤ ខែកុម្ភៈ) ស្ថានភាពសមរភូមិនៅអ៊ុយក្រែននាពេលនេះបានផ្លាស់ប្តូរជាច្រើន។ យ៉ាងណាមិញ អ្វីដែលសាធារណមតិកំពុងទន្ទឹងរង់ចាំបំផុតនោះ គឺបទឈប់បាញ់មួយ នៅតែមិនអាចសម្រេចបានឡើយ។ ក្រោយពីការចរចាជាច្រើនជុំដោយមានការចូលរួម និងការសម្រុះសម្រួលពីប្រទេសមួយចំនួនដូចជា ទួរគី បេឡារុស្ស ជាដើម រុស្ស៊ី និងអ៊ុយក្រែននៅតែរកមិនឃើញសំឡេងរួមសម្រាប់បទឈប់បាញ់ឡើយ។ ខណៈពេលដែលការចរចានៅតែបន្តជាប់គាំង ប្រទេសលោកខាងលិចជាច្រើនបានដាក់ទណ្ឌកម្មថ្មីជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ី ព្រមទាំង បញ្ជូនអាវុធដ៏សាហាវបន្ថែមទៀតទៅកាន់សមរភូមិអ៊ុយក្រែន។ ការពិតនេះធ្វើឲ្យសាធារណមតិព្រួយបារម្ភថា ស្ថានភាពជម្លោះប្រដាប់អាវុធអាចនឹងកើនឡើងកាន់តែស្មុគស្មាញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ជម្លោះរុស្ស៊ី-អ៊ុយក្រែន៖ នៅតែរកមិនឃើញសំឡេងរួម - ảnh 1នាវាចម្បាំង Moska របស់រុស្ស៊ី។ (រូបថត៖ RT)

ជម្លោះប្រដាប់អាវុធកាន់តែកើនឡើង

នៅថ្ងៃទី ១៤ ខែមេសា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា នាវាចម្បាំងដ៏ខ្លាំងបំផុតនៃកងនាវាសមុទ្រខ្មៅដែលជានាវាចម្បាំង Moska បានជួបឧប្បត្តិហេតុមួយបន្ទាប់ពីកើតឡើងករណីផ្ទុះមួយនៅក្នុងឃ្លាំងគ្រាប់ នៅលើនាវា។ មុននោះ អភិបាលក្រុង Odessa របស់អ៊ុយក្រែន លោក Maksym Marchenko បានប្រកាសថា ការវាយប្រហារដោយមីស៊ីល Neptune ដោយកងកម្លាំងអ៊ុយក្រែន បានធ្វើឲ្យខូចខាតដល់នាវាចម្បាំងរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានប្រភពព័ត៌មានឯករាជ្យផ្លូវការណាមួយដែលបញ្ជាក់ពីព័ត៌មាននេះនៅឡើយទេ។

គួរកត់សម្គាល់ថា នៅថ្ងៃទី ១៤ ខែមេសា នេះដែរ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានចោទប្រកាន់ ឧទ្ធម្ភាគចក្រចម្បាំងរបស់អ៊ុយក្រែនចំនួនពីរគ្រឿង បានបំពានដែនអាកាសហើយវាយប្រហារទៅលើទីប្រជុំជននៅតាមតំបន់ព្រំដែនភាគខាងលិចរុស្ស៊ី ហើយបណ្តាលឲ្យមានការស្លាប់និងរបួសមួយចំនួន។ ទោះបីជាភាគីអ៊ុយក្រែនបានច្រានចោលការចោទប្រកាន់នេះក៏ដោយ ក៏អ្នកខ្លះមានការព្រួយបារម្ភថា នេះអាចជាការកើនឡើងដ៏គ្រោះថ្នាក់ថ្មីមួយនៅក្នុងជម្លោះបច្ចុប្បន្ន។

ក្នុងបរិបទនោះ លោកខាងលិចបន្តបង្កើនការឧបត្ថម្ភសមត្ថភាពប្រយុទ្ធដល់អ៊ុយក្រែន។ នៅថ្ងៃទី ១៣ ខែមេសា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថា មន្ទីរបញ្ចកោណនឹងបញ្ជូនជំនួយយោធាបន្ថែមចំនួន ៨០០ លានដុល្លាអាមេរិក ដល់អ៊ុយក្រែន រួមទាំងកាំភ្លើងធំ រថពាសដែក និងឧទ្ធម្ភាគចក្រ។ កាលពីសប្តាហ៍មុន សេតវិមានក៏បានប្រកាសថា គេបានផ្តល់ជំនួយសន្តិសុខជាង ១,៧ ពាន់លានដុល្លាដល់អ៊ុយក្រែន ចាប់តាំងពីជម្លោះយោធាផ្ទុះឡើង។

ក្រៅពីសហរដ្ឋអាមេរិក ប្រទេសជាសមាជិកជាច្រើននៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដឹកនាំដោយសហរដ្ឋអាមេរិក ក៏បានផ្តល់អាវុធ និងយុទ្ធភណ្ឌបន្ថែមទៀត ដល់អ៊ុយក្រែននាពេលកន្លងមក ព្រមទាំងសន្យាថា នឹងបន្តរក្សា ហើយជំរុញខ្លាំងការជួយឧបត្ថម្ភនេះផងដែរ។ ទន្ទឹមនឹងការផ្ដល់ជំនួយនេះ លោកខាងលិចក៏បានដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងជាច្រើនបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី។

រក្សាការសន្ទនានិងជំរុញដំណោះស្រាយការទូត

ទោះជាយ៉ាងណាក៏ដោយ មិនមែនប្រទេសលោកខាងលិចទាំងអស់ សុទ្ធតែគាំទ្រឬធ្វើសកម្មភាពតាមទិសដៅនោះទេ។ ប្រទេសជាសមាជិកជាច្រើននៃសហភាពអឺរ៉ុប (EU) និងណាតូ នៅតែកំពុងខិតខំប្រឹងប្រែងជំរុញការសន្ទនាជាមួយរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយការទូតសម្រាប់វិបត្តិ។ កាលពីដើមសប្តាហ៍នេះ អធិការបតីអូទ្រីស លោក Karl Nehammer មានដំណើរទស្សនកិច្ចគួរឲ្យកត់សម្គាល់ ទៅកាន់ទីក្រុងម៉ូស្គូ ហើយបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នេះជាមេដឹកនាំអឺរ៉ុបដំបូងគេដែលបំពេញទស្សនកិច្ចនៅរុស្ស៊ី ចាប់តាំងពីជម្លោះយោធាផ្ទុះឡើងនៅអ៊ុយក្រែន។ នៅក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អធិការបតីអូទ្រីស លោក Nehammer បានបន្តបញ្ជាក់ពីភាពចាំបាច់នៃការបង្កើនការជួយគាំទ្រដល់កិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែន នៅទីក្រុង អ៊ីស្តង់ប៊ុល ក្រោមការគាំពាររបស់ទួរគី។ ក្នុងបរិបទដែលលោកខាងលិចបង្ហាញភាពច្របូកច្របល់និងកង្វះការរួបរួមគ្នា ក្នុងយុទ្ធសាស្ត្រឆ្លើយតបនឹងរុស្ស៊ី ដំណើរទស្សនកិច្ចរបស់អធិការបតីអូទ្រីស ត្រូវបាន អ្នកវិភាគ និងមេដឹកនាំអឺរ៉ុបមួយចំនួនរំពឹងទុកថា អាចជួយបង្កើតស្ពានតភ្ជាប់រវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងរក្សាទំនាក់ទំនងចាំបាច់រវាង EU និងរុស្ស៊ីផងដែរ។

នៅប្រទេសបារាំងវិញ បេក្ខជនមួយរូបក្នុងចំណោមបេក្ខជនទាំងពីររូប ដែលបានឈានដល់ការបោះឆ្នោតប្រធានាធិបតីបារាំងជុំទីពីរ គឺលោកស្រី Marine Le Pen បានប្រកាសកាលពីថ្ងៃទី ១៣ មេសាថា នៅពេលដែលជម្លោះនៅអ៊ុយក្រែនបញ្ចប់ លោកស្រីនឹងស្នើឲ្យកែលម្អទំនាក់ទំនងរវាងណាតូនិងរុស្ស៊ី។ តាមនោះ លោកស្រីនឹងស្នើឲ្យមានទំនាក់ទំនងដ៏ជិតស្និទ្ធជាងមុន រវាងណាតូ និងរុស្ស៊ី ហើយនោះគួរតែជាសំណើរដើម្បីស្ដារឡើងវិញនូវទំនាក់ទំនងមិត្តភាពយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។

ក្រៅពីអឺរ៉ុប ប្រទេសនិងអង្គភាពអន្តរជាតិជាច្រើន ក៏កំពុងដាស់តឿនឲ្យភាគីនានាធ្វើការសន្ទនាដើម្បីដោះស្រាយវិបត្តិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី១៣ ខែមេសា បានអំពាវនាវឲ្យរុស្ស៊ី អ៊ុយក្រែននិងភាគីពាក់ព័ន្ធ រក្សាហើយបង្កើនកិច្ចសន្ទនា សំដៅបញ្ចប់ជម្លោះយោធា។ ប្រហាក់ប្រហែលគ្នាដែរ ពីទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃទី ១១ ខែមេសា បានលើកច្បាស់ថា ការសន្ទនាគឺជាមធ្យោបាយត្រឹមត្រូវតែមួយគត់ដើម្បីដោះស្រាយវិបត្តិរុស្ស៊ី-អ៊ុយក្រែន។ យោងតាមមន្ត្រីក្រសួងការបរទេសចិន លោកខាងលិចគួរតែជំរុញសន្តិភាពដោយការបោះជំហានដ៏ជាក់ស្តែង ជាជាងការមានចេតនាប្រើប្រាស់ទណ្ឌកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ