ជំរុញខ្លាំងការអភិវឌ្ឍវប្បធម៌ បង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចសង្គម

(VOVWORLD) -  ថ្ងៃទី ២៤ ខែវិច្ឆិកាគឺជាខួបមួយឆ្នាំនៃសន្និសីទវប្បធម៌ទូទាំងប្រទេស ដែលត្រូវបានប្រារព្ធធ្វើឡើង។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ការងារអភិវឌ្ឍន៍វប្បធម៌ត្រូវបានក្រសួង ស្ថាប័ន និងខេត្តក្រុងនានានៅទូទាំងប្រទេសយកចិត្តទុកដាក់ពិសេសជំរុញដោយស្មារតីចាត់ទុកការអភិវឌ្ឍវប្បធម៌ជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់ សម្រាប់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ជំរុញខ្លាំងការអភិវឌ្ឍវប្បធម៌ បង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចសង្គម - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ VGP/Nhat Bac)

ការងារអភិវឌ្ឍន៍វប្បធម៌ត្រូវបានយកចិត្តទុកដាក់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ការយល់ដឹងអំពីតួនាទីរបស់វប្បធម៌កាន់តែទូលំទូលាយ និងស៊ីជម្រៅជាងមុន។ តម្លៃវប្បធម៌ប្រពៃណី និងបេតិកភណ្ឌវប្បធម៌ជាច្រើនរបស់ប្រទេសជាតិត្រូវបាន មរតក ថែរក្សា និងពង្រីក; ផលិតផលវប្បធម៌កាន់តែសម្បូរបែប។ គំរូដ៏ភ្លឺ ជាច្រើននៅក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ចលនា "ប្រជាជនទាំងមូលសាមគ្គីភាព កសាងជីវភាពវប្បធម៌" ត្រូវបានលើកសរសើរ ពង្រីក និងរីកសាយភាយ។

ក្នុងស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ ការអភិវឌ្ឍ វប្បធម៌ត្រូវមានឋានៈស្មើនឹងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយ សង្គម និងការការពារបរិស្ថាន ធានានូវវឌ្ឍនភាព សមភាពសង្គម ថែទាំជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន មិនបំភ្លេចចោលនរណាម្នាក់ឡើយ។ តម្រូវការនេះគឺជាទស្សនៈមួយក្នុងចំណោមទស្សនៈទាំង ៦ របស់រដ្ឋាភិបាលក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ផ្តោតលើការអភិវឌ្ឍវិស័យវប្បធម៌គ្រប់ជ្រុងជ្រោយ និងព្រមៗគ្នា ធានាការផ្សារភ្ជាប់ប្រកបដោយសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយវប្បធម៌ និងសង្គម ធានាសន្តិសុខសង្គម លើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ ពង្រីកតម្លៃវប្បធម៌និងមនុស្សវៀតណាមជានិច្ច; បន្តយកចិត្តទុកដាក់លើការអភិវឌ្ឍ វប្បធម៌ ស្របជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច នយោបាយ និងសង្គម។ យកចិត្តទុកដាក់បន្ថែមទៀតលើការអភិរក្ស កែលម្អ និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ តម្លៃវប្បធម៌រូបី និងអរូបីរបស់តំបន់នានា។ ផ្តល់អាទិភាពលើការវិនិយោគកសាង ធ្វើឱ្យប្រសើរឡើង និងកែលម្អប្រព័ន្ធស្ថាប័នវប្បធម៌។ ផ្តោតលើការកសាងបរិយាកាសវប្បធម៌ស្អាតស្អំ ជីវភាពវប្បធម៌មូលដ្ឋាន វប្បធម៌ការងារ ជាពិសេសគឺក្រមសីលធម៌ការងារផងដែរ”។

អភិវឌ្ឍវប្បធម៌ឲ្យក្លាយទៅជាកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

នាថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៦ លោកនាយករដ្ឋមន្ត្រីបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១៧៥៥ អនុម័តលើ “យុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មវប្បធម៌វៀតណាមដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០៣០”។ យុទ្ធសាស្ត្របានកំណត់គោលដៅ និងភារកិច្ចជាក់លាក់ ដើម្បីអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មវប្បធម៌របស់វៀតណាម ក្នុងនោះគោលដៅចម្បងគឺ ដល់ឆ្នាំ ២០២០ គឺខិតខំប្រឹងប្រែងនាំចំណូលពីផ្នែកឧស្សាហកម្មវប្បធម៌ឲ្យរួមចំណែកប្រមាណ ៣% នៃ GDP និងបង្កើតការងារធ្វើឲ្យបានច្រើនថែមទៀតសម្រាប់សង្គម។ ចាប់ពីឆ្នាំ ២០១៨ បណ្ដាផ្នែកឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតវៀតណាមបានក្លាយទៅជាផ្នែក ដែលបានរួមវិភាគទានដ៏ខ្លាំងក្លាសម្រាប់ខឿនសេដ្ឋកិច្ចជាតិយ៉ាងឆាប់រហ័សជាមួយនឹងទឹកប្រាក់ជិត ៧,៥ ពាន់លានដុល្លារ ស្មើនឹង ៣,៦១% នៃ GDP ហើយបាននាំមកនូវការងារធ្វើជូនពលករជាង ៣ លាននាក់ ស្មើនឹង ៦,១% នៃកម្មករសរុប ដែលមានការងារធ្វើទូទាំងប្រទេស។

យោងតាមអ្នកជំនាញ និងអ្នកគ្រប់គ្រងជាច្រើនលើវិស័យវប្បធម៌បានឲ្យដឹងថា ការបង្កើត និងសមិទ្ធិផលដែលសម្រេចបានក្នុង “យុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មវប្បធម៌វៀតណាមដល់ឆ្នាំ ២០២០ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០” គឺជាសក្ខីភាពយ៉ាងច្បាស់លាស់សម្រាប់ទស្សនៈថា វប្បធម៌ជាគោលដៅផង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមផង។

ជំរុញខ្លាំងការអភិវឌ្ឍវប្បធម៌ បង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចសង្គម - ảnh 2ការសម្តែងសិល្បៈរបស់ជនរួមជាតិវៀតណាម (រូបថត៖ VGP/Nhat Bac)

លោកសាស្ត្រាចារ្យរងបណ្ឌិត Bui Hoai Son សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន និងកុមារនៃរដ្ឋសភាបានមានប្រសាសន៍ថា៖ “ចាំបាច់ត្រូវប្រែក្លាយតម្លៃ និងទ្រព្យសម្បត្តិវប្បធម៌ឲ្យក្លាយទៅជាសក្តានុពលសេដ្ឋកិច្ច គុណសម្បត្តិសេដ្ឋកិច្ច ឬជួយផ្សព្វផ្សាយអំពីរូបភាពប្រទេសជាតិ។ យើងកំពុងបង្កើត និងអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ដើម្បីគោលបំណងនោះ។ ពោលគឺយើងមានគោលបំណងថា ផលិតផលវប្បធម៌ត្រូវមានទាំងផលប្រយោជន៍សេដ្ឋកិច្ចថែមទៀត ដើម្បីជួយយើងមានកម្លាំងទន់ និងមានកម្លាំងពលំជាតិ ជួយយើងមានឧត្តមភាពក្នុងពិភពលោកប្រកួតប្រជែងដូចសព្វថ្ងៃផងដែរ។ក្នុងបទសម្ភាសជាមួយវិទ្យុសម្លេងវៀតណាមនាពេលថ្មីៗនេះ”។

លោកបណ្ឌិត Le Hai Binh អនុប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិមបានមានប្រសាសន៍ថា ការអភិវឌ្ឍ វប្បធម៌គឺសំដៅលើការពង្រីក អភិវឌ្ឍន៍ និងទាញយកយ៉ាងខ្លាំងក្លា កម្លាំងផ្ទៃក្នុង និងយុទ្ធសាស្ត្ររបស់ប្រជាជនវៀតណាមទាំង ១០០ លាននាក់។ ព្រោះថា ឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្សបាននាំចេញគោលដៅយុទ្ធសាស្ត្រដ៏ធំធេង ក្នុងនោះកំណត់ការទាញយកកម្លាំងផ្ទៃក្នុងរបស់ប្រជាជាតិគឺមានសរៈសំខាន់ណាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ