ដំណើរទស្សនកិច្ចបង្ហាញពីសារសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន

(VOVWORLD) -  នាថ្ងៃទី៣០ ខែតុលា អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមបានទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សំខាន់ពិសេស ដែលរួមចំណែកធ្វើឱ្យទំនាក់ទំនង វៀតណាម-ចិនកាន់តែស៊ីជម្រៅថែមទៀត។

ដំណើរទស្សនកិច្ចបង្ហាញពីសារសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong មកដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ (រូបថត៖ VNA)

ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីបញ្ចប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០របស់បក្សកុម្មុយនិស្តចិន ដែលសំដៅបញ្ជាក់នូវគោលជំហរដ៏ឥតងាករេរបស់វៀតណាម ដែលតែងតែចាត់ទុកទំនាក់ទំនងជាមួយចិនជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេស មានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងនេះយ៉ាងយូរអង្វែង ប្រកបដោយស្ថិរភាព កាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងតាមស្មារតីនៃការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ។

ទំនាក់ទំនងវៀតណាម-ចិនជាទូទៅរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងវិជ្ជមាន

ដោយការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនជាទូទៅនាពេលកន្លងមក បន្តរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ភាពវិជ្ជមាន សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនលើវិស័យផ្សេងៗគ្នា។ ទាក់ទិននឹងទំនាក់ទំនងនយោបាយ ការផ្លាស់ប្តូរ ការជួបប្រាស្រ័យជាន់ខ្ពស់ប្រព្រឹត្តទៅយ៉ាងញឹកញាប់តាមទម្រង់ជាច្រើន ដែលរួមចំណែកយ៉ាងសំខាន់បានក្នុងការបង្កើនទំនុកចិត្តនយោបាយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ជាពិសេស បន្ទាប់ពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម (ខែមករា ឆ្នាំ ២០២១) ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភានៃប្រទេសទាំងពីរបានធ្វើការសន្ទនាតាមទូរស័ព្ទ ពិភាក្សាការងារតាមប្រព័ន្ធអ៊ីនធឺណែត ហើយកំណត់ទិសដៅសំខាន់ៗ បង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លាក្នុងគោលបំណងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងវៀតណាម និងចិនឲ្យអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងភាពស្អាតស្អំ។

ជាមួយគ្នានេះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មក៏រក្សាបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានឲ្យដឹងថា៖

“ចិនបន្តជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនិងជាទីផ្សារនាំចេញធំទីពីររបស់វៀតណាម ខណៈដែល វៀតណាមបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅក្នុងអាស៊ាន ហើយជាដៃគូធំទី ៦ របស់ចិននៅលើពិភពលោក។ ការនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់ចិនមានវឌ្ឍនភាពថ្មី ដែលក្នុងនោះធូរេនគឺជាប្រភេទផ្លែឈើទី ១០ ដែលត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារចិនចាប់ពីខែកក្កដា ឆ្នាំ ២០២២”។

ទាក់ទិននឹងការវិនិយោគ ចិនជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ១៣៩ ដែលវិនិយោគនៅវៀតណាម។ គួរកត់សម្គាល់ ក្នុងកិច្ចសហប្រតិបត្តិការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលផ្តល់វ៉ាក់សាំងច្រើនបំផុត រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតនៅវៀតណាម។

អំពីបញ្ហាព្រំដែន ដែនដី ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដាក់ពង្រាយអនុវត្តន៍ឯកសារគតិយុត្តស្តីពីព្រំដែនគោកវៀតណាម-ចិន បង្កើនការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតំបន់ព្រំដែន; សម្រេចបានការយល់ដឹងរួមលើការគ្រប់គ្រងការខ្វែងគំនិតគ្នា ការរក្សាសន្តិភាព ស្ថិរភាពនៅសមុទ្រដោយស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ក៏ដូចជាជំរុញយ៉ាងសកម្មនូវយន្តការចរចាលើបញ្ហានៅសមុទ្រ ការអនុវត្ត DOC ប្រកបដោយប្រសិទ្ធភាព និងជំរុញដំណើរការពិគ្រោះយោបល់អំពី COC។ លើសពីនេះ ភាគីទាំងពីរក៏បានសម្របសម្រួលគ្នាយ៉ាងសកម្មនៅវេទិកាពហុភាគីនានា សំដៅជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក ពង្រីកតួនាទីមជ្ឈភាពរបស់អាស៊ាន និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិននៅតែជួបការលំបាកមួយចំនួន ដូចជាការអនុញ្ញាតឲ្យយកទំនិញចេញតាមច្រកទ្វារព្រំដែន ពេលខ្លះមិនរលូនឡើយ ជើងហោះហើរត្រង់ក៏មិនទាន់បានដំណើរការឡើងវិញដែរ។ យ៉ាងណាមិញ ភាគីទាំងពីរនៅតែរក្សាការផ្លាស់ប្តូរដោយស្មោះត្រង់តាមរយៈបណ្តាញជាច្រើន ដើម្បីស្វែងរកដំណោះស្រាយ។

ដំណើរទស្សនកិច្ចបង្ហាញពីសារសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai។ 

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅកាន់ប្រទេសចិនមានអត្ថន័យពិសេស

ក្នុងសន្ទុះដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងល្អប្រសើរយ៉ាងដូច្នេះ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅកាន់ប្រទេសចិនមានអត្ថន័យពិសេស។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានបញ្ជាក់ថា៖

“នេះគឺជាដំណើរទស្សនកិច្ចទ្វេភាគីជាផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋវៀតណាមទៅកាន់ប្រទេសចិន ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ-១៩; ជាដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បន្ទាប់ ពីមហាសន្និបាតលើកទី១៣ ហើយអគ្គលេខាបក្ស លោក Nguyen Phu Trong ក៏ជាមេដឹកនាំជាន់ខ្ពស់បរទេសដំបូងគេដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីមហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិន ផងដែរ។ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិ តំបន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ពិបាក ទាយទុកជាមុនបាន ជំងឺរាតត្បាតកូវីដ-១៩ បាននិងកំពុងប៉ះពាល់យ៉ាងអវិជ្ជមានដល់ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចលើទូទាំងពិភពលោកនោះ ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សែនសំខាន់ក្នុងការពង្រឹងនិងធ្វើឲ្យទំនាក់ទំនងវៀតណាម-ចិនកាន់តែស៊ីជម្រៅ; ពង្រឹងទំនុកចិត្តនយោបាយរវាងបក្សទាំងពីរ ប្រទេសទាំងពីរ រួមចំណែកនាំទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី”។

កាលពីប្រាំឆ្នាំមុន បន្ទាប់ពីមហាសន្និបាតលើកទី១៩ របស់បក្សកុម្មុយនិស្តចិនទទួលបានជោគជ័យល្អប្រសើរ អគ្គលេខាបក្ស លោក Xi Jinping ក៏បានជ្រើសរើស វៀតណាមសម្រាប់ដំណើរទស្សនកិច្ចនៅបរទេសជាលើកដំបូងរបស់លោក។ នេះជាការបង្ហាញអំពីប្រពៃណីបង្កើនការផ្លាស់ប្តូរជាន់ខ្ពស់រវាងបក្សទាំងពីរនិងប្រទេសទាំងពីរបន្ទាប់ពីមហាសន្និបាត ក៏ដូចជាសក្ខីភាពនៃទំនាក់ទំនងវៀតណាម-ចិនដែលបានហួសពីទំនាក់ទំនងទ្វេភាគីធម្មតា ហើយមានអត្ថន័យជាយុទ្ធសាស្ត្រសំខាន់។ អាស្រ័យហេតុនេះ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនលើកនេះរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នឹងរួមចំណែកពង្រីកនិងលើកកំពស់ប្រសិទ្ធភាពទំនាក់ទំនងរវាងបក្សទាំងពីរ កំណត់ទិសដៅសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញការពង្រីកនិងលើកកំពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការសម្របសម្រួលដោះស្រាយទាន់ពេលវេលានូវបញ្ហាដែលកើតឡើងក្នុងកិច្ចសហប្រតិបត្តិការ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ