ណាតូបង្កើនសមត្ថភាពនៅចំពោះមុខអស្ថិរភាពថ្មី

(VOVWORLD) - ដោយប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកក្កដា ម៉ោងក្នុងស្រុក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៧៥ នៃថ្ងៃបង្កើត (១៩៤៩-២០២៤) សម្ព័ន្ធភាពយោធាសន្ធិសញ្ញាអាត្លង់ទិកខាងជើង - ណាតូ តាមរយៈការសម្រេចចិត្ត និងទិសដៅធ្វើសកម្មភាពដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់បំផុតសម្រាប់ប្លុកនេះក្នុងរយៈពេល ៣ ទសវត្សរ៍ថ្មីៗនេះ។
ណាតូបង្កើនសមត្ថភាពនៅចំពោះមុខអស្ថិរភាពថ្មី - ảnh 1ថ្នាក់ដឹកនាំប្រទេសជាសមាជិកដឹកនាំណាតូ។ រូបថត៖ ណាតូ

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅទីក្រុងវ៉ាស៊ីនតោន ប្រមុខរដ្ឋនៃប្រទេសជាសមាជិកណាតូទាំង ៣២  បានអនុម័តលើសេចក្តីថ្លែងការណ៍រួមដោយបានដាក់ចេញអាទិភាពយុទ្ធសាស្ត្រថ្មីរបស់ប្លុកស្ដីពីការបង្កើនសមត្ថភាពផលិតកម្មការពារជាតិ ថែរក្សាជំនួយឧបត្ថម្ភយ៉ាងយូរអង្វែងដល់អ៊ុយក្រែន ព្រមទាំងជំរុញទំនាក់ទំនងភាពជាដៃគូសន្តិសុខលើសពីវិសាលភាពភូមិសាស្ត្រប្រពៃណីរបស់ណាតូ។

បង្កើនសមត្ថភាពការពារជាតិ

ក្នុងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលវ៉ាស៊ីនតោន ដែលមាន  មាត្រាចំនួន ៣៨ ប្រមុខរដ្ឋនៃបណ្តាប្រទេសជាសមាជិកណាតូបានអះអាងសារជាថ្មីអំពីសារៈសំខាន់របស់ណាតូក្នុងការរក្សាបរិយាកាសសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អឺរ៉ូប -មហាសមុទ្រអាត្លង់ទិក។ សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ថា ប្រទេសសជាមាជិកណាតូស្ទើរតែទាំងអស់សុទ្ធតែបានគោរពការប្តេជ្ញាចិត្តចំណាយយ៉ាងហោចណាស់ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) លើការចំណាយលើវិស័យការពារជាតិ។ ជាក់ស្តែង បច្ចុប្បន្ន មានប្រទេសជាសមាជិកណាតូចំនួន ២៣/៣២ បានឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យនេះ ពោលគឺកើនឡើង ៧ ដងធៀបនឹងឆ្នាំ ២០១៤ ជាពេលវេលាដែលណាតូបានលើកសំណើ ២% នៃ GDP  ។ លើសពីនេះណាតូក៏បានធ្វើកំណែទម្រង់រចនាសម្ព័ន្ធបញ្ជាការរួម លើកកម្ពស់សមត្ថភាពការពារដែនអាកាស និងដាក់ចេញផែនការបង្កើនសមត្ថភាពផលិតកម្មការពារជាតិ តាមរយៈដំណើរការរៀបចំផែនការការពារជាតិរបស់ណាតូ (NDPP)។ នេះគឺជាប្រការគួរឲ្យចាប់អារម្មណ៍ ព្រោះថាក្នុងរយៈពេលកន្លងទៅក្រោមសម្ពាធនៃជម្លោះនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា សមាជិកណាតូជាច្រើនបានស្ថិតក្នុងស្ថានភាពអស់ស្តុកទុកអាវុធ ហើយប្រឈមមុខនឹងហានិភ័យជាយុទ្ធសាស្ត្រដ៏ធំនៅពេលដែលបរិបទជម្លោះបានកើនឡើង។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសថា៖ “នេះគឺជាការបោះជំហានដ៏សំខាន់មួយដើម្បីធានាសន្តិសុខសម្រាប់ណាតូ។ នេះគឺជាលើកដំបូងហើយ ដែលប្រទេសជាសមាជិកទាំងអស់របស់ណាតូបានប្តេជ្ញាចិត្តលើកកម្ពស់ផែនការផលិតការពារជាតិក្នុងប្រទេស។ ប្រការនេះមានន័យថា ណាតូ អាចផលិតឧបករណ៍ការពារជាតិចាំបាច់ច្រើនជាង និងឆាប់រហ័សជាងផងដែរ”។

ក្នុងបរិបទជម្លោះនៅអ៊ុយក្រែនបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញ កិច្ចប្រជុំកំពូលណាតូនៅទីក្រុងវ៉ាស៊ីនតោនក៏បានចំណាយពេលវេលាជាច្រើន ដើម្បីពិភាក្សាស្ដីពីអ៊ុយក្រែន។ ក្រៅពីសេចក្ដីថ្លែងការណ៍ ណាតូបានចេញឯកសារប្តេជ្ញាចិត្តដាច់ដោយឡែកមួយស្តីពីជមនួយឧបត្ថម្ភរយៈពេលវេងសម្រាប់អ៊ុយក្រែន រួមមាន៖ផ្តល់ទឹកប្រាក់យ៉ាងហោចណាស់ ៤០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១ ឆ្នាំខាងមុខ បង្កើតមជ្ឈមណ្ឌលជួយឧបត្ថម្ភសន្តិសុខ និងហ្វឺកហ្វឹនរបស់ណាតូសម្រាប់អ៊ុយក្រែន (NSATU) ប្តេជ្ញាចិត្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការពារជាតិរបស់អ៊ុយក្រែន។ ទាក់ទិននឹងការដាក់បញ្ជូលអ៊ុយក្រែន ណាតូមិនបានផ្តល់ផែនការជាក់លាក់ឡើយ។ យោងតាមលោក Jim Townsend អ្នកជំនាញនៅមជ្ឈមណ្ឌលសន្តិសុខសហរដ្ឋអាមេរិកថ្មី (CNAS) បានឲ្យដឹងថា ប្រការនេះសមស្របនឹងអាទិភាពនាបច្ចុប្បន្នរបស់ណាតូ គឺជៀសវាងការប្តេជ្ញាចិត្តជាក់លាក់ពេក។ “ណាតូបានដាក់ចេញពេលវេលាបើកចំហរសម្រាប់ពេលណាដែលដាក់បញ្ចូលអ៊ុយក្រែនជាសមាជិក ឧទាហរណ៍ថានាពេលបញ្ចប់ជម្លោះ។ ប៉ុន្តែនាបច្ចុប្បន្ននេះ ខ្ញុំគិតថាការកំណត់ពេលវេលាថា តើពេលណាចាប់ផ្ដើមពិភាក្សា តើពេលណាទើបអញ្ជើញអ៊ុយក្រែនចូលជាមាជិក នោះគឺជាការងារសម្រាប់ពេលក្រោយផងដែរ។

អសន្តិសុខពីនយោបាយអាមេរិក

ទោះបីជាមិនស្ថិតក្នុងរបៀបវារៈក៏ដោយ ប៉ុន្តែបរិបទនយោបាយផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសដឹកនាំណាតូ ក៏ប៉ះពាល់ដល់កិច្ចប្រជុំកំពូលណាតូផងដែរ។ ប្រតិកម្មចំពោះការអត្ថាធិប្បាយដែលថា ណាតូកំពុងប្រញាប់ប្រញាល់អនុវត្តន៍គោលនយោបាយមួយចំនួន ជាពិសេសគឺពាក់ព័ន្ធនឹងអ៊ុយក្រែន មុន ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅចុងឆ្នាំនេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ប្រការនេះត្រូវបានបំពង។

ណាតូបង្កើនសមត្ថភាពនៅចំពោះមុខអស្ថិរភាពថ្មី - ảnh 2ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ។ រូបថត៖ រ៉យទ័រ

ទោះជាយ៉ាងណាក៏ដោយ មុនពេលកិច្ចប្រជុំកំពូលអង្គការណាតូនៅសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយថា ក្នុងរយៈពេលវែង អឺរ៉ុបចាំបាច់ត្រូវដើរតួនាទីធំជាងក្នុងអង្គការណាតូ ដើម្បីជៀសវាងការរងផលប៉ះពាល់ពីការវិវឌ្ឍនយោបាយសហរដ្ឋអាមេរិក។ “គ្មាននរណាម្នាក់ដឹងថា នាសប្តាហ៍ខាងមុខ និងខែខាងមុខនឹងដូចម្ដេចឡើយ។ ប៉ុន្តែប្រការដែលយើងដឹងច្បាស់ថា មិនថាលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកយ៉ាងណាឡើយ  ណាតូចាំបាច់ត្រូវមានលក្ខណៈអឺរ៉ុបជាង ទើបអាចបន្តជាសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិក”។

បញ្ហាចម្រូងចម្រាសមួយទៀតក្នុងកិច្ចប្រជុំកំពូលណាតូលើកនេះ គឺនិន្នាការប្លុកយោធានេះពង្រីកឥទ្ធិពលលើសពីលំហភូមិសាស្ត្រប្រពៃណីរបស់ណាតូគឺទ្វីបអឺរ៉ុប និងអាមេរិកខាងជើង។ ក្រៅពីការប្រើប្រាស់ពាក្យតឹងតែងជាច្រើនដើម្បីរិះគន់ប្រទេសមួយចំនួននៅក្នុងសេចក្តីថ្លែងការណ៍នោះ ណាតូ ក៏បានអញ្ជើញថ្នាក់ដឹកនាំជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ឱ្យចូលរួមកិច្ចប្រជុំកំពូលនេះរយៈពេល ៤ ឆ្នាំជាប់ៗគ្នា។ ការដែលណាតូបង្កើនការអន្តរគមន៍ទៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានធ្វើឱ្យមានការព្រួយបារម្ភពីប្រទេសមួយចំនួនអំពីហានិភ័យបង្កើនភាពតានតឹង និងបែកបាក់ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ដ៏រសើបខ្លាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ