តួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការកសាងសេដ្ឋកិច្ចទីផ្សារ

(VOVWORLD) -  ការកសាងនិងការធ្វើឱ្យល្អប្រសើរឡើងនូវសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម គឺជាគោលការណ៍ដ៏សំខាន់របស់បក្សនិងរដ្ឋវៀតណាម។ គោលការណ៍នេះ ជាលទ្ធផលនៃដំណើរការបូកសរុបសកម្មភាពជាក់ស្តែងក៏ដូចជាផ្លាស់ប្តូរផ្នត់គំនិតដើម្បីទទួលយកគុណតម្លៃវិជ្ជមានរបស់មនុស្សជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យសមស្របនឹងលក្ខខណ្ឌជាក់ស្តែងរបស់វៀតណាម។ តថភាពជាក់ស្តែងបានអះអាងនូវតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងការកសាងសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមនៅវៀតណាម។

តួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការកសាងសេដ្ឋកិច្ចទីផ្សារ - ảnh 1ការកសាងនិងការធ្វើឱ្យល្អប្រសើរឡើងនូវសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមគឺជាកិច្ចការសំខាន់របស់បក្សនិងរដ្ឋវៀតណាម (រូបថត៖ VOV)

បក្សកុម្មុយនិស្តវៀតណាមបញ្ជាក់ថា ដើម្បីឈានឡើងសង្គមនិយម គឺមិនអាចទៅរួចទេ បើមិនផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម ពោលគឺ អភិវឌ្ឍសេដ្ឋកិច្ចទីផ្សារដែលស៊ីសង្វាក់គ្នា ពេញលេញ ទំនើបនិងសមាហរណកម្ម។

តួនាទីដឹកនាំរបស់បក្សក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមនៅវៀតណាម ត្រូវបានបង្ហាញតាមរយៈបណ្តាមហាសន្និបាតរបស់បក្ស  ដោយដាក់ចេញទិសដៅ គោលដៅ និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមនៅក្នុងដំណាក់កាលអភិវឌ្ឍន៍នីមួយៗរបស់ប្រទេសជាតិ។ ផ្នត់គំនិតអំពីសេដ្ឋកិច្ចរបស់បក្សត្រូវបានផ្លាស់ប្តូរជាថ្មី ដោយចាប់ផ្តើមពីពេលដែលខ្លួនទទួលយកការអភិវឌ្ឍសេដ្ឋកិច្ចទំនិញពហុសមាសភាព ដែលចរាចរទៅតាមយន្តការទីផ្សារដោយមានការគ្រប់គ្រងរបស់រដ្ឋនៅឯ មហាសន្និបាតលើកទី ៦ និងតាមរយៈមហាសន្និបាតបន្តបន្ទាប់ក៏នៅតែមានការផ្លាស់ប្តូរថ្មីផងដែរ។

និយមន័យអំពីសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម ត្រូវបានបញ្ជាក់នៅក្នុងមហាសន្និបាតទូទាំងប្រទេសលើកទី ៩  របស់បក្សកុម្មុយនិស្តវៀតណាម ឆ្នាំ ២០០១ ដែលថា “ការអភិវឌ្ឍសេដ្ឋកិច្ចទំនិញពហុសមាសភាព ចរាចរតាមយន្តការទីផ្សារ ក្រោមការគ្រប់គ្រងរបស់រដ្ឋតាមទិសសង្គមនិយម។ នោះគឺជាសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម”។ នេះគឺជាលទ្ធផលនៃដំណើរការ ១៥ ឆ្នាំនៃផ្លាស់ប្តូរថ្មីផ្នត់គំនិតរបស់បក្សនិងការអនុវត្តជាក់ស្តែង ដោយឈរលើមូលដ្ឋាននៃការវាយតម្លៃនិងមេរៀនបទពិសោធន៍តាមរយៈមហាសន្និបាតបក្សលើកទី ៧ និងទី ៨។ តាមនោះ ការផ្លាស់ប្តូរថ្មីនូវផ្នត់គំនិតអំពីសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមនៅវៀតណាម ត្រូវបានពង្រឹងកាន់តែខ្លាំងឡើងនិងកាន់តែទូលំទូលាយថែមទៀត។

ក្រោយរយៈពេលជិត ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ចាប់តាំងពីឆ្នាំ ១៩៨៦មក សេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់វៀតណាម បានបំពេញជាមូលដ្ឋានគ្រប់ធាតុទាំងអស់នៃសេដ្ឋកិច្ចទីផ្សារទំនើបស្របតាមស្តង់ ដារអន្តរជាតិ។ ជាមួយគ្នានោះ ក្រិត្យក្រមនៃសេដ្ឋកិច្ចទីផ្សារបានប្រតិបត្តិការដោយសមកាលកម្ម។ ពោលគឺ សហគ្រាសបានខិតខំប្រឹងប្រែងដើម្បីប្រកួតប្រជែងដើម្បីការរស់រាននិងការអភិវឌ្ឍន៍ ហើយតម្លៃទំនិញត្រូវបានសម្រេចចិត្តជាមូលដ្ឋានដោយទីផ្សារ ហើយទីផ្សារបានដើរតួនាទីដោយផ្ទាល់ក្នុងការធ្វើនិយតកម្មផលិតកម្មនិងការធ្វើចរាចរការធ្វើនិយតកម្មប្រតិបត្តិការអាជីវកម្ម ការកៀរគរនិងចែកចាយធនធានផលិតកម្ម។ កត្តាធានាដល់ទិសដៅសង្គមនិយមនៃសេដ្ឋកិច្ចទីផ្សារបានផ្សាភ្ជាប់នឹងតួនាទីគ្រប់គ្រងនៃនីតិរដ្ឋសង្គមនិយម ដែលដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម ដើម្បីកំណត់និងជំនះផលប៉ះពាល់អវិជ្ជមាននៃយន្តការទីផ្សារ។ ខ្លឹមសារនិងវិធីគ្រប់គ្រងរបស់វៀតណាមដូចដែលបានលើកឡើងខាងលើ មិនរារាំងសកម្មភាពរបស់ក្រិត្យក្រមសេដ្ឋកិច្ចទីផ្សារនោះទេ ថែមទាំងជួយសម្រួលដល់ការជំរុញផ្នែកវិជ្ជមាន ដាក់កំហិតលើផ្នែកអវិជ្ជមាននៃច្បាប់ទាំងនេះ ដើម្បីសេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយ ចីរភាព ឆ្ពោះទៅរកគោលដៅនៃ “ប្រជាជនអ្នកមាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌”។

ការយល់ដឹងចំពោះសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមនៅវៀតណាមរបស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានបញ្ជាក់កាន់តែច្បាស់បន្តិចម្តងៗ។ យន្តការ គោលនយោបាយនិងស្ថាប័នជាច្រើននៃសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមនៅវៀតណាមកំពុងត្រូវបានសុក្រិតជាបណ្តើរៗ។ បញ្ហាទីផ្សារជាច្រើននៅវៀតណាមត្រូវបាននិងកំពុងធ្វើទំនើបកម្ម ហើយត្រូវបានសមស្របជាមួយទីផ្សារអន្តរជាតិ។

ការបោះជំហានទៅមុខដ៏ធំមួយនៅក្នុងការយល់ដឹងខាងទ្រឹស្តីនិងផ្នត់គំនិត អំពីសេដ្ឋកិច្ចទីផ្សារនៅវៀត ណាម បាននិងកំពុងឆ្លុះបញ្ចាំងនៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាយការបរទេស តាមរយៈការដែល វៀតណាមកាន់តែធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចទីផ្សារពិភពលោក។ ទន្ទឹមនឹងជោគជ័យដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវៀតណាមមក ចាប់តាំងពីមានការផ្លាស់ប្តូរថ្មីរហូតមកដល់ពេលនេះ សមិទ្ធិផលទទួលបានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ ការទូត ជាមួយពិភពលោកបានបញ្ជាក់ថា ការជ្រើសរើសការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមគឺជាជម្រើសដ៏ឈ្លាសវៃ។ ហើយអាចបញ្ជាក់បានថា ការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមនៅវៀតណាមសព្វថ្ងៃគឺជាជម្រើសដែលមិនអាចខ្វះបាន ក្នុងការកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌និងទំនើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ