ទិដ្ឋភាពទូទៅនៃមជ្ឈឹមបូព៌ាក្នុងឆ្នាំ២០២១៖ បញ្ហាប្រឈមនិងក្ដីសង្ឃឹម

(VOVWORLD) - ដូចនឹងការព្រួយបារម្ភរបស់មជ្ឈដ្ឋានអ្នកវិភាគដែរ ស្ថានភាពតំបន់មជ្ឈឹមបូព៌ាក្នុងឆ្នាំ២០២១នៅតែវិវឌ្ឍន៍យ៉ាងច្របូកច្របល់ហើយប្រឈមនឹងបញ្ហាជាច្រើន។ ចំណុចភ្លឺដ៏តិចតួចគឺមិនគ្រប់គ្រាន់ឡើយដើម្បីជួយឲ្យផ្ទាំងគំនូរនៃតំបន់ទាំងមូលក្នុងឆ្នាំកន្លងទៅមានភាពភ្លឺស្រស់ជាងមុន ប៉ុន្តែវានៅតែត្រូវបានចាត់ទុកថា ជាមូលដ្ឋានដ៏សំខាន់នៃក្ដីសង្ឃឹមចំពោះការវឌ្ឍនភាពជាវិជ្ជមាននាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំចុងក្រោយក្នុងឆ្នាំ២០២១អំពីស្ថានភាពតំបន់មជ្ឈឹមបូព៌ាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានវាយតម្លៃថា ស្ថានភាពតំបន់នៅតែអស្ថិរភាព។ ក្នុងនោះ ការវិវឌ្ឍន៍នៅតាមតំបន់ដែនដីរបស់ជនប៉ាឡេស្ទីន ដែលជាចំណែកដ៏សំខាន់មួយក្នុងដំណើរការសន្តិភាពមជ្ឈឹមបូព៌ា នៅតែមានភាពតានតឹងដដែល។ បើសម្លឹងមើលលើទិដ្ឋភាពទូទៅ “អស្ថិរភាព” និង “ភាពតានតឹង” អាចត្រូវបានចាត់ទុកថា ជាពាក្យគន្លឹះអំពីតំបន់មជ្ឈឹមបូព៌ាក្នុងអំឡុងឆ្នាំកន្លងមក ដោយមិនអើពើដល់កិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ សហគមន៍អន្តរជាតិនោះឡើយ។

នៅតែមានចំណុចក្ដៅគគុកជាច្រើន

តួលេខរបស់អ.ស.បបានបង្ហាញថា ស្ថានការណ៍អំពើហឹង្សាបន្តកើនឡើងនៅតាមតំបន់ដែនដីរបស់ប៉ាឡេស្ទីន ជាពិសេសគឺតំបន់ត្រើយខាងលិច ដែលបណ្ដាលឲ្យចំនួនជនប៉ាឡេស្ទីនស្លាប់ក្នុងឆ្នាំ២០២១ កើនឡើងដល់ទៅ ៣ ដងបើធៀបនឹងឆ្នាំ២០២០។ តថភាពនេះបានឆ្លុះបញ្ចាំងនូវជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលជាចំណុចស្នូលនៃដំណើរការសន្តិភាពមជ្ឈឹមបូព៌ា នៅតែស្មុគស្មាញណាស់។

ទិដ្ឋភាពទូទៅនៃមជ្ឈឹមបូព៌ាក្នុងឆ្នាំ២០២១៖ បញ្ហាប្រឈមនិងក្ដីសង្ឃឹម - ảnh 1ផ្ទះសម្បែងត្រូវបំផ្លិចបំផ្លាញ់បន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Khan Younis តំបន់ Gaza កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA)

ទោះយ៉ាងណាក៏ដោយ មិនត្រឹមតែដំណើរការផ្សះផ្សារវាងប៉ាឡេស្ទីន-អ៊ីស្រាអែលត្រូវធ្លាក់ចូលក្នុងភាពជាប់គាំងប៉ុណ្ណោះទេ ចំណុចក្ដៅគគុកជាច្រើនផ្សេងទៀតនៅមជ្ឈឹមបូព៌ា ដូចជាសង្គ្រាមស៊ីវិលនៅស៊ីរី សង្គ្រាមនៅយេម៉ែន ចលាចលនៅអ៊ីរ៉ាក់ ឬដំណើរការនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏បន្តនៅឈរទ្រឹង ដោយមិនសម្រេចបានវឌ្ឍនភាពជាវិជ្ជមាននោះឡើយ។ ក្នុងនោះ សង្គ្រាមស៊ីវិលនៅស៊ីរី ទោះបីជាជិតនឹងឈានចូលឆ្នាំទី១១ហើយក៏ដោយ ប៉ុន្តែបណ្ដាភាគីនៅមិនទាន់សម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ចុងក្រោយនៅឡើយ។ ប្រហាក់ប្រហែលគ្នានេះដែរ សង្គ្រាមនៅប្រទេសក្រីក្រយេម៉ែន ក៏មិនបង្ហាញសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗទាល់តែសោះ នៅពេលដែលការប៉ះទង្គិចគ្នាយ៉ាងញឹកញាប់ត្រូវបានកត់ សម្គាល់រវាងកងទ័ពរដ្ឋាភិបាលគាំទ្រដោយក្រុមប្រទេសអារ៉ាប់និងក្រុមឧទ្ទាមឥស្លាម Al Houthi។

ក្នុងពេលជាមួយគ្នានោះ ដំណើរការចរចាសំដៅស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (ដែលបានហៅថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ JCPOA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥រវាងអ៊ីរ៉ង់ជាមួយប្រទេសមហាអំណាចទាំង៦) ក៏មិនទាន់សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់នៅឡើយទេ ទោះបីជាវង់ចរចាជាច្រើនត្រូវបានបន្តឡើងវិញនៅទីក្រុងវីយ៉ែន (អូទ្រីស) ចាប់ពីខែមេសាឆ្នាំ២០២១មក។ ការខ្វែងគំនិតជាមូលដ្ឋានរវាងអាមេរិកនិងអ៊ីរ៉ង់ នៅតែជារបាំងដ៏ធំបំផុតដែលរារាំងបណ្ដាភាគីមិនឲ្យឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ ចំណែកឯនៅប្រទេសជិតខាងរបស់អ៊ីរ៉ង់គឺអ៊ីរ៉ាក់វិញ ភាពអសន្តិសុខបន្តជាបញ្ហាប្រឈមដ៏ធំចំពោះដំណើរការកសាងប្រទេសឡើងវិញ នៅពេលដែលអង្គការភេរវកម្មរដ្ឋឥស្លាមស្វ័យប្រកាស (IS) ធ្វើការវាយប្រហារជាបន្តបន្ទាប់តម្រង់ទៅលើកងកម្លាំងសន្តិសុខ គោលដៅបរទេសនិងស្ថាប័នរដ្ឋអ៊ីរ៉ាក់។ ក្នុងពេលជាមួយគ្នានោះ ឆាកនយោបាយអ៊ីរ៉ាក់ក៏ប្រឈមនឹងបញ្ហាជាច្រើនផងដែរ ជាពិសេសបន្ទាប់ពីការបោះឆ្នោតសកលដ៏ចម្រូងចម្រាស់កាលពីខែតុលាឆ្នាំ២០២១។

កិច្ចខិតខំប្រឹងប្រែងនិងក្ដីសង្ឃឹម

យោងតាមមជ្ឈដ្ឋានអ្នកវិភាគក្នុងតំបន់និងអន្តរជាតិថា ការខ្វះខាតវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចុះកំដៅនៅតាមចំណុចក្ដៅគគុកនៅមជ្ឈឹមបូព៌ាក្នុងឆ្នាំកន្លងទៅមានមូលហេតុជាច្រើន។ ដំបូងឡើយ នេះសុទ្ធតែជាបញ្ហាដ៏ស្មុគស្មាញ ដែលបានអូសបន្លាយក្នុងរយៈពេលដ៏វែងមួយ ហើយមានការចូលរួមនិងធ្វើអន្តរាគមន៍ពីភាគីផ្សេងៗគ្នាជាច្រើន។ ការស្វែងរកភាពឯកឆន្ទ ខណៈពេលដែលគំនុំគំគួនត្រូវបានចោះជ្រៅនោះ កាន់តែពិបាកជាងទៀត។ លើសពីនេះទៅទៀត ប្រភពធនធានអន្តរជាតិសម្រាប់ការដោះស្រាយបញ្ហានៅតំបន់ ត្រូវធ្លាក់ចុះយ៉ាងខ្លាំងក្នុងបរិបទដែលពិភពលោកទាំងមូល ត្រូវផ្ដោតលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ព្រមទាំងប្រទេសមហាអំណាចមួយចំនួនលើពិភពលោកនិងក្នុងតំបន់បានប្រមូលផ្ដុំធនធានលើការគិតគូរយុទ្ធសាស្ត្រផ្សេងៗទៀត ដើម្បីបម្រើផលប្រយោជន៍ជាមូលដ្ឋាននិងស្នូលរបស់ពួកគេ។

ទិដ្ឋភាពទូទៅនៃមជ្ឈឹមបូព៌ាក្នុងឆ្នាំ២០២១៖ បញ្ហាប្រឈមនិងក្ដីសង្ឃឹម - ảnh 2ទិដ្ឋភាពនៅវង់ចរចាសំដៅស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ AFP/VNA)

ទោះជាយ៉ាងណាក៏ដោយ ការដោះស្រាយបញ្ហានៅតំបន់មជ្ឈឹមបូព៌ាក្នុងឆ្នាំ២០២១ នៅតែទទួលបានការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់សហគមន៍អន្តរជាតិ។ ឧទាហរណ៍ថា ចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខនិងប្រទេសមហាអំណាចនានា បានបើកកិច្ចប្រជុំជាច្រើន ដើម្បីពិភាក្សាហើយដាក់ចេញដំណោះស្រាយពាក់ព័ន្ធមួយចំនួន។ ក្នុងនោះ ស្មារតីសន្ទនា ផ្សះផ្សានិងអហឹង្សាត្រូវបានលើកត្រដែតជានិច្ច។ ដូចគ្នានេះដែរ ចំពោះដំណើរការចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ទាំងអ.ស.ប សហភាពអឺរ៉ុប ប្រទេសមហាអំណាចនិងប្រទេសពាក់ព័ន្ធជាច្រើន សុទ្ធតែចូលរួមយ៉ាងសកម្ម ដែលបានបង្ហាញតាមរយៈវង់ចរចាចំនួន៨លើកជាប់ៗគ្នាត្រូវបានរៀបចំឡើងក្នុងរយៈពេលតែ៨ខែប៉ុណ្ណោះ។

ដូច្នេះហើយ ថ្វីត្បិតតែ មិនអាចក្លាយទៅជាពណ៌ស្នូលនៅលើផ្ទាំងគំនូរអំពីទិដ្ឋភាពទូទៅនៅមជ្ឈឹមបូព៌ាក្នុងឆ្នាំ២០២១ក៏ដោយ ប៉ុន្តែ ចំណុចភ្លឺដូចពោលខាងលើនៅតែត្រូវបានចាត់ទុកថា ជាបុព្វបទ និងមូលដ្ឋានដ៏សំខាន់ដើម្បីឲ្យសហគមន៍អន្តរជាតិនិងភាគីពាក់ព័ន្ធនានា បន្តសង្ឃឹមហើយខិតខំប្រឹងប្រែងដើម្បីអាគតមួយកាន់តែល្អប្រសើរសម្រាប់តំបន់មជ្ឈឹមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ