ធានាលក្ខណៈវិជ្ជមាននៃយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និង​ការស្ដារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - បន្ទាប់ពីសម័យប្រជុំលើកទី ២ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បានបិទបញ្ចប់នោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដឹកនាំសម័យប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ ២០២១ កាលពីរសៀលថ្ងៃទី ១៣ វិច្ឆិកាកន្លងទៅដោយតម្រូវឲ្យសុក្រិតយុទ្ធសាស្ត្រមេស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ។ ទាំងអស់នេះគឺជាភារកិច្ចដ៏សំខាន់ៗរបស់រដ្ឋាភិបាលក្នុងរយៈពេល ២ ខែចុងឆ្នាំ ២០២១ ដើម្បីវៀតណាមស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សផងដែរ។
ធានាលក្ខណៈវិជ្ជមាននៃយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និង​ការស្ដារសេដ្ឋកិច្ចឡើងវិញ - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

អភិក្រមជាមួយប្រជាជនទាំងមូល ដោយយកប្រជាជនជាមជ្ឈភាព

ក្រោយរយៈពេលជិត ២ ឆ្នាំ នៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ មក វៀតណាមបានយល់ដឹងយ៉ាងច្បាស់លាស់អំពីជំងឺរាតត្បាត ដើម្បីសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពជាបណ្ដើរៗ។ វៀតណាម កំណត់បានសសរស្តម្ភនានាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតអំពីការធ្វើចត្តាឡីស័ក ការធ្វើតេស្ត និងការព្យាបាល។

ដូច្នេះហើយ សម្រាប់សេចក្តីព្រាងគម្រោងយុទ្ធសាស្ត្រមេស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ បានតម្រូវឲ្យច្បាមជាប់ទស្សនៈអភិក្រមជាមួយប្រជាជនទាំងមូល យកប្រជាជនជាមជ្ឈភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត បង្កើតសាមគ្គីភាព ឯកភាពចំពោះប្រជាជនទាំងមូល។ ជាពិសេសគឺត្រូវពន្លឿនការគ្របដណ្ដប់វ៉ាក់សាំង ដើម្បីជួយសម្រួលដល់ការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមតាមទិសដៅសមស្រប ព្រមទាំងផ្ដោតសំខាន់លើការលើកកម្ពស់សមត្ថភាពព្យាបាល កាត់បន្ថយករណីឆ្លងជំងឺធ្ងន់ធ្ងរ និងករណីស្លាប់។ទស្សនៈនេះត្រូវបាន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh សង្កត់ធ្ងន់នៅក្នុងសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ កន្លងទៅ៖ “ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងស្ដារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញនោះ យើងបានអនុវត្តន៍បាវចនា និងទស្សនវិជ្ជាសកម្មភាពរបស់លោកប្រធានហូជីមិញគឺ “ប្រកាន់ខ្ជាប់គោលការណ៍គ្រឹះ ឆ្លើយតបនឹងការប្រែប្រួល”។ គោលការណ៍គ្រឹះគឺត្រូវផ្តោតសំខាន់លើកិច្ចការពារអាយុជីវិត សុខភាពរបស់ប្រជាជន ហើយក្នុងបរិបទវិវឌ្ឍន៍នៃជំងឺរាតត្បាត គឺត្រូវមានវិធីសាស្រ្ត និងរបៀបប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យសមស្រប និងប្រកបដោយប្រសិទ្ធភាពផងដែរ”។

ខិតខំប្រឹងប្រែងសម្របខ្លួនតាមនិន្នការស្ដារសេដ្ឋកិច្ចឡើវិញនៅលើពិភពលោក

រដ្ឋាភិបាលកំពុងកៀរគរគ្រប់ប្រភពធនធាន កសាងសេចក្ដីព្រាងកម្មវិថីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដោយទ្រង់ទ្រាយធំល្មម ដើម្បីជួយឧបត្ថម្ភប្រជាជន សហគ្រាស ជាពិសេសគឺលើវិស័យដ៏សំខាន់ៗ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩។ ការដែលប្រទេសជាច្រើន និងដៃគូធំៗអំពីពាណិជ្ជកម្ម និងវិនិយោគរបស់វៀតណាមកំពុងមានសន្ទុះស្ដារឡើងវិញយ៉ាងខ្លាំងក្លា គឺជាឱកាសអំណោយផលដើម្បីជំរុញការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ ប៉ុន្តែក៏ជាការលាកល្បងដ៏ធំធេងអំពីគ្រោះអាសន្នធ្លាក់ចុះ ហើយដើរមិនទាន់នឹងនិន្នាការស្ដារសេដ្ឋកិច្ចឡើងវិញ ប្រសិនបើវៀតណាមមិនបានចាត់វិធានការប្រកបដោយភាពបត់បែន សមស្រប ទាន់ពេលវេលា និងប្រសិទ្ធភាព។ រដ្ឋាភិបាលកំពុងផ្ដោតសំខាន់លើការដឹកនាំសុក្រិត និងរាយការជូនស្ថាប័នមានសម្ថកិច្ចនូវសេចក្ដីព្រាងកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងនោះធ្វើការវិភាគ វាយតម្លៃយ៉ាងល្អិតល្អន់ និងជ្រើសរើសយកឧបករណ៍ និងគោលនយោបាយឧបត្ថម្ភឲ្យបានសម្រប ដើម្បីដាក់ជូនរដ្ឋសភាធ្វើការពិចារណា។

ធានាលក្ខណៈវិជ្ជមាននៃយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និង​ការស្ដារសេដ្ឋកិច្ចឡើងវិញ - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំសម័យប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ ២០២១

ទាក់ទងនឹងប្រភពកម្លាំងសម្រាប់កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញនោះ វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុជាមួយនឹងទ្រង់ទ្រាយ វិសាលភាព កម្រិត និងពេលវេលាសមស្រប ដោយផ្សារភ្ជាប់ជាមួយការបង្កើនការកៀរគរបណ្ដាប្រភពធនធានសង្គម ដើម្បីបម្រើដំណើរការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញរបស់ប្រទេសជាតិប្រកបដោយប្រសិទ្ធភាព។ លោកស្រី Nguyen Thi Hong ទេសាភិបាលធនាគាររដ្ឋវៀតណាមបានឲ្យដឹងថា៖ “ធនាគាររដ្ឋនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ សំដៅកាត់បន្ថយអត្រាការប្រាក់ ប៉ុន្តែត្រូវធានាសុវត្ថិភាពនៃស្ថាប័ន ឥណទាននីមួយៗ និងប្រព័ន្ធទាំងមូល។ ទន្ទឹមនឹងនេះ ធនាគាររដ្ឋនឹងបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីគណនាកញ្ចប់ជំនួយអត្រាការប្រាក់សមរម្យ ដោយឈរលើមូលដ្ឋានស្ថិរភាពម៉ាក្រូ និងទប់ស្កាត់ហានិភ័យអតិផរណាផងដែរ”។

យុទ្ធសាស្ត្ររួមស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ គឺជាគោលនយោបាយដ៏សំខាន់ទាំងពីររបស់វៀតណាម ក្នុងការធានាស្ថិរភាពសង្គម និងវិលត្រឡប់ទៅរកសន្ទុះកំណើនសេដ្ឋកិច្ចឡើងវិញ។ រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែង ដើម្បីសុក្រិតយុទ្ធសាស្ត្រទាំងពីរនេះ សំដៅដាក់ជូនស្ថាប័នមានសមត្ថកិច្ចធ្វើការអនុម័ត ក៏ដូចជាធានាលក្ខណៈវិជ្ជមាននៅពេលអនុវឌ្ឍន៍ជាក់ស្ដែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ