ធានាសិទ្ធិអភិវឌ្ឍន៍វប្បធម៌របស់ជនរួមជាតិជាជនជាតិភាគតិច

(VOVWORLD) - ទោះបីជាស្រូបយកអត្រាតិចតួចក្នុងចំនួនប្រជាជនសរុបក្ដី ប៉ុន្តែបណ្ដាជន ជាតិភាគតិចជាសាច់ឈាមមួយចំណែករបស់ប្រជាជាតិវៀតណាម។ ក្នុងបរិបទ ធ្វើសមាហរណកម្មនិងសកលភាវូបនីយកម្មរបស់ប្រទេសជាតិ បក្សនិងរដ្ឋវៀត ណាមជានិច្ចកាលអនុវត្តន៍ដោយព្រមៗគ្នានូវគោលនយោបាយអភិរក្ស ពង្រីក តំលៃវប្បធម៌ជាប្រពៃណី រួមជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាសន្តិសុខ សង្គម និងកាត់បន្ថយភាពក្រីក្រសំរាប់ជនរួមជាតិជាជនជាតិភាគតិចទាំងមូល។


ធានាសិទ្ធិអភិវឌ្ឍន៍វប្បធម៌របស់ជនរួមជាតិជាជនជាតិភាគតិច - ảnh 1គម្រោងការណ៍ “អភិរក្សនិងអភិវឌ្ឍន៍វប្បធម៌របស់បណ្ដាជនជាតិភាគតិចវៀតណាមដល់ឆ្នាំ២០២០” ត្រូវបានរដ្ឋាភិបាលលាតត្រដាងអនុវត្តន៍យ៉ាងទូលំទូលាយ

គោលនយោបាយគោរពតំលៃវប្បធម៌ជាប្រពៃណីរបស់ជនជាតិភាគតិច

        ការគោរព ការពារ និងពង្រីករាល់តំលៃវប្បធម៌របស់ជនជាតិភាគតិចទាំងឡាយ ដែលរួមមានខឿនអក្សរសាស្ត្រ សិល្បៈ ភាសានិយាយ ភាសាសរសេរ សម្លៀកបំពាក់ និងពិធីបុណ្យប្រពៃណីជាដើម ត្រូវបានបក្សកុម្មុយនិស្តវៀតណាម បញ្ជាក់ក្នុងកម្មវិធីនយោបាយស្ដីពីការកសាងប្រទេសជាតិក្នុងសម័យអន្តរកាលឈានឡើងលទិ្ធសង្គមនិយម ក្នុងសេចក្ដីសម្រេចចិត្តមជ្ឈឹមទី៥ នីតិកាលទី៨ ស្ដីពីការ កសាងខឿនវប្បធម៌វៀតណាមឲ្យបានរីកចម្រើន និងពោរពេញទៅដោយអត្តសញ្ញាណជាតិក៏ដូចជាក្នុងសេចក្ដីសម្រេចចិត្តមជ្ឈឹមនីតិកាលទី១១ស្ដីពីការ“កសាងនិងអភិវឌ្ឍវប្បធម៌ មនុស្សវៀតណាមសំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិដោយចីរភាព” ផងដែរ។

        មាត្រាទី៤២ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ បានចែងថា៖ “ប្រជាពលរដ្ឋមានសិទ្ធិកំណត់ជនជាតិរបស់ខ្លួន ប្រើប្រាស់ភាសាកំណើត ជ្រើសរើសភាសាទំនាក់ទំនង”។ មុននោះ មាត្រាទី៧ ច្បាប់អប់រំឆ្នាំ២០០៥បានចែងច្បាស់ថា៖ “រដ្ឋបង្កលក្ខណៈដើម្បីជនរួមជាតិជាជនជាតិភាគតិចបានរៀនភាសានិយាយ ភាសាសរសេររបស់ជនជាតិខ្លួន”។ បទបញ្ញត្តិទាំងនេះជាការអះអាងនូវសិទ្ធិសមភាពរបស់ជនជាតិភាគតិចក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម។

        អភិរក្សនិងពង្រីកវប្បធម៌ជាប្រពៃណីរបស់ជនជាតិភាគតិច

        គម្រោងការណ៍ “អភិរក្សនិងអភិវឌ្ឍន៍វប្បធម៌របស់បណ្ដាជនជាតិភាគតិចវៀតណាមដល់ឆ្នាំ២០២០” ត្រូវបានរដ្ឋាភិបាលលាតត្រដាងអនុវត្តន៍យ៉ាងទូលំទូលាយ ក្នុងនោះផ្តោតសំខាន់ទៅលើការអភិវឌ្ឍវប្បធម៌របស់បណ្ដាជនជាតិដែលមានចំនួនប្រជាជនយ៉ាងតិចតួចណាស់ ដែលមិនមានលក្ខណៈដើម្បីការពារនិងពង្រីកបេតិកភណ្ឌវប្បធម៌របស់ជនជាតិខ្លួន។

        តាមរយៈគម្រោងការណ៍ខាងលើ មានទំនៀមទំលាប់ លក្ខណៈវប្បធម៌ដ៏ល្អប្រសើរ ពិធីបុណ្យវិសេសវិសាល បទចម្រៀង របាំ ល្បែងកំសាន្តប្រជាប្រិយ និងសម្លៀកបំពាក់ប្រពៃណីជាច្រើនរបស់បណ្ដាជនជាតិភាគតិចត្រូវបានស្ដារឡើងវិញ និងបានសម្ដែងក្នុងទិវាបុណ្យវប្បធម៌នៅលើទូទាំងប្រទេស។ ព្រឹត្តិការណ៍ដូចជាទិវាបុណ្យវប្បធម៌តំបន់ភាគពាយព្យ តំបន់ភាគឦសាន តំបន់ភាគកណ្ដាល ឬទិវាបុណ្យវប្បធម៌បណ្ដាជនជាតិវៀតណាម ជាដើម ក៏ជាឱកាសដើម្បីជនរួមជាតិជាជនជាតិភាគតិចលើកត្រដែតនូវមោទនភាពចំពោះជនជាតិខ្លួន រួមទាំងអះអាងដោយខ្លួនឯងនូវតំលៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួន ហើយនោះក៏ជាវិធីមួយដើម្បីធានាសិទ្ធិវប្បធម៌ផងដែរ។

ធានាសិទ្ធិអភិវឌ្ឍន៍វប្បធម៌របស់ជនរួមជាតិជាជនជាតិភាគតិច - ảnh 2ពិធីបុណ្យអុំទូករបស់ប្រជាជនខ្មែរនៅតំបន់់ភាគខាងត្បូងវៀតណាម

        ទន្ទឹមនឹងការបង្កលក្ខណៈងាយស្រួលសំរាប់ជនរួមជាតិជាជនជាតិភាគតិចអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីរបស់ខ្លួន គឺរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ក៏លាតត្រដាងអនុវត្តន៍ការងារជាក់ស្ដែង ដើម្បីជួយជនរួមជាតិលើកស្ទួយជីវភាពរស់នៅខាងវប្បធម៌ស្មារតីទៀតផង។ រហូតមកដល់ពេលនេះ មានក្រុមគ្រួសារជាង៩០%នៅតំបន់ជនជាតិភាគតិច បានស្ដាប់វិទ្យុសម្លេងវៀតណាមនិងជាង៨០%បានមើលទូរទស្សន៍។ កម្មវិធីផ្សាយសម្លេងនិងទូរទស្សន៍ជាភាសាវៀតណាមផងនិងភាសាជនជាតិភាគតិចចំនួន២៦ទៀងផង ត្រូវបានផ្សាយទៅកាន់ភូមិស្រុកដ៏ឆ្ងាយដាច់ស្រយាល។

        ការងារអប់រំនិងបណ្ដុះបណ្ដាល លើកកំពស់ចំណេះដឹងនៅតំបន់ជនជាតិភាគតិចក៏បានយកចិត្តទុកដាក់ពិសេស ហើយទទួលបានលទ្ធផលសំខាន់ជាច្រើន។ ចាប់ពីឆ្នាំ២០១២ ឃុំទាំង១០០% បានសម្រេចការបំពេញបន្ថែមចំណេះដឹងទូទៅថ្នាក់បឋមសិក្សា មានទីកន្លែងជាច្រើនបានសម្រេចការបំពេញបន្ថែមចំណេះដឹងថ្នាក់អនុវិទ្យាល័យ កុមារជាជនជាតិភាគតិចចំនួន៩៥%បានទៅសាលារៀន។

        ទន្ទឹមនឹងការរក្សាតំលៃវប្បធម៌ប្រពៃណី ប្រព័ន្ធភាសានិយាយ ភាសាសរសេររបស់បណ្ដាជនជាតិភាគតិចក៏ជាអាទិភាពមួយក្នុងគោលនយោបាយអប់រំរបស់វៀតណាមដែរ។ ចាប់ពីឆ្នាំ២០០៨មក ក្រសួងអប់រំនិងបណ្ដុះបណ្ដាលបានសហការជាមួយអង្គការ UNICEF អនុវត្តន៍ដោយសាកពិសោធន៍កម្មវិធីអប់រំជាភាសាចំនួន២ដោយឈរលើមូលដ្ឋានភាសាកំណើតនៅខេត្ត Lao Cai ខេត្ត Tra Vinh និងខេត្ត Gia Lai។

        រាល់សមិទ្ធិក្នុងការធានាសិទ្ធិអភិវឌ្ឍន៍វប្បធម៌របស់ជនរួមជាតិជាជនជាតិភាគតិច គឺជាសក្ខីភាពដ៏ជាក់ស្ដែងក្នុងការធានានិងជំរុញសិទ្ធិរបស់ជនជាតិភាគតិចនិយាយដោយឡែកនិងសិទ្ធិមនុស្សនិយាយរួមនៅវៀតណាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ