បង្កើតវឌ្ឍនភាពដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២២

(VOVWORLD) - អញ្ជើញរាយការណ៍នៅកិច្ចប្រជុំដំបូង នៃសម័យប្រជុំលើកទី៣ រដ្ឋសភា នីតិកាលទី១៥ នាព្រឹកថ្ងៃទី២៣ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh បានសង្កត់ធ្ងន់ថា រាល់លទ្ធផលដែលសម្រេចបានក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២២ បានបង្កើតបរិយាកាសដ៏រីករាយក្នុងសង្គមទាំងមូល រួមចំណែកពង្រឹង និង ពង្រីកជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។ នេះក៏ជាបុព្វបទអំណោយផលដើម្បីវៀតណាម ខិតខំប្រឹងប្រែងសម្រេចគោលដៅ កំណើនពេញមួយឆ្នាំ ក៏ដូចជាបង្កើតសន្ទុះសម្រាប់កសាងខឿនសេដ្ឋកិច្ចដោយ ម្ចាស់ការផងដែរ។

បង្កើតវឌ្ឍនភាពដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២២ - ảnh 1ទិដ្ឋភាពនៅសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី១៥។ (រូបថត៖ TTXVN)
សមិទ្ធិផលគួរឲ្យកត់សម្គាល់
ចំណុចលេចធ្លោដំបូងក្នុងសមិទ្ធិផលនៃប៉ុន្មានខែដំបូងនៃឆ្នាំ ២០២២ ដែលត្រូវ បានលើកឡើងដោយ លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh គឺវៀតណាមបានដាក់ ពង្រាយអនុវត្តន៍យុទ្ធនាការចាក់ថ្នាំបង្ការជំងឺទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព ហើយក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៦ ដែលមានអត្រាគ្របដណ្តប់ វ៉ាក់សាំងខ្ពស់បំផុតលើពិភពលោក។ អាស្រ័យហេតុនោះ ចំនួនករណីឆ្លងថ្មី ករណី ធ្ងន់ធ្ងរ និងករណីស្លាប់បានថយចុះយ៉ាងខ្លាំងចាប់តាំងពីចុងខែមីនា ឆ្នាំ ២០២២។ ការដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាស្ថាពរ បានពង្រឹងជំនឿនុកចិត្ត និង សុវត្ថិភាពរបស់ប្រជាជន និងអាជីវកម្ម ហើយរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
លើវិស័យសេដ្ឋកិច្ច តុល្យភាពសេដ្ឋកិច្ចសំខាន់ៗ ត្រូវបានធានា អតិផរណា ត្រូវបានគ្រប់គ្រង កំណើនសេដ្ឋកិច្ច (GDP) ក្នុងត្រីមាសទីមួយសម្រេចបាន ៥,០៣% ខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ និង ២០២១។ វិស័យសេវាកម្ម ទេសចរណ៍ បានស្ដារឡើងវិញយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលក៏បានចេញផ្សាយកម្មវិធីសកម្មភាពដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ឡើងវិញដំណាក់កាលឆ្នាំ២០២១-២០២៥ ព្រមទាំងផ្ដោតធនធានលើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។ លោក ឧបនាយករដ្ឋមន្រ្តី Le Van Thanh មានប្រសាសន៍ថា៖
“ខ្លឹមសារជាច្រើននៃកម្មវិធីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ត្រូវបានរដ្ឋាភិបាល អនុវត្តន៍ដោយទាន់ពេលវេលា  ដូចជាគោលនយោបាយឧបត្ថម្ភអត្រាការប្រាក់ ការ លើកលែងនិងកាត់បន្ថយពន្ធលើតម្លៃបន្ថែមសម្រាប់អាជីវកម្ម ជួយឧបត្ថម្ភការជួលផ្ទះ សម្រាប់ពលករ។ សំណងគមនាគមន៍សំខាន់ៗថ្នាក់ជាតិ ត្រូវបានអនុវត្តន៍យ៉ាង ប្រញាប់ប្រញាល់ ក្នុងនោះ គម្រោងផ្លូវល្បឿនលឿនជើង-ត្បូងប៉ែកខាងកើត ដំណាក់ កាលឆ្នាំ ២០២១-២០២៥ កំពុងត្រូវបានបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានផ្ដោត សំខាន់លើការរៀបចំអនុវត្តន៍ឲ្យស្របតាមផែនការ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាល បាន ដាក់ជូនរដ្ឋសភានៅសម័យប្រជុំលើកនេះអំពីគោលជំហរវិនិយោគលើផ្លូវគោកល្បឿនលឿននិងផ្លូវក្រវ៉ាត់មួយចំនួនផងដែរ”។
បង្កើតវឌ្ឍនភាពដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២២ - ảnh 2ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Van Thanh អញ្ជើញបង្ហាញរបាយការណ៍របស់រដ្ឋាភិបាលនៅចំពោះមុខរដ្ឋសភា។ (រូបថត៖ TTXVN)
បង្កើតវឌ្ឍនភាពដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
នៅចំពោះមុខការវិវឌ្ឍន៍នៃស្ថានភាពក្នុងប្រទេសនិងអន្តរជាតិ រដ្ឋាភិបាលបាន ចាត់ទុកថា ការអនុវត្តគោលដៅ ភារកិច្ចនិងផែនការនៃឆ្នាំ ២០២២ ជាពិសេសគោល ដៅកំណើនសេដ្ឋកិច្ចពី ៦%-៦,៥% គឺជាបញ្ហាប្រឈមដ៏ធំ។ ទោះជាយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលប្តេជ្ញាបន្តកសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ដោយផ្សាភ្ជាប់ជាមួយនឹង ការធ្វើសមាហរណកម្មយ៉ាងសកម្ម ទូលំទូលាយ ជាក់ស្ដែង និងមានប្រសិទ្ធភាព។
ដើម្បីអនុវត្តន៍បានគោលដៅខាងលើ យោងតាមលោកឧបនាយករដ្ឋមន្ត្រី Le Van Thanh វៀតណាមគួរតែផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងការរាតត្បាតនៃជំងឺ កូវីដ-១៩ ការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយ ចីរភាព។ ទន្ទឹមនឹងនោះ ដាក់ពង្រាយអនុវត្តន៍បានឆាប់រហ័សនូវសេចក្តីសម្រេចចិត្តនៃ សន្និបាតមជ្ឈិមលើកទី៥ នីតិកាលទី១៣ ជាពិសេសបញ្ហាដីធ្លី សេដ្ឋកិច្ចសមូហភាព សហករណ៍ កសិកម្ម កសិករ និងជនបទ។
រដ្ឋាភិបាលនឹងម្ចាស់ការប្រតិបត្តិឲ្យស៊ីសង្វាក់គ្នា បត់បែន ហើយសម្របសម្រួល យ៉ាងជិតស្និទ្ធិរវាងគោលនយោបាយរូបិយវត្ថុ សារពើពន្ធ និងគោលនយោបាយផ្សេងៗ ទៀត ដើម្បីរក្សាឲ្យបានរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពសំខាន់ៗ និង គ្រប់គ្រងអតិផរណា។ បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធ ផ្ដោតការយកចិត្ត ទុកដាក់ខ្ពស់លើការអនុវត្តគម្រោងសំខាន់ៗថ្នាក់ជាតិ បង្កើតកម្លាំងជំរុញថ្មីសម្រាប់ការ អភិវឌ្ឍន; ខិតខំប្រឹងប្រែងដល់ចុងឆ្នាំ២០២២ សម្រេចរួចរាល់ផ្លូវល្បឿនលឿនជើង-ត្បូងប៉ែកខាងកើតប្រវែង៣៦១គីឡូម៉ែត្រ ដំណាក់កាលទី១; ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ បើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿនជើង-ត្បូងប៉ែកខាងកើតចំនួន ១២ ដំណាក់កាលទី ២ ហើយបើកការដ្ឋានសាងសង់ផ្លូវរត់យន្តហោះ និងស្ថានីយ អាកាសយានដ្ឋានអន្តរជាតិ Long Thanh។
លើសពីនេះទៅទៀត ការបន្តរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយ ផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្ដូរថ្មីគំរូកំណើនត្រូវបានផ្តោតសំខាន់ផងដែរ។ លោក ឧបនាយករដ្ឋមន្ត្រី Le Van Thanh បានសង្កត់ធ្ងន់ថា៖
“ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ; លើកកំពស់សមត្ថភាព ផលិតក្នុងស្រុក។ ទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលបានចុះហត្ថលេខា។ ជំរុញការអភិវឌ្ឍឧស្សាហកម្មកែច្នៃ ផលិត និងឧស្សាហកម្ម យោង។ រៀបចំរចនាសម្ព័ន្ធការផលិតសិកម្មឡើងវិញដោយផ្សារភ្ជាប់ជាមួយនឹងការ បង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាព; ជាពិសេស ឆាប់ចេញផ្សាយយន្តការ គោលនយោបាយដើម្បីលើកទឹកចិត្ត ជួយឧបត្ថម្ភសហគ្រាសក្នុងការវិនិយោគលើ វិស័យកែច្នៃផលិតផលកសិកម្ម និងការនាំចេញតាមកូតាផ្លូវការ ដើម្បីជំនះលើបញ្ហា នាំចេញក្រៅផ្លូវការ។ ជំរុញយ៉ាងខ្លាំងក្លានូវដំណើរការបម្លែង ប្រើប្រាស់ថាមពលស្អាត ថាមពលកកើតឡើងវិញ។ ជំរុញការអភិវឌ្ឍន៍ការតភ្ជាប់តំបន់ និងការអភិវឌ្ឍនគរ”។
ភារកិច្ចស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខនឹងមានការលំបាក និងបញ្ហាប្រឈមជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងលទ្ធផលដែល សម្រេចបាន រួមជាមួយស្មារតីសាមគ្គីភាព និងឯកភាពនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទូទាំងប្រទេស លោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា វៀតណាមនឹងខិតខំ ប្រឹងប្រែងសម្រេចប្រកបដោយជោគជ័យនូវភារកិច្ចឆ្នាំ ២០២២ និងឆ្នាំក្រោយៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ