បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយឧបត្ថម្ភទួរគីនិងស៊ីរីជំនះលើផលវិបាកដោយការរញ្ជួយដី

(VOVWORLD) - ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់កងកម្លាំងក្នុងស្រុក ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សហគមន៍អន្តរជាតិបានបន្តបង្កើនការជួយឧបត្ថម្ភដល់ប្រទេសទួរគី និងស៊ីរី ដើម្បីអនុវត្តន៍ការងារជួយសង្គ្រោះ និងជំនះលើផលវិបាកធ្ងន់ធ្ងរនៃការរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ។ ការរួមដៃរួមកម្លាំង របស់សហគមន៍អន្តរជាតិ ក្នុងនោះមានប្រទេសវៀតណាមផងដែរ មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់ជនរងគ្រោះជាច្រើនប៉ុណ្ណោះទេ ថែមទាំងជួយធានាជីវភាពរស់នៅឲ្យមានស្ថិរភាពជាង សម្រាប់ប្រជាជនរាប់លាននាក់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផងដែរ។

បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយឧបត្ថម្ភទួរគីនិងស៊ីរីជំនះលើផលវិបាកដោយការរញ្ជួយដី - ảnh 1កម្លាំងជួយសង្គ្រោះស្វែងរកជនរងគ្រោះនៅក្នុងគំនរបាក់បែកបន្ទាប់ពីការរញ្ជួយដីនៅក្រុង Antakya ខេត្ត Hatay ប្រទេសទួរគី កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថត៖ Xinhua/VNA)

ការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលមានចំណុចកណ្តាលនៅភាគខាងត្បូងប្រទេសទួរគីកាលពីថ្ងៃទី ៦ ខែកុម្ភៈ បានបំផ្លិចបំផ្លាញទីក្រុងធំៗជាច្រើននៅក្នុងប្រទេសនេះ និងប្រទេសជិតខាងស៊ីរី ឆក់យកអាយុជីវិតមនុស្សរាប់ម៉ឺននាក់ ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ទៀតរងរបួស និងរុញច្រានអ្នកស្រុករាប់លាននាក់នៅក្នុងតំបន់រងគ្រោះ ធ្លាក់ចូលក្នុងស្ថានភាពគ្មានទីលំនៅ នៅក្នុងអាកាសធាតុដ៏ត្រជាក់ខ្លាំងនៃរដូវរងារ។

ការរញ្ជួយដីបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរ

យោងតាមព័ត៌មានបច្ចុប្បន្នភាព ពីប្រភពអន្តរជាតិគួរឲ្យទុកចិត្តបានមួយចំនួន៖ គិតត្រឹមម៉ោងប្រហែល ៤ ទៀបភ្លឺ ថ្ងៃទី ១០ ខែកុម្ភៈ ការរញ្ជួយដីដ៏ខ្លាំងបំផុតនៅប្រទេសទួរគីក្នុងរយៈពេលមួយសតវត្សរ៍កន្លងទៅ បានឆក់យកអាយុជីវិតមនុស្សជាង ២១.០០០ នាក់ ទាំងនៅក្នុងប្រទេសទួរគី និងស៊ីរី។ ក្នុងនោះ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគីបានកើនឡើងដល់ជិត ១៨ ពាន់នាក់ ហើយមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតបានរងរបួស។

គួរឲ្យព្រួយបារម្ភជាងនេះទៅទៀត នៅតែមានជនរងគ្រោះរាប់ពាន់នាក់ ដែលត្រូវបានចាត់ទុកថា កំពុងជាប់ឬកប់នៅក្នុងគំនរបាក់បែក ដែលបណ្តាលមកពីការរញ្ជួយដី។ ក្នុងពេលជាមួយគ្នានោះ អាកាសធាតុរដូវរងារដ៏ត្រជាក់ខ្លាំង បន្តអូសបន្លាយនៅក្នុងតំបន់រងគ្រោះ បណ្ដាលឲ្យកិច្ចការជួយសង្គ្រោះជួបប្រទះនឹងការលំបាកជាច្រើន ហើយគំរាមកំហែងដល់ការរស់រានមានជីវិតរបស់អ្នករងរបួសដែលនៅតែជាប់នៅក្នុងគំនរបែកបាក់។ ដូច្នេះហើយ លទ្ធភាពដែលចំនួនអ្នកស្លាប់នឹងបន្តកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ គឺជៀសមិនរួចទេ។

មិនត្រឹមតែប៉ុណ្ណោះទេ ជនរងគ្រោះរាប់លាននាក់ទៀតដោយសារការរញ្ជួយដី កំពុងប្រឈមមុខនឹងស្ថានភាពរស់នៅដ៏លំបាកខ្លាំង៖ មិនមានទីលំនៅដ៏កក់ក្ដៅនៅក្នុងអាកាសធាតុត្រជាក់ខ្លាំង និងកង្វះខាតអាហារនិងថ្នាំពេទ្យធ្ងន់ធ្ងរ។ មន្ត្រីទួរគីបាននិយាយថា អគារប្រហែល ៦៥០០ នៅក្នុងប្រទេសនេះរងការបំផ្លិចបំផ្លាញទាំងស្រុង ប្រជាជន ១៣,៥ លាននាក់នៅក្នុងតំបន់ដែលលាតសន្ធឹងចម្ងាយ ៤៥០ គីឡូម៉ែត្រពី Adana នៅភាគខាងលិចដល់ Diyarbakir នៅភាគខាងកើតបានរងផលប៉ះពាល់។

ទីភ្នាក់ងាររៀបចំណាត់ថ្នាក់អន្តរជាតិ Fitch កាលពីថ្ងៃទី ៩ ខែកុម្ភៈបាននិយាយថា ការរញ្ជួយដីដែលបានបំផ្លិចបំផ្លាញប្រទេសទួរគី និងស៊ីរី អាចបង្កឡើងការខាតបង់សេដ្ឋកិច្ចឡើងដល់ជាង ៤ ពាន់លានដុល្លារអាមេរិក។

បង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះអន្តរជាតិ

បន្ទាប់ពីការរញ្ជួយដីកើតឡើង ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រទេសទួរគី និងស៊ីរី បណ្តាប្រទេសនិងអង្គការអន្តរជាតិដែលដឹកនាំដោយអង្គការសហប្រជាជាតិ បានបង្កើនជាបន្តបន្ទាប់នូវកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជំនួយមនុស្សធម៌ ដើម្បីជួយជំនះលើផលវិបាកដោយការរញ្ជួយដីនៅក្នុងប្រទេសទាំងពីរនេះ។

កាលពីថ្ងៃទី៩ ខែកុម្ភៈ ក្បួនរថយន្តជួយសង្គ្រោះដំបូងរបស់អង្គការសហប្រជាជាតិបានមកដល់ភាគពាយ័ព្យប្រទេសស៊ីរី។ មុននេះ យន្តហោះដឹកជំនួយពីអេមីរ៉ាតអារ៉ាប់រួម (UAE) រុស្ស៊ី អ៊ីរ៉ង់ និងប្រទេសជាច្រើនទៀត ក៏បានមកដល់អាកាសយានដ្ឋានដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរីនៅទីក្រុង Damascus Aleppo និង Latakia។

ទន្ទឹមនឹងនេះ ធនាគារពិភពលោក (WB) បានប្រកាសថា គេកំពុងចាត់វិធានការចាំបាច់ ដើម្បីផ្តល់ជំនួយជាទឹកប្រាក់ក្នុងតម្លៃចំនួន ១,៧៨ ពាន់លានដុល្លារអាមេរិកដល់ប្រទេសទួរគី។ នៅថ្ងៃទី ៩ ខែកុម្ភៈ ផងដែរ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសថា គេនឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ ៨៥ លានដុល្លារដល់ទួរគី និងស៊ីរី។ ពីអឺរ៉ុប រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសថា នឹងបង្កើនជំនួយមនុស្សធម៌ចំនួន ២៦ លានអឺរ៉ូ (២៨លានដុល្លារ) ដល់ស៊ីរី ដើម្បីបំពេញតម្រូវការកាន់តែកើនឡើងរបស់ប្រជាជនបន្ទាប់ពីការរញ្ជួយដី។

ទន្ទឹមនឹងកិច្ចការផ្ដល់ជំនួយមនុស្សធម៌ ប្រទេសជាច្រើនបន្តចាត់បញ្ជូនក្រុមសង្គ្រោះបន្ទាន់បន្ថែមទៀត ទៅកាន់ប្រទេសទួរគី និងស៊ីរី ដើម្បីចូលរួមក្នុងការងារជួយសង្គ្រោះ។ ពីទីក្រុងហាណូយ កាលពីថ្ងៃទី៩ ខែកុម្ភៈ ក្រសួងនគរបាលវៀតណាម បានបញ្ជូនក្រុមកម្មាភិបាល យុទ្ធជនចំនួន២៤នាក់ទៅកាន់ប្រទេសទួរគី ដើម្បីចូលរួមការងារជួយសង្គ្រោះជនរងគ្រោះដោយគ្រោះរញ្ជួយដី។

យោងតាមអ្នកជំនាញអន្តរជាតិ ដោយសារទ្រង់ទ្រាយដ៏ធំសម្បើមនៃគ្រោះមហន្តរាយ កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិទាំងមូលជាមួយទួរគី និងស៊ីរី គឺជារឿងចាំបាច់បំផុត។ ការដែលប្រទេសជុំវិញពិភពលោកបានទុកភាពខុសប្លែកគ្នាមួយអន្លើ ដើម្បីរួមគ្នាជួយសង្គ្រោះ គ្រោះមហន្តរាយនៅទួរគី និងស៊ីរី មិនត្រឹមតែនាំមកនូវក្តីសង្ឃឹមក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដោយគ្រោះរញ្ជួយដីប៉ុណ្ណោះទេ ថែមទាំងជួយធានាអនាគតដោយស្ថិរភាព សម្រាប់អ្នកស្រុករាប់លាននាក់ផ្សេងទៀតដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ