ប្រជាជនជនជាតិ Mong នៅខេត្ត Son La អំណរបុណ្យតេតឯករាជ្យ

(VOVWORLD) - រៀងរាល់ថ្ងៃបុណ្យជាតិ ទី២ ខែកញ្ញា   ប្រជាជនបណ្តាជនជាតិនៅភាគពាយ័ព្យ តែងតែរួមគ្នាអំណរបុណ្យតេតឯករាជ្យ។ ប្រជា ជនស្លៀកពាក់សំលៀកបំពាក់ប្រពៃណី ដើម្បីចូលរួមក្នុងសកម្មភាពវប្បធម៌ សិល្បៈ កីឡា និងការកម្សាន្តក្នុងតំបន់។ សម្រាប់ប្រជាជន ទិវាបុណ្យឯករាជ្យ មិនត្រឹមតែជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយទៅហើយ។

ប្រជាជនជនជាតិ Mong នៅខេត្ត Son La អំណរបុណ្យតេតឯករាជ្យ - ảnh 1ការរាំខែននៅឯពិធីបុណ្យតេតឯករាជ្យរបស់ជនជាតិ Mong (រូបថត៖ dangcongsan.vn)

អបអរសាទរទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា គ្រួសាររបស់លោក Giang A Phu នៅឃុំ Van Ho ស្រុក Van Ho ខេត្ត Son La បានបោសសម្អាតនិងតុបតែងផ្ទះរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន។ ទង់ជាតិដែលលោកបានរក្សាទុកក្នុងទូកញ្ចក់យ៉ាងយូរនោះ ក៏ត្រូវបាន យកទៅព្យួរនៅមុខផ្ទះរបស់ក្រុមគ្រួសារដែរ។ ភរិយារបស់លោក Phu បានសម្រាកពីការងារធ្វើស្រែចំការប្រចាំថ្ងៃ ដើម្បីត្រៀមសម្លៀកបំពាក់ប្រពៃណីសម្រាប់ស្លៀកពាក់ក្នុងឱកាសបុណ្យឯករាជ្យ។

សម្រាប់គ្រួសាររបស់លោក Phu ក៏ដូចជាជនជាតិ Mong នៅទីនេះដែរ ទិវាបុណ្យជាតិគឺជាថ្ងៃបុណ្យដ៏សំខាន់ ជាឱកាសសម្រាប់ប្រជាជនដើម្បីសម្តែងការដឹងគុណចំពោះបក្ស និងលោកប្រធានហូជីមិញ ដែលដណ្តើមបានឯករាជ្យសម្រាប់ប្រទេសជាតិ កសាងជីវភាពរស់នៅប្រកបដោយភាពសម្បូរធូធារដូចសព្វថ្ងៃនេះ។

ជនជាតិ Mong ប្រារព្ធទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញាដោយចាត់ទុកនេះជាថ្ងៃពិសេសមួយ។ តាំងពីខែសីហា គ្រួសារបានរៀបចំការដេរនិងត្បាញក្រណាត់ដើម្បីធ្វើអាវសម្រាប់ថ្ងៃបុណ្យដើរលេងស្បាយ។ ពេលបុណ្យចូលមកដល់ គ្រួសារទាំងមូលជួសជុលផ្លូវលំនៅក្នុងភូមិ ហើយនាំគ្នាសម្អាតផ្ទះឱ្យមានអនាម័យ។

ជនជាតិ Mong ប្រារព្ធទិវាបុណ្យឯករាជ្យនៅថ្ងៃទី ១ និងទី ២ ខែកញ្ញា។ អ្នកភូមិតែងតែប្រមូលផ្តុំគ្នានៅកណ្តាលវាលស្រែធំៗ ដើម្បីចូលរួមក្នុងសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើន។ យុវជននិងយុវនារីក្នុងឈុតសម្លៀកបំពាក់ប្រពៃណីរាំជុំគ្នា លេងកីឡាប្រពៃណី និងល្បែងប្រជាប្រិយ បង្កើតបរិយាកាសរីករាយ និងឯកភាពគ្នា។ លោក Giang A Song ឃុំ Van Ho ស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា៖ “ជនជាតិ Mong នៅ Van Ho បានរៀបចំសកម្មភាពវប្បធម៌ សិល្បៈនិងកីឡាជាច្រើន។ ជាពិសេសក្នុងថ្ងៃបុណ្យជាតិថ្ងៃទី២ ខែកញ្ញា ប្រជាពលរដ្ឋរីករាយ និងចូលរួមសកម្មភាពច្រើនថែមទៀត”។

ប្រជាជនជនជាតិ Mong នៅខេត្ត Son La អំណរបុណ្យតេតឯករាជ្យ - ảnh 2ពិធបុកនំ day ក្នុងបុណ្យតេតឯករាជ្យរបស់ជនជាតិ Mong (រូបថត៖   dangcongsan.vn)

តាមទស្សនៈរបស់ជនជាតិម៉ុង បុណ្យតេតឯករាជ្យគឺដូចជាបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិខ្លួនអញ្ជឹង។ ប្រសិនបើបុណ្យតេតប្រពៃណី គឺជាឱកាសមួយដើម្បីបូជាបុព្វការីជន សម្រាកពីការងារ ទៅសួរសុខទុក្ខសាច់ញាតិនៅក្នុងភូមិ និងជូនពរដល់គ្នាទៅវិញទៅមកនោះ រីឯបុណ្យឯករាជ្យ គឺជាឱកាសសម្រាប់ប្រជាជនធ្វើដំណើរកម្សាន្តតាមដងផ្លូវ ចូលរួមរាល់សកម្មភាពវប្បធម៌ និងសិល្បៈ។ ដូច្នេះហើយមនុស្សគ្រប់គ្នាទាំងចាស់ទាំងក្មេងសុទ្ធតែទន្ទឹងរង់ចាំបុណ្យតេតឯករាជ្យយ៉ាងអន្ទះសា។ អ្នកស្រី Giang Thi Me ជនជាតិ Mong នៅឃុំ Hua Tat ស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា៖ “បន្ទាប់ពីបានប្រមូលផលផ្លែស៊ូស៊ូ និងសណ្តែករួចមក នៅថ្ងៃទី ២ ខែកញ្ញា អ្នកភូមិបាននាំគ្នាមកលេងទីនេះ លេងមួយថ្ងៃសប្បាយណាស់ ហើយថែមទាំងទៅស្ពានកញ្ចក់ទៀតផង” 

ប្រហែលជា បុណ្យតេតឯករាជ្យនៅ Moc Chau ជាបុណ្យតេតដែលសប្បាយបំផុត។ ក្នុងឱកាសបុណ្យតេតឯករាជ្យ ប្រជាជនគ្រប់ជនជាតិ និងភ្ញៀវទេសចរមកពីគ្រប់ទិសទីបានចូលទៅខ្ពង់រាប Moc Chau។ សម្របខ្លួនក្នុងសម្លេងខែននិងឧបករណ៍តន្ត្រីដ៏អ៊ូអរ អ្នកទស្សនាអាចសម្របខ្លួននៅក្នុងលំហរវប្បធម៌ដ៏ពិសេស និងពិធីបុណ្យប្រពៃណីដែលបង្កប់ដោយអត្តសញ្ញាណនៃក្រុមជនជាតិភាគតិចដែលរស់នៅទីនេះ ផង ដែរ។

សកម្មភាពលេចធ្លោក្នុងចំណោមសកម្មភាព គឺការសម្តែងវប្បធម៌ សហគមន៍តាមដងវិថី។ ក្រុមសិល្បៈបានសម្តែងនូវបេតិកភណ្ឌវប្បធម៌អរូបី ដូចជាពិធីបុណ្យពេញវ័យជនជាតិ Dao; សិល្បៈផ្លុំខែនរបស់ជនជាតិ Mong; សិល្បៈរបាំ Xoe របស់ជនជាតិ Thai ជាដើម។ ទាំងអស់នេះ សុទ្ធតែបង្កើតឡើងផ្ទាំងរូបភាពដែលសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ ក្នុងឱកាសនេះ ខ្ពង់រាប Moc Chau មិនត្រឹមតែមានជនជាតិ Mong ប៉ុណ្ណោះទេ ថែមទាំងមានជនជាតិផ្សេងទៀតដូចជាជនជាតិ Muong, Thai, Dao, Kho Mu នៅតំបន់ជិតខាង រួមទាំងភ្ញៀវទេសចររាប់ពាន់នាក់មកពីជុំវិញពិភពលោកក៏មកទីនេះដើម្បីអបអរបុណ្យតេតផង ដែរ។ អ្នកស្រី Haruna Abe Hana ភ្ញៀវទេសចរជប៉ុនបានចែករំលែកថា៖ “ខ្ញុំរីករាយណាស់ដែលបានមកទីនេះចូលរួមសប្តាហ៍វប្បធម៌នៅខ្ពង់រាប Moc Chau។ មកទីនេះ ខ្ញុំអាចគយគន់សំលៀកបំពាក់ជាតិដ៏ពិសេស និងមើលជនជាតិនៅទីនេះសម្តែងវប្បធម៌របស់ពួកគេ ដែលខ្ញុំឃើញថា មានលក្ខណៈវិសសវិសាលណាស់”

សម្រាប់ជនជាតិ Mong នៅខេត្ត Son La ទិវាបុណ្យឯករាជ្យគឺជាឱកាសមួយដើម្បីប្រមូលផ្តុំ និងដាស់ភាពស្រស់ស្អាតវប្បធម៌ប្រពៃណី ពីនោះជម្រុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទេសចរណ៍ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ទេសចរណ៍ ផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ