ពង្រីកស្មារតីឯករាជ្យ ភាពខ្លួនទីពឹងខ្លួនក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVWORLD) - សេដ្ឋកិច្ចវៀតណាមបាននឹងកំពុងស្ទុះងើបឡើងវិញ និងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ បន្ទាប់ពីឆ្លងកាត់ការលំបាកទ្វេដងដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ នេះជាលទ្ធផលនៃការពង្រីកស្មារតីឯករាជ្យនិងភាពខ្លួនទីពឹងខ្លួនក្នុងបណ្តោយប្រវត្តិសាស្ត្រ ចាប់តាំងពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ រហូតមកដល់បច្ចុប្បន្ន។

ពង្រីកស្មារតីឯករាជ្យ ភាពខ្លួនទីពឹងខ្លួនក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1រូបថត៖ VOV

អស់រយៈពេល ៧៧ ឆ្នាំចាប់តាំងពីប្រទេសជាតិបានចាប់បដិសន្ធិនៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥មក សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមឥឡូវនេះត្រូវបានបើកចំហរនិងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលមិនត្រឹមតែទាញយកកម្លាំងពលំក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងទាញយកផលប្រយោជន៍ពីទីផ្សារពិភពលោកទៀតផង។ ការវិនិយោគផ្ទាល់ពីបរទេសបានក្លាយទៅជាបណ្តាញកៀងគរមូលធនដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅរកឧស្សាហូបនីយកម្ម និងទំនើបកម្ម បង្កើតការងារធ្វើ លើកកំពស់សមត្ថភាពគ្រប់គ្រង និងកម្រិតបច្ចេកវិទ្យាសម្រាប់សេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាត Covid-19 កើតឡើងនៅទូទាំងពិភពលោក ចំនួនគម្រោងវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមបានឈានដល់ជាង ៤.០០០ គម្រោង ជាមួយនឹងដើមទុនចុះបញ្ជីសរុបជាង ៣៨.៩០០ លានដុល្លារអាមេរិក ដែលខ្ពស់ជាងចំនួនគម្រោងវិនិយោគផ្ទាល់ពីបរទេសជាង ២៤ ដង បើប្រៀបធៀបនឹងឆ្នាំ ១៩៩០។ ក្រោយរយៈពេល ៣៦ ឆ្នាំ នៃការផ្លាស់ប្តូរថ្មី វៀតណាមបានបង្កើតភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រជាច្រើន។ ចាប់តាំងពីចូលជាសមាជិក WTO ក្នុងឆ្នាំ ២០០៦ វៀតណាមបានចុះហត្ថលេខាលើ FTA ក្នុងតំបន់ និងទ្វេភាគីចំនួន ១៥។ ការចូលរួមនិងអនុវត្ត FTA នាំមកនូវកាលានុវត្តភាពដ៏ធំធេងសម្រាប់វៀតណាម ជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ អាជីវកម្ម និងផលិតផល ...។

កំពុងស្ថិតនៅក្នុងសន្ទុះកំណើន GDP ក្នុងឆ្នាំ ២០១៩ គឺ ៧,២% រលកនៃជំងឺរាតត្បាត Covid 19 កាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតកម្មត្រូវជាប់គាំង និងបានធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់វៀតណាមធ្លាក់ចុះតិចជាង ៣% ខណៈដែលប្រទេសផ្សេងទៀតមានកំណើនអវិជ្ជមាន។ នៅចំពោះមុខស្ថានភាពនោះ វៀតណាមសម្រេចបានគោលដៅពីរគឺ៖ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចផង។ ជាងពេលណាៗទាំងអស់ តម្រូវការក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ជាមួយនឹងការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបទនៃ "ធម្មតាថ្មី" ត្រូវបានបក្សនិងរដ្ឋដាក់ចេញ។  ការសម្រេចនេះពិតជាគោលនយោបាយជាក់ស្តែង និងជាជំហានប្រកបដោយនិរន្តរភាពសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។ ដោយសារ មានតែការពង្រឹងធនធានផ្ទៃក្នុងប៉ុណ្ណោះ ទើបអាចធានាបាននូវឯករាជ្យ ភាពខ្លួនទីពឹងខ្លួន និងការអនុវត្តប្រកបដោយជោគជ័យការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសក្នុងគ្រាលំបាក នោះពិតជាដំណោះស្រាយសមស្រប ដែលបានបញ្ជាក់តាមរយៈដំណាក់កាលផ្សេងៗនៃការអភិវឌ្ឍប្រទេសជាតិ។

គោលនយោបាយស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្ថិតក្នុងទិសដៅត្រឹមត្រូវ និងមានប្រសិទ្ធភាព បង្កើតទំនុកចិត្តសម្រាប់ប្រជាជន និងសហគមន៍ធុរកិច្ច។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ ប្រទេសទាំងមូលមានសហគ្រាសដែលបានចុះបញ្ជីថ្មីជាង ៧៦ ពាន់ ដោយមានចំនួននិយោជិតដែលបានចុះបញ្ជីសរុបជិត ៥១៥ ពាន់នាក់ កើនឡើង ១៣,៦% អំពីចំនួនសហគ្រាសនិងកើន  ៦,៣% អំពីនិយោជិត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន; ដើមទុនចុះបញ្ជីសរុបបំពេញបន្ថែមទៅក្នុងសេដ្ឋកិច្ចមានចំនួន ២.៧០០ ពាន់ពាន់លានដុង កើនឡើង ៣០,៣%។ បើរាប់បញ្ចូលទាំងចំនួនសហគ្រាសដែលវិលត្រឡប់មកប្រតិបត្តិការវិញ ចំនួនសហគ្រាសដែលចូលរួមក្នុងទីផ្សារក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ ឈានដល់ ១១៦,៩ ពាន់សហគ្រាស កើនឡើង ២៥,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន...។ ស្តីអំពីការស្តារឡើងវិញក្នុងន័យនេះ លោក Hoang Van Cuong សមាជិករដ្ឋសភាបានចាត់ទុកថា៖ “វៀតណាមមានកំណើន ២,៥៨% ឈរលើមូលដ្ឋានកំណើនឆ្នាំ ២០២០ គឺ ២,៩១%។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាត សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៥,៥៦% ខណៈដែលសេដ្ឋកិច្ចពិភពលោកមានត្រឹមតែ ១,៩% ប៉ុណ្ណោះ។ លទ្ធផលនោះមិននឹកស្មានដល់ទេ ប្រសិនបើយើងរំលឹកឡើងវិញនៅឆ្នាំ ២០២១ ស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញ អាជីវកម្មជាច្រើនត្រូវបានបិទ ហើយកម្មករបានចាកចេញពីមជ្ឈមណ្ឌលសេដ្ឋកិច្ច វិលត្រឡប់ស្រុកកំណើតវិញ។ មានមនុស្សតិចណាស់ដែលហ៊ានស្រមៃចង់បានចំណូលថវិកាលើសពី ១៦,៨% បើធៀបនឹងផែនការសម្រាប់ឆ្នាំ ២០២១ ហើយក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ បានវ៉ាដាច់ ៥៧%។ ជាមួយនឹងទស្សនវិស័យ និងការព្យាករណ៍មានស្ថេរភាព អត្រាកំណើននៅឆ្នាំ ២០២២ អាចឈានដល់ ៦,៩%”។

សកម្មភាពសេដ្ឋកិច្ចដ៏រស់រវើករបស់វៀតណាមគឺជាកត្តាដែលទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអឺរ៉ុប ហើយវៀតណាមបានបង្ហាញពីសញ្ញាល្អនៅពេលដែលក្លាយជាគោលដៅសម្រាប់លំហូរ FDI ។ ជាមួយនឹងការទទួលបានវិញ្ញាបនបត្រវិនិយោគក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ពីក្រុមហ៊ុន Lego Group រោងចក្រ Lego នៅក្នុងប្រទេសវៀតណាម គឺជាគម្រោងដ៏ធំបំផុតមិនធ្លាប់មានរបស់ក្រុមនេះ ឬសាជីវកម្មដៃគូធំរបស់ក្រុមហ៊ុន Apple បន្តវិនិយោគក្នុងគម្រោងនេះ ហើយបានបណ្តាក់ទុនបន្ថែមចំនួន ៣០០ លានដុល្លារអាមេរិកចូលវៀតណាម បង្ហាញថា ទុនវិនិយោគបរទេស (FDI) របស់វៀតណាម កាន់តែមានភាពល្អប្រសើរឡើង។ លោក Nguyen Ngoc Toan នាយករងវិទ្យាស្ថានសេដ្ឋកិច្ច បណ្ឌិត្យសភានយោបាយជាតិហូជីមិញបានឲ្យដឹងថា៖ “នៅមហាសន្និបាតលើកទី១៣ បក្សកុម្មុយនិស្តវៀតណាមបានប្តេជ្ញាកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន លើកកំពស់ប្រសិទ្ធភាពនៃសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ ដើម្បីពង្រឹងសក្ដានុពលសេដ្ឋកិច្ច បក្សកុម្មុយនិស្តមានគោលការណ៍ ជំរុញឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន និងប្រែក្លាយប្រទេសជាតិទៅជាប្រទេសឧស្សាហកម្ម។  បក្សក៏សង្កត់ធ្ងន់ថា ត្រូវនាំយកធនធានផ្ទៃក្នុងពេញលេញ ទន្ទឹមនឹងនោះ មានការទាញយកប្រយោជន៍ពីធនធានខាងក្រៅ ធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងពិភពលោក ដើម្បីការអភិវឌ្ឍន៍ឆាប់រហ័ស មានប្រសិទ្ធភាព និងនិរន្តរភាព”។

ស្មារតី “ឯករាជ្យ និង ខ្លួនទីពឹងខ្លួន” បានដឹកនាំវៀតណាមជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា បង្កើតរដ្ឋកម្មករ-កសិករដំបូងគេនៅអាស៊ីអាគ្នេយ៍ កាលពី ៧៧ ឆ្នាំមុន។ ស្មារតីនោះតែងតែភ្លឺចិញ្ចាច ក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាត និងជម្លោះក្នុងពិភពលោក ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការកសាងប្រទេសវៀតណាមដែលមានការអភិវឌ្ឍន៍ខ្លាំងក្លា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ