ពិភពលោកកសាងប្រព័ន្ធផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ និងបរិយាប័ន្ន

(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២-២៥ ខែមេសា នៅទីក្រុង Rotterdam (ប្រទេសហូឡង់) មហាសន្និបាតថាមពលពិភពលោក (WEC) លើកទី ២៦ បានផ្តោតលើការពិភាក្សាអំពីដំណោះស្រាយដើម្បីកសាងប្រព័ន្ធផ្លាស់ប្តូរថាមពលសកលថ្មី ដែលមានលក្ខណៈបៃតង សមធម៌ និងបរិយាប័ន្នច្រើនជាងមុន។

ពិភពលោកកសាងប្រព័ន្ធផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ និងបរិយាប័ន្ន - ảnh 1រូបថតឧទាហរកណ៍៖ VNA

ត្រូវបានរៀបចំដោយក្រុមប្រឹក្សាថាមពលពិភពលោក ជាវេទិកាសកលចំណាស់ជាងគេ នៅលើពិភពលោកអំពីប្រធានបទថាមពល ដែលបានបង្កើតឡើងកាលពី ១០០ ឆ្នាំមុន (១៩២៤) មហា
សន្និបាតថាមពលពិភពលោកលើកទី ២៦ ឆ្នាំនេះមានប្រធានបទ "ការរចនាថាមពលឡើងវិញសម្រាប់មនុស្សលោក និងភពផែនដី"។

មិនមានផែនទីបង្ហាញផ្លូវនៃការផ្លាស់ប្តូរថាមពលតែមួយគត់ទេ

ធ្វើឡើងក្នុងឱកាសខួបលើកទី ១០០ ឆ្នាំនៃការបង្កើតក្រុមប្រឹក្សាថាមពលពិភពលោក (១៩២៤-
២០២៤) ហើយនៅក្នុងបរិបទដែលការផ្លាស់ប្តូរថាមពលបានក្លាយជាប្រធានបទសកលបន្ទាន់បំផុតមួយ មហាសន្និបាតថាមពលពិភពលោកលើកទី ២៦ (WEC ២៦) ទទួលបានការយកចិត្តទុកដាក់ពិសេសពីសហគមន៍អន្តរជាតិ។ ប្រតិភូជាង ៧០០០នាក់បានចូលរួម WEC ២៦ ក្នុងនោះមានរដ្ឋមន្ត្រីជាង ៧០ នាក់ អ្នកដឹកនាំឧស្សាហកម្មអ្នកជំនាញថាមពល អ្នកបង្កើតគោលនយោបាយជាង ២០០ នាក់ និងតំណាងនៃសម្ព័ន្ធក្រុមហ៊ុនថាមពលធំ ៗ រាប់រយនៅលើពិភពលោក។

ពិភពលោកកសាងប្រព័ន្ធផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ និងបរិយាប័ន្ន - ảnh 2លោកស្រី Angela Wilkinson អគ្គលេខាធិការនៃក្រុមប្រឹក្សាថាមពលពិភពលោក។
(ប្រភព៖ petrotimes.vn)

យោងតាមលោកស្រី Angela Wilkinson អគ្គលេខាធិការនៃក្រុមប្រឹក្សាថាមពលពិភពលោកបានឲ្យដឹងថា ស្ថានភាពជាក់ស្ដែងនៃការផ្លាស់ប្តូរថាមពលនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ គឺមានភាពស្មុគស្មាញខ្លាំងណាស់ ដោយសារតែប្រទេស អង្គការ និងអាជីវកម្មមានផលប្រយោជន៍ខុសៗគ្នា។ ដូច្នេះ WEC ២៦ គឺជាវេទិកាសន្ទនាដ៏សំខាន់មួយដើម្បីឲ្យភាគីនានាអាចឃើញពីបញ្ហាប្រឈមដែលកំពុងកើតមាន ហើយឈានដល់ការ យល់ដឹងរួម៖

“មិនមានការផ្លាស់ប្តូរថាមពលតែមួយគត់ទេ។ បណ្ដាតំបន់ និងប្រទេសមានចំណុចចាប់ផ្តើមខុសៗគ្នា មានផលប្រយោជន៍ និងតម្រូវការខុសៗគ្នា ដូច្នេះហើយមិនមានផ្លូវតែមួយគត់សម្រាប់ការផ្លាស់ប្តូរទេ។ យើងទាំងអស់គ្នាកំពុងប្រឈមមុខនឹងការលំបាក។ នេះមិនមែនជាបញ្ហាប្រឈមសាមញ្ញ ឬការជំនួសបច្ចេកវិទ្យាមួយ ដោយបច្ចេកវិទ្យាផ្សេងមួយទៀតនោះទេ ប៉ុន្តែនេះជាការផ្លាស់ប្តូរដ៏ធំធេង”។

ក្នុងបណ្ដាសម័យពិភាក្សា វាគ្មិនភាគច្រើនបានសង្កត់ធ្ងន់លើភាពចាំបាច់បន្ទាន់នៃការរួមបញ្ចូលដំណោះស្រាយបច្ចេកវិទ្យាទំនើបបំផុត ជាមួយនឹងយុទ្ធសាស្ត្រហិរញ្ញវត្ថុ ប្រកបដោយមហិច្ឆតាបន្ថែមទៀត ដើម្បីពន្លឿនការផ្លាស់ប្តូរថាមពលសកល។ តំណាងនៃសម្ព័ន្ធក្រុមហ៊ុនថាមពលជាច្រើនក៏បានជំរុញឱ្យរដ្ឋាភិបាលដាក់ចេញគោលនយោបាយធានាការវិនិយោគឲ្យបានយូរអង្វែងបន្ថែមទៀត ដើម្បីជំរុញការវិនិយោគឯកជនទៅក្នុងវិស័យថាមពលកកើតឡើងវិញ។ លើសពីនេះ ការបង្កើនការសន្ទនារវាងសម្ព័ន្ធក្រុមហ៊ុនថាមពល និងរដ្ឋាភិបាលក៏ជាប្រធានបទដ៏ធំមួយនៅ WEC ផងដែរ។ ប្រធានបទនេះបានទាក់ទាញការយកចិត្តទុកដាក់នៅ WEC ២៦ នៅពេលដែលនៅថ្ងៃទី ២៤ ខែមេសា សភាអឺរ៉ុបបានបោះឆ្នោតគាំទ្រសហភាពអឺរ៉ុប (EU) ឲ្យដកខ្លួនចេញពីសន្ធិសញ្ញាធម្មនុញ្ញថាមពល ដោយហេតុផលថាសន្ធិសញ្ញានេះការពារផលប្រយោជន៍របស់ក្រុមហ៊ុនថាមពលជាច្រើនហើយមិនស្របតាមមហិច្ឆតាអាកាសធាតុរបស់សហភាពអឺរ៉ុបទៀតឡើយ។ កាយវិការនេះបណ្ដាលឱ្យមានការព្រួយបារម្ភអំពីការខ្វែងគំនិតគ្នាកាន់តែកើនឡើងៗ រវាងអ្នកបង្កើតគោលនយោបាយសាធារណៈ និងសម្ព័ន្ធក្រុមហ៊ុនថាមពល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរថាមពលសកល។

ហានិភ័យផ្នែកនយោបាយចំពោះការផ្លាស់ប្តូរថាមពល

ជាវេទិកាដែលផ្តោតសំខាន់លើកិច្ចសន្ទនាអំពីគោលនយោបាយ បច្ចេកវិទ្យា និងបញ្ហាប្រឈមថ្មីៗក្នុងវិស័យថាមពល ប៉ុន្តែនៅក្នុងបរិបទដែលការប្រែប្រួលភូមិសាស្ត្រនយោបាយលើពិភពលោក វាគ្មិនជាច្រើនដែលចូលរួម WEC ២៦ ក៏បានបញ្ចេញសំឡេងដើម្បីព្រមានអំពីការធ្វើនយោបាយនូវកិច្ចសហប្រតិបត្តិការថាមពលលើពិភពលោក។ លោកស្រី Carole Nakhle នាយិកាប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាថាមពល Crystol Energy ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) វាយតម្លៃថា មានការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសនានា សំដៅគ្រប់គ្រងធនធានរ៉ែសំខាន់ៗលើពិភពលោក ហើយសារធាតុរ៉ែចាំបាច់សម្រាប់ការផ្លាស់ប្តូរថាមពល ដូចជា៖ លីចូម នីកែល cobalt... កាន់តែមាននិន្នាការក្លាយជាឧបករណ៍នៃជាតិនិយម ពីនោះបង្កហានិភ័យនៃការបាក់ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ ដោយសារការប្រែប្រួលភូមិសាស្ត្រនយោបាយ។ ចំណែកឯ លោក Andy Brogan អ្នកយុទ្ធសាស្រ្តថាមពល និងធនធានសកលនៅ EY Parthenon ដែលជាក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្ររបស់សម្ព័ន្ធក្រុមហ៊ុន Ernst & Young ក៏ចាត់ទុកផងដែរថាសន្តិសុខនៃប្រភពផ្គត់ផ្គង់គឺជាអាទិភាពលេខ ១ សម្រាប់ប្រទេសនានា៖

“ក្នុងចំណោមបញ្ហាថាមពលធំៗចំនួនបីនោះគឺសន្តិសុខថាមពល សន្តិសុខប្រភពផ្គត់ផ្គង់ និងនិរន្តរភាព ដែលសន្តិសុខប្រភពផ្គត់ផ្គង់ពិតជាបញ្ហាសំខាន់បំផុត។ បណ្ដារដ្ឋាភិបាលសព្វថ្ងៃដឹងថា មិនថាពួកគេធ្វើអ្វីក៏ដោយ សន្តិសុខប្រភពផ្គត់ផ្គង់នៅតែដើរតួនាទីនាំមុខគេ”

លេខាធិការប្រតិបត្តិនៃអង្គការថាមពលអាមេរិកឡាទីន (OLADE) លោក Andres Rebolledo ក៏បានចែករំលែកអត្ថាធិប្បាយថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅលើពិភពលោកមានហានិភ័យបង្កអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងសកលរួម លើការផ្លាស់ប្តូរថាមពល។ ឧទាហរណ៍ថានៅអាមេរិកឡាទីន ដែលស្រូបយក ២៥% នៃប្រភពបំរុងរបស់ពិភពលោកជាមួយនឹងសារធាតុរ៉ែសំខាន់ៗសម្រាប់ការផ្លាស់ប្តូរថាមពលនោះ លោក Andres Rebolledo បាននិយាយថា ប្រទេសនានានៅក្នុងតំបន់កំពុងមានអារម្មណ៍ថា មានសម្ពាធនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងបណ្ដាមហាអំណាច ដែលនាំឱ្យមានការស្ទាក់ស្ទើរអនុវត្តន៍គម្រោងសហប្រតិបត្តិការទ្រង់ទ្រាយធំជាមួយប្រទេសក្រៅតំបន់ សំដៅពន្លឿនការផ្លាស់ប្តូរថាមពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ