ពិភពលោកបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរើសអើងពលរដ្ឋដើមកំណើតអាស៊ី

(VOVWORLD) - នៅចំពោះស្ថានភាពអំពើហឹង្សាកើនឡើង ទៅលើពលរដ្ឋដើមកំណើតអាស៊ីនោះ នៅលើពិភពលោក ជាពិសេស នៅពេលថ្មីៗនេះ នៅសហរដ្ឋអាមេរិកបានបង្កើតអង្គការ និងចលនាការពារពលរដ្ឋដើមកំណើតអាស៊ីជាច្រើន។ 
ពិភពលោកបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរើសអើងពលរដ្ឋដើមកំណើតអាស៊ី - ảnh 1ពលរដ្ឋលើកបដាប្រឆាំងនឹងការរើសអើងជាតិសាសន៍ (រូបថត៖ AP)

សកម្មភាពទាំងនេះគឺ សំដៅលើកកម្ពស់ការយល់ដឹង អំពាវនាវឱ្យមានសាមគ្គីភាព រួមដៃគ្នាថ្កោលទោសនិងរាំងស្កាត់រាល់សកម្មភាពរើសអើងទៅលើពលរដ្ឋដើមកំណើតអាស៊ីនិយាយដោយឡែក និងជាតិសាសន៍នានានិយាយរួម។ ពលរដ្ឋដើមកំណើតអាស៊ី ក៏ដូចជាដើមកំណើតអាហ្វ្រិកបាន និងកំពុងជាគោលដៅនៃការរើសអើងនៅតាមប្រទេសជាច្រើន។ ក្នុងប្រវត្តិសាស្ត្របានកើតមានឡើងការសម្លាប់រង្គាល ឬការវាយប្រហារលើពលរដ្ឋអាស៊ី។ នាពេលថ្មីៗនេះ ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ បានបង្កើតអំណះអំណាងអវិជ្ជមានដោយទំលាក់ទោសអំពីប្រភពដើមនៃជំងឺមកពីអាស៊ី ដែលបង្កើនគ្រោះអាសន្នរើសអើងចំពោះពលរដ្ឋដើមកំណើតអាស៊ីផងដែរ។

ការរើសអើងមិនត្រឹមតែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ

បណ្ដាការវាយប្រហារហឹង្សាទៅលើពលរដ្ឋអាមេរិក ដើមកំណើតអាស៊ីបានកើនជិត ១៥០% នៅតាមទីក្រុងធំៗចំនួន ១៦ របស់អាមេរិកក្នុងឆ្នាំ ២០២០ ជាពិសេសគឺនៅទីក្រុងឡូសអេនជឺលេស និងទីក្រុងញូវយ៉ក -ជាទីកន្លែងដែលមានពលរដ្ឋដើមកំណើតអាស៊ីជាច្រើនរស់នៅ។ យោងតាមរបាយការណ៍នាពេលថ្មីៗនេះបានឲ្យដឹងថា៖ ចាប់ពីខែមីនាឆ្នាំ ២០២០ ដល់ចុងខែកុម្ភៈឆ្នាំ ២០២១ បានកើតមានឡើងករណីវាយប្រហារចំនួន ៣ ៨០០ លើកទៅលើក្រុមមនុស្សនេះ នៅតាមរដ្ឋចំនួន ៤៨/៥០ របស់សហរដ្ឋអាមេរិក។ មិនត្រឹមតែនៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ យោងតាមតួរលេខស្ថិតិនៅតាមប្រទេសជាច្រើនបានឲ្យដឹងថា របាយការណ៍ស្ដីពីឧក្រិដ្ឋកម្មទាក់ទងនឹងការស្អប់ខ្ពើមទៅលើជនជាតិអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍បានកើនឡើង ខណៈពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង។

នៅចក្រភពអង់គ្លេស តួលេខរបស់ប៉ូលីសទីក្រុងឡុងដ៏បានឲ្យដឹងថា មានករណីឧក្រិដ្ឋកម្មជាង ២០០ ដោយសារការរើសអើងប្រឆាំងនឹងពលរដ្ឋដើមកំណើតអាស៊ីបូព៌ា ដែលកើតមានឡើងក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ បានកើន ៩៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាតាំងពីរឆ្នាំទៅមិញ។ ពលរដ្ឋដើមកំណើតអាស៊ីជាច្រើនបានឲ្យដឹងថា គេត្រូវរងអំពើហឹង្សា នឹងការសើចចំអកថាជា“ វីរុសចិន” ។ យោងតាមការស្ទង់មតិកាលពីខែវិច្ឆិកាឆ្នាំ ២០២០ បានឲ្យដឹងថា មានពលរដ្ឋដើមកំណើតចិនចំនួន ៣/៤ នៅអង់គ្លេសបានរងការរើសអើងជាតិសាសន៍។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលអេស្ប៉ាញបានឲ្យដឹងថា ពលរដ្ឋអាស៊ីចំនួន ២,៩% ដែលរស់នៅ ប្រទេសនេះគឺជាជនរងគ្រោះនៃឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើម។ នៅ បារាំងអ្នកឃោសនាយុទ្ធនាការព្រមានជំងឺរាតត្បាត បានធ្វើឱ្យការរើសអើងប្រឆាំងនឹងជនជាតិអាស៊ីកាន់តែអាក្រក់ទៅ ៗ ។

កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរើសអើងជាតិសាសន៍

ក្រោយពីការបាញ់រះនៅ Atlanta កាលពីដើមខែមីនាឆ្នាំ ២០២១ ដែលបណ្តាល ឲ្យមនុស្សចំនួន ៨ នាក់ត្រូវស្លាប់ ក្នុងនោះមានស្ត្រីជនជាតិអាស៊ីចំនួន ៦ នាក់នោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថា មិនអាចនៅស្ងៀមទៀតបានទេ ចំពោះការកើនឡើងនូវអំពើហិង្សា ប្រឆាំងជនជាតិអាមេរិក ដើមកំណើតអាស៊ី។ ការបាញ់ប្រហារទាំងនោះ គឺជាអំពើខុសឆ្គងទាំងស្រុង ដែលមិនស័ក្តិសមជាជនជាតិអាមេរិកឡើយ ហើយវាត្រូវតែបញ្ឈប់។ លោក Joe Biden បានដាស់តឿនសភាអាមេរិកអនុម័តលើច្បាប់ស្តីពីឧក្រិដ្ឋកម្មស្អប់ខ្ពើមជំងឺកូវីដ ១៩ ជួយឧបតម្ថម្ភរដ្ឋ និងតំបន់នានា កែលម្អការរាយការណ៍ស្ដីពីពីឧក្រិដ្ឋកម្មស្អប់ខ្ពើម ហើយធានាថាព័ត៌មានអំពីឧក្រិដ្ឋកម្មស្អប់ខ្ពើមគឺងាយអភិក្រមចំពោះសហគមន៍ជនជាតិអាមេរិកដើមកំណើតអាស៊ី។

នៅអឺរ៉ុប បណ្ដាសកម្មជននៅអេស្បាញ និងបារាំងបានបំផុសយុទ្ធនាការនានាដូចជា៖ “ ខ្ញុំមិនមែនជាវីរុសទេ” (I Am Not A Virus) សំដៅលើកកម្ពស់ការយល់ដឹងអំពីនិន្នាការកើនឡើងនៃអំពើហឹង្សាប្រឆាំងនឹងជនជាតិអាស៊ី។ នៅកាណាដា បាតុករជាច្រើននាក់ក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅសារមន្ទីរសិទ្ធិមនុស្សកាណាដានៅខេត្ត Manitoba ដោយបានលើកបដា “ បញ្ឈប់ការស្អប់ខ្ពើមចំពោះជនជាតិដើមកំណើតអាស៊ី” ឬ“ បញ្ឈប់ការស្អប់ខ្ពើមនិងចាប់ផ្តើមក្ដីស្រឡាញ់” ។ នាពេលថ្មីៗនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Atonia Guterres បានអំពាវនាវឱ្យមានសាមគ្គីភាពជាសកល ប្រឆាំងនឹងការរើសអើងជាតិសាសន៍និងការវាយប្រហារដទៃទៀតដែលរំលោភបំពានលើសិទ្ធិមនុស្ស។ កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺសំដៅលើកកម្ពស់ការយល់ដឹង អំពាវនាវឱ្យមានសាមគ្គីភាព រួមដៃគ្នា ថ្កោលទោសនិងរាំងស្កាត់សកម្មភាពរើសអើង ស្អប់ខ្ពើមទៅលើពលរដ្ឋដើមកំណើត អាស៊ីនិយាយដោយឡែក និងក្រុមជាតិសាសន៍នានានិយាយរួម នៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ