ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងសភាអាមេរិក

(VOVWORLD) - ថ្ងៃទី ៦ មករា (ម៉ោងសហរដ្ឋអាមេរិក) ពោលគឺថ្ងៃទី ៧ មករា (ម៉ោងវៀតណាម) នៅវិមានកាពីតូលជាទីតាំងសភាអាមេរិក ស្ថិតនៅទីក្រុងវ៉ាស៊ីនតោន បានមើលឃើញនូវពេលវេលាដែលត្រូវបានចាត់ទុកថាជាប្រវត្តិសាស្ត្រ ។ ដូច្នោះ ជាលើកដំបូងក្នុងរយៈពេលជាង ២០០ ឆ្នាំកន្លងមក ទីស្នាក់ការនីតិ ប្បញ្ញត្តិនៃមហាអំណាចលេខមួយរបស់ពិភពលោក ត្រូវបានគេជ្រៀតជ្រែកដែលបណ្តាលកិច្ចប្រជុំសំខាន់របស់សភាទាំងពីរ (ព្រឹទ្ធសភានិងសភាជាន់ទាប) សម្រាប់រាប់សន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ត្រូវរំខានអស់រយៈពេលជាច្រើនម៉ោង។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងសភាអាមេរិក - ảnh 1ប្រធានាធិបតី Donald Trump ថ្លែងទៅកាន់ក្រុមបាតុករនៅថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១  (រូបថត៖ AP)

មុននឹងប្រព្រឹត្តទៅកិច្ចប្រជុំពិសេសនៃសភាអាមេរិកទាំងពីរនោះ បាតុកររាប់រយនាក់ដែលគាំទ្រលោកប្រធានាធិបតី Donald Trump បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅខាងក្រៅ ដើម្បីដាក់សម្ពាធទៅលើកិច្ចប្រជុំ ដោយទាញយកអត្ថប្រយោជន៍សម្រាប់ប្រធានាធិបតី Trump។ ស្ថានភាពនេះមិនអាចគ្រប់គ្រងបានទេ ខណៈដែលក្រុមបាតុករជ្រុលនិយមជាច្រើន បានព្យាយាមបំបែកចូលបន្ទប់ប្រជុំរបស់សមាជិកសភា ដែលបណ្តាលឱ្យមានភាពចលាចលយ៉ាងខ្លាំង នៅទីស្នាក់ការអង្គនីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិក។

ភាពចលាចលដែលមិនធ្លាប់មានពីមុនមកនៅក្នុងសភាអាមេរិក

ក្រុមបាតុករបានបំបែករបាំងការពារ ហើយសម្រុកចូលក្នុងបន្ទប់ប្រជុំសភាសហរដ្ឋអាមេរិក នៅពេលដែលសមាជិកសភាទើបរាប់បានសន្លឹកឆ្នោតតែ ១២ លើ ៥៣៨ នៅក្នុងការបោះឆ្នោតថ្ងៃទី ១៤ ខែធ្នូ ប៉ុណ្ណោះ។ សកម្មភាពនេះបាnធ្វើឲ្យការរាប់សន្លឹកឆ្នោតត្រូវអាក់ខាន បង្កឱ្យមានភាពចលាចលដែលមិនធ្លាប់មាននៅទីនេះ។ ស្នូរកាំភ្លើងត្រូវបានលាន់លឺ ហើយសមាជិកសភាទាំងអស់ត្រូវបានជម្លៀសចេញពីវិមានសភា តាមផ្លូវរូងក្រោមដី ក្រោមការការពាររបស់មន្ត្រីសន្តិសុខ។ ឧប្បត្តិហេតុនេះត្រូវបានចាត់ទុកថាជាការជ្រៀតចូលដ៏ធ្ងន់ធ្ងរបំផុតទៅក្នុងទីស្នាក់ការសភារបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ១៨១៤ ខណៈពេលដែលទាហានអង់គ្លេសបានវាយប្រហារចូលដល់ទីនេះ នៅក្នុងសង្គ្រាមដែលបានកើតឡើងក្នុងឆ្នាំតែមួយ។

បន្ទាប់ពីឧប្បត្តិហេតុត្រូវបានកើតមានឡើងនោះ សហគមន៍អន្តរជាតិមានការឆ្លើយតបយ៉ាងអន្ទះសារ។ នៅលើបណ្តាញសង្គម Twitter ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ Volkan Bozkir បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីអំពើហិង្សាដែលបំផ្លាញ់នដល់ដំណើរការប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកផ្ទាល់។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានឲ្យដឹងថា លោកមានការ ព្រួយបារម្ភខ្លាំងណាស់ នៅពេលដែលអ្នកគាំទ្រលោក Donald Trump រាប់ពាន់នាក់បានធ្វើបាតុកម្មនៅវិមានកាពីតូល ដោយហៅ ថា នេះជាការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យ។ ប្រមុខរដ្ឋាភិបាលកាណាដារូបនេះបញ្ជាក់ថា អំពើហឹង្សានឹងមិនរារាំងដល់បំណងប្រាថ្នារបស់ប្រជាជនឡើយ។ មុននេះ អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) លោក Jens Stoltenberg បានពណ៌នាបាតុកម្មដោយអំពើហឹង្សានៅទីក្រុងវ៉ាស៊ីនតោនថាជា “ទិដ្ឋភាពដ៏ភ័យរន្ធត់” ព្រមទាំងអះអាងថា លទ្ធផលនៃការបោះឆ្នោត “ប្រជាធិបតេយ្យ” នៅអាមេរិកត្រូវការ ការគោរព។ ដូចទៅនឹងទស្សនៈនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានអំពាវនាវឱ្យបញ្ឈប់នូវអំពើហឹង្សានៅទីក្រុងវ៉ាស៊ីនតោនមួយរំពេច។

សេចក្តីប្រកាសជាប្រវត្តិសាស្ត្រ

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងសភាអាមេរិក - ảnh 2ប្រធានាធិបតីលើកទី ៤៦ របស់អាមេរិកនឹងស្បត់ចូលកាន់ដំណែងនាថ្ងៃទី ២០ មករា 

ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមបាតុករបានសម្រុកចូលក្នុងអាគារសភា សណ្តាប់ធ្នាប់នៅទីនេះត្រូវបានស្តារឡើងវិញ ហើយសមាជិកសភាទាំងពីរ បានបន្តបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងការរាប់សន្លឹកឆ្នោត ៥៣៨ ដើម្បីកំណត់អ្នកឈ្នះចុងក្រោយក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ ២០២០។

នៅវេលាម៉ោង ៤ ព្រឹកថ្ងៃទី ៧ ខែមករា ពោលគឺ វេលាម៉ោង ៤ រសៀលនៅទីក្រុងហាណូយ អនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាអាមេរិក Mike Pence បានប្រកាសថា លោក Joe Biden ទទួលបានអង្គបោះឆ្នោតតំណាងចំនួន ៣០៦ នាក់។ ប្រធានាធិបតីបច្ចុប្បន្ន Donald Trump ទទួលបានអង្គបោះឆ្នោតត្រឹមតែ ២៣២ ប៉ុណ្ណោះ។ សេចក្តីប្រកាសនេះ បានបញ្ចប់ជាផ្លូវការនូវរាល់ភាពចម្រូងចម្រាសទាំងអស់អំពីការបោះឆ្នោតប្រធានាធិបតីដែលត្រូវបានគេចាត់ទុកថាមានលក្ខណៈពិសេសមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

ភ្លាមៗ ប្រធានាធិបតី Donald Trump បានប្រកាសថា លោកនឹងអនុវត្តការផ្ទេរអំណាចទៅរដ្ឋបាលថ្មីដោយរលូន នៅថ្ងៃទី ២០ ខែមករា ទោះបីជានៅមានការប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតក៏ដោយ។ បន្ទាប់មក នៅព្រឹកថ្ងៃទី ៧ មករា (ថ្ងៃ ៨ មករាម៉ោងវៀតណាម) ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម Twitter ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពហឹង្សានៅក្នុងរដ្ឋសភា ព្រមទាំងសន្យាផ្ទេរអំណាចទៅរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោត Joe Biden យ៉ាងរលូន។

សេចក្តីប្រកាសរបស់ប្រធានាធិបតី Donald Trump បានធ្វើឲ្យសាធារណជនបន្ធូរបន្ថយការព្រួយបារម្ភ អំពីស្ថានភាពភាពចលាចល ដែលអាចកើតមានម្តងទៀតនៅទីក្រុងវ៉ាស៊ីនតោននិងនៅទូទាំងសហរដ្ឋអាមេរិក។ ជាមួយនឹងអ្វីដែលបានកើតឡើងនៅទីស្នាក់ការកណ្តាលនៃសភាអាមេរិកនៅថ្ងៃទី ៦ ខែមករានោះ វិន័យនិងកម្លាំងនៃលទ្ធិប្រជាធិបតេយ្យអាមេរិកនឹងក្លាយជាអ្វីដែលត្រូវធ្វើមុនពេលការផ្ទេរអំណាចជាផ្លូវការរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden នៅថ្ងៃទី ២០ មករា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ