ភាពច្របូកច្របល់នៅឆាកនយោបាយលីប៊ី

(VOVWORLD) - នាប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថានភាពនៅលីប៊ីកាន់តែកើតតានតឹង ថែមទៀត។ ក្នុងរយៈពេល ៩ ឆ្នាំកន្លងទៅ ចាប់តាំងពីពេលផ្តួលរលំថ្នាក់ដឹកនាំ លោក Moamer Gadhafi មក ប្រទេសអាហ្រ្វិកនេះបានធ្លាក់ចូលភាពបែកបាក់គ្នារវាងបក្សពួក ដែលត្រូវបានកម្លាំងខាងក្រៅជួយឧបត្ថម្ភ។ 
ភាពច្របូកច្របល់នៅឆាកនយោបាយលីប៊ី - ảnh 1 ទួរគីសន្យាប្រកៀកស្មាជាមួយប្រជាជនលីប៊ី ប្រឆាំងនឹងអំពើហឹង្សាទាំងអស់ (ប្រភព៖ Anadolu)

ដំណោះស្រាយដោយសន្តិវិធីសម្រាប់លីប៊ី ត្រូវបានរំលឹកជាច្រើនដង ក្នុងបណ្ដាការចរចា ប៉ន្តែប្រជាជនលីប៊ីនឹងត្រូវទន្ទឹងរង់ចាំយ៉ាងយូរទៀត ទើបអាចរស់នៅដោយសន្តិភាព ហើយធ្វើជាម្ចាស់ប្រទេស។

ភាពតានតឹងដោយសារកត្តាខាងក្រៅ

នាបច្ចុប្បន្ននេះ នៅលីបីមានរដ្ឋអំណាចចំនួន ២ ដែលដើរទន្ទឹមគ្នា ដោយមានការជួយឧបត្ថម្ភពីកម្លាំងប្រដាប់អាវុធផ្សេងៗគ្នា។ រដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA) ត្រូវបានអង្គការសហប្រជាជាតិ និងក្រុមប្រដាប់អាវុធទួរគីជួយឧបត្ថម្ភគាំទ្រ ហើយកំពុងប្រតិបត្តិការនៅទីក្រុងទ្រីប៉ូលី។ ក្នុងពេលនោះ កម្លាំងទ័ពជាតិលីបីស្វ័យប្រកាស (LNA) ជួយឧបត្ថម្ភរដ្ឋអំណាចនៅភាគខាងកើត ដែលត្រូវបានអារ៉ាប់រួមអេមីរ៉ាត (UAE) រុស្ស៊ី និងអេហ្ស៊ីបគាំទ្រ។ អំពើហឹង្សាបានកើនឡើងចាប់តាំងពីខែមេសាឆ្នាំ ២០១៩ ខណៈដែលលោកឧត្តមសេនីយ៍ Haftar បានចាប់ផ្ដើមយុទ្ធនាការយោធា សំដៅដណ្ដើមសិទ្ធិគ្រប់គ្រងទីក្រុង ទ្រីប៉ូលីពី GNA ។ រហូតដល់ខែកក្កដា ឆ្នាំ ២០២០ ភាពតានតឹងកាន់តែឡើងជណ្ដើរ ដែលមិនធ្លាប់មានតាំងពីមុន ខណៈដែលគ្រោះអាសន្នប្រឈមមុខយោធាដាក់គ្នារវាងទួរគី និងអេហ្ស៊ីបអាចកើតមានឡើង។

នាបច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភរបស់ទីក្រុងអង់ការ៉ានោះ GNA កំពុងពង្រីកការគ្រប់គ្រងនៅតំបន់ភាគពាយព្យ ដែលត្រូវបាន LNA កាន់កាប់កាលពីមុន ព្រមទាំងរុញថយក្រោយការវាយប្រហារ សំដៅដណ្តើមកាន់កាប់ទីក្រុង ទ្រីប៉ូលីរបស់ LNA ។ GNA ក៏បានប្រកាសថា នឹងវាយប្រហារ ហើយ ដណ្តើមការគ្រប់គ្រងតំបន់ Sirte (ច្រកផ្លូវទៅកាន់អណ្ដូងប្រេងនៅលីប៊ីខាងកើត) និងមូលដ្ឋានទ័ពអាកាស Jufra ។ មុននេះ ទូរគីបានបញ្ជូនកងទ័ពរាប់ពាន់នាក់ពីស៊ីរីទៅកាន់លីប៊ីដើម្បីជួយឧបត្ថម្ភ GNA ។ ទង្វើនេះបានធ្វើឲ្យមជ្ឈដ្ឋានមន្ត្រីទីក្រុង Cairo មានការព្រួយបារម្ភយ៉ាងខ្លាំង។

កាលពីថ្ងៃទី ២០ ខែកក្កដា កន្លងទៅ រដ្ឋសភាអេហ្ស៊ីបបានឯកភាពផ្ទេរសិទ្ធិឲ្យប្រធានាធិបតីក្នុងការប្រមូលកម្លាំងប្រដាប់អាវុធរបស់ប្រទេស ដើម្បីបំពេញភារកិច្ចប្រយុទ្ធនៅខាងក្រៅព្រំដែន សំដៅការពារសន្តិសុខជាតិ។ យោងតាមប្រធានាធិបតីអេហ្ស៊ីបថា ការធ្វើអន្តរាគមន៍របស់ប្រទេសនេះនៅលីបី គឺសំដៅការពារសន្តិសុខជាតិរបស់អេហ្ស៊ីប លីប៊ី និងតំបន់ទាំងមូល ជាពិសេសដើម្បីធានាសន្តិសុខនៅតំបន់ព្រំដែនខាងលិចរបស់ប្រទេសនេះ ព្រមទាំងរក្សាស្ថិរភាពនៅលីប៊ី។

ក្នុងពេលនោះ ក្រុមប្រឹក្សាសន្តិសុខជាតិទួរគី (MGK)បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្ររដ្ឋាភិបាលសាមគ្គីភាពជាតិលីប៊ី  (GNA) នៅទីក្រុងទ្រីប៉ូលី ដោយសន្យាថា "ប្រកៀកស្មាជាមួយប្រជាជនលីប៊ី ប្រឆាំងនឹងអំពើហឹង្សាទាំងអស់" ហើយទួរគីនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការចាំបាច់ឡើយ។

អំពាវនាវឱ្យបន្ធូស្រាលភាពតានតឹង

ពិតណាស់ថា ជម្លោះនៅលីប៊ីកាន់តែមានធ្ងន់ធ្ងរឡើង ដោយមានការចូលរួមពីកម្លាំងខាងក្រៅ។ ក្នុងបរិបទនេះតំណាងអង្គការសហប្រជាជាតិបានទាក់ទងជាមួយភាគីពាក់ព័ន្ធនានា ព្រោះថាសារមុនក៏ដូចជាក្រោយរបស់អង្គការសហប្រជាជាតិចំពោះបក្ខពួកទាំងអស់នៅលីប៊ី ទាំងក្នុង និងក្រៅប្រទេស គឺគ្មានដំណោះស្រាយយោធា ចំពោះវិបត្តិលីប៊ី ហើយគ្មានជំរើសណាមួយ ក្រៅពីដំណោះស្រាយនយោបាយឡើយ។

ក្នុងពេលនោះ ជាលើកដំបូងហើយ ដែលប្រទេសអឺរ៉ុបចំនូន ៣ គឺ អាល្លឺម៉ង់ បារាំង និងអ៊ីតាលី បានគំរាមដាក់ទណ្ឌកម្មដល់ភាគីពាក់ព័ន្ធនានានៅលីប៊ី ប្រសិនបើមានការរំលោភបំពានលើការដាក់ទណ្ឌកម្មលើសមុទ្រ ដីគោក ឬអាកាស។ ថ្នាក់ដឹកនាំអាល្លឺម៉ង់ បារាំង និងអ៊ីតាលីបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ នៅលីប៊ី ក៏ដូចជាកម្លាំងបរទេស ត្រូវបញ្ឈប់ការប្រយុទ្ធគ្នាភ្លាមមួយរំពេច ហើយបញ្ចប់ស្ថានភាពឡើងជណ្ដើរយោធានាបច្ចុប្បន្ន។

រុស្ស៊ីបានអំពាវនាវឱ្យឈប់បាញ់ភ្លាមមួយរំពេច ហើយព្យួររាល់សកម្មភាពប្រយុទ្ធគ្នានៅលីប៊ី ដើម្បី ចាប់ផ្តើមការសន្ទនានយោបាយថ្នាក់ជាតិ សំដៅបញ្ចប់វិបត្តិនេះ។

អស់រយៈពេល ៩ ឆ្នាំកន្លងទៅ ស្ថានភាពនៅលីប៊ីនៅតែមានភាពច្របូកច្របល់។  ហើយភាពតានតឹងកាន់តែកើនឡើង ក្នុងខែកក្កដានេះ។ ទោះយ៉ាងណាក៏ដោយ ភាគីទាក់ទិននានាសុទ្ធតែបានអះអាងថា ដំណោះស្រាយដោយសន្តិវិធីគឺចាំបាច់ណាស់ ដើម្បីដោះស្រាយជម្លោះនៅលីប៊ី។ ប៉ុន្តែ ទោះជាប្រជាជនទន្ទឹងរង់ចាំដំណោះស្រាយក៏ដោយ ប៉ុន្តែកម្លាំង ខាងក្រៅប្រទេសនៅតែ ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ