មោទនភាពចំពោះដំណើរនៃការផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍ

(VOVWORLD) - ដោយមានការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការស្រុះចិត្តគំនិតរបស់បក្សទាំងមូល ប្រជាជនទាំងមូល ក្រោយរយៈពេលជាង ៣៥ ឆ្នាំអនុវត្តន៍បុព្វហេតុ ផ្លាស់ប្ដូរថ្មី (ចាប់តាំងពីឆ្នាំ ១៩៨៦ មក) វៀតណាមសម្រេចបានសមិទ្ធិផលធំធេង និងលេចធ្លោជាច្រើនលើគ្រប់វិស័យ ពីសេដ្ឋកិច្ច នយោបាយ កិច្ចការបរទេស សន្តិសុខ-ការពារជាតិ វប្បធម៌-សង្គម ជាដើមហើយឋានៈនិងកម្លាំងពលំរបស់ប្រទេសជាតិត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយជាបុព្វបទដ៏សំខាន់ដើម្បីឲ្យវៀតណាមបន្តបោះជំហានយ៉ាងរឹងមាំលើមាគ៌ាដែលបានជ្រើសរើស។
មោទនភាពចំពោះដំណើរនៃការផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍ - ảnh 1ក្រោយរយៈពេលជាង ៣៥ ឆ្នាំអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មី  វៀតណាមសម្រេចបានសមិទ្ធិផលធំធេង និងលេចធ្លោជាច្រើនលើគ្រប់វិស័យ។ 

ទិដ្ឋភាពទូទៅអំពីវៀតណាមរបស់ធនាគារពិភពលោកប្រចាំវៀតណាម (កំណែជាភាសាវៀតណាម) ដែលធ្វើបច្ចុប្បន្នភាពដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ បានវាយតម្លៃថា៖ “វៀតណាមគឺជារឿងរ៉ាវមួយស្ដីពីការអភិវឌ្ឍប្រកបដោយជោគជ័យ។ កំណែទម្រង់សេដ្ឋកិច្ចចាប់តាំងពីឆ្នាំ ១៩៨៦ គួបផ្សំជាមួយនឹងនិន្នាការសកលដ៏អំណោយផល បានជួយវៀតណាមមានការរីកចម្រើនយ៉ាងឆាប់រហ័សពីប្រទេសក្រីក្របំផុតមួយលើពិភពលោក ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក្នុងរយៈពេលតែមួយជំនាន់ប៉ុណ្ណោះ”។

ឋានៈនិងកម្លាំងពលំថ្មីរបស់វៀតណាម

ត្រូវហើយ! ក្រោយរយៈពេលជាង ៣៥ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ឋានៈនិងកម្លាំងពលំរបស់វៀតណាមត្រូវបានលើកដល់កំពស់ថ្មី។ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ បានអះអាងថា វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេង មានអត្ថន័យប្រវត្តិសាស្ត្រ ការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងទូលំទូលាយបើធៀបនឹងឆ្នាំមុនៗនៃសម័យផ្លាស់ប្ដូរថ្មី។

ពីប្រទេសក្រីក្រ និងដើរថយក្រោយ វៀតណាមបានឈានឡើងដល់ក្រុមប្រទេសចំនួន៤០ ដែលមានទំហំសេដ្ឋកិច្ចធំជាងគេលើពិភពលោក; ស្ថិតនៅក្នុងចំណោមប្រទេសទាំង២០ ដែលមានទំហំពាណិជ្ជកម្មធំបំផុតលើពិភពលោក ដោយមានទំហំនាំចូល-នាំចេញក្នុងឆ្នាំ ២០២១ សម្រេចបានជិត ៦៧០ ពាន់លានដុល្លារអាមេរិក; GDP ក្នុងមនុស្សម្នាក់ ប្រហែល ៣.៨០០ ដុល្លារអាមេរិក កើនឡើង ៤៤ ដងបើធៀបនឹងកម្រិត ៨៦ ដុល្លារនៅឆ្នាំ១៩៨៨។ ពីឋានៈនៃប្រទេសមួយដែលទទួលរងការហ៊ុំព័ទ្ធ វៀតណាមសព្វថ្ងៃនេះ មានទំនាក់ទំនងការទូតជាមួយប្រទេសនិងតំបន់ដែនដីចំនួន ១៨៩ ដែលក្នុងនោះ បានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន៣០ ភាគច្រើនជាប្រទេសដែលមានតួនាទី និងឋានៈដ៏សំខាន់នៅលើពិភពលោក។ ប្រទេសជាច្រើនបានចាត់ទុកវៀតណាមជាអាទិភាពស្នូលក្នុងគោលនយោបាយតំបន់របស់គេ។

ទន្ទឹមនឹងនោះ វៀតណាមបានបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូជាង ២២០; មានទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិជាង ៥០០; បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាង ៩០ កិច្ចព្រមព្រៀងជំរុញនិងការពារវិនិយោគជិត ៦០; ចរចា ចុះហត្ថលេខា និងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧។ វៀតណាមក៏បានចូលរួម និងចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិពហុភាគីជាង ៨០ ក្លាយជាសមាជិកនៃអង្គការ និងវេទិកាពហុភាគីតំបន់ និងសកលលោកជាង ៧០។ គួរឲ្យកត់សម្គាល់ថា វៀតណាមបានជាប់ឆ្នោតជាច្រើនលើក ក្នុងអង្គការអន្តរជាតិ ស្ថាប័ន និងយន្តការអន្តរជាតិនានា ដូចជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (២ អាណត្តិ) មហាសន្និបាត UNESCO ក្រុមប្រឹក្សាសិទ្ធិមនុស្ស ហើយទទួលរៀបចំសន្និសីទអន្តរជាតិធំៗជាច្រើនលើក ដូចជា APEC, ASEAN, ASEM, Francophonie។ លើសពីនេះទៅទៀត វៀតណាមក៏បានចូលរួមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងកោតសរសើរផងដែរ។

មោទនភាពចំពោះដំណើរនៃការផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍ - ảnh 2ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh។

ដោយសង្ខេបពីឋានៈនិងកម្លាំងពលំថ្មីរបស់វៀតណាមក្នុងដំណើរនៃការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ និងធ្វើសមាហរណកម្មក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមក ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh បានអះអាងដោយមោទនភាពថា៖

“វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេង មានអត្ថន័យប្រវត្តិសាស្ត្រ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ទូលំទូលាយ សន្សំបាននិងពង្រឹងទាំងឋានៈនិងកម្លាំងយ៉ាងជាក់ស្ដែង កិត្យានុភាពកាន់តែកើនឡើង លើឆាកអន្តរជាតិ ដែលបានបង្កើតបុព្វបទសំខាន់ៗ និងឋានៈអំណោយផលសម្រាប់ការអភិវឌ្ឍ។ ទំហំ និងកម្រិតនៃសេដ្ឋកិច្ចត្រូវបានលើកកំពស់។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ គួរឲ្យកត់សម្គាល់ ទាំងខាងសម្ភារៈ និងខាងស្មារតី។ ស្ថិរភាពនយោបាយសង្គមត្រូវបានធានាដោយឈរ លើមូលដ្ឋាននៃការពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិទាំងមូល ក្រោមការដឹកនាំរបស់បក្ស។ ការពារជាតិ-សន្តិសុខត្រូវបានរក្សា និងពង្រឹងយ៉ាងរឹងមាំ។ ប្រទេសជាតិធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសង្គមអន្តរជាតិ ជាសមាជិកដ៏សកម្ម និងមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ”។

អនាគតភ្លឺស្វាង

ជាមួយនឹងសមិទ្ធិផលដ៏ធំធេងក្នុងដំណើរនៃការផ្លាស់ប្ដូរថ្មី អគ្គលេខាបក្សលោក Nguyen Phu Trong បានបញ្ជាក់ម្តងហើយម្តងទៀតថា វៀតណាមមិនធ្លាប់មានបុព្វហេតុ សក្តានុពល ឋានៈ និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះឡើយ។ ក្នុងពេលជាមួយគ្នានោះ អង្គការ ស្ថាប័ន និងយន្តការអន្តរជាតិជាច្រើនក៏បានចាត់ទុកថា វៀតណាមបានបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍដ៏ខ្លាំងក្លានិងប្រកបដោយស្ថិរភាពនាពេលអនាគត។ យោងតាមធនាគារពិភពលោក (WB) វៀតណាមបច្ចុប្បន្ន ជាប្រទេសមួយក្នុងចំណោមប្រទេសដ៏ស្វាហាប់បំផុតនៅអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក។ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែរ WB ក៏បានចាត់ថា អាស្រ័យលើគ្រឹះស្ថានដ៏រឹងមាំ ភាពធន់ល្អ សក្ដានុពលនៃកំណើនរបស់វៀតណាម គឺមានសុទិដ្ឋិនិយមខ្លាំង សូម្បីតែ អាចស្ដារឡើងវិញនូវល្បឿនកំណើនដ៏អព្ភូតហេតុ ដូចដែលធ្លាប់សម្រេចបានមុនពេលផ្ទុះជំងឺរាតត្បាត ដោយស្ថិតនៅក្នុងចន្លោះពី ៦ ដល់ ៧% ចាប់តាំងពីឆ្នាំ ២០២២ តទៅ។ ក្នុងពេជាមួយ

គ្នានោះ គេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg (សហរដ្ឋអាមេរិក) នាពេលថ្មីៗនេះ បានបង្ហោះអត្ថបទមួយក្រោមចំណងជើងថា "វៀតណាមអាចក្លាយជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មបន្ទាប់របស់អាស៊ី"។

រាល់ការវិភាគ ការវាយតម្លៃ និងការធ្វើអត្ថាធិប្បាយដោយសត្យានុម័ត វិទ្យាសាស្ត្រ និងជាក់ស្តែងរបស់អង្គការ ស្ថាប័ន និងយន្តការអន្តរជាតិល្បីល្បាញ អំពីអនាគតដ៏ភ្លឺស្វាងរបស់វៀតណាម គឺជាការបញ្ជាក់ឡើងវិញនូវភាពត្រឹមត្រូវយុទ្ធសាស្ត្រនៃស្មារតីនិងទិសដៅផ្លាស់ប្ដូរថ្មីផង ព្រមទាំងជាកម្លាំងចលករដ៏សំខាន់សម្រាប់វៀតណាមដើម្បីបន្តជឿជាក់បោះជំហានដ៏រឹងមាំលើមាគ៌ាដែលបានជ្រើសរើសនោះ គឺមាគ៌ាឈានឡើងសង្គមនិយម។ នាពេលខាងមុខនេះ គឺត្រូវសម្រេចឲ្យបាននូវគោលដៅជាក់លាក់ដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣ របស់បក្ស បានដាក់ចេញ ពោលគឺនៅឆ្នាំ២០២៥ ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដោយមានឧស្សាហ៍កម្មតាមទិសទំនើប លើសពីកម្រិតប្រាក់ចំណូលមធ្យមកម្រិតទាប; នៅឆ្នាំ ២០៣០ ជាប្រទេសកំពុងអភិវឌ្ឍន៍ដោយមានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ហើយនៅឆ្នាំ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ