មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមបន្តជំរុញសមភាពយេនឌ័រ

(VOVWORLD) - ដោយមានការខិតខំប្រឹងប្រែងក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនអំពីការងារសមភាពយេនឌ័រ ដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលបានអនុវត្តន៍ល្អបំផុតនូវគោលដៅលេខ ៥ ស្តីពីការជំរុញសមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី និងកុមារីទាំងអស់ ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ រាល់សមិទ្ធិផលដែលសម្រេចបាន បានក្លាយទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ហើយជាកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់វៀតណាមបន្តអនុវត្តន៍រាល់គោលដៅស្ដីពីសមភាពយេនឌ័រ ក៏ដូចជារួមចំណែកសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ ផងដែរ។
មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមបន្តជំរុញសមភាពយេនឌ័រ - ảnh 1(រូបថត៖ VNA)

មូលដ្ឋានគ្រឹះដ៏រឹងមាំ

យោងតាមរបាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ ២០២០ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានឲ្យដឹងថា សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) របស់វៀតណាមគឺ ០,៧០៤ កើនឡើង ១ កាំ បើប្រៀបធៀបនឹងឆ្នាំមុន និងជាប់ចំណាត់ថ្នាក់លេខ ១១៧/១៨៩ ក្នុងចំណោមប្រទេស និងតំបន់ដែនដី ហើយនេះគឺជាលើកទីមួយហើយ ដែលវៀតណាមបានស្ថិតក្នុងក្រុមប្រទេស ដែលមានសន្ទស្សន៍ HDI ខ្ពស់។ ទន្ទឹមនឹងនោះ វិសមភាពអំពីប្រាក់ចំណូល (១៩,១%) និងមេគុណ Gini (៣៥,៧) គឺជារង្វាស់វិសមភាពរបស់វៀតណាមស្ថិតក្នុងក្រុមប្រទេសទាបបំផុតក្នុងចំណោមប្រទេសដែលបានប្រៀបធៀបក្នុងឆ្នាំ ២០១៩។ នេះគឺជាសមិទ្ធិផលដែលមិនមែនប្រទេសណាដែលមានចំណូលមធ្យមកម្រិតទាបទាំងអស់អាចសម្រេចបានឡើយ។

លទ្ធផលសមភាពយេនឌ័រក៏ត្រូវបានបង្ហាញក្នុងទិដ្ឋភាពនៃការកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងវិស័យសេដ្ឋកិច្ច ការងារ ការលើកកម្ពស់សិទ្ធិអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រី បង្កើនលទ្ធភាពអភិក្រមរបស់ស្ត្រីក្រីក្រ នៅជនបទ ស្ត្រីជនជាតិភាគតិចចំពោះប្រភពកម្លាំងសេដ្ឋកិច្ច ទីផ្សារការងារ និងផ្ដោតសំខាន់លើការអភិវឌ្ឍប្រភពធនធានមនុស្សជាស្ត្រីប្រកបដោយគុណភាពខ្ពស់។

គួរកត់សម្គាល់ថា ក្នុងដំណាក់កាល ២០១១-២០២០ ខ្លឹមសារសមភាពយេនឌ័រត្រូវបានបំពេញបន្ថែម ឬដាក់បញ្ជូលទៅក្នុងឯកសារច្បាប់សំខាន់ៗជាច្រើនរបស់វៀតណាម ដូចជារដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ច្បាប់ភូមិបាលឆ្នាំ ២០១៣ ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារធ្វើវិសោធនកម្មឆ្នាំ ២០១៤  ច្បាប់ស្តីពីការចេញផ្សាយឯកសារច្បាប់ឆ្នាំ២០១៥ ក្រមច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥ ក្រមច្បាប់រដ្ឋប្បវេណីធ្វើវិសោធនកម្ម ក្រមច្បាប់ការងារឆ្នាំ ២០១៩។ ក្រៅពីនេះ មានគោលនយោបាយដែលមានលក្ខណៈលោតផ្លោះជាច្រើនទៀតផង។ សមិទ្ធិផលនេះបានបង្ហាញពីការប្តេជ្ញាចិត្តនយោបាយយ៉ាងខ្លាំងក្លារបស់បក្ស និងរដ្ឋវៀតណាមស្ដីពីសមភាពយេនឌ័រ និងវឌ្ឍនភាពក្នុងការងារនីតិបញ្ញត្តិនាពេលបច្ចុប្បន្ន និងអនាគត។

ដោយមានការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រសមភាពយេនឌ័រ វៀតណាមទទួលបានលទ្ធផលគួរឲ្យលើកទឹកចិត្តជាច្រើន រួមចំណែកកាត់បន្ថយគម្លាតយេនឌ័រលើគ្រប់វិស័យ បង្កលក្ខណៈងាយស្រួលដល់ស្ត្រីរួមចំណែកជាវិជ្ជមានទៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។

បន្តបង្រួញគម្លាតយេនឌ័រ

ដើម្បីបន្តបង្រួញគម្លាតយេនឌ័រ នាថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២១ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រដំណាក់កាល ២០២១-២០៣០ ដោយបន្តបង្កលក្ខណៈងាយស្រួល និងឱកាសដល់ស្ត្រី និងបុរសឲ្យចូលរួម និងទទួលបានសិទ្ធិសមភាពលើគ្រប់វិស័យនៃជីវភាពសង្គម រួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព។ គោលដៅជាក់លាក់ចំនួន ៦ នៃយុទ្ធសាស្រ្តត្រូវបានកំណត់នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការងារ ក្នុងជីវភាពគ្រួសារ និងការទប់ស្កាត់ ឆ្លើយតបនឹងអំពើហិង្សាផ្អែកលើមូលដ្ឋានយេនឌ័រ លើវិស័យសុខាភិបាល ការអប់រំ បណ្តុះបណ្តាល វិស័ព័ត៌មាន និងផ្សព្វផ្សាយ។

វៀតណាមក៏បានចេញផ្សាយផែនការអនុវត្តន៍យុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រផងដែរ។ ផែនការនេះរួមមានការពង្រឹងការដឹកនាំ របស់គណៈកម្មាធិការ បក្សគ្រប់លំដាប់ថ្នាក់ ការទទួលខុសត្រូវគ្រប់គ្រងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការលើកកម្ពស់ការយល់ដឹង ការអនុវត្ត និងសុក្រិតរបៀបរបបស្ដីពីសមភាពយេនឌ័រលើវិស័យពាក់ព័ន្ធនានា។ ទន្ទឹមនឹងនោះគឺកសាង និងអនុវត្តន៍រាល់កម្មវិធី សំដៅជំរុញការអនុវត្តសមភាពយេនឌ័រ និងទប់ស្កាត់ ឆ្លើយតបទៅនឹងអំពើហិង្សាផ្អែកលើមូលដ្ឋានយេនឌ័រ ជំរុញការងារ ព័ត៌មាន ការផ្សព្វផ្សាយ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈអំពីសមភាពយេនឌ័រ។ ពង្រឹងសមត្ថភាពរបស់ក្បាលម៉ាស៊ីនគ្រប់គ្រងរដ្ឋស្ដីពីសមភាពយេនឌ័រនៅគ្រប់កម្រិត។

ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋ ការកសាង និងចេញផ្សាយច្រករបៀងគតិយុត្តយ៉ាងពេញលេញ ចាប់ពីរដ្ឋធម្មនុញ្ញ និងច្បាប់ រហូតដល់ការរួមបញ្ចូលគោលដៅសមភាពយេនឌ័រក្នុងយន្តការ និងគោលនយោបាយអភិវឌ្ឍន៍បានជួយសម្រួលដល់ស្ត្រីក្នុងការចូលរួមកសាងប្រទេសជាតិ អភិវឌ្ឍន៍ខ្លួនឯង និងជំរុញគោលដៅសមភាពយេនឌ័រនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ