រួមចំណែកទៅក្នុងតម្លៃរួមរបស់មនុស្សលោកអំពីសិទ្ធិមនុស្ស

(VOVWORLD) - ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែមករា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែល ប្រទេសស្វីស គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋ មន្រ្តីការបរទេសលោក Le Hoai Trung បានចូលរួមកិច្ចសន្ទនាអំពីរបាយការណ៍ ជាតិរបស់វៀតណាមតាមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្ដទី៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប)។ នៅទីនេះ វៀតណាមបានសរបញ្ជាក់អោយឃើញនូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីរួមចំណែកទៅក្នុងតម្លៃរួមរបស់មនុស្សលោកអំពីសិទ្ធិមនុស្ស។
រួមចំណែកទៅក្នុងតម្លៃរួមរបស់មនុស្សលោកអំពីសិទ្ធិមនុស្ស - ảnh 1គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋ មន្រ្តីការបរទេសលោក Le Hoai Trung បានចូលរួមកិច្ចសន្ទនាអំពីរបាយការណ៍ ជាតិរបស់វៀតណាមតាមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្ដទី៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ TTXVN) 

ដោយការត្រៀមរៀបចំរបាយការណ៍ជាតិ UPR យ៉ាងម៉ឹងម៉ាត់និងគ្រប់គ្រាន់ វៀតណាមបានបង្ហាញថា ខ្លួនជាសមាជិកមានការទទួលខុសត្រូវនៃអ.ស.ប ដោយមានគោលនយោបាយដ៏ឥតងាករេ ការខិតខំប្រឹងប្រែងនិងសមិទ្ធផលក្នុងកិច្ចការពារនិងជំរុញសិទ្ធិមនុស្ស។ នៅកិច្ចសន្ទនានេះ វៀតណាមក៏បានបង្កើនការសន្ទនាជាមួយដៃគូនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្ស ហើយរួមចំណែកទៅក្នុងតម្លៃរួមរបស់មនុស្សលោកអំពីសិទ្ធិមនុស្សផងដែរ។

       ការទទួលខុសត្រូវនិងការខិតខំប្រឹងប្រែងដើម្បីការពារសិទ្ធិមនុស្ស

        របាយការណ៍ជាតិ UPR វដ្ដទី៣ បានឆ្លុះបញ្ចាំងយ៉ាងទូទៅនូវកិច្ចការធានាសិទ្ធិមនុស្សនៅវៀត ណាម គិតចាប់តាំងពីការត្រួតពិនិត្យលើកមុន ព្រមទាំងធ្វើបច្ចុប្បន្នកម្មច្បាប់និងគោលនយោបាយទាក់ទិនដល់សិទ្ធិមនុស្ស ផ្ដល់ព័ត៌មានស្ដីពីលទ្ធផលនៃការធានាសិទ្ធិមនុស្ស ក៏ដូចជាត្រួតពិនិត្យឡើងវិញចំពោះការអនុវត្តរាល់អនុសាសន៍ដែលវៀតណាមបានទទួលយកនៅវដ្ដទី២ ផងដែរ។

        តាមរបាយការណ៍ជាតិ UPR វដ្ដទី៣របស់វៀតណាមអោយដឹងថា គិតដល់ខែតុលាឆ្នាំ២០១៨ វៀតណាមអនុវត្តន៍បាននូវអនុសាសន៍ចំនួន១៧៥ក្នុងចំណោមអនុសាសន៍ទាំង១៨២ដែលខ្លួនបានទទួលយកនៅវដ្ដទី២ (ពោលគឺស្រូបយក៩៦,២%)។ អនុសាសន៍នៅសេសសល់ទាំង៧នោះ កំពុងត្រូវបានអនុវត្តន៍ឬពិចារណាអនុវត្តន៍នាពេលសមស្រប។ សមិទ្ធផលលេចធ្លោរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សគឺការអនុម័តលើរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ធ្វើវិសោធនកម្មនិងចេញផ្សាយថ្មីឯកសារច្បាប់ចំនួន៩០ដែលពាក់ព័ន្ធដល់ការធានាសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ។ ក្នុងរយៈពេលច្រើនឆ្នាំជាបន្តបន្ទាប់ វៀតណាមរក្សាបាននូវកំណើនសេដ្ឋកិច្ចជាង៦% ខណៈដែលនៅតែផ្ដោតទៅលើការអភិវឌ្ឍសង្គម ហើយកាត់បន្ថយអត្រាក្រីក្រចុះនៅត្រឹម៥,២%ក្នុងឆ្នាំ២០១៦ប៉ុណ្ណោះ។ សិទ្ធិអប់រំ សុខាភិបាល និងផ្ទះសម្បែង សុទ្ធតែបានកែលម្អយ៉ាងខ្លាំងក្លាផងដែរ។ វៀតណាមបានសម្រេចរួចរាល់ការអប់រំថ្នាក់មត្តេយ្យសិក្សានិងបឋមសិក្សាជាសកល។ សិទ្ធិសមភាពភេទ ទទួលបានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយអត្រាសមាជិកាក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ស្រូបយកប្រមាណ២៧% ដែលជាអត្រាដ៏ខ្ពស់បើធៀបនឹងប្រទេសនានាក្នុងតំបន់។ ជីវភាពខាងជំនឿសាសនាបានអភិវឌ្ឍន៍កាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ ដោយចំនួនប្រជាជនជាង៩៥%មានជីវភាពខាងជំនឿសាសនា ហើយពិធីបុណ្យជំនឿសាសនាចំនួនរាប់ពាន់បានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាអ្នកប្រើប្រាស់អ៊ីនធឺណិតកើនឡើងយ៉ាងឆាប់រហ័សបំផុតលើពិភពលោក ដោយមានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន៥០លាននាក់។

       ការរួមចំណែកទៅក្នុងតម្លៃរួមរបស់មនុស្សលោកអំពីសិទ្ធិមនុស្ស

        រួមជាមួយសមិទ្ធផលពោលខាងលើ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសកម្មទៅក្នុងតម្លៃរួមនិងភាពជឿនលឿនរបស់មនុស្សលោកអំពីសិទ្ធិមនុស្ស។ វៀតណាមចូលរួមយ៉ាងសកម្មក្នុងវេទិកាទាក់ទិនដល់សិទ្ធិមនុស្សរបស់អ.ស.ប អាស៊ាននិងយន្តការផ្សេងៗទៀត។ នៅវេទិកាទាំងនេះ វៀតណាមបានលើកឡើងគំនិតផ្ដួចផ្ដើមជាច្រើនស្ដីពីសិទ្ធិមនុស្ស ជាពិសេសគឺទាក់ទិនដល់ការធានាសិទ្ធិរបស់នារី កុមារ ជនពិការ ជនរងផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ ជាដើម។ ក្នុងឆ្នាំ២០១៦និងឆ្នាំ២០១៨ វៀតណាមបានធ្វើជាអធិបតីដោយដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអនុម័តលើសេចក្ដីសម្រេចចិត្តចំនួន២ស្ដីពីផលប៉ះពាល់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិកុមារនិងសិទ្ធិនារី។ វៀតណាមជានិច្ចកាលអនុវត្តន៍យ៉ាងហ្មត់ចត់នូវការសន្យាអន្តរជាតិនានាស្ដីពីសិទ្ធិមនុស្ស ដែលក្នុងនោះមានការអនុវត្ត ៧/៩ អនុសញ្ញាអន្តរជាតិជាសារវ័ន្តស្ដីពីសិទ្ធិមនុស្សដែលវៀតណាមជាសមាជិក ក៏ដូចជាការសន្យាតាមយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់អ.ស.ប ផងដែរ។

        នាពេលខាងមុខ ដើម្បីធានាសិទ្ធិអោយបានល្អបំផុតចំពោះប្រជាជនគ្រប់រូប វៀតណាមនឹងខិតខំប្រឹងប្រែងសុក្រិតនីតិរដ្ឋ ពង្រឹងគ្រឹះស្ថានគតិយុត្ត និងគោលនយោបាយទាក់ទិនដល់កិច្ចការពារនិងជំរុញសិទ្ធិមនុស្ស។ ក្នុងនោះ វៀតណាមនឹងបន្តជំរុញការអនុវត្តគោលនយោបាយ “រដ្ឋាភិបាលស្ថាបនាដើម្បីប្រជាជន”។

        ទន្ទឹមនឹងនោះ វៀតណាមនឹងបន្តគាំទ្រកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការលើវិស័យសិទ្ធិមនុស្ស រួមជាមួយប្រទេសដទៃលើពិភពលោក រួមចំណែកទៅក្នុងតម្លៃរួមរបស់មនុស្សលោកអំពីសិទ្ធិមនុស្ស ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ