រុស្ស៊ីដកខ្លួនចេញពីយន្តការអធិការកិច្ចក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារជាយុទ្ធសាស្ត្រថ្មីជាមួយអាមេរិក

(VOVWORLD) - ប្រទេសរុស្ស៊ីទើបតែបានសម្រេចចិត្តដកមូលដ្ឋានរបស់ខ្លួនចេញពីសកម្មភាពអធិការកិច្ចជាបណ្តោះអាសន្នក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារជាយុទ្ធសាស្ត្រ (START) ដោយសារតែករណីវិសមភាពក្នុងការអនុវត្ត។ ប្រការនេះធ្វើឱ្យការពន្យាពេលសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារជាយុទ្ធសាស្ត្រថ្មី (New START ឬហៅម្យ៉ាងទៀតថា START ៣) កាន់តែជួបការលំបាក ហើយប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខសកល។

រុស្ស៊ីដកខ្លួនចេញពីយន្តការអធិការកិច្ចក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារជាយុទ្ធសាស្ត្រថ្មីជាមួយអាមេរិក - ảnh 1រថយន្តបាញ់គ្រាប់មីស៊ីលផ្លោងរបស់រុស្ស៊ី។ (រូបថត៖ Getty Images)

កាលពីថ្ងៃទី១០ ខែសីហា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសនេះបានជូនដំណឹងជាផ្លូវការដល់សហរដ្ឋអាមេរិកតាមរយៈបណ្តាញការទូតអំពីការសម្រេចចិត្តខាងលើ។ ក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូត្រូវបង្ខំឲ្យចាត់វិធានការនេះ ដោយសារតែទីក្រុងវ៉ាស៊ីនតោនចង់ចាប់ផ្តើមសកម្មភាពអធិការកិច្ចឡើងវិញ ដោយមិនគិតពីស្ថានភាពបច្ចុប្បន្នដែលកំពុងបង្កើតប្រៀបលើគេដោយឯកតោភាគីសម្រាប់សហរដ្ឋអាមេរិក។

ការចរចាលើសន្ធិសញ្ញា START ថ្មីមិនមានវឌ្ឍនភាពទេ

វិសមភាពដែលរុស្ស៊ីនិយាយដល់គឺ ការដែលអធិការរុស្ស៊ីមិនអាចហោះហើរឆ្លងកាត់ដែនដីអឺរ៉ុបឡើយ ដោយសារតែការរឹតត្បិតទិដ្ឋាការក៏ដូចជាចំពោះយន្តហោះរុស្ស៊ី។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី សកម្មភាពអធិការកិច្ចនឹងត្រូវបានបន្តឡើងវិញក្នុងករណីដែលគោលការណ៍ស្មើរគ្នានិងសមភាពត្រូវបានស្តារឡើងវិញ។ ទីក្រុងមូស្គូបានចាត់ទុកថា "ទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងរុស្ស៊ី" ដែលដាក់ដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដូចជាការរឹតត្បិតទិដ្ឋាការទៅលើអធិការរុស្ស៊ី និងបទហាមឃាត់យន្តហោះរុស្ស៊ីនៅក្នុងដែនអាកាសអាមេរិកនិងសហភាពអឺរ៉ុប។ វិធានការរឹតត្បិតទាំងនេះធ្វើឱ្យរុស្ស៊ីមិនអាចដំណើរការអធិការកិច្ចលើដែនដីអាមេរិកក្រោមសន្ធិសញ្ញាបានឡើយ។

មុននោះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានសម្តែងការសង្ស័យលើសំណើរបស់សហរដ្ឋអាមេរិក ស្ដីពីការចរចាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មី ដើម្បីជំនួសសន្ធិសញ្ញា New START។ កាលពីថ្ងៃទី ១ ខែសីហា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងនៅមុនថ្ងៃបើកសន្និសីទប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនោះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយរុស្ស៊ីអំពីកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មីមួយដើម្បីជំនួសឲ្យ New START ហើយទាមទារឱ្យទីក្រុងម៉ូស្គូត្រូវបង្ហាញពី "សុឆន្ទៈសម្របសម្រួល"។

ប៉ះពាល់ដល់ការរក្សាសន្តិសុខនិងស្ថិរភាពអន្តរជាតិ

សន្ធិសញ្ញា New START ដែលបានរុស្ស៊ីនិងអាមេរិកចុះហត្ថលេខាកាលពីឆ្នាំ ២០១០ ហើយចូលជាធរមានរយៈពេល ១០ ឆ្នាំចាប់ពីឆ្នាំ ២០១១។ នេះគឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធតែមួយគត់ដែលនៅសេសសល់រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញាចំនួនពីរស្ដីពីការលុបបំបាត់មីស៊ីលរយៈចម្ងាយមធ្យមនិងរយៈចម្ងាយខ្លី (INF) និងការបើកចំហផ្ទៃមេឃ។ នៅដើមឆ្នាំ ២០២១ មិនយូរប៉ុន្មានបន្ទាប់ពីចូលកាន់តំណែង ប្រធានាធិបតីអាមេរិក លោក Joe Biden បានពន្យាពេលឯកសារនេះរយៈពេល ៥ ឆ្នាំទៀតរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបញ្ច្រាសគោលនយោបាយរបស់អ្នកកាន់តំណែងមុន។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងរុស្ស៊ីមានភាពតានតឹង ដែលបណ្តាលឱ្យការចរចាលើកិច្ចព្រមព្រៀងជំនួសឲ្យNew START មិនសម្រេចបានវឌ្ឍនភាពទាល់តែសោះ។

នាពេលថ្មីៗនេះ រុស្ស៊ីបានព្រមានជាច្រើនលើកច្រើនសាថា គ្មានកិច្ចព្រមព្រៀងណាមួយដើម្បីជំនួសឲ្យ New START នឹងធ្វើឱ្យសន្តិសុខសកលប្រឈមនឹងហានិភ័យ សូម្បីតែអាចបង្កឱ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរថ្មី។ អ្នកវិភាគជាច្រើនក៏និយាយដែរថា មិនអាចទាយទុកជាមុនបានពីវិសាលភាពអស្ថិរភាពដែលអវត្តមាននៃ New START បង្កឡើងដល់សន្តិសុខអន្តរជាតិនិយាយរួម ព្រមទាំងបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសន្ធិសញ្ញាអន្តរជាតិស្ដីពីអាវុធនុយក្លេអ៊ែរទាំងមូល រួមទាំងសន្ធិសញ្ញាហាមឃាត់ការសាកល្បងគ្រប់ជ្រុងជ្រោយ និងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

នៅអាស៊ី ក្នុងករណីដែលចិនចូលរួមក្នុងការរត់ប្រណាំងប្រដាប់អាវុធយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក មហាអំណាចផ្សេងៗទៀតដូចជាជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលីអាចជ្រើសរើសធ្វើការសម្រេចចិត្តដោយឯករាជ្យក្នុងវិស័យសន្តិសុខយុទ្ធសាស្ត្រ។ ការពង្រឹងកម្លាំងយុទ្ធសាស្ត្ររបស់ចិន ជាពិសេសក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីកំពុងអាក្រក់ទៅនាពេលថ្មីៗនេះ ប្រាកដថានឹងញុះញង់ឲ្យមានការឆ្លើយតបពីឥណ្ឌា... ការវិវឌ្ឍន៍ទាំងអស់នេះអាចបង្កឡើងការរត់ប្រណាំងប្រដាប់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លើសពីនេះទៅទៀត ការបញ្ឈប់ឬការផ្អាក New START នឹងមានន័យថា យន្តការចាប់បង្ខំគតិយុត្តតែមួយគត់ដែលគ្រប់គ្រងគ្នាទៅវិញទៅមកនឹងបាត់បង់ទៅ។ បើគ្មានយន្តការបែបនេះទេ ការសន្ទនាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនឹងជួបប្រទះនឹងការថយក្រោយគួរឱ្យកត់សម្គាល់។ ប្រការនេះមានន័យថា មិនត្រឹមតែរុស្ស៊ីនិងអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែប្រទេសណាមួយផ្សេងទៀត ដែលមានបំណងចង់ចរចាលើការកំណត់ឬកាត់បន្ថយអាវុធនុយក្លេអ៊ែរ នឹងត្រូវតែចាប់ផ្តើមឡើងវិញតាំងពីដំបូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ