លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang៖ ទំនាក់ទំនងវៀតណាម-កម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ

(VOVWORLD) - ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងពេលពីរថ្ងៃ នាថ្ងៃទី ២១ និង ២២ ខែធ្នូ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc បានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់អំពីទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាមនិងកម្ពុជា ហើយបន្តបង្ហាញពីការប្តេជ្ញាចិត្តសហការយ៉ាងស្អិតរមួត ដើម្បីបន្តពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងវៀតណាមនិងកម្ពុជានាពេលខាងមុខ។ ក្នុងឱកាសនេះ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរាជធានីភ្នំពេញ បានសម្ភាសន៍ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang អំពីបរិបទនិងអត្ថន័យសំខាន់ៗនៃដំណើរទស្សនកិច្ចក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang៖ ទំនាក់ទំនងវៀតណាម-កម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ - ảnh 1ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Nguyen Huy Tang 
 

អ្នកយកព័ត៌មាន: សូមគោរពលោកឯកអគ្គរដ្ឋទូត! តើដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc នឹងនាំមកជូននូវខ្លឹមសារអ្វីខ្លះ? ហើយដំណើរទស្សនកិច្ចនេះនឹងផ្តោតលើបញ្ហាអ្វី?

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang៖ បាទ! តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម បន្ទាប់ពីមហាសន្និបាតបក្សលើកទី១៣;  បន្ទាប់ពីការបោះឆ្នោតរដ្ឋសភានីតិកាលទី១៤ និងក្រោយពីការផ្ទុះជំងឺរាតត្បាតកូវីដ ១៩។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋបរទេសមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២១នេះ។

ដំណើរទស្សនកិច្ចនេះ បានប្រារព្ធឡើងក្នុងអំឡុងពេលជិតបញ្ចប់ឆ្នាំ ២០២១ ឈានចូលឆ្នាំ ២០២២; ខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ តាមនោះ ដំណើរទស្សនកិច្ចនឹងបញ្ជូនសារសំខាន់ៗ ដូចជា៖ ទី១ បង្ហាញពីការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយនិរន្តរយូរអង្វែងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។

ទីពីរ រួមគ្នាជាមួយថ្នាក់ដឹកនាំកម្ពុជា ដើម្បីចាប់ផ្តើមឆ្នាំមិត្តភាពពិសេសវៀតណាម-កម្ពុជា រំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)។ ទី៣ រួមជាមួយនឹងថ្នាក់ដឹកនាំកម្ពុជា ប្ដេជ្ញាចិត្តតភ្ជាប់ ទាញយកអត្ថប្រយោជន៍និងលើកកម្ពស់សក្តានុពលនៃប្រទេសទាំងពីរ បង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងវៀតណាមនិងកម្ពុជា។

ទាក់ទិននឹងខ្លឹមសារសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ៖ ដំបូងបង្អស់ ភាគីទាំងពីរនឹងរួមគ្នាពិនិត្យមើលឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងប៉ុន្មានឆ្នាំកន្លងមក។ ទីពីរ ផ្លាស់ប្តូរមតិនិងពិភាក្សាអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក។

ទី៣ រួមគ្នាពិភាក្សាអំពីវិធានការជំនះពុះពារការលំបាកនិងឧបសគ្គដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច។

ទី៤ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរអញ្ជើញធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនរវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang៖ ទំនាក់ទំនងវៀតណាម-កម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ - ảnh 2នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច តេជោ ហ៊ុនសែន និងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ baoquocte.vn)

អ្នកយកព័ត៌មាន៖ សូមជម្រាបលោកថា ឆ្នាំ ២០២២ គឺជាឆ្នាំរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២) សូមលោកឯកអគ្គរដ្ឋទូតធ្វើការវាយតម្លៃដោយសង្ខេបអំពីសមិទ្ធិផលសំខាន់ៗ ដែលវៀតណាមនិងកម្ពុជា សម្រេចបានចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតមក។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang៖ ទំនាក់ទំនងរវាងវៀតណាម-កម្ពុជាក្នុងរយៈពេល ៥៥ ឆ្នាំកន្លងទៅបានឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រជាច្រើន ហើយមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ក្នុងនោះ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរមានការអភិវឌ្ឍដោយឥតឈប់ឈរ កិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសតែងតែបានភាគីទាំងពីរផ្តោតការយកចិត្តទុកដាក់ដោយជំរុញឲ្យមានប្រសិទ្ធភាពជាក់ស្តែង កាន់តែស៊ីជម្រៅ ហើយពិតជាជាសសរស្តម្ភមួយនៃទំនាក់ទំនងវៀតណាម-កម្ពុជា។ ទន្ទឹមជាមួយគ្នានោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក៏ត្រូវបានយកចិត្តទុកដាក់និងជំរុញដោយឥតឈប់ឈរ; កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏មានការអភិវឌ្ឍពីជំហានមួយទៅជំហានមួយ; ការជួបប្រាស្រ័យប្រជាជននិងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ កាន់តែមានភាពជាក់ស្តែង និងមានប្រសិទ្ធភាព។

អ្នកយកព័ត៌មាន៖ ចាស! អាចនិយាយបានថា ឈរលើមូលដ្ឋាននៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក យើងតែងតែមានការសម្លឹងឆ្ពោះទៅអនាគតជានិច្ច ហើយឆ្ពោះទៅរកវិស័យថ្មីៗ នៃកិច្ចសហប្រតិបត្តិការថ្មី។ បើយោងតាមលោកឯកអគ្គរដ្ឋទូត តើវិស័យណាខ្លះដែលវៀតណាមនិងកម្ពុជាអាចផ្តល់អាទិភាពដល់ការបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ?

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang៖ ខ្ញុំគិតថា ជាមួយនឹងមូលដ្ឋាននៃការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម-កម្ពុជានាពេលបច្ចុប្បន្ននេះ និងដោយបំណងប្រាថ្នានិងការរំពឹងទុករបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-កម្ពុជាចាំបាច់ត្រូវបានភាគីទាំងពីរថែរក្សានិងជំរុញលើគ្រប់វិស័យ ទាំងនយោបាយ ការពារជាតិ សន្តិសុខកិច្ចការបរទេស សេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

នៅឆ្នាំ ២០២២ ខាងមុខ  យើងនឹងផ្តោតលើខ្លឹមសារមួយចំនួន៖ ទីមួយ យើងផ្តោតលើការអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ អំពីសារៈអត្ថន័យយុទ្ធសាស្ត្រ តួនាទី និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-កម្ពុជា។

ទីពីរ យើងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចហើយនឹងបង្កើតចំណុចលោតផ្លោះថ្មីលើវិស័យនេះ។

ទីបី យើងនឹងបន្តជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការក្នុងវិស័យសន្តិសុខការពារជាតិ និងកិច្ចការបរទេស ដើម្បីរួមគ្នារក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពសម្រាប់ប្រទេសទាំងពីរ តំបន់និងអន្តរជាតិ។

ទីបួន បន្តជំរុញឲ្យបានខ្លាំងក្លាថែមទៀតការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេស តំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ សំដៅរួមចំណែកទៅក្នុងការពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរ វៀតណាម -កម្ពុជា។


សូមអរគុណលោកឯកអគ្គរដ្ឋទូត!

ប្រតិកម្មទៅវិញ

ផ្សេងៗ