វៀតណាម - ទិសដៅវិនិយោគប្រកបដោយសុវត្ថិភាពបន្ទាប់ពីជំងឺរាតត្បាត

(VOVWORLD) - បន្ទាប់ពីទទួលជោគជ័យក្នុងការរាំងស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 មក ឥឡូវនេះ វៀតណាមបានក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ផលិតកម្មនិងសកម្មភាពអាជីវកម្ម។ ជាមួយនឹងគុណសម្បត្តិជាច្រើនក្រោយ COVID-19 វៀតណាមត្រូវបានគេចាត់ទុកថាជាទិសដៅគួឲ្យទាក់ ទាញមួយក្នុងបរិបទដែលវិនិយោគិនអន្តរជាតិ កំពុងស្វែងរកវិធីធ្វើពិពិធកម្មខ្សែផ្គត់ផ្គង់របស់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានកោតសរសើរចំពោះការឆ្លើយតបប្រឆាំងនឹងជំងឺរាតត្បាត COVID-19 យ៉ាងឆាប់រហ័សនិងប្រកបជោគជ័យរបស់វៀតណាម។ ប្រព័ន្ធសារព័ត៌មានបានដកស្រង់សម្តីអ្នកជំនាញសេដ្ឋកិច្ចថា ដោយមានករណីឆ្លង COVID-19 តិចតួចនិងមិនមានអ្នកស្លាប់នោះ វៀតណាមមានឧត្តមភាពក្នុងការស្តារសេដ្ឋកិច្ចឡើងវិញលឿនជាងប្រទេសដទៃទៀត។

ចំណុចភ្លឺគួរឱ្យចាប់អារម្មណ៍នៅក្នុងក្រសែភ្នែករបស់វិនិយោគិន

ទីប្រឹក្សាពិគ្រោះយោបល់សម្រាប់ក្រុមហ៊ុនបរទេសមួយចំនួនបានសន្មត់ថាជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត បានជួយជំរុញទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះវៀតណាម។ លោក Fred Burke ដៃគូគ្រប់គ្រងនៅក្រុមហ៊ុនច្បាប់អន្តរជាតិ Baker McKenzie បានវាយតម្លៃថា ប្រតិកម្មរបស់វៀត ណាមចំពោះជំងឺរាតត្បាត បានជួយធ្វើឱ្យអាជីវកម្មបរទេសមានការនឹងនរចិត្ត ហើយពួកគេមានអារម្មណ៍ ថាមានសុវត្ថិភាពជាង ពេលនៅវៀតណាម។ លោក Michael Sieburg ដៃគូរបស់ក្រុមហ៊ុនពិគ្រោះយោបល់ YCP Solidiance ដែលជាក្រុមហ៊ុនប្រឹក្សាជំនាញឯកទេសនៅអាស៊ី បានបញ្ជាក់ថា បើប្រៀបធៀបនឹងប្រ ទេសជាច្រើននៅលើពិភពលោក វៀតណាមបានលេចចេញជាចំណុចភ្លឺគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងក្រសែភ្នែកវិនិយោគិន។ តំណាងក្រុមហ៊ុនអភិវឌ្ឍន៍ចម្រុះ  Kizuna ដែលជាអង្គភាពសាងសង់រោងចក្រដែលកំពុងត្រៀមប្រតិបត្តិការនៅវៀតណាម រំពឹងថា ការវិនិយោគបរទេសនឹងហូរចូលមកប្រទេសវៀតណាមបន្ទាប់ពីជំងឺរាតត្បាតបានបញ្ឈប់ជាពុំខាន។ សម្រាប់ខ្លួនវិញ Kizuna កំពុងពន្លឿនផែនការបង្ហើយរោងចក្រមានផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ នៅភាគខាងត្បូងប្រទេសវៀតណាមនៅខែកក្កដាឆ្នាំ ២០២០ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងនាពេលអនាគត។

ប្រការគួរឲ្យកត់សម្គាល់ថា និន្នាការផ្លាស់ប្តូរប្រតិបត្តិការបានត្រៀមរួចជាស្រេច។ មុនពេលមានជំងឺរាត ត្បាត អង្គភាពអាជីវកម្មជាច្រើនដែលមានរោងចក្រស្ថិតនៅក្នុងប្រទេសចិនក៏បានមើលឃើញវៀតណាមហើយ។ ចលនាចរន្តទុនវិនិយោគបរទេសហូរចូលទៅក្នុងបណ្តាប្រទេសអាស៊ាន ក្នុងនោះមានវៀតណាមផងដែរ ក៏បើកឱកាសជាច្រើនសម្រាប់វៀតណាម។ លោក Nguyen Anh Van អ្នកគ្រប់គ្រងតំបន់ឧស្សាហ កម្ម Van Trung ទី២ ខេត្ត Bac Giang បានឲ្យដឹងថា ពេលខ្លះ មានសហគ្រាសបរទេសរហូតដល់ទៅ ១០ បានមកសិក្សានិងចង់វិនិយោគនៅក្នុងតំបន់ឧស្សាហកម្មនេះ៖ “អ្វីៗ ដែលវិនិយោគិនបរទេសយកចិត្តទុក ដាក់ គឺពួកគេចាប់អារម្មណ៍លើគោលនយោបាយវិនិយោគរបស់ខេត្តគឺបើកចំហនិងងាយស្រួលដែរឬទេ។ ហើយទី ២ គឺទីតាំងភូមិសាស្ត្រនិងហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ឧស្សាហកម្ម ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ខ្លួនដែរឬទេ។ ទីបីតម្រូវការសម្រាប់ការផ្គត់ផ្គង់កម្លាំងពលកម្មសម្បូរបែបនិងមានគុណភាពដែររឺ អត់”។

ឆ្លៀតយកកាលានុវត្តន៍ភាពដើម្បីបន្តចែងចាំងពន្លឺ

លទ្ធផលនៃការបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 បន្តបញ្ជាក់ពីគុណសម្បត្តិរបស់ខ្លួន ក្នុងការធានាស្ថេរភាព និងបរិយាកាសវិនិយោគអំណោយផលនៅវៀតណាម។ សារព័ត៌មាន Nikkei Asian Review បានបញ្ជាក់ថា ការផ្លាស់ប្តូរលំហូរទុនវិនិយោគគឺជានិន្នាការដែលមិនអាចបញ្ជ្រាសបាន បន្ទាប់ពីជំងឺរាតត្បាត COVID-19 ហើយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាមគឺជាទិសដៅគួរឲ្យទាក់ទាញណាស់។ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២០ ដែលបានចេញផ្សាយនៅចុងខែមេសា IMF បានវាយតម្លៃថា វៀតណាមគឺជា “ប្រទេសដែលមានយថាទស្សន៍កំណើនល្អបំផុតនៅក្នុងអាស៊ាន”។ ធនាគារពិភពលោក (WB) ក៏បានលើកឡើងផងដែរថា វៀតណាមបានទ្រទ្រង់យ៉ាងល្អប្រសើរឡើងនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចបរទេស ហើយសេដ្ឋកិច្ច វៀតណាមនឹងរីកចម្រើនឡើងវិញជាពុំខាន។ នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក (AmCham) លោក Adam Sitkoff បានអះអាងថា វៀតណាមនៅតែជាទិសដៅវិនិយោគដែលកំពុងរីកចម្រើននៅអាស៊ី។ លោក Hirai Shinji ប្រធានតំណាង JETRO ប្រចាំទីក្រុងហូជីមិញបានវាយតម្លៃថា នៅពេលដែលវៀតណាមបានគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាត មានន័យថា លំហូរទុន FDI (រួមទាំងសហគ្រាសជប៉ុន) នឹងបន្តហូរចូលមកកាន់ប្រទេសវៀតណាម។

រីឯកាសែតឯកទេសសេដ្ឋកិច្ចរបស់ ChosunBiz នៃសាជីវកម្មប្រព័ន្ធផ្សព្វផ្សាយល្បីឈ្មោះ Chosun (កូរ៉េខាងត្បូង) បានចាត់ទុកថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងដំណើរការប្រឆាំងនឹងជំងឺរាតត្បាត គឺទទួលបានការជឿទុកចិត្តយ៉ាងខ្លាំងពីវិនិយោគិនពិភពលោក។ កាសែតនេះក៏បានលើកឧទាហរណ៍ថា ក្រុមហ៊ុនអេឡិចត្រូនិក  Samsung ត្រូវតែបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅតាមបណ្តារោងចក្រជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែនៅតែអាចរក្សាការផលិតនៅវៀតណាមបានដដែល។ កាសែតនេះក៏បានបង្ហើបថា កាសឥតខ្សែ (AirPods) ប្រហែល ៣ ដល់ ៤ លាន នឹងត្រូវផលិតនៅ វៀតណាមនៅត្រីមាសទី ២ ឆ្នាំ ២០២០នេះ។ ចំណែកសារព័ត៌មាន Bloomberg ក៏បានដឹងអំពីលទ្ធភាពនៃការលោតផ្លោះរបស់សេដ្ឋកិច្ចវៀតណាមផងដែរ នៅពេលដែលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ គឺជាទិសដៅដ៏ពេញនិយមសម្រាប់វិនិយោគិនបរទេស។ ជាក់ស្តែងគឺទុនវិនិយោគជាង ១២ ពាន់លានដុល្លារ ត្រូវបាន ចុះបញ្ជីវិនិយោគក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២០។

បច្ចុប្បន្នរដ្ឋាភិបាលវៀតណាមបានដាក់ចេញគោលដៅកំណើន GDP ឆ្នាំ ២០២០ ប្រហែល ៥%។ ប៉ុន្តែ អង្គការ Fitch Ratings (Fitch) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងវិលត្រឡប់មកវិញនៅឆ្នាំ ២០២១ ដោយរំពឹងថា GDP ទទួលបាន ៧,៣%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ