វៀត​ណាម​កាន់តែក្លាយទៅជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រដ៏សំខាន់របស់​អូស្ត្រាលី

(VOVWORLD) - តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃស្អែក (៣ មិថុនា)។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese មកកាន់វៀតណាម ចាប់តាំងពីពេលលោកចូលកាន់តំណែងកាលពីខែឧសភាឆ្នាំមុន និងក្រោយរយៈពេលត្រឹមតែ ២ ខែ នៃដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley មកកាន់វៀតណាម។
វៀត​ណាម​កាន់តែក្លាយទៅជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រដ៏សំខាន់របស់​អូស្ត្រាលី - ảnh 1លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese រូបថត៖ រដ្ឋាភិបាលអូស្ត្រាលី

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese នៅវៀតណាមបានប្រព្រឹត្តទៅក្នុងបរិបទ ដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាមនិងអូស្ត្រាលីនារយៈពេលកន្លងទៅបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ ឆ្នាំនេះក៏ជាឆ្នាំ ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។

ទំនាក់ទំនងនយោបាយរវាងវៀតណាម និងអូស្ត្រាលីកាន់តែមានភាពជឿទុកចិត្តគ្នាទៅវិញទៅមក ជាពិសេសគឺអនុម័តលើការផ្លាស់ប្ដូរដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់។ ក្នុងឱកាសចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សទ្រអង់គ្លេស Charles III កាលពីខែឧសភាកន្លងទៅ នៅទីក្រុងឡុងដ៍ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានជួបជាមួយនាយករដ្ឋមន្ត្រីលោក Anthony Albanese។ មួយខែមុន (ខែមេសា) អគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។ មកទល់នឹងបច្ចុប្បន្ន នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋតែមួយគត់របស់អគ្គទេសាភិបាលអូស្ត្រាលីមកកាន់ប្រទេសអាស៊ីអាគ្នេយ៍។ ម៉្យាងវិញទៀត កាលពីចុងឆ្នាំមុន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដើមដំបូង ដែលទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលី ក្នុងអំឡុងពេល ៥ ឆ្នាំកន្លងទៅ។ កាលពីឆ្នាំមុន លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Albanese ពីរដងនៅខាងក្រៅកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន កាលពីខែវិច្ឆិកាឆ្នាំមុននៅកម្ពុជា) និងកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) បើកទូលាយ(កាលពីខែឧសភាកន្លងទៅនៅជប៉ុន)។

ក្រៅពីជំនួបជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងវៀតណាម - អូស្ត្រាលី ក៏ត្រូវបានកសាងឡើងដោយឈរលើយន្តការសហប្រតិបត្តិការទ្វេភាគីចំនួន ២០ ដែលត្រូវបានរក្សាប្រកបដោយភាពបត់បែន។អាស្រ័យហេតុនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីសម្រេចបានប្រសិទ្ធភាពជាច្រើន។ ជាលទ្ធផល ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបាន ១៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៦,៧% បើធៀបនឹងឆ្នាំមុន។ ក្នុងត្រីមាសទី ១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៣,៤១ ពាន់លានដុល្លារអាមេរិក ។ ភាគីអូស្ត្រាលីបានបើកទ្វារនាំចូលផ្លែគូលេន ស្វាយ ស្រកានាគ មៀន និងបង្កងក្លាសេរបស់វៀតណាម។ វៀតណាមកំពុងជំរុញឱ្យអូស្ត្រាលីអនុញ្ញាតឲ្យមានការនាំចូលផ្លែសាវម៉ាវ ផ្លែទឹកដោះ  ដូងស្រស់ ធូរេន និងបង្កងស្រស់ៗ។ អូស្ត្រាលីបានជំរុញឱ្យវៀតណាមបើកទ្វារនាំចូលសាច់ក្តាន់ សាច់កង់ហ្គូរូ ទឹកឃ្មុំ ផ្លែប៉េស។ អូស្ត្រាលីជាគឺជាដៃគូមួយក្នុងចំណោមដៃគូទ្វេភាគីដែលបាន

ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ឥតសំណងធំបំផុតរបស់វៀតណាម។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក អូស្ត្រាលីបានផ្តល់ ODA ដល់វៀតណាមក្នុងទឹកប្រាក់សរុបចំនួន ៣ ពាន់លាន AUD (ជិត ២ ពាន់លានដុល្លារអាមេរិក)។

លើសពីនេះ ប្រទេសនៅទ្វីបអូសេអានីនេះក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានជួយឧបត្ថម្ភយ៉ាងសកម្មដល់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ទៀតផង។ អូស្ត្រាលីបានឧបត្ថម្ភវ៉ាក់សាំងដល់វៀតណាមចំនួន ២៦,៤ លានដូស ហើយក្លាយទៅជាប្រទេសផ្តល់វ៉ាក់សាំងធំទីពីរសម្រាប់វៀតណាម។

វៀត​ណាម​កាន់តែក្លាយទៅជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រដ៏សំខាន់របស់​អូស្ត្រាលី - ảnh 2នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ ២០២២។ រូបថត៖ VOV

បើកចេញឱកាសសហប្រតិបត្តិការជាច្រើន

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដ៏សំខាន់បំផុត ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានឲ្យដឹងថា នាយករដ្ឋមន្ត្រីលោក Albanese ក៏ជាថ្នាក់ដឹកនាំគណបក្សពលករ (ALP) នឹងជួបសន្ទនាជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ទស្សនាវិទ្យាស្ថាននយោបាយជាតិហូជីមិញនៅទីក្រុងហាណូយ។ ជំនួបដើមដំបូងរវាងថ្នាក់ដឹកនាំទាំងពីររូបនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងភាពជាដៃគូយ៉ាងរឹងមាំរវាងបក្សទាំងពីរ និងប្រទេសទាំងពីរសម្រាប់ទសវត្សរ៍ខាងមុខក្នុងដំណើរទស្សនកិច្ចនេះដែរ នាយករដ្ឋមន្ត្រីលោក Anthony Albanese នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh អំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យដែលមានលក្ខណៈបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍបៃតង ថាមពលស្អាត និងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព។ ទាំងនេះទំនងជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការថ្មី

ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលីឡើងកម្ពស់ថ្មី។ យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានឲ្យដឹងថា នាយករដ្ឋមន្ត្រីទាំងពីរគ្រោងនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗមួយចំនួនលើវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ បណ្តុះបណ្តាល និងការបើកផ្លូវហោះហើរត្រង់ថ្មីរវាង ប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese បានបង្ហាញពីការគោរពរបស់អូស្ត្រាលីក្នុងទំនាក់ទំនងជាមួយវៀតណាមស្របតាមការអះអាងរបស់លោកក្នុង សេចក្តីប្រកាសអំពីដំណើរទស្សនកិច្ចកាលពីថ្ងៃទី ៣០ ឧសភា ថា វៀតណាមកាន់តែក្លាយទៅជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រដ៏សំខាន់របស់អូស្ត្រាលីនៅតំបន់អាស៊ីអាគ្នេយ៍ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ