វៀតណាមចូលរួមយ៉ាងសកម្មក្នុងការកសាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

(VOVWORLD) - កាលពីថ្ងៃទី៨ ខែសីហា គណៈកម្មាធិការឯកទេសរបស់អង្គការសហប្រជាជាតិ រួមទាំងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីព្រាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលគាំទ្រចំពោះការបង្កើតគណៈកម្មាធិការឯកទេស ហើយបានចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងអនុសញ្ញាតាំងពីសម័យប្រជុំដំបូងនោះ វៀតណាមបានកំណត់ថា នេះជាឱកាសដើម្បីបង្កើត និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងអនុវត្តច្បាប់នៃប្រទេសផ្សេងទៀត សំដៅទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

វៀតណាមចូលរួមយ៉ាងសកម្មក្នុងការកសាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត - ảnh 1គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំដើម្បីអនុម័តលើសេចក្តីព្រាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ (រូបថត៖ Thanh Tuan/TTXVN)

អនុសញ្ញានេះនឹងត្រូវបានបើកចំហសម្រាប់បណ្ដាប្រទេសចូលរួមចុះហត្ថលេខារហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦។ នៅពេលដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នឹងក្លាយជាឯកសារច្បាប់សកលដំបូងបំផុត ដែលឆ្ពោះទៅរកការបង្ក្រាបអំពើល្មើសតាមអ៊ីនធឺណិត។

ភាពចាំបាច់នៃសកម្មភាពសកលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

ការអភិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មាន ក្រៅពីនាំមកនូវអត្ថប្រយោជន៍ដ៏ធំធេង វាក៏បង្កើនសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផងដែរ។ ការវាយប្រហារតាមអ៊ីនធឺណិតកំពុងកើនឡើងយ៉ាងឆាប់រហ័សទាំងទម្រង់និងទ្រង់ទ្រាយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ច នយោបាយ និងសង្គមនៃប្រទេសនានា។ ដោយសារត្រូវការក្របខ័ណ្ឌគត្តិយុត្តិរួម សម្រាប់ប្រទេសនានាសហការក្នុងការចែករំលែកព័ត៌មាន សម្របសម្រួលស៊ើបអង្កេត និងប្រមូលភស្តុតាងទាក់ទងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនោះ អង្គការសហប្រជាជាតិបានកសាងសេចក្តីព្រាងអនុសញ្ញាស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ សេចក្តីព្រាងអនុសញ្ញានេះ កំណត់ក្របខ័ណ្ឌគតិយុត្តិគ្រប់ជ្រុងជ្រោយ សម្រាប់ប្រទេសជាសមាជិកដើម្បីសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការទប់ស្កាត់ ស៊ើបអង្កេត ការជំនុំជម្រះនិងការកាត់ទោសអំពើល្មើសតាមអ៊ីនធឺណិត រួមទាំងបទល្មើសជាច្រើនប្រភេទដូចជា៖ ការវាយប្រហារប្រព័ន្ធកុំព្យូទ័រ ការបោកប្រាស់តាមអ៊ីនធឺណិត ការចែកចាយរូបភាពរសើបដោយខុសច្បាប់ ការរំលោភបំពានលើកុមារ ការលាងលុយកខ្វក់ ជាដើម។

ខ្លឹមសារដ៏គួរឱ្យកត់សម្គាល់មួយនៃសេចក្តីព្រាងអនុសញ្ញានេះ គឺយន្តការសម្រាប់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការផ្ទេរបច្ចេកវិទ្យា ឆ្ពោះទៅតម្រូវការរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ដោយសារតែលក្ខណៈគ្មានព្រំដែននៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត អនុសញ្ញានឹងបង្កើនសមត្ថភាពវិទ្យាសាស្ត្របច្ចេកវិទ្យារបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងការគំរាមកំហែងដោយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត តាមនោះរួមចំណែកបង្កើតលំហបរិយាកាសអ៊ីនធឺណិតប្រកបដោយស្អាតស្អំ និងសុវត្ថិភាពជាងមុន។

មូលដ្ឋានគតិយុត្តិដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកម្រិតគ្របដណ្ដប់ដោយអ៊ីនធឺណេតខ្ពស់បំផុតនៅលើពិភពលោក ដោយមានអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៧៨ លាននាក់គិតត្រឹមដើមឆ្នាំនេះ ស្មើនឹងជិត ៨០% នៃចំនួនប្រជាជនសរុប។ យោងតាមការធ្វើស្ថិតិរបស់ស្ថាប័នមានសមត្ថកិច្ច គិតចាប់ពីដើមឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ មានការវាយប្រហារតាមអ៊ីនធឺណិតជាង ១៣.៧៥០ ករណី លើប្រព័ន្ធព័ត៌មាននៅក្នុងប្រទេសវៀតណាម ដែលបង្កឱ្យមានឧប្បត្តិហេតុធ្ងន់ធ្ងរ។

ដោយយល់ឃើញពីការគំរាមកំហែងកាន់តែធ្ងន់ធ្ងរពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេស និងអង្គការអន្តរជាតិនានា ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត វៀតណាមបានចូលរួមពិភាក្សានិងចរចាលើសេចក្តីព្រាងអនុសញ្ញា តាំងពីដំណាក់កាលដំបូង (ខែមីនា ឆ្នាំ ២០២២) មក។ ការគាំទ្រដោយឥតងាករេ ចំពោះការបង្កើតយន្តការចរចា និងការចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំទាំង ៨ នៃគណៈកម្មាធិការឯកទេស បានអះអាងនូវសារដ៏ខ្លាំងក្លាថា វៀតណាមជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដែលរួមដៃជាមួយប្រទេសនានាក្នុងការដោះស្រាយបញ្ហាសកល រួមចំណែកដល់បរិយាកាសសន្តិភាព និងស្ថិរភាពអន្តរជាតិ។

សម្រាប់វៀតណាម សេចក្តីព្រាងអនុសញ្ញានេះ បានកំណត់ក្របខ័ណ្ឌគតិយុត្តិជាក់លាក់ និងទូលំទូលាយ ដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ចវៀតណាម បង្កើត និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងអនុវត្តច្បាប់នៃប្រទេសផ្សេងៗ។ កិច្ចសហប្រតិបត្តិការអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ ដែលជួយស្ថាប័នមានសមត្ថកិច្ចវៀតណាម ធ្វើការស៊ើបអង្កេត ប្រមូលព័ត៌មាន និងភស្តុតាងអំពីឧក្រិដ្ឋកម្មក្នុងអ៊ីនធឺណិតដោយទាន់ពេលវេលា ដើម្បីបម្រើដល់ការជំនុំជម្រះនិងការកាត់ទោសឧក្រិដ្ឋជន។

នាពេលខាងមុខ ដើម្បីត្រៀមរៀបចំសម្រាប់ការអនុម័ត ការចុះហត្ថលេខា និងផ្តល់សច្ចាប័នជាផ្លូវការលើអនុសញ្ញា វៀតណាមនឹងបន្តពិនិត្យ វាយតម្លៃ និងបំពេញឯកសារច្បាប់ក្នុងស្រុក ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទបញ្ញត្តិនានាក្នុងអនុសញ្ញា ហើយវិនិយោគលើ
ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពបច្ចេកវិទ្យា ដើម្បីបំពេញតាមតម្រូវការនៃអនុសញ្ញា ព្រមទាំងផ្លាស់ប្តូរជាមួយអង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិក្នុងការកសាងកម្មវិធីជំនួយបច្ចេកទេសឲ្យបានសមស្រប ដើម្បីបំពេញតម្រូវការរបស់ស្ថាប័នមានសមត្ថកិច្ចវៀតណាម។

ការចូលរួមយ៉ាងសកម្មក្នុងដំណើរការចរចាលើសេចក្តីព្រាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានអះអាងជាថ្មីម្ដងទៀតនូវតួនាទីយ៉ាងសកម្មរបស់វៀតណាមក្នុងសកម្មភាពកិច្ចការបរទេសពហុភាគី និងការដោះស្រាយបញ្ហារួមរបស់សហគមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ