វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងដើម្បីពលករ

(VOVWORLD) - ខែកម្មករឆ្នាំ ២០២៤ នឹងបញ្ចប់នៅថ្ងៃទី ៣១ ខែឧសភា។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីជួយដល់អាជ្ញាធរ និយោជក និងសង្គមទាំងមូល ផ្តោតការយកចិត្តទុកដាក់លើការថែទាំ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិតនិងពលករ។ នៅវៀត ណាម ការថែទាំ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ និយោជិត  និងពលករ តែងតែជាអាទិភាពកំពូលក្នុងគោលនយោបាយអភិវឌ្ឍន៍ទាំងមូល។

បច្ចុប្បន្នវៀតណាមមានពលករជាង ៥២ លាននាក់។ សិទ្ធិរបស់ពលករជាផ្នែកមួយនៃប្រព័ន្ធសិទ្ធិមនុស្ស ដែលបក្ស និងរដ្ឋវៀតណាម តែងតែផ្តោត យកចិត្តទុកដាក់ និងអនុវត្តតាមរយៈគោលការណ៍ណែនាំ និងគោលនយោបាយសំខាន់ៗ។

ការធានាសិទ្ធិរបស់ពលករត្រូវបានទទួលស្គាល់នៅក្នុងគោលនយោបាយសំខាន់ៗ

បញ្ហាសិទ្ធិមនុស្សនៅវៀតណាមត្រូវបានទទួលស្គាល់នៅក្នុងរដ្ឋធម្មនុញ្ញពីឆ្នាំ ១៩៤៦ រហូតដល់បច្ចុប្បន្ន។ មនុស្ស ក្នុងនោះមានវណ្ណៈកម្មករ និងនិយោជិត ត្រូវបានកំណត់ថាជាមជ្ឈមណ្ឌល ជាកម្មវត្ថុ គោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ (ឆ្នាំ២០២១) កំណត់យ៉ាងច្បាស់នូវគោលនយោបាយថែទាំប្រជាជនទាំងអស់ ធានានូវគោលនយោបាយពលកម្ម ការងារ ចំណូល និងការអនុវត្តល្អសុខុមាលភាពសង្គម សន្តិសុខ; បន្តធ្វើឱ្យប្រសើរឡើងនូវសម្ភារៈ និងជីវភាពខាងវិញ្ញាណរបស់ប្រជាជន។ ចាប់តាំងពីឆ្នាំ ២០១៦ ដោយមានគំនិតផ្តួចផ្តើមរបស់សហព័ន្ធសហជីពវៀតណាម លោកនាយករដ្ឋមន្ត្រីបានជួបសន្ទនាដោយផ្ទាល់ចំនួន ៧ លើកជាមួយកម្មករ និយោជិត  និងពលករនៅតាមខេត្ត តំបន់ជាច្រើន។ គំនិត បំណងប្រាថ្នា អនុសាសន៍ និងសំណើជាច្រើនដែលទាក់ទងដោយផ្ទាល់ទៅនឹងជីវភាព និងការងាររបស់កម្មករ និយោជិតត្រូវបានប្រមុខរដ្ឋាភិបាលផ្ទៀងស្តាប់ និងបញ្ជាណែនាំការដោះស្រាយ។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ប្រព័ន្ធគោលនយោបាយ និងច្បាប់ស្តីពីពលករត្រូវបានធ្វើវិសោធនកម្ម និងបំពេញបន្ថែមឱ្យសមស្របទៅនឹង គោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស ក៏ដូចជាការធ្វើបច្ចុប្បន្នភាពជាមួយនឹងស្តង់ដាររបស់អង្គការពលកម្មអន្តរជាតិ (ILO) ហើយឆ្លុះបញ្ចាំងពីគោលបំណងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ វៀតណាមក៏បានខិតខំប្រឹងប្រែងដើម្បីប្តេជ្ញា និងអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីទំនាក់ទំនងការងារ សំដៅជម្រុញនិងធានាស្តង់ដារការងារជាមូលដ្ឋានសម្រាប់ពលករនៅវៀតណាមស្របតាមស្តង់ដារអន្តរជាតិ ស្តីពីសិទ្ធពលករ។ 

គួរកត់សម្គាល់ថា ចាប់តាំងពីអគ្គនាយកនៃអង្គការពលកម្មអន្តរជាតិបានដាក់ចេញនូវរបៀបវារៈការងារសមរម្យជាសកលមក វៀតណាម និង ILO បានរួមគ្នាកសាង និងចុះហត្ថលេខាដើម្បីអនុវត្ត កិច្ចសហប្រតិបត្តិការចំនួន ៣វដ្ត សម្រាប់ដំណាក់កាល (២០២៦-២០១០; ២០១២-២០១៦ និង ២០១៧-២០២១)។ ស្តីអំពីវដ្ដនៃកិច្ចសហប្រតិបត្តិការលើកទី៤ ដំណាក់កាល ២០២២ - ២០២៦ លោក Luu Quang Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានឲ្យដឹងថា៖  “នៅក្នុងវដ្ដនៃកិច្ចសហប្រតិបត្តិការលើកទី៤នេះ យើងបន្តផ្តោតលើការងារ ការអភិវឌ្ឍធនធានមនុស្ស និងសន្តិសុខសង្គម ដោយធានាបាននូវសុខដុមរមនារវាងសិទ្ធិពលករ និងសិទ្ធិអាជីវកម្មដែលផ្សាភ្ជាប់នឹងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពជាតិ ក៏ដូចជារបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ កម្មវិធីសហប្រតិបត្តិការរវាងវៀតណាម និង ILO ស្តីពីការងារសមស្រប ដំណាក់កាល ២០២២-២០២៦ ជំរុញគោលដៅនៃការងារសមស្រប និងនិរន្តរភាពនៅវៀតណាម។

លទ្ធផលគឺមិនអាចប្រកែកបានឡើយ

ប្រសិទ្ធភាពនៃគោលនយោបាយធានាសិទ្ធិពលករទទួលបានលទ្ធផលវិជ្ជមានក្នុងការអនុវត្តជាក់ស្តែង។ យោងតាមសេចក្តីប្រកាសរបស់ការិយាល័យស្ថិតិទូទៅ (ក្រសួងផែនការ និងវិនិយោគ) ក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ រចនាសម្ព័ន្ធពលកម្មរបស់វៀតណាមបានផ្លាស់ប្តូរជាវិជ្ជមាន។ កម្លាំងពលកម្មដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ មានចំនួន ៥២,៤ លាននាក់ កើនឡើងជិត ១៧៦ ពាន់នាក់ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្លាំងពលកម្មបានវិលទៅរកនិន្នាការអភិវឌ្ឍន៍ធម្មតាដូចមុនការរាតត្បាតនៃជំងឺកូវីដ-១៩។

ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពលករបន្តបានកែលម្អ។ ពោលគឺ ត្រីមាសទីមួយនៃឆ្នាំនេះមានចំនួន ៧,៦ លានដុង កើនឡើងជាង ៣០០ ពាន់ដុងធៀបនឹងត្រីមាសមុន និងកើនឡើង ៥៤៩ ពាន់ដុង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពលករបានកើនឡើងនៅក្នុងវិស័យសេដ្ឋកិច្ចភាគច្រើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាគ្មានការងារធ្វើក្នុងចំណោមប្រជាជនដែលមានអាយុធ្វើការនៅក្នុងតំបន់ទីក្រុងបន្តនៅកម្រិតទាបជាង ៣% ចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ ២០២២។

ដើម្បីដោះស្រាយតម្រូវការលំនៅឋានរបស់ពលករ សេចក្តីសម្រេចចិត្តលេខ ០១  របស់រដ្ឋាភិបាល ស្តីពីភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋនៅឆ្នាំ២០២៤ តម្រូវឱ្យជំរុញការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានសម្រាប់ពលករ; ផ្តោតលើការដាក់ពង្រាយគម្រោង "វិនិយោគ និងការសាងសង់លំនៅដ្ឋានសង្គមយ៉ាងតិច ០១ លានយូនិត សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងពលករនៅតំបន់ឧស្សាហកម្មដំណាក់កាល ២០២១-២០៣០” ដោយខិតខំបញ្ចប់នៅឆ្នាំ ២០២៤ ដែលសម្រេចបានចំនួនប្រហែល ១៣០ ពាន់យូនិត។

ជាទូទៅ ទោះបីជានៅតែមានផលប៉ះពាល់ដែលមិនចង់បានមួយចំនួនក៏ដោយ គោលនយោបាយពលកម្ម (រួមទាំងគោលនយោបាយសន្តិសុខសង្គមសម្រាប់និយោជិត) បាននាំមកនូវផលវិជ្ជមានជាច្រើន។ ប្រការនេះបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការយកចិត្តទុកដាក់ និងអនុវត្តជាក់ស្តែងសិទ្ធិរបស់ពលករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ