វៀតណាមនិងអាមេរិកបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា នាថ្ងៃទី ១០ ខែកញ្ញា វៀតណាម និងសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីថ្លែងការណ៍រួម លើកកំពស់ទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងសន្និសីទសារព័ត៌មានរួមក្រោយជំនួបពិភាក្សាការងារ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិកលោក Joe Biden បានអះអាងថា ការលើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ទំនាក់ទំនងវៀតណាម - អាមេរិកមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពចាប់តាំងពីការធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ។ ដោយឈរលើមូលដ្ឋាននោះ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងគោលបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបរិបទថ្មី មេដឹកនាំទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួម លើកកំពស់ទំនាក់ទំនងវៀតណាម-អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

វៀតណាមនិងអាមេរិកបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ចើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការប្រធានាធិបតីអាមេរិកលោក Joe Biden។ (រូបថត៖ VOV) 

គោលការណ៍នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក បន្តឈរលើការគោរពយ៉ាងពេញលេញចំពោះគោលការណ៍ជាមូលដ្ឋានដែលតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក ក្នុងនោះមានការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងស្ថាប័ននយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីរបស់គ្នាទៅវិញទៅមក។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖

“យើងខ្ញុំសង្កត់ធ្ងន់ថា ការយល់ដឹងគ្នា កាលៈទេសៈរបស់គ្នាទៅវិញទៅមក ការគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក គឺជាគោលការណ៍មូលដ្ឋាន ដែលជានិច្ចកាលមានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនិងទំនាក់ទំនងអន្តរជាតិ។ វៀតណាមវាយតម្លៃខ្ពស់និងគោរពការបញ្ជាក់ដោយយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះការគាំទ្រប្រទេសវៀតណាម “ខ្លាំង ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព”។ មតិការនៃទំនាក់ទំនងភាពជាដៃគូថ្មី ទទួលមរតកនូវមាតិការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយនាំវាឡើងដល់កម្ពស់ថ្មី តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ តាមទិសដៅដែលយកនវានុវត្តន៍ជាមូលដ្ឋានគ្រឹះ ជាចំណុចស្នូល និងកម្លាំងចលករនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ; ការពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យាគឺជារបកគំហើញថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព”។

លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានចង្អុលបង្ហាញថា វៀតណាមជំរុញទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងដៃគូអន្តរជាតិផ្សេងទៀត តាមស្មារតីដែលលោកប្រធានហូជីមិញបានលើកឡើងយ៉ាងច្បាស់បន្ទាប់ពីវៀតណាមដណ្ដើមបានឯករាជ្យ។ នោះគឺ៖ វៀតណាមធ្វើជាមិត្តជាមួយប្រទេសទាំងអស់។ ចំពោះសហរដ្ឋអាមេរិក លោកប្រធានហូជីមិញបានអះអាងនូវឯករាជ្យពេញលេញរបស់វៀតណាម ហើយវៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយសហរដ្ឋអាមេរិក; ខឿនឯករាជ្យភាពនិងកិច្ចសហប្រតិបត្តិការនោះផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល។ ក៏យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ផងដែរ មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់គោលជំហរអំពីការជំរុញខ្លាំងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសនានា ក្រោមក្របខ័ណ្ឌនៃគោលនយោបាយកិច្ចការបរទេសឥតងាករេ នោះគឺ ឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនូវទំនាក់ទំនងកិច្ចការបរទេស; វៀតណាមជាមិត្ត ជាដៃគូគួរឱ្យទុកចិត្តនិងជាសមាជិកដ៏សកម្មនិងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

បើកជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-អាមេរិក

រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ថា ក្នុងគ្រាជាប្រវត្តិសាស្ត្រនេះ វៀតណាមនិងសហរដ្ឋអាមេរិកអាចក្រឡែកមើលឡើងវិញនូវដំណើរ ៥០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៖

“យើងបានដើរពីជម្លោះរហូតដល់ប្រក្រតីភាពទំនាក់ទំនង ហើយឥឡូវនេះយើងនឹងលើកកំពស់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ សំដៅជំរុញសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់មួយក្នុងចំណោមតំបន់ដ៏សំខាន់បំផុតនៅលើពិភពលោក។ យើងនឹងលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយយើងខ្ញុំរីករាយយ៉ាងក្រៃលែងចំពោះព្រឹត្តិការណ៍នេះ។ នេះគឺជាការបោះជំហានដ៏សំខាន់បំផុតសម្រាប់ប្រទេសយើងទាំងពីរ ដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរបស់យើង នៅពេលដែលយើងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដែលជះផលប៉ះពាល់យ៉ាងខ្លាំងលើទំនាក់ទំនងក្នុងតំបន់ និងពិភពលោក”។

យោងតាមលោកប្រធានាធិបតី Joe Biden វៀតណាម និងសហរដ្ឋអាមេរិកនឹងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាសំខាន់ៗ និងទើបលេចចេញ ជាពិសេសក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ជាងមុនសម្រាប់ឧស្សាហកម្ម វត្ថុពាក់កណ្ដាលចម្លង។ ភាគីទាំងពីរក៏ពង្រីកភាពជាដៃគូសេដ្ឋកិច្ចដើម្បីជំរុញថែមទៀតនូវការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ យោងតាមលោកប្រធានាធិបតីអាមេរិក វៀតណាម និងសហរដ្ឋអាមេរិកនឹងមានកិច្ចសន្យាពាណិជ្ជកម្មសំខាន់ៗជាច្រើនបន្ថែមទៀតដែលត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ។ ប្រទេសទាំងពីរក៏កំពុងខិតខំប្រឹងប្រែងដោះស្រាយវិបត្តិអាកាសធាតុ ពន្លឿនការផ្លាស់ប្តូររបស់វៀតណាមទៅកាន់ការប្រើប្រាស់ថាមពលស្អាត ពង្រឹងសន្តិសុខសេដ្ឋកិច្ចសកល ហើយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល សន្តិសុខ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរផ្នែកអប់រំរវាងវៀតណាមនិងសហរដ្ឋអាមេរិក។

លោកប្រធានាធិបតី Joe Biden បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែងចំពោះវិធីដែលប្រទេសទាំងពីរ និងប្រជាជនវៀតណាមនិងសហរដ្ឋអាមេរិកបានកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ការងារបន្ទាប់របស់ប្រទេសទាំងពីរ គឺបន្តរុករក បោសសម្អាតគ្រឿងផ្ទុះដែលនៅសេសសល់ពី
សង្គ្រាម បោសសម្អាតការបំពុលបរិស្ថានដែលបង្កឡើងដោយសារធាតុឌីអុកស៊ីត ពង្រីកកម្មវិធីជួយឧបត្ថម្ភជនពិការ ហើយរុករក និងប្រមូលផ្តុំអដ្ឋិធាតុទាហាន

អាមេរិក និងយុទ្ធជនវៀតណាមដែលនៅតែបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម។ យោងតាមលោកប្រធានាធិបតី Joe Biden ប្រទេសទាំងពីរកំពុងកសាងបេតិកភណ្ឌថ្មីមួយ ដែលជាបេតិកភណ្ឌនៃសន្តិភាព និងវិបុលភាពរួម ដើម្បីឆ្ពោះទៅរកអនាគតដ៏ជឿនលឿនរវាងប្រជាជាតិទាំងពីរ។ វៀតណាមជាប្រទេសសំខាន់មួយលើពិភពលោកនិងក្នុងតំបន់ ហើយលោកកំពុងទន្ទឹងរង់ចាំជំពូកថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ