វៀតណាមបំពេញបែបបទយ៉ាងប្រញាប់ប្រញាល់ដើម្បីកិច្ចព្រមព្រៀង EVFTA អាចត្រូវបានចូលជាធរមានយ៉ាងឆាប់ៗ

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែមេសា  នៅទីក្រុងហាណូយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានបើកកិច្ចប្រជុំ ដោយធ្វើការ ត្រួតពិនិត្យបឋម ស្តីពីការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ  (EVIPA)។ 

ក្នុងពេលជាមួយគ្នានោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមក៏កំពុងអនុវត្តជាបន្ទាន់នូវវិធានការណ៍ជាច្រើនដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយ EVFTA ចូលជាធរមាន សំដៅដោះស្រាយការលំបាកសម្រាប់អាជីវកម្មក្នុងការស្វែងរកទីផ្សារ និងបើកទូលាយផលិតកម្ម  ក៏ដូចជា ជំរុញការដោះដូរពាណិជ្ជកម្មរវាងវៀតណាម និងសហភាពអឺរ៉ុបផងដែរ។

ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនិងឆ្លៀតយកឱកាសដែលកិច្ចព្រមព្រៀង EVFTA នាំមកជូននោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានកំណត់នូវភារកិច្ចសំខាន់ចំនួន ៣ ដែលត្រូវបំពេញ គឺការងារតាក់ តែងច្បាប់; បង្កើតកម្មវិធីសកម្មភាពនិងការឃោសនា និងផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀង EVFTA នេះផងដែរ។

ត្រៀមរៀបចំមូលដ្ឋានច្បាប់យ៉ាងពេញលេញ

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យបឋម ដែលប្រារព្ធនៅរសៀលថ្ងៃទី ២១ ខែមេសានោះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Nguyen Van Giau បានវាយតម្លៃខ្ពស់ចំពោះដំណើរការរបស់រដ្ឋាភិបាលក្នុងការរៀបចំឯកសារដើម្បីដាក់ជូនរដ្ឋសភាផ្តល់សច្ចាប័នលើ EVFTA ព្រមទាំងបានឲ្យដឹងថា គណៈកម្មាធិការកិច្ចការបរទេសនឹងបញ្ចប់របាយការណ៍ពិនិត្យបឋមដើម្បីដាក់ជូនគណៈអចិន្ត្រៃយ៍នៃរដ្ឋសភា នៅឯកិច្ចប្រជុំលើកទី ៤៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

ក្នុងពេលជាមួយគ្នានោះ បើយោងតាមលោក Luong Hoang Thai ប្រធាននាយកដ្ឋានពាណិជ្ជកម្មពហុភាគី (នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) អាទិភាពកំពូលនាពេលបច្ចុប្បន្នគឺការតាក់តែងច្បាប់ដើម្បីធានាបាននូវមូលដ្ឋានគតិយុត្តគ្រប់គ្រាន់ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង EVFTA នៅពេលកិច្ចព្រមព្រៀងបានចូលជាធរមាន។ ហេតុដូច្នេះ ការកសាងនិងការធ្វើវិសោធនកម្មឯកសារច្បាប់ត្រូវបានក្រសួងនិងស្ថាប័ននានា ខិតខំប្រឹងប្រែងបង្ហើយ ដើម្បីកិច្ចព្រមព្រៀងនេះអាចត្រូវបានចេញមុនឬនៅពេលដំណាលគ្នានៃកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន។ លោក Luong Hoang Thai បានចាត់ទុកថា៖

“ខ្លឹមសារនៃកិច្ចព្រមព្រៀងត្រូវបានផ្សព្វផ្សាយជាសាធារណៈដើម្បីឱ្យអាជីវកម្មអាចបានស្គាល់ជាមុន។ ប្រសិនបើធ្វើបានដូច្នេះ កិច្ចព្រមព្រៀងអាចត្រូវបានដាក់ឱ្យអនុវត្តហើយអាចទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងភ្លាមៗដែរ។ ពីព្រោះ ប្រសិនបើសារាចរមិនមានសុពលភាព មានន័យថា អង្គភាពអាជីវកម្មមិនអាចដាក់ពាក្យសុំវិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមបានទេ តាមនោះគេក៏មិនអាចទទួលបានអាទិភាពដែរ”។

យោងតាមលោកស្រី Nguyen Thu Trang ប្រធានមជ្ឈមណ្ឌល WHO និងធ្វើសមាហរណកម្ម នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ថាប្រសិនបើសារាចរស្តីពីប្រភពដើមទំនិញរបស់វៀតណាមចូលទីផ្សារសហភាពអឺរ៉ុប ដែលមានប្រសិទ្ធភាពដំណាលជាមួយនឹងរយៈពេល EVFTA មានសុពលភាពនោះ ពិតជាជាការខិតខំប្រឹងប្រែងដ៏អស្ចារ្យមួយដែរ។ ប៉ុន្តែ លោកស្រី Thu Trang ក៏បានលើកឡើងដែរថា សារាចរកំណត់អំពីបទបញ្ញត្តិនិងប្រភពដើមនៃទំនិញពី EU ចូលមកវៀតណាមក៏មានសារៈសំខាន់ដូចគ្នាដែរ។

“សម្រាប់អង្គភាពអាជីវកម្មមួយចំនួន នេះក៏ជាអត្ថប្រយោជន៍ដ៏ធំធេងផងដែរ ជាពិសេសសម្រាប់អង្គភាពអាជីវកម្មដែលនាំចូលគ្រឿងបរិក្ខារពី EU  ដើម្បីធ្វើជាធាតុចូល សម្រាប់ផលិតកម្មនៅវៀតណាម។ ម្យ៉ាងវិញទៀត បទបញ្ញត្តិកំណត់អំពីការទទួលយកទំនិញដែលមានប្រភពដើមពីអឺរ៉ុប ចូលមកវៀតណាម ដើម្បី  ទទួលបានអត្ថប្រយោជន៍យ៉ាងឆាប់រហ័សពីពន្ធអនុគ្រោះរបស់វៀតណាមក៏សំខាន់ផងដែរ។ រឿងទី ២ គឺធ្វើយ៉ាងម៉េចដើម្បីអង្គភាពអាជីវកម្មអាចយល់អំពីបទបញ្ញត្តិនៃប្រភពដើមទៀតផង”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Thu Trang។

បង្កើនការផ្សព្វផ្សាយព័ត៌មានសម្រាប់អង្គភាពអាជីវកម្ម

ការរផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀង EVFTA គឺជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ទាំងបី នៃការអនុវត្តប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនេះ។ ដើម្បីផ្សព្វផ្សាយកិច្ចព្រមព្រៀង EVFTA ដល់ធុរកិច្ចនិងអ្នកគ្រប់គ្រង ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានបង្កើតគេហទំព័រមួយស្តីពី កិច្ចព្រមព្រៀង EVFTA នៅ អាស័យដ្ឋាន evfta.moit.gov.vn។ ទន្ទឹមនឹងនេះ ក្រសួងក៏បានរៀបចំសិក្ខាសាលានិងវគ្គវឹកហាត់តាមរយៈខេត្តនិងក្រុងជាច្រើន ដែលប្រមូលផ្តុំនៅតាមតំបន់ដែលមានមណ្ឌលឧស្សាហកម្មធំៗ និងសហគ្រាសដែលកំពុងប្រតិបត្តិការក្នុងវិស័យផលិតកម្មនាំចូលនិងនាំចេញផង។

ទាក់ទងនឹងការអភិវឌ្ឍផែនការអនុវត្តកិច្ចព្រមព្រៀង EVFTA (ឬហៅថា កម្មវិធីសកម្មភាព) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា៖

“កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលវៀតណាម ដោយលោកនាយករដ្ឋមន្រ្តីអនុញត្ត មានភារកិច្ចរយៈពេលខ្លីនិងវែង ដោយពិនិត្យឡើងវិញ កែសម្រួលនិងបំពេញបែបបទច្បាប់ឱ្យបានល្អឥតខ្ចោះ ដើម្បីដាក់ជូនរដ្ឋសភាអនុម័ត ក៏ដូចជាក្នុង សកម្មភាពគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសម្រាប់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចក៏ដូចជាការចូលរួមទីផ្សារថ្មីនិងបង្កើតទីផ្សារក្នុងស្រុកជាដើម។ កម្មវិធីសកម្មភាពនេះ ក៏ជាមូលដ្ឋានសម្រាប់សហភាពអឺរ៉ុប សម្របសម្រួលជាមួយវៀតណាម ដើម្បីត្រៀមរៀបចំការប្រតិបត្តិនិងតាមដានការអនុវត្តកិច្ចព្រមព្រៀងនេះផងដែរ”។

សូមគូសបញ្ជាក់ថា នាថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០២០ ក្រុមប្រឹក្សាអឺរ៉ុបបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA ដោយបញ្ចប់បែបបទគតិយុត្តិចុងក្រោយ យោងតាមនីតិវិធីអនុម័តផ្ទៃក្នុងរបស់ EU។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានជាផ្លូវការ នៅពេលដែលរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័ន ហើយភាគីទាំងសងខាងបំពេញបែបបទ ដូចដែលបានកំណត់។ ហេតុដូច្នេះ ការដែលស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម កំពុងប្រញាប់ប្រញាល់បញ្ចប់មូលដ្ឋានគតិយុត្តសម្រាប់ដាក់ជូនរដ្ឋសភាផ្តល់សច្ចាប័ន និងបញ្ចប់ការអនុវត្តផែនការអនុវត្តកិច្ចព្រមព្រៀង EVFTA នឹងជួយភាគីទាំងពីរឆ្លៀតយករាល់កាលានុវត្តន៍ភាព ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុបនាំមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ