សេចក្តី​ប្រាថ្នា​ស្ថាបនាប្រទេស​កសិកម្មអភិវឌ្ឍ​ន៍ប្រកប​ដោយ​និរន្តរភាព

(VOVWORLD) - ការបំផុសសេចក្តីប្រាថ្នាបោះជំហានទៅមុខ កសាងវណ្ណៈកសិករទៅជាកម្លាំងពលកម្មជឿនលឿន មានផលិតភាព គុណភាព ប្រសិទ្ធភាពខ្ពស់ និងលើកកំពស់តួនាទីជាម្ចាស់របស់កសិករក្នុងការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចជនបទ កសាងជនបទថ្មី គឺជាគោលនយោបាយត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម។

គោលនយោបាយនេះកំពុងត្រូវបានអនុវត្តនៅក្នុងស្ថានភាពជាក់ស្តែង  ហើយបានបង្កើតជាជំហានដំបូងនូវ      កម្លាំងចលករសម្រាប់កសិករជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយវវិបុលភាព ជនបទអរិយធម៌និងទំនើប។

សេចក្តី​ប្រាថ្នា​ស្ថាបនាប្រទេស​កសិកម្មអភិវឌ្ឍ​ន៍ប្រកប​ដោយ​និរន្តរភាព - ảnh 1ផ្លែពុទ្រាស្រស់ៗនៅកសិដ្ឋាន “ព្រះអាទិត្យ និងខ្យល់”។ (រូបថត៖ ninhthuantourism.vn)

អាកាសធាតុនៅខេត្ត Ninh Thuan កំពុងបណ្តុះក្តីសុបិនរបស់យុវជនជាច្រើនអំពីកសិកម្មនិរន្តរភាព។ លោក Nguyen Hoang Quoc បានបញ្ជូនមហិច្ឆិតារបស់ខ្លួនទៅកាន់កសិដ្ឋាន “ព្រះអាទិត្យ និងខ្យល់” តាំងពីឆ្នាំ ២០១៨។ តាមលោករូបនេះ ផលិតផលរបស់កសិដ្ឋាន “ព្រះអាទិត្យ និងខ្យល់” ត្រូវបានដាំដុះតាមវិធីសាស្ត្រសរីរាង្គ ធានាយ៉ាងតឹងរ៉ឹងនូវស្តង់ដារគុណភាព ជាមួយនឹងការតាមដានប្រភពយ៉ាងច្បាស់ យោងទៅតាមស្តង់ដារ Global GAP។ ដើម្បីធ្វើដូច្នេះបាន វិស្វករនិងប្រធានផ្នែកដាំដុះត្រូវផ្តោតការយកចិត្តទុកដាក់លើការណែនាំយ៉ាងលំអិតដល់កសិករម្នាក់ៗ ដែលធ្វើការក្នុងកសិដ្ឋាន ដើម្បីបង្កើតផ្លែពុទ្រាប្រកបដោយសុវត្ថិភាព ឆ្លើយតបនឹងតម្រូវការទីផ្សារ។ របៀបធ្វើកសិកម្មនិរន្តរភាព បានរីកសាយភាយយ៉ាងទូលំទូលាយ៖ “ក្តីស្រមៃរបស់ខ្ញុំគឺចង់ធ្វើអ្វីមួយមានលក្ខណៈសហគមន៍។ ការធ្វើកសិកម្មស្រែចំការ មិនមែនគិតភ្លាម ធ្វើបានភ្លាមនោះទេ ពោលគឺពេលយើងមានគំនិត យើងត្រូវបង្កើតផែនការ ធ្វើការពិគ្រោះ ប្រៀបធៀប ហើយយកទៅអនុវត្តក្នុងស្ថានភាពជាក់ស្តែង។ ត្រូវតែមានដំណើរការ និងផែនការច្បាស់លាស់។ ហើយទាល់តែមានវិធីវិទ្យាសាស្ត្របែបនេះក្នុងការធ្វើការ ទើបយើងអាចសម្រេចបានគោលដៅដែលយើងបានកំណត់”។

ក្រៅពីផ្លែពុទ្រាបៃតងដ៏ត្រជាក់និងផ្អែមៗ ចម្ការទំពាំងបាយជូរដែលពេញដោយផ្លែ ជាលក្ខណៈពិសេសសម្គាល់តំបន់ដី Phan Rang ខេត្ត Ninh Thuan។ ក្រោយរយៈពេល ៥ឆ្នាំ ធ្វើដំណើរឆ្លងកាត់ទីក្រុងធំៗ លោក Dao Manh Tiep មកពីភូមិ Hoanh Son ឃុំ Ninh Hai ស្រុក Phan Rang ខេត្ត Ninh Thuan បានសម្រេចចិត្តប្រកបមុខរបរនៅស្រុកកំណើត។ ឥឡូវនេះ កសិករ Dao Manh Tiep បានក្លាយជាមហាសេដ្ឋីក្នុងតំបន់ ដែលល្បីល្បាញខាងធ្វើដំណាំតែមួយរដូវ ប៉ុន្តែហូបពេញមួយឆ្នាំ។ លោក  Tiep  បានឲ្យដឹងថា កាលពីមុននេះ កសិករដាំទំពាំងបាយជូនៅខេត្ត Ninh Thuan ប្រមូលផល ៣ លើកក្នុង១ឆ្នំា  ដូច្នេះហើយដើមទំពាំងបាយជូរមិនសូវលូតលាស់ ទិន្នផលក៏មិនសូវបានផលដែរ។ ម្យ៉ាងវិញទៀត ប្រើជីគីមីសម្រាប់ទំពាំងបាយជូក៏ប៉ះពាល់ដល់ដី ធ្វើឲ្យដីឆាប់រសាយ។ ឥឡូវលោកដាំផ្លែបានតែ១រដូវប៉ុណ្ណោះក្នុងមួយឆ្នាំ។ ហេតុដូច្នេះ ផ្លែទំពាំងបាយជូនាំមកនូវគុណភាពខ្ពស់៖ “ពីមុនភូមិជាភូមិក្រណាស់ សុទ្ធតែធ្វើការជាកម្មករស៊ីឈ្នួលប៉ុណ្ណោះ។ ឥឡូវនេះមានដីហើយ ដូច្នេះអ្នករាល់គ្នាដាំទំពាំងបាយជូរ។ ផ្លែពុទ្រាក៏ត្រូវបានដាំយ៉ាងទូលំទូលាយ។ ទំពាំងបាយជូក៏បានដាំច្រើនផ្តល់មកផលខ្ពស់។ នៅក្នុងភូមិ មនុស្សគ្រប់រូបមានផ្ទះសមរម្យ គ្រឿងសង្ហារិមគ្រប់គ្រាន់ និងជីវភាពកាន់តែមានផាសុកភាព។ ទំពាំងបាយជូនៅទីនេះគឺសមជាមួយដី ដូច្នេះផ្លែឆ្ងាញ់ផ្អែម។ ខ្ញុំក៏ទៅសិក្ខាសាលាក៏រៀនតាមគេតាមឯង។ ធ្វើស្រែចំការគឺដើម្បីទាញបទពិសោធន៍ រៀនពីគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ និងវឌ្ឍនភាពជាមួយគ្នា”។

សេចក្តី​ប្រាថ្នា​ស្ថាបនាប្រទេស​កសិកម្មអភិវឌ្ឍ​ន៍ប្រកប​ដោយ​និរន្តរភាព - ảnh 2ទិដ្ឋភាពទូទៅនៃកសិដ្ឋាន “ព្រះអាទិត្យ និងខ្យល់” ។ (រូបថត៖ ninhthuantourism.vn)

ជាមួយនឹងភាពស្វហាប់ ការច្នៃប្រឌិត កសិករនៅខេត្ត Ninh Thuan បានអនុវត្តកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មប្រកបដោយនិរន្តរភាព ដើម្បីជំនះលក្ខខណ្ឌអាកាសធាតុមិនអំណោយផល នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ បង្កើតផលិតផលស្អាត បំពេញតម្រូវការទីផ្សារ។

ប្រការគួរឲ្យចាប់អារម្មណ៍នោះគឺ មិនត្រឹមតែនៅ Ninh Thuan ប៉ុណ្ណោះទេ ប៉ុន្តែផ្នត់គំនិតចង់ក្លាយជាអ្នកមានពីកសិកម្មនិរន្តរភាពបានបង្កើតឡើងជារូបរាងនៅទូទាំងប្រទេស។ ទោះបីជាមានការលំបាកបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត កូវីដ ១៩ ក៏ដោយ ក៏វិស័យកសិកម្មវៀតណាមនៅតែធានាបាននូវសន្តិសុខស្បៀង និងការនាំចេញជាមួយនឹងចំណូលជាង ៣ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ សេចក្តីសម្រេចចិត្តលេខ ១៩ ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ នៃសន្និបាតលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សនិតិកាលទី១៣ ស្តីពីកសិកម្ម តំបន់ជនបទ និងកសិករដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក៏កំណត់វិស័យកសិកម្មជាប្រៀបខ្លាំងរបស់ប្រទេសជាតិ។ ការអភិវឌ្ឍកសិកម្ម ជនបទ និងកសិករមិនត្រឹមតែទទួលបានផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវចំពោះសហគមន៍  គឺជាមោទនភាពនៃស្រុកកំណើត។ ការផ្លាស់ប្តូរកើតចេញពីផ្នត់គំនិតរបស់ថ្នាក់ដឹកនាំ ធុរកិច្ច តាមនោះ កសិករកាន់តែយល់ដឹង និងមានទំនួលខុសត្រូវចំពោះការការពារបរិស្ថាន អេកូឡូស៊ី ដើម្បីកសិកម្មបៃតង និងនិរន្តរភាព និងសម្រាប់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានមានប្រសាសន៍ថា៖ “អង្គការអន្តរជាតិជាច្រើនកំពុងកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីនៃប្រព័ន្ធស្បៀងអាហាររបស់យើង។ ឥឡូវនេះ ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រយើងជាមួយនឹងគំរូ បទពិសោធន៍ ក៏ដូចជាកញ្ចប់ប្រឹក្សាបច្ចេកទេស រួមទាំងថវិកាមួយចំនួន ដើម្បីអោយយើងមានគំរូ ដូច្នេះយើងអាចបញ្ជាក់បានថា ការសម្របជាមួយកសិកម្មបៃតង កសិកម្មស្អាត កសិកម្មវិលជុំ ជារឿងដែលអាចទៅរួច ប្រសិនបើយើងដឹងពីរបៀបធ្វើសកម្មភាព”។

កសិកម្ម ជនបទ កសិករតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សេចក្តីប្រាថ្នាចង់ស្ថាបនាប្រទេសកសិកម្ម ដើម្បីឱ្យជនបទវៀត ណាមមានការអភិវឌ្ឍថ្មី ជាងនេះទៅទៀត កសិករមានវិជ្ជាជីវៈពិតប្រាកដក្នុងផលិតកម្ម និងអាជីវកម្ម ធ្វើឲ្យវិស័យកសិកម្មពិតប្រាកដជាវិជ្ជាជីវៈមួយ ចិញ្ចឹមសុខភាពសម្រាប់សង្គមជាតិទាំងមូល និងជាវិជ្ជាជីវៈដើម្បីធ្វើឲ្យប្រទេសជាតិសម្បូរធូធារ។ ជាមួយនឹងប្រទេសមួយដែលមានប្រជាជនចំនួន ១០០លាននាក់ ដែលក្នុងនោះ ចំនួន ៦៥% នៃប្រជាជនរស់នៅក្នុងតំបន់ជនបទ កសិកម្មត្រូវបានបញ្ជាក់ថា ជាប្រៀបខ្លាំងរបស់ប្រទេសជាតិ មានន័យថា កសិកម្មប្រកបដោយនិរន្តរភាព កសិកម្មរឹងមាំ  ក៏អាចទៅជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ លើកតម្កើងឋានៈ និងកិត្យានុភាពអន្តរជាតិរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ