សេដ្ឋកិច្ចវៀតណាមបន្តសន្ទុះស្ដារឡើងវិញ

(VOVWORLD) - តារាងតួរលេខស្ថិតិសេដ្ឋកិច្ចប្រចាំខែសីហា និងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២២ ដែលទើបបានប្រកាសដោយអគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) បានសរឲ្យឃើញថា  សេដ្ឋកិច្ចវៀតណាមកំពុងទទួលបានសន្ទុះកំណើនដូចមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩។ សញ្ញាសេដ្ឋកិច្ចស្ដារឡើងវិញបន្តបានបង្ហាញលើវិស័យដូចជា៖ ផលិតកម្មឧស្សាហកម្ម ការនាំចេញ នាំចូលទំនិញ ខណៈពេលដែលអតិផរណាត្រូវបានគ្រប់គ្រងផងដែរ។
សេដ្ឋកិច្ចវៀតណាមបន្តសន្ទុះស្ដារឡើងវិញ - ảnh 1សកម្មភាពផ្ទុក និងដឹកជញ្ជូនទំនិញនៅកំពង់ផែ Cat Lai ទីក្រុង Thu Duc (រូបថត៖ Hong Dat/VNA)

ការស្ដារឡើងវិញយ៉ាងច្បាស់លាស់

តួរលេខស្ដារឡើងវិញយ៉ាងច្បាស់លាស់បំផុតគឺជាកម្លាំងទិញនៃខឿនសេដ្ឋកិច្ច។ នៅពេលប្រកាសតួរលេខនេះ អគ្គនាយកដ្ឋានស្ថិតិក៏បានវាយតម្លៃថា ប្រតិបត្តិការពាណិជ្ជកម្ម និងសេវាកម្មត្រូវបានស្ដារឡើងវិញនៅគ្រប់ផ្នែក ហើយបានកត់ត្រាកម្រិតខ្ពស់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ជាក់ស្ដែង ក្នុងខែសីហា ឆ្នាំ ២០២២ ការលក់រាយទំនិញសរុប និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់កើនប្រមាណ០,៦% បើប្រៀបធៀបនឹងខែមុន ហើយកើន ៥០,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ពោលគឺសម្រេចបានទំហំ និងល្បឿនកំណើនខ្ពស់ជាងបើប្រៀបធៀបនឹងបណ្ដាឆ្នាំមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩។

កម្លាំងទិញកើនឡើងបានបង្កើតកម្លាំងចលករសម្រាប់ផលិតកម្មក្នុងប្រទេស។ សន្ទស្សន៍ផលិតកម្មនៃផ្នែកឧស្សាហកម្មទាំងមូល (IIP) ក្នុងខែសីហា ឆ្នាំ ២០២២ បានកើនឡើង ១៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទូទៅសម្រាប់រយៈពេល ៨ ខែ សម្រេចបានកំណើន ៩,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅពេលដែលលក្ខខ័ណ្ឌសេដ្ឋកិច្ចអំណោយផល សហគ្រាសក៏បង្កើនការវិនិយោគ ផលិតកម្ម និងធ្វើអាជីវកម្មផងដែរ។ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាសហគ្រាសជិត ១៥ ម៉ឺនអង្គភាព ដែលបានចុះបញ្ជីថ្មី និងប្រតិបត្តិការឡើង ពោលគឺកើនជាង ៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើននៃខឿនសេដ្ឋកិច្ចវៀតណាមចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្នគឺមានការរួមចំណែកយ៉ាងសំខាន់នៃមុខទំនិញនាំចេញ។ ក្នុងរយៈពេល ៨ ខែ តម្លៃប្រាក់នាំចេញ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ១៧,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបានសរឲ្យឃើញថា វៀតណាមបន្តជាទីតាំងផ្គត់ផ្គង់ទំនិញដ៏ធំធេងសម្រាប់ទីផ្សារពិភពលោក។ ក្នុងនាមជាប្រទេសដែលមានការបើកចំហសេដ្ឋកិច្ចដ៏ធំ ហើយបានចូលរួមកិច្ចព្រមព្រៀង FTA ចំនួន ១៧ (FTA ចំនួន ១៥ បានចូលជាធរមាននិង  FTA ចំនួន ២ កំពុងបានចរចា) បើកឱកាសជាច្រើនដើម្បីពន្លឿនការនាំចេញ ទាញយកភាពអនុគ្រោះពន្ធក្នុង FTA នីមួយៗ។ របាយការណ៍នាពេលថ្មីៗនេះរបស់ Fitch Solutions បានឲ្យដឹងថា វៀតណាមកំពុងលេចធ្លោដូចជា មជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅតំបន់បូព៌ា និងអាស៊ីអាគ្នេយ៍  ដោយទទួលបានការជួយឧបត្ថម្ភពីការខិតខំប្រឹងប្រែងសេរីភាវូបនីយកម្មសេដ្ឋកិច្ចដែលដឹកនាំដោយរដ្ឋាភិបាល និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសមាជិកភាពនៃប្លុកតំបន់ និងអន្តរជាតិ។ សេដ្ឋកិច្ចវិទូ លោកបណ្ឌិត Le Duy Binh នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Econimica វៀតណាមបានចាត់ទុកថា៖ “កម្រិតនាំចេញហួសកម្រិតនេះបានជួយសម្រួលជាច្រើនដល់ការអនុវត្តរាល់គោលនយោបាយរូបិយវត្ថុរបស់វៀតណាម ជាពិសេសក្នុងបរិបទដែលសម្ពាធ លើរូបិយប័ណ្ណវៀតណាមនាពេលថ្មីៗនេះ។ ជាទូទៅ អត្រាកំណើនបានប្រព្រឹត្តិទៅក្នុងបរិបទដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងប្រមាណ ២,៥% ហើយអតិផរណា កើនឡើងត្រឹមតែប្រមាណ១,៦% ប៉ុណ្ណោះ។ នេះគឺជាចំណុចភ្លឺរបស់វៀតណាម នៅពេលដែលខឿនសេដ្ឋកិច្ចជាច្រើននៅលើពិភពលោក និងតំបន់កំពុងរងការលំបាកជាច្រើនផងដែរ”។

យថាទស្សន៍ដ៏ភ្លឺស្វាង

សេដ្ឋកិច្ចវៀតណាមបន្តសន្ទុះស្ដារឡើងវិញ - ảnh 2សេដ្ឋកិច្ចវិទូ លោកបណ្ឌិត Le Duy Binh នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Econimica វៀតណាម (រូបថត៖ vnexpress)

ពិតណាស់ថាសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចប្រចាំខែសីហាសុទ្ធតែបានកើនឡើងយ៉ាងខ្លាំងក្លា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ មូលហេតុចម្បងគឺដោយសារវៀតណាមបានបើកសកម្មភាពឡើងវិញ ក្រោយរយៈពេលដ៏វែងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទោះជាយ៉ាងណាក៏ដោយ ក្រុមសេដ្ឋកិច្ចវិទូជាច្រើនបានឲ្យដឹងថា ការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ចពិតជាច្បាស់លាស់ណាស់។ សក្ខីភាពគឺ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ កន្លងទៅ ការលក់រាយទំនិញសរុប និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់បានកើនឡើង ១៣,៩% បើធៀបនឹងរយៈពេល ៨ ខែដើមឆ្នាំ ២០១៩ - មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩។

ដើម្បីរក្សាសន្ទុះកំណើននៃខឿនសេដ្ឋកិច្ច ជាពិសេសគឺកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការគ្រប់គ្រងគោលនយោបាយរបស់ប្រទេសធំៗនៅលើពិភពលោក យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា វៀតណាមចាំបាច់ត្រូវពន្លឿនការបើកចំណាយថវិកាសាធារណៈ សម្របសម្រួលគោលនយោបាយសរពើពន្ធ រូបិយប័ណ្ណ និងផ្ដោតសំខាន់លើការស្ដារកម្លាំងសហគ្រាសឡើងវិញ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Phan Chi Anh នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ គ្រប់គ្រងសេដ្ឋកិច្ច (CBAS) នៃមហាវិទ្យាល័យសេដ្ឋកិច្ច - សាកលវិទ្យាល័យជាតិវៀតណាមហាណូយបានឲ្យដឹងថា៖ “ការអភិវឌ្ឍនៃវិស័យសហគ្រាស និងសេវាកម្មបានស្រូបយក ៤០% នៃកំណើន GDP ប្រចាំឆ្នាំ។ ប្រសិនបើយើងមិនអាចដោះស្រាយបញ្ហាជួយសម្រួលដល់សហគ្រាសនឹងនាំមកនូវហានិភ័យក្នុងការធានានូវកំណើន GDP”។

ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពក្នុងប៉ុន្មានខែចុងឆ្នាំ ២០២២ មិនត្រឹមតែជួយ វៀតណាមសម្រេចបានគោលដៅកំណើនពេញមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំងជាបុព្វបទដើម្បីកំណើនដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពនៃខឿនសេដ្ឋកិច្ចទាំងមូលនៅឆ្នាំ ២០២៣ ទៀតផង។ សង្ឃឹមថា ក្រោមការសម្របសម្រួលរបស់រដ្ឋាភិបាល ក្រសួង សាខា និងមូលដ្ឋាន រួមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ធុរកិច្ចនោះ ផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមនឹងបន្តភ្លឺស្វាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ