សេដ្ឋកិច្ចសកល៖ យថាទស្សន៍វិជ្ជមាន ប៉ុន្តែនៅមានបញ្ហាប្រឈម

(VOVWORLD) - ក្នុងរយៈពេលកន្លងមក សេដ្ឋកិច្ចពិភពលោកបានកត់ត្រាជាបន្តនូវសញ្ញាវិជ្ជមានជាច្រើន អំពីការស្តារឡើងវិញនិងកំណើន ជាពិសេសស្ថិតនៅក្នុងប្រទេសពីរដែលមានសេដ្ឋកិច្ចធំជាងគេ របស់ពិភព លោក។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចពិភពលោកនៅតែត្រូវបានចាត់ទុកថា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ជាពិសេសពីបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញដែលពាក់ព័ន្ធនឹងគ្រឹះស្ថានដែលមានឥទ្ធិពលយ៉ាងខ្លាំងលើសកលលោកទាំងមូល។ ស្ថានភាពជាក់ស្តែងនេះបង្ហាញថា សេដ្ឋកិច្ចនៅតែត្រូវការការខិតខំប្រឹងប្រែងជាច្រើន និងត្រូវផ្តោតសំខាន់លើប្រភពធនធានសម្រាប់ដំណាក់កាលខាងមុខ ហើយទន្ទឹមនឹងនោះ ត្រូវស្វិតស្វាញនឹងគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពដើម្បីជំនះរាល់ការលំបាក។

សេដ្ឋកិច្ចសកល៖ យថាទស្សន៍វិជ្ជមាន ប៉ុន្តែនៅមានបញ្ហាប្រឈម - ảnh 1អង្គការអន្តរជាតិជាច្រើនដូចជា Moody's, WB, IMF, ADB ... បានវាយតម្លៃជាវិជ្ជមានអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម (រូបភាព៖ Kinhtemoitruong.vn)

យោងតាមទិន្នន័យដែលទើបចេញផ្សាយថ្មី សេដ្ឋកិច្ចធំៗមួយចំនួន កំពុងស្តារឡើងវិញ និងមានកំណើនល្អជាងការព្យាករណ៍ ក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការជំរុញសេដ្ឋកិច្ចសកលស្តារនិងបង្កើនកំណើន។

សញ្ញាវិជ្ជមាន

យោងតាមទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃទី ២៧ ខែតុលារបស់ក្រសួងពាណិជ្ជ កម្មសហរដ្ឋអាមេរិក បន្ទាប់ពីមានការធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា នៃកំណើន (ត្រីមាសទី ១ និងទី ២ ឆ្នាំ ២០២២) សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក (អាមេរិក) បានកត់ត្រាកំណើន GDP ដោយមិននឹកស្មានដល់ គឺកើនឡើង ២,៦% នៅក្នុង ត្រីមាសទីបី កន្លងមក។ តាមទ្រឹស្តី លទ្ធផលនេះមានន័យថា សេដ្ឋកិច្ចលំដាប់លេខមួយរបស់ពិភពលោកបានបញ្ចប់វិបត្តិសេដ្ឋកិច្ចរបស់ខ្លួន (ពោលគឺកំណើនធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា)។ ប្រធានាធិបតីអាមេរិក Joe Biden បានចាត់ទុកថា កំណើន GDP នេះ គឺជាភ័ស្តុតាងថ្មីបង្អស់ដែលបង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតែបន្ត។ ប៉ុន្មានថ្ងៃមុននេះ អ្នកសេដ្ឋកិច្ចក្នុងការស្ទង់មតិរបស់ Refinitiv ក៏បានព្យាករណ៍ពីការកើនឡើង ២,៤% នៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២ ដែលទាបជាងតួលេខរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបន្តិច ប៉ុន្តែបញ្ជាក់ពីការបញ្ច្រាសទិសដៅនៃនិន្នាការកំណើន GDP របស់សហរដ្ឋអាមេរិក បន្ទាប់ពីការកត់ត្រារយៈពេលពីរត្រីមាសជាប់គ្នាដែលកំណើនមានការធ្លាក់ចុះ។

ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកគឺប្រទេសចិនបានរាយការណ៍ពីកំណើនដ៏ល្អនៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២២។ ដូច្នេះហើយ នៅក្នុងត្រីមាសចុងក្រោយនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបានឈានដល់ ៣,៩% ខ្ពស់ជាងការព្យាករណ៍របស់អ្នកវិភាគក្នុងការស្ទង់មតិរបស់ Reuters គឺសម្រេចបាន ៣,៤% និងខ្ពស់ជាងជិត ១០ ដងនៃអត្រាកំណើនត្រឹមតែ ០,៤% ដែលសម្រេចនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២។ នាយកដ្ឋានស្ថិតិជាតិរបស់ចិនបានវាយតម្លៃថា សន្ទស្សន៍សំខាន់ៗនៃសេដ្ឋកិច្ចបានស្តារឡើងវិញ និងស្ថិរភាព “ក្នុងដែនកំណត់សមស្រប”។

សន្ទុះកំណើនដ៏ល្អនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ ក៏ត្រូវបានកត់ត្រានៅក្នុងប្រទេសមានសេដ្ឋកិច្ចមធ្យម និងធំៗមួយចំនួននៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក។ ជាឧទាហរណ៍ នៅក្នុងព្រឹត្តិប័តព័ត៌មានបច្ចុប្បន្នភាពអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក្នុងខែតុលា ឆ្នាំ ២០២២ ចេញផ្សាយនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ធនាគារពិភពលោក (WB) បានកត់ត្រាថា នៅក្នុងត្រីមាសទីបីនៃឆ្នាំ ២០២២សេដ្ឋកិច្ចវៀតណាមបានឈានដល់អត្រាកំណើនខ្ពស់ គឺ ១៣,៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ នៅក្នុងត្រីមាសទាំង ៣ នៃឆ្នាំ ២០២២ សន្ទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាមបានឈានដល់ ៨,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរកត់សម្គាល់ថា អង្គការអន្តរជាតិជាច្រើនដូចជា Moody's, WB, IMF, ADB ... បានវាយតម្លៃជាវិជ្ជមានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់វៀតណាម ហើយបានព្យាករណ៍សុទិដ្ឋិនិយមអំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ គឺស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។

បញ្ហាប្រឈមត្រូវជំនះ

យោងតាមការវិភាគទិន្នន័យកំណើនសេដ្ឋកិច្ចអាមេរិក ទីភ្នាក់ងារព័ត៌មាន Bloomberg បានលើកឡើងថា រូបភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺ "ចម្លែកណាស់"។ សញ្ញាគឺផ្ទុយគ្នា។ តម្លៃទំនិញប្រើប្រាស់នៅតែកើនឡើង ការចំណាយក្នុងគ្រួសារស្ថិតនៅក្រោមសម្ពាធ ការកើនឡើងអត្រាការប្រាក់កម្ចីទិញផ្ទះកំពុងចាប់ផ្តើមធ្វើឱ្យទីផ្សារលំនៅដ្ឋានធូរស្រាល ហើយភាពអត់ការងារធ្វើមានកម្រិតទាបបំផុតក្នុងរយៈពេល ៥ ទសវត្សកន្លងមក។ ក្រុមហ៊ុនធំៗបានរាយការណ៍ពីលទ្ធផលចម្រុះ ដែលធ្វើអោយទីផ្សារភាគហ៊ុនមានការស្ទាក់ស្ទើរ។  ក្នុងពេលជាមួយគ្នានោះ សេដ្ឋកិច្ចវិទូនៅ Morgan Stanley គិតថា ត្រីមាសទី ៣ ទំនងជាកំណើនខ្ពស់បំផុត មានន័យថា ត្រីមាសទី ៤ ឆ្នាំ ២០២២ ហើយប្រហែលជាឆ្នាំ ២០២៣ ទាំងមូលនឹងមិនសម្រេចបាននូវកំណើននេះទេ។ ដូចគ្នានេះដែរ Brittany Brinckerhoff ទីប្រឹក្សាហិរញ្ញវត្ថុនៅ Hilltop Wealth Advisors ស្ថិតនៅខាងត្បូងនៃរដ្ឋ Carolina (អាមេរិក) បានវាយតម្លៃថា អតិផរណានៅតែខ្ពស់ ហើយធនាគារកណ្តាលអាមេរិក (FED) នៅតែទំនងជាបន្តដំឡើងអត្រាការប្រាក់។ ដូច្នេះកំណើនសេដ្ឋកិច្ចអាចនឹងបន្តធ្លាក់ចុះ។ ធ្ងន់ជាងនេះទៅទៀត លោក Richard F. Moody ប្រធានសេដ្ឋវិទូប្រចាំតំបន់ Financial បានវាយតម្លៃស្ថានភាពទាំងមូលនៃសេដ្ឋកិច្ចអាមេរិកថា កំពុងអាក្រក់ទៅៗ។ នេះជាមូលហេតុចម្បងដោយសារអតិផរណាកើនឡើង និងអត្រាការប្រាក់កាន់តែខ្ពស់។

ដូចគ្នានេះដែរ ជាមួយនឹងទិន្នន័យនៃសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចមួយចំនួនផ្សេងទៀតដែលមានកំណើនល្អ អ្នកជំនាញ និងស្ថាប័នហិរញ្ញវត្ថុ-សេដ្ឋកិច្ចអន្តរជាតិបានចង្អុលបង្ហាញពីបញ្ហាប្រឈម រួមទាំងហានិភ័យយ៉ាងច្បាស់លាស់។ ទន្ទឹមនឹងនេះ បរិបទភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ជាច្រើននៅតែបន្តមានភាពស្មុគស្មាញ ជាពិសេសនៅអឺរ៉ុបដែលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលអូសបន្លាយ និងតំបន់អាស៊ីភាគឦសានដែលមានភាពតានតឹងគួរឱ្យព្រួយបារម្ភ  បង្កហានិភ័យ និងបញ្ហាប្រឈមបន្ថែមដល់សេដ្ឋកិច្ចពិភពលោកនិយាយរួម និងសេដ្ឋកិច្ចនីមួយៗ និយាយដដោយឡែក។ ដូច្នេះ ទន្ទឹមនឹងការបង្កើនកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបន្ធូរបន្ថយចំណុចក្តៅនៃភូមិសាស្ត្រនយោបាយ រដ្ឋាភិបាលនានានៅតែត្រូវរៀបចំផែនការយ៉ាងសកម្ម ដើម្បីដោះស្រាយវិបត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ