ស្ដារទីផ្សារការងារ៖ កត្តាដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើវិញ

(VOVWORLD) - ស្ដារទីផ្សារការងារយ៉ាងឆាប់រហ័សគឺជាភារកិច្ច និងជាដំណោះស្រាយដ៏សំខាន់មួយក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ ២០២១ របស់រដ្ឋាភិបាលវៀតណាម ដើម្បីស្តារផលិតកម្មឡើងវិញ។ នេះក៏ជាលក្ខខ័ណ្ឌសម្រាប់សហគ្រាសនានាសម្រេចឲ្យបានផលិតភាព ១០០% ដើម្បីជួយសម្រួលដល់ការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។
ស្ដារទីផ្សារការងារ៖ កត្តាដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើវិញ - ảnh 1កម្មករនៅរោងចក្រ Leoch Battery (Vietnam) Co., Ltd., Becamex Industrial Park - Binh Phuoc (រូបថត៖ baobinhphuoc.com.vn)

ពលករចូលបម្រើការងារឡើងវិញ ផលិតកម្មមានស្ថិរភាពជាជំហានៗ

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ពលករបានវិលត្រឡប់មកខេត្ត ក្រុងនានាជាបណ្ដើរៗ ហើយ។ មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Binh Phuoc បានឲ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២១ កម្មករប្រមាណ ៧០% ក្នុងភូមិសាស្ត្រខេត្ត បានវិលត្រឡប់មកធ្វើការវិញ។ សហគ្រាសជាច្រើនកំពុងមានតម្រូវការជ្រើសរើសបរិមាណពលករយ៉ាងច្រើនកុះករ។

នៅមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅខ័ណ្ឌទី ៩ ទីក្រុងហូជីមិញនោះ ចំនួនពលករដែលបានវិលត្រឡប់មកធ្វើការវិញសម្រេចបានប្រមាណ ៧០% ហើយតាមការព្យាករណ៍បានឲ្យដឹងថាចំនួននេះនឹងកើនឡើងរហូតដល់ ១០០% នៅខែវិច្ឆិកា។ លោក Nguyen Van Be ប្រធានសម្ព័ន្ធសមាគមន៍ធុរកិច្ចនៃមណ្ឌលឧស្សាហកម្មទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ទីក្រុងហូជីមិញមានមណ្ឌលកែច្នៃនាំចេញ មណ្ឌលឧស្សាហកម្ម និងមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ចំនួន ១៨ ដោយមានពលករជាង ៣២០ ពាន់នាក់ និងរោងចក្រចំនួន ១ ៥០០។ បច្ចុប្បន្ននេះ សហគ្រាសចំនួន ៩១% នៃមណ្ឌលឧស្សាហកម្មចំនួន ១៨ បានប្រតិបត្តិការឡើងវិញ ក្នុងស្ថានភាពតាមបែបគន្លងថ្មី ពោលគឺក្នុងបរិបទរៀនរស់ជាមួយជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ ពលករចំនួន ៧០%   បានវិលត្រឡប់មកធ្វើឡើងវិញ ពោលគឺប្រមាណ ២០០ ពាន់នាក់។ ពលករទាំងអស់នៅទីក្រុងហូជីមិញសុទ្ធតែទទួលបានការចាក់វ៉ាក់សាំងចំនួន ២ ដូសរួចរាល់ហើយផងដែរ”។

យោងតាមលោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Chau Duc ខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា នាបច្ចុប្បន្ននេះ បណ្ដាសហគ្រាសដែលមានចំនួនពលករច្រើននៅភូមិសាស្ត្របានស្ដារផលិតកម្មឡើងវិញដោយមិនខ្វះកម្លាំងពលកម្មឡើយ។ “បណ្ដាសហគ្រាសដែលបានប្រើប្រាស់ពលករក្រៅស្រុក គឺភាគច្រើនមិនសូវខ្វះពលករឡើយ ពោលគឺខ្វះត្រឹមតែ ពី ៤-៥% ប៉ុណ្ណោះ។ នាប៉ុន្មានថ្ងៃខាងមុខ កម្មករទាំងនេះ (នៅ Cam My  និង Dong Nai) នឹងវិលត្រឡប់មកធ្វើការវិញ។ នាបច្ចុប្បន្ននេះ ចំនួនសហគ្រាសក្នុងមណ្ឌលឧស្សាហកម្មបានស្ដារផលិតកម្ម ១០០ % ហើយ”។

បង្កលក្ខណៈងាយស្រួលបំផុត ដើម្បីទទួលពលករ

ស្ដារទីផ្សារការងារ៖ កត្តាដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើវិញ - ảnh 2លោក Vu Quang Thanh នាយករងមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងហាណូយ

ដើម្បីស្តារខ្សែសង្វាក់ការងារដែលត្រូវកាត់ផ្ដាច់នោះ លោក Vu Xuan Hung ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃអគ្គនាយកដ្ឋានអប់រំវិជ្ជាជីវៈ (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) បានឲ្យដឹងថា ក្រសួងកំពុងកសាងផែនការចំនួន ២ ស្ដីពីការផ្គត់ផ្គង់ពលករតាមរយៈការបណ្ដុះបណ្ដាល ដោយបានរួមចំណែកធានាសកម្មភាពផលិតកម្ម ធ្វើអាជីវកម្មរបស់រសហគ្រាសនៅ ក្រោយពីជំងឺកូវីដ ១៩៖ “ដើម្បីជួយសហគ្រាសទទួលបានប្រភពពលករឲ្យបានឆាប់រហ័សទាន់ពេលវេលានោះ អគ្គនាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកសាងផែនការចំនួន ២។ ផែនការទីមួយគឺ បញ្ជូនសិស្ស និស្សិតចុះធ្វើកម្មសិក្សា និងអនុវត្តន៍ជាក់ស្ដែងនៅតាមសហគ្រាសនានា។ ផែនការទី ២ គឺជំរុញខ្លាំងការជ្រើសរើសបេក្ខជន រៀបចំការបណ្ដុះបណ្ដាលនៅគ្រប់កម្រិតថ្នាក់នៃការអប់រំវិជ្ជាជីវៈ។ ផែនការទាំងពីរនេះ សុទ្ធតែអាចប្រមូលផ្ដុំបានចំនួនសិស្ស និស្សិតឲ្យចូលរួមសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មរបស់សហគ្រាស បើមានតម្រូវការផងដែរ”។

ចំណែកឯ លោក Vu Quang Thanh នាយករងមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងហាណូយ បានឲ្យដឹងថា៖“ប្រហែលជានៅចុងខែតុលា និងវិច្ឆិការ ពេលដែលជំងឺរាតត្បាតបន្តត្រូវបានគ្រប់គ្រង យើងនឹងស្នើឱ្យរៀបចំបើកវគ្គឧទ្ទេសនាមការងារ ដោយផ្សារភ្ជាប់ជាមួយវិស័យមួយចំនួន ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះ យើងខ្ញុំនឹងរួមសហការជាមួយខេត្ត ក្រុងនានារៀបចំវគ្គឧទ្ទេសនាមការងារនៅតាមមូលដ្ឋាននីមួយៗដើម្បី ជួយសម្រួល សហគ្រាស និងពលករផងដែរ”។

ក្រោយពីរលកពលករវិលត្រឡប់ទៅស្រុកកំណើតវិញ នាបច្ចុប្បន្ននេះ ពលករជាច្រើនបានមកធ្វើការវិញហើយ។ នារយៈពេលខាងមុខ ទន្ទឹមនឹងការដែលរដ្ឋាភិបាលបន្តពន្លឿនការចាក់វាក់សាំង ធានាសន្តិសុខសង្គម និងបង្កលក្ខណៈងាយស្រួលនោះ ចំនួនពលករដែលវិលត្រឡប់មកទីផ្សារការងារនឹងកើនឡើង ដោយជួយសម្រួលការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ