ស្ថានភាពអាហ្វហ្គានីស្ថាន ​ក្រោយរយៈពេល ​២​ឆ្នាំ​ តាលីបង់​ឡើង​កាន់​អំណាច

(VOVWORLD) - អាហ្វហ្គានីស្ថានបានឆ្លងកាត់រយៈពេល ២ ឆ្នាំ ពោរពេញទៅដោយការលំបាកសាកល្បង ចាប់តាំងពីពេលកងទ័ពអាមេរិកដកខ្លួន ហើយកងកម្លាំងតាលីបង់បានគ្រប់គ្រងប្រទេសអាស៊ីខាងត្បូងនេះ។ 

ជីវភាពរស់នៅរបស់ប្រជាជនកាន់តែលំបាក ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះថាជំនួយត្រូវកាត់បន្ថយ រួមជាមួយបទដាក់ទណ្ឌកម្ម ដែលបះពាល់យ៉ាងខ្លាំងក្លាដល់ខឿនសេដ្ឋកិច្ច។ គួរឱ្យព្រួយបារម្ភជាងនេះទៅទៀត ស្ថានការណ៍អសន្តិសុខស្បៀងអាហារ ខឿនអប់រំមានកំហិតសម្រាប់កុមារី រួមជាមួយស្រមោលភេរវកម្មកំពុងជាបញ្ហាសាកល្បងក្នុងការនាំអាហ្វហ្គានីស្ថានទៅរកស្ថិរភាព និងកំណើនសេដ្ឋកិច្ច។

កាលពី ២ ឆ្នាំមុន ពោលគឺនាថ្ងៃទី ១៥ សីហា ឆ្នាំ ២០២១ តាលីបង់ - កម្លាំងឥស្លាមជ្រុលនិយម ដែលបានគ្រប់គ្រងអាហ្វហ្គានីស្ថានដំណាក់កាលឆ្នាំ ១៩៩៦-២០០១ បានសម្រេចរួចរាល់យុទ្ធនាការយោធាផ្លេកបន្ទោរ ដណ្ដើមសិទ្ធគ្រប់គ្រងប្រទេសពីយោធា។ យោងតាមកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយសហរដ្ឋអាមេរិកកាលពីមុន (នៅដូហា ខែកុម្ភៈ ឆ្នាំ ២០២០) តាលីបង់បានសន្យាស្ថាបនាប្រទេសឡើងវិញ កសាងខឿនសន្តិភាព ស្ថិរភាពនៅប្រទេសនេះ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ២ ឆ្នាំកម្លងទៅ ការសន្យាអំពីរដ្ឋាភិបាលពេញលេញ ប្រកបដោយបរិយាប័ន្ន ក៏ដូចជាផ្លាស់ប្ដូរថ្មីបែបផែនប្រទេស សំដៅនាំមកនូវខឿនសន្តិសុខ និងសេដ្ឋកិច្ចដ៏ល្អប្រសើរជាងជូនប្រជាជន នៅតែមិនអាចក្លាយទៅជាការពិតបានឡើយ។

បញ្ហាប្រឈមដែលមាន

នៅពេលឡើងកាន់អំណាច តាលីបង់ធ្លាប់បានប្រកាសថា អាហ្វហ្គានីស្ថាន ជាប្រទេសមានប្រព័ន្ធឥស្លាមមួយ ដែលមនុស្សគ្រប់រូបមានសិទ្ធិពេញលេញ គ្មានអយុត្តិធម៌ ហើយគ្មានអំពើពុករលួយ។ ជាការពិត ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ បើទោះបីជាមិនអាចបដិសេធរាល់ភាពខុសគ្នារវាងរដ្ឋតាលីបង់បច្ចុប្បន្ន និងរដ្ឋាភិបាលតាលីបង់ដែលគាបសង្កត់យ៉ាងខ្លាំងក្លាកាលពីជាង ២០ ឆ្នាំមុនក៏ដោយ ក៏ប្រទេសអាហ្វហ្គានីស្ថានបានឃើញពីការធ្លាក់ចុះក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ។ ជាពិសេសក្នុងការអនុវត្តផលប្រយោជន៍សង្គម ជាពិសេសគឺបញ្ហាសិទ្ធិស្ត្រី។ តួនាទីរបស់ស្ត្រីក្នុងសង្គមត្រូវដាក់កំហិត ដូចជា៖ បិទហាងកែសម្ផស្ស កុមារីគ្មានឱកាសទៅសាលារៀនក្រោយថ្នាក់ទី៦ ស្ត្រីត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ហើយតម្រូវឲ្យត្រូវមានសាច់ញ្ញាតិជាបុរសអមដំណើរជាដើម។

អំពីនយោបាយ នាបច្ចុប្បន្ន គ្មានប្រទេសណាមួយបានទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជាផ្លូវការឡើយ។ មុនពេលតាលីបង់ឡើងកាន់អំណាចនៅ អាហ្វហ្គានីស្ថាននាខែសីហា ឆ្នាំ ២០២១ ជំនួយអន្តរជាតិស្រូបយក ៤០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់អាហ្វហ្គានីស្ថាន និង ៨០% នៃថិវិការបស់ប្រទេសនេះ។ ប្រការនេះត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន។ ទោះជាយ៉ាងណាក៏ដោយក្រោយពីពួកតាលីបង់បានឡើងកាន់អំណាចសម្របសម្រួលប្រទេសចជាតិមក ប្រភពហិរញ្ញវត្ថុអន្តរជាតិត្រូវបានកាត់បន្ថយ ដោយបន្សល់ទុកតែជំនួយមនុស្សធម៌តិចតួចប៉ុណ្ណោះ។ ទុនបំរុងរូបិយប័ណ្ណបរទេសប្រមាណ ៩ ពាន់លានដុល្លារអាមេរិកត្រូវបានបង្កក  ដោយសារការចរចាររបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានជាមួយសហរដ្ឋអាមេរិកដើម្បីដកហូតប្រភពទុនបំរុងរូបិយប័ណ្ណបរទេសដែលត្រូវបង្កកមិនទទួលបានលទ្ធផលក្នុងរយៈពេលកន្លងទៅ។ មន្ត្រីលោកខាងលិចបានចាត់ទុកថា វឌ្ឍនភាពអំពីសិទ្ធិស្ត្រីនឹងជា “កូនសោរ” សម្រាប់តាលីបង់ទទួលបានប្រភពទុននេះ។

ក្នុងពេលនោះ ក្រុមហ៊ុន និងអង្គការហិរញ្ញវត្ថុបរទេសនៅតែប្រុងប្រយ័ត្នក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអំណាចតាលីបង់។ ដូច្នេះហើយ ខឿនសេដ្ឋកិច្ចអាហ្វហ្គានីស្ថានរងឱនភាពដល់ ៤០% ក្នុងឆ្នាំទៅមិញ។អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ប្រជាជនអាហ្វហ្គានីស្ថានប្រហែល ២៥ លាននាក់ (ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជន) កំពុងរស់នៅក្នុងភាពក្រីក្រ ហើយត្រូវប្រឈមនឹងអសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានធ្វើឱ្យតម្លៃស្បៀងអាហារនៅលើពិភពលោកឡើងថ្លៃ។ ធនធានទឹកខ្វះខាត និងស្ថានការណ៍លំបាកនៃវិស័យកសិកម្មបានធ្វើឱ្យវិបត្តិសេដ្ឋកិច្ច កាន់តែធ្ងន់ធ្ងរនៅអាហ្វហ្គានីស្ថាន។ ក្នុងបរិបទនេះ អង្គការសហប្រជាជាតិបានព្រមានអំពីគ្រោះមហន្តរាយមនុស្សធម៌ដែលកំពុងកើតមាននៅប្រទេសអាស៊ីខាងត្បូងនេះ។

អនាគតអស្ថិរភាព

ក្រោយរយៈពេល ២ ឆ្នាំកាន់អំណាចឡើងវិញ មិនត្រឹមតែរងបរាជ័យក្នុងការសម្របសម្រួលខឿនសេដ្ឋកិច្ចប៉ុណ្ណោះទេ តាលីបង់ត្រូវប្រឈមនឹងបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរមួយចំនួន ខណៈដែលជម្លោះបក្ខពួកកើនឡើង បានបណ្ដាលឲ្យមានក្ដីបារម្ភអំពីសង្គ្រាមស៊ីវិល។ ក្រៅពីនោះអាហ្វហ្គានីស្ថានហាក់ដូចជាកំពុងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់ក្រុមភេរវករឆ្លងដែន និងអង្គការជ្រុលនិយម។ អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះរដ្ឋអំណាចតាលីបង់ ដោយបានធ្វើការវាយប្រហារជាច្រើនតម្រង់ទៅលើមន្ត្រីរដ្ឋអំណាចតាលីបង់នារយៈពេលកន្លងទៅ។

ផ្ទាំងគំនូរអាប់អួរនៅអាហ្វហ្គានីស្ថានក្នុងរយៈពេល ២ ឆ្នាំ ក្រោយពីតាលីបង់ឡើងកាន់អំណាច បានធ្វើឲ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់ និងព្រួយបារម្ភ។ ក្រៅពីជម្លោះមិនចេះចប់ជាមួយអានុភាពខាងក្រៅ អនាគតអំពីរដ្ឋាភិបាលគ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន ក៏ដូចជាផ្លាស់ប្ដូរថ្មីបែបផែនសម្របសម្រួលប្រទេសជាតិ សំដៅនាំមកនូវខឿនសន្តិសុខ សេដ្ឋកិច្ចដ៏ល្អប្រសើរជាងជូនប្រជាជន

នៅតែមិនទាន់ក្លាយទៅជាការពិត។ យោងតាមក្រុមអ្នកវិភាគអន្តរជាតិបានឲ្យដឹងថា ប្រសិនបើរដ្ឋអំណាចតាលីបង់ នៅអាហ្វហ្គានីស្ថានបច្ចុប្បន្នមិនដោះស្រាយបញ្ហាដោយព្រមៗគ្នា ចាប់ពីការកែលម្អខឿនសេដ្ឋកិច្ច កាត់បន្ថយភាពឯកោអន្តរជាតិ រហូតដល់ការរក្សាគោលនយោបាយសង្គមបើកចំហជាងនោះ ស្ថិរភាព និងកំណើននៅតែជាគោលដៅឆ្ងាយ នៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ