សហគមន៍អន្តរជាតិបង្កើនសម្ពាធលើក្រុមតាលីបង់

(VOVWORLD) - នៅចុងសប្តាហ៍កន្លងទៅ រដ្ឋបាលអាមេរិកបានដំណើរការកិច្ចសន្ទនាផ្ទាល់លើកដំបូងជាមួយក្រុមតាលីបង់ ដែលជាកម្លាំងកំពុងកាន់កាប់អាហ្វហ្កានីស្ថាន ចាប់តាំងពីពាក់កណ្តាលខែសីហាឆ្នាំ ២០២១ រហូតមកដល់ពេលនេះ។ កិច្ចសន្ទនាដែលបានធ្វើឡើងនៅរដ្ឋធានីដូហារបស់កាតា ដោយត្រូវបានចាត់ទុកថាជាកាយវិការថ្មីនិងគួរឱ្យកត់សម្គាល់បំផុតរបស់សហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសម្ពាធលើក្រុមតាលីបង់ឱ្យគោរពតាមការសន្យារបស់ខ្លួនក្នុងការបោះបង់អំពើហឹង្សា ជំរុញការផ្សះផ្សារនិងអនុវត្តន៍សិទ្ធិមនុស្ស។

សហគមន៍អន្តរជាតិបង្កើនសម្ពាធលើក្រុមតាលីបង់ - ảnh 1កន្លែងផ្ទុះនៅវិហារអ៊ីស្លាមស៊ីអ៊ីតក្នុងខេត្ត Kunduz ភាគឥសានអាហ្វហ្គានីស្ថាន ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN)

កិច្ចសន្ទនាអូសបន្លាយរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៩-១០ ខែតុលា ត្រូវបានធ្វើឡើងក្នុងបរិបទដែលក្រុមតាលីបង់ព្យាយាមបំបែកភាពឯកោនិងស្វែងរកការទទួលស្គាល់ពីអន្តរជាតិ។ ក្នុងពេលជាមួយគ្នានោះ សហគមន៍អន្តរជាតិនៅតែបន្តខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកើតមានឡើងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅអាហ្វហ្កានីស្ថាន ព្រមទាំងបង្កើនសម្ពាធទៅលើក្រុមតាលីបង់ដោយឥតឈប់ឈរ សំដៅបង្ខំឱ្យក្រុមនេះត្រូវគោរពតាមគុណតម្លៃរួមរបស់ពិភពលោក។

តាលីបង់ព្យាយាមបំផ្លាញភាពឯកោ

ក្រៅពីកិច្ចពិភាក្សាជាមួយតំណាងរដ្ឋបាលអាមេរិកមក ដំណើរការកិច្ចសន្ទនានៅទីក្រុងដូហារបស់ក្រុមតាលីបង់ក៏រួមបញ្ចូលទាំងកិច្ចពិភាក្សាជាមួយតំណាងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១២ ខែតុលាផងដែរ។ ដំណើរការនេះត្រូវបានអនុវត្តន៍តែប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំតាលីបង់បានជួបពិភាក្សាជាមួយលោក Simon Gass តំណាងជាន់ខ្ពស់នៅអាហ្វហ្កានីស្ថាន របស់នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson (កាលពីថ្ងៃទី ៥ ខែតុលា)។ មុននេះ មេដឹកនាំតាលីបង់ក៏បានចូលរួមក្នុងការទទួលជំនួយពីកាតា ចិន អេមីរ៉ាតអារ៉ាប់រួម (UAE) ប៉ាគីស្ថាននិងអ៊ូសបេគីស្ថាននៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងរដ្ឋធានីកាប៊ុល។ ក្រៅពីនោះ មេដឹកនាំតាលីបង់ក៏បានចូលរួមកិច្ចប្រជុំជាមួយមន្រ្តីអង្គការសហប្រជាជាតិកាលពីខែកញ្ញាស្តីពីបញ្ហារក្សាជំនួយឧបត្ថម្ភសម្រាប់អាហ្វហ្គានីស្ថាន។

អ្នកវិភាគក្នុងតំបន់និងលោកខាងលិចជាច្រើនយល់ស្របថា ការដែលមេដឹកនាំតាលីបង់ចូលរួមយ៉ាងសកម្មក្នុងរាល់ជំនួបពិភាក្សាជាមួយពិភពលោកក្នុងគោលបំណងបំផ្លាញភាពឯកោនិងស្វែងរកការទទួលស្គាល់ពីអន្តរជាតិ។ ដោយសារតែ ចាប់តាំងពីការកាន់កាប់រដ្ឋធានីកាប៊ុល (នៅថ្ងៃទី ១៥ ខែសីហា) និងការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅអាហ្វហ្កានីស្ថាន (ថ្ងៃទី ៦ ខែកញ្ញា) ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមតាលីបង់មិនទាន់ទទួលបានការទទួលស្គាល់ណាមួយពី សហគម ន៍អន្តរជាតិនៅឡើយទេ។ ទន្ទឹមនឹងនេះ វិបត្តិស្បៀងអាហារ ផ្នែកវេជ្ជសាស្ត្រនិងហិរញ្ញវត្ថុនៅអាហ្វហ្គានីស្ថាននៅបន្តកាន់តែអាក្រក់ទៅ ដោយរុញច្រានក្រុមតាលីបង់ឲ្យធ្លាក់ចូលក្នុងស្ថាន ភាពមួយដែលគ្មានជម្រើស បង្ខំឱ្យពួកគេត្រូវដំណើរការកិច្ចសន្ទនានិងសុំជំនួយឧបត្ថម្ភពីខាងក្រៅ។

សហគមន៍អន្តរជាតិបង្កើនសម្ពាធលើក្រុមតាលីបង់ - ảnh 2រដ្ឋមន្រ្តីការបរទេសស្តីទីរបស់អាហ្វហ្គានីស្ថានលោក Mullah Amir Khan Muttaqi បានឲ្យដឹងថា ការផ្តោតអារម្មណ៍របស់គណៈប្រតិភូអាហ្វហ្គានីស្ថានគឺផ្តោតលើជំនួយមនុស្សធម៌ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀង (រូបថត៖ Karim Jaafar/AFP)

រក្សាសម្ពាធទន្ទឹមនឹងការសន្ទនា

នៅក្នុងការសន្ទនាជាមួយក្រុមតាលីបង់នាពេលថ្មីៗនេះ ភាគីអាមេរិកនិងអន្តរជាតិបានសង្កត់ធ្ងន់លើតម្រូវការរួមដែលថា ក្រុមតាលីបង់ត្រូវបង្កើតឡើងរដ្ឋាភិបាលមួយដែលមានអ្នកតំណាងយ៉ាងទូលំទូលាយ លើកកម្ពស់សុខដុមនីយកម្មជាតិនិងផ្តល់សិទ្ធិសម្រាប់ស្ត្រី។ ជាក់ស្តែងគឺ ក្នុងសេចក្តីប្រកាសជាផ្លូវការមួយ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងដូហានាថ្ងៃទី ១០ ខែតុលា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ការចរចានៅទីក្រុងដូហា ផ្តោតលើការព្រួយបារម្ភផ្នែកសន្តិសុខនិងភេរវកម្ម ច្រករបៀងមានសុវត្ថិភាពសម្រាប់ពលរដ្ឋអាមេរិក ពលរដ្ឋនៃប្រទេសផ្សេងទៀតនិងប្រជាជនអាហ្វហ្គានីស្ថាន ក៏ដូចជាបញ្ហាសិទ្ធិមនុស្ស ជាពិសេសការចូលរួមរបស់ស្ត្រីនិងកុមារីនៅគ្រប់ជ្រុងទាំងអស់ក្នុងសង្គមអាហ្វហ្គានីស្ថាន។ ជាពិសេស សេចក្តីប្រកាសនេះបានបញ្ជាក់ជាថ្មីនូវទស្សនៈដែលថា នឹងវាយតម្លៃតាលីបង់ដោយអាស្រ័យលើសកម្មភាព មិនមែនគ្រាន់តែជាពាក្យសម្តីនោះទេ។ មុនកិច្ចប្រជុំ ក្រុមមន្រ្តីអាមេរិកក៏បានបញ្ជាក់ថា ដំណើរការសន្ទនានៅទីក្រុងដូហា មិនមានបំណងទទួលស្គាល់ពួកតាលីបង់ឡើយ។

ថ្វីត្បិតដូច្នេះក៏ដោយ នៅក្នុងបរិបទអាចកើតមានឡើងគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅអាហ្វហ្គានីស្ថាន រួមជាមួយការដាក់សម្ពាធលើក្រុមតាលីបង់ សហគមន៍អន្តរជាតិក៏កំពុងព្យាយាមស្វែងរកដំណោះស្រាយដើម្បីរាំងស្កាត់ស្ថានភាពមនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ ជាមួយគ្នានោះ  នៅថ្ងៃទី ១២ ខែតុលា មេដឹកនាំនៃក្រុមប្រទេស G20 បានរៀបចំកិច្ចប្រជុំកំពូលពិសេសមួយស្តីពីអាហ្វហ្គានីស្ថានដោយមានរបៀបវារៈសំខាន់មួយ គឺស្វែងរកដំណោះស្រាយសង្គ្រោះបន្ទាន់សម្រាប់ប្រជាជនអាហ្វាហ្គានីស្ថានចំនួនជាង ១/៣  (ពោលគឺ ជាង ១១ លាននាក់) ដែលកំពុងស្ថិតក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរ។

ការជួយសង្គ្រោះប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ដែលកំពុងប្រឈមមុខ នឹងវិបត្តិស្បៀងអាហារគឺជាកិច្ចការបន្ទាន់និងចាំបាច់។ ប៉ុន្តែ ដំណោះស្រាយរយៈពេលវែង សម្រាប់ប្រទេសនិងប្រជាជនអាហ្វហ្គានីស្ថានគឺនៅតែដើម្បីកសាងសង្គមមួយ ដែលមានស្ថិរភាពនិងវឌ្ឍនភាពប៉ុណ្ណោះ។ ក្នុងស្មារតីនោះ សហគមន៍អន្តរជាតិកំពុងខិតខំប្រឹងប្រែងរក្សាការសន្ទនាជាមួយក្រុម តាលីបង់ ដោយជំរុញឱ្យក្រុមនេះ បោះបង់អំពើហឹង្សាដំណើរការការផ្សះផ្សានិង អនុវត្តន៍សិទ្ធិមនុស្ស ជាពិសេស សិទ្ធិរបស់ស្ត្រីនិងកុមារីនៅអាហ្វហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ