អឺរ៉ុបនិងតម្រូវការកាន់តែខ្លាំងក្នុងការធ្វើឲ្យស្របច្បាប់នូវអធិបតេយ្យភាព

(VOVWORLD) - កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) ទើបតែបានប្រព្រឹត្តទៅកាលពីសប្តាហ៍មុន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ បញ្ហាពង្រីកប្លុកជាថ្មីម្តងទៀត ត្រូវបាន យកមកពិភាក្សាដោយក្លាយទៅជាចំណុចស្នូលនៃកិច្ចប្រជុំ ហើយជម្លោះនៅអ៊ុយក្រែន គឺត្រឹមតែសំដៅធ្វើឲ្យស្របច្បាប់នូវតម្រូវការកាន់តែខ្លាំងក្លារបស់អឺរ៉ុបអំពីអធិប តេយ្យ ភាពប៉ុណ្ណោះ។

អឺរ៉ុបនិងតម្រូវការកាន់តែខ្លាំងក្នុងការធ្វើឲ្យស្របច្បាប់នូវអធិបតេយ្យភាព - ảnh 1ទីស្នាក់ការគណៈកម្មាធិការអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ (រូបថត៖ AFP/VNA)

នៅក្នុងកាយវិកាមួយដែលត្រូវបានចាត់ទុកថាមិនធ្លាប់មានពីមុនមក មេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានយល់ព្រមផ្តល់បក្ខភាពដើម្បីចូលរួមប្លុកនេះទៅដល់ប្រទេសម៉ុលដូវ៉ា និងអ៊ុយក្រែន។ ការសម្រេចចិត្តជាប្រវត្តិសាស្ត្រនេះអនុញ្ញាតឲ្យអ៊ុយក្រែនបោះជំហានមួយទៀតក្នុងដំណើរការចូលរួមសហភាពអឺរ៉ុបជាមួយនឹងប្រទេសជិតខាង។

ការសម្រេចចិត្តដោយមានលក្ខណៈនិមិត្តរូប

អ៊ុយក្រែនបានហៅនេះជាការសម្រេចចិត្តប្រវត្តិសាស្ត្រ ខណៈដែលរុស្ស៊ីបានប្រឆាំងជំទាស់ភ្លាមមួយរំពិចចំពោះការសម្រេចចិត្តរបស់ EU។ វាត្រូវបានគេហៅថាជាការសម្រេចចិត្តមិនធ្លាប់មានពីមុនមក ពីព្រោះពេលវេលាពីការដាក់ពាក្យរហូតដល់ពេលទទួលបានបក្ខភាពចូលរួមសហភាពអឺរ៉ុបរបស់អ៊ុយក្រែន និងម៉ុលដូវ៉ា បានប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ដោយត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ប្រទេសជាសមាជិកសហភាពអឺរ៉ុបមិនធ្លាប់ធ្វើការយល់ព្រមជាមួយប្រទេសខាងក្រៅនៅក្នុងរយៈពេលខ្លីជាកំណត់ត្រាបែបនេះទេ។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញចាត់ទុកថា ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុប តាមពិត គឺជាកាយវិកាដោយមានលក្ខណៈនិមិត្តរូបសម្រាប់ទាំងអ៊ុយក្រែន និងម៉ុលដូវ៉ា ពីព្រោះនេះត្រឹមតែជាការចាប់ផ្តើមនៃដំណើរការមួយដ៏ស្មុគស្មាញ និងវែងឆ្ងាយប៉ុណ្ណោះ ប្រសិនបើពិចារណាលើស្តង់ដារដែលមិនអាចត្រូវបានបន្ទាបរបស់សហភាពអឺរ៉ុប ក្នុងវិស័យសេដ្ឋកិច្ច នយោបាយ សង្គម ហើយជាពិសេសទាក់ទងនឹងសេរីភាព នីតិរដ្ឋ និងសិទ្ធិមនុស្ស។ ជាងនេះទៅទៀត ការសម្រេចចិត្តដែលបានធ្វើឡើងក្នុងបរិបទនៃជម្លោះមិនទាន់ដោះស្រាយនៅអ៊ុយក្រែន នឹងបំពេញបន្ថែមបញ្ហាប្រឈមជាច្រើនសម្រាប់ទាំងក្រុងគៀវ និងសហភាពអឺរ៉ុបនាពេលខាងមុខ។ ទោះបីជាអ៊ុយក្រែនត្រូវបានផ្តល់បក្ខភាពសហភាពអឺរ៉ុបក៏ដោយ ប៉ុន្តែសេណារីយ៉ូដែលប្រទេសនេះត្រូវបានអនុញ្ញាតឲ្យចូលជាសមាជិកក្នុងប្លុកនេះជាផ្លូវការ អាចចំណាយពេលច្រើនឆ្នាំជាមួយនឹងលក្ខខ័ណ្ឌចាប់បង្ខំជាច្រើន។

រីឯខ្លួនវិញ តើសហភាពអឺរ៉ុបមានសមត្ថភាពដើម្បីទទួលយកប្រទេសមួយដូចជាអ៊ុយក្រែនជាសមាជិកដែរឬទេ ក៏ជាសំណួរដែលត្រូវការឆ្លើយផងដែរ។ ម្យ៉ាងទៀត ការពិចារណានិងទទួលយកអ៊ុយក្រែនមិនមែនជារឿងមួយផ្លូវទេ។ ក្រៅពីការទាមទារសម្រាប់អ៊ុយក្រែន សហភាពអឺរ៉ុបខ្លួនឯងក៏ត្រូវត្រៀមរៀបចំឲ្យបានពេញលេញនូវលក្ខខណ្ឌខាងថវិកា សមត្ថភាពធ្វើការសម្រេចចិត្ត ... ដើម្បីអាចទទួលយកសមាជិកបន្ថែមទៀត។

អឺរ៉ុបនិងតម្រូវការកាន់តែខ្លាំងក្នុងការធ្វើឲ្យស្របច្បាប់នូវអធិបតេយ្យភាព - ảnh 2ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិកនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២។ (រូបថត៖ THX/VNA)

បញ្ហាប្រឈមចំពោះសុបិននៃការបង្រួបបង្រួមអឺរ៉ុប

ចាប់ពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ ក្នុងបរិបទអន្តរជាតិ និងតំបន់មានការប្រែប្រួលជាច្រើនដូចជា វិបត្តិអ៊ុយក្រែន វិបត្តិជនអន្តោប្រវេសន៍ រួមជាមួយនឹងផលវិបាកពីវិបត្តិបំណុលសាធារណៈ Brexit និងជំងឺរាតត្បាតកូវីដ ១៩... បានធ្វើឲ្យប្លុកនេះចង់បង្កើនការបង្រួបបង្រួម ខណៈដែលក៏ទទួលផលប៉ះពាល់ជាច្រើនដល់ផលប្រយោជន៍របស់ប្រទេសនីមួយៗ។ នេះគឺជាដំណាក់កាលពោរពេញទៅដោយភាពច្របូកច្របល់សម្រាប់ EU ដែលកំពុងប្រឈមមុខនឹងបញ្ហាថ្មីៗដែលគំរាមកំហែងដល់ការអភិវឌ្ឍន៍របស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គំនិតអំពី "អឺរ៉ុបអធិបតេយ្យភាព" ដែលសំដៅបញ្ជាក់ពីកម្លាំងនយោបាយ និងសេដ្ឋកិច្ចទាំងផ្ទៃក្នុងនិងលើឆាកអន្តរជាតិ ត្រូវបានស្ដែងចេញយ៉ាងច្បាស់។ អាចនិយាយដល់ការបង្កើត "គំនិតផ្តួចផ្តើមអន្តរាគមន៍អឺរ៉ុប" និង "ការតំរង់ទិសជាយុទ្ធសាស្រ្ត" ដែលបានអនុម័តក្នុងកំឡុងពេលបារាំងធ្វើជាប្រធានសហភាពអឺរ៉ុប។ ឬការដែលសហភាពអឺរ៉ុបបានលើកឡើងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកជាលើកដំបូងនៅក្នុងខែកញ្ញាឆ្នាំ ២០២១។

អាចមើលឃើញថា កាយវិកាទាំងនេះគឺសំដៅអនុវត្ត "មហិច្ឆតាអឺរ៉ុបដោយមានអធិបតេយ្យភាព" ហើយការផ្តល់បក្ខភាពយ៉ាងឆាប់រហ័សទៅដល់អ៊ុយក្រែនដើម្បីចូលរួមក្នុងប្លុកនេះ ក៏មិនស្ថិតនៅខាងក្រៅគោលដៅនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការឆ្ពោះទៅរកក្តីសុបិននេះ នៅតែមានបញ្ហាប្រឈមជាច្រើន។ ប្រវតិ្តសាស្រ្តរបស់សហភាពអឺរ៉ុបបានបង្ហាញថា ដំណើរការចរចាដើម្បីទទួលយកបេក្ខជនជាសមាជិក មិនដែលប្រព្រឹត្តទៅដោយរលូនទេ អាចចំណាយពេលច្រើនឆ្នាំ ហើយថែមទាំងអាចបញ្ច្រាសបានដែរ។ ប្រសិនបើអ៊ុយក្រែនអាចទទួលបានបេក្ខភាពយ៉ាងងាយស្រួលនៅក្នុងកិច្ចប្រជុំកំពូលលើកនេះ អាស្រ័យលើហេតុផលនយោបាយរបស់សហភាពអឺរ៉ុប ហើយការដែលទីក្រុងគៀវអាចក្លាយជាសមាជិក EU ជាផ្លូវការនៅថ្ងៃណាមួយ បែរជារឿងខុសគ្នាទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ