អូស្ត្រាលីនិងវៀតណាមជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រួមចំណែកដល់វិបុលភាពរួមនៃតំបន់

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នៅថ្ងៃទី ៤ មីនា បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និង បំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលសេឡង់។ ដំណើរទស្សនកិច្ចលើកនេះមិនត្រឹមតែរួមចំណែករឹតបន្តឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ បើកឱកាសសហប្រតិបត្តិការថ្មីៗជាច្រើនប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតួនាទីរបស់ប្រទេសទាំងពីរក្នុងការជំរុញស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៀតផង។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទដែលវៀតណាម និងអូស្ត្រាលីទើបតែបានប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងខួបលើកទី ៥ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០១៨-២០២៣)។ ជាពិសេស នេះជាលើកទីមួយ ដែលនាយករដ្ឋមន្ត្រី
វៀតណាម មកបំពេញទស្សនកិច្ចនៅអូស្ត្រាលី ក្នុងរយៈពេល៧ឆ្នាំមកនេះ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសអូស្ត្រាលី ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលផងដែរ។

ចំណុចរួមជាច្រើន - ផលប្រយោជន៍រួមជាច្រើន

ជាង ៥ ទសវត្សរ៍ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក វៀតណាម និងអូស្ត្រាលីមានចំណុចរួម និងប្រៀបខ្លាំងរួមជាច្រើន។ នោះគឺស្ថិតនៅក្នុងតំបន់តែមួយ មានទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជននិងប្រជាជន មានសេដ្ឋកិច្ចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ហើយមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មជាច្រើន ដើម្បីជំរុញវិបុលភាព និងសាមគ្គីភាពក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសទាំងពីរក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមរួមនានា ដូចជាការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង... ទាំងនេះគឺជាមូលដ្ឋានគ្រឹះដើម្បីឲ្យអូស្ត្រាលី និងវៀតណាម បន្តជួយគាំទ្រគ្នាទៅវិញទៅមក និងពង្រីកប្រៀបខ្លាំងរួមដើម្បីរួមគ្នាអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។

មុននឹងដំណើរទស្សនកិច្ចដ៏សំខាន់នេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet បានធ្វើអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនៅអូស្ត្រាលីរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh មានអត្ថន័យជាច្រើន៖

“នេះជាឱកាសដើម្បីឲ្យប្រទេសទាំងពីររួមគ្នាវាយតម្លៃពីការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក ជាពិសេសក្នុងការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រ និងតម្រង់ទិសកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក្នុងនោះសង្កត់ធ្ងន់លើគោលដៅសហប្រតិបត្តិការពាណិជ្ជកម្ម ការជំរុញការវិនិយោគពីអូស្ត្រាលីចូលមកវៀតណាម និងពីវៀតណាមទៅអូស្ត្រាលី។ ជាពិសេស ចំណុចសំខាន់នៃដំណើរទស្សនកិច្ចលើកនេះ នឹងជាគោលដៅពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឆ្លៀតយកកម្លាំងចលករថ្មីៗនាពេលបច្ចុប្បន្ន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងដំណើរការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍថាមពលកកើតឡើងវិញនៅវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមនិងអូស្ត្រាលីនឹងឆ្ពោះទៅរកការលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយ”។

ឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី

នាបច្ចុប្បន្ន ទាំងអូស្ត្រាលី និងវៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើអាជីវកម្មនូវប្រៀបខ្លាំងនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ក្រៅពីការបង្កើតជំនឿទុកចិត្តផ្នែកនយោបាយ តាមរយៈដំណើរទស្សនកិច្ចរបស់មេដឹកនាំនៃប្រទេសទាំងពីរ វិស័យសហប្រតិបត្តិការផ្សេងទៀតដូចជា សន្តិសុខ-ការពារជាតិ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏កំពុងត្រូវបានជំរុញយ៉ាងខ្លាំង។ ប្រទេសទាំងពីរក៏កំពុងពិភាក្សាដើម្បីបើកឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗផងដែរ។

ឈរលើមូលដ្ឋាននោះ សាធារណៈមតិចាត់ទុកថា នេះជាពេលវេលាដែលទំនាក់ទំនងវៀតណាម-អូស្ត្រាលីមានភាពចាស់ទុំគ្រប់គ្រាន់ ដើម្បីឈានដល់កំពស់ថ្មីមួយ។ លោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអូស្ត្រាលី-វៀតណាម រំពឹងថា៖

“ខ្ញុំគិតថា ប្រទេសទាំងពីរចែករំលែកតម្លៃរួមជាច្រើន មិនត្រឹមតែនៅក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនៅក្នុងសេចក្តីប្រាថ្នាសម្រាប់តំបន់ទៀតផង។ យើងមានសេដ្ឋកិច្ចដែលបំពេញឲ្យគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ យើងជាប្រទេសថ្នាក់មធ្យមនៅក្នុងតំបន់ ដូច្នេះប្រសិនបើយើងសហការគ្នា យើងអាចធ្វើបានការណ៍ជាច្រើន។ ហេតុនេះហើយ ច្បាស់ណាស់ថា អូស្ត្រាលី និងវៀតណាម គួរតែលើកកំពស់ទំនាក់ទំនងឡើងដល់កម្រិតថ្មីមួយ ហើយប្រការនេះនឹង

នាំមកនូវរឿងល្អប្រសើរជាច្រើនដល់ប្រទេសទាំងពីរ និងតំបន់ទាំងមូល”។

ក្នុងពេលជាមួយគ្នានោះ លោក Nicolas Moore បេសកជនពិសេសរបស់រដ្ឋាភិបាលអូស្ត្រាលីប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា អូស្ត្រាលីកំពុងខិតខំប្រឹងប្រែងផ្គត់ផ្គង់ព័ត៌មាន ដើម្បីអាជីវកម្មអូស្ត្រាលីយល់ដឹងកាន់តែច្បាស់អំពីវៀតណាម ហើយកាន់តែងាយស្រួលក្នុងដំណើរការសហប្រតិបត្តិការជាមួយវៀតណាម នៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដំណាក់កាលថ្មី៖

“ខ្ញុំបានជួបជាមួយតំណាងរបស់ AsiaLink ដែលជាអង្គការមួយឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី។ ពួកគេបានផ្ញើមកខ្ញុំនូវឯកសារណែនាំសហគ្រាសអូស្ត្រាលីក្នុងការវិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនោះ ទីភ្នាក់ងារនេះក៏បានបោះពុម្ពផ្សាយកម្មវិធីសេដ្ឋកិច្ចបៃតងអូស្ត្រាលី-វៀតណាម ដើម្បីលើកទឹកចិត្តសហគ្រាសអូស្ត្រាលីមកបណ្តាក់ទុនលើសេដ្ឋកិច្ចបៃតងនៅវៀតណាមផងដែរ។ នៅខែមេសា យើងខ្ញុំនឹងរៀបចំសន្និសីទមួយស្តីពីបញ្ហានេះនៅវៀតណាម។ នេះគ្រាន់តែជាឧទាហរណ៍មួយចំនួនដែលបង្ហាញឲ្យឃើញថា អូស្ត្រាលីចាប់អារម្មណ៍យ៉ាងដូចម្ដ៉េចដល់ការជំរុញការវិនិយោគ និងពាណិជ្ជកម្មជាមួយតំបន់ ជាពិសេសជាមួយវៀតណាម”។

ទំនាក់ទំនងរវាងវៀតណាមនិងអូស្ត្រាលីកំពុងមានលក្ខខណ្ឌអំណោយផល និងការប្តេជ្ញាចិត្តខាងនយោបាយដ៏ខ្លាំងក្លាដើម្បីអភិវឌ្ឍន៍ឡើងដល់កំពស់ថ្មី នាំមកនូវផលប្រយោជន៍មិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធានាស្ថិរភាព និងវិបុលភាពក្នុងតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ