ឫទ្ធានុភាពរបស់វៀតណាមក្នុងដំណើរសមាហរណកម្ម

(VOVWORLD) - ជម្រាបសួរមិត្តអ្នកស្តាប់ជាទីគោរព! រួមជាមួយនឹងមនុស្សរាប់ពាន់លាននាក់ជុំវិញពិភពលោក ប្រជាជនវៀតណាមថ្ងៃនេះបានស្វាគមន៍ថ្ងៃដំបូងនៃឆ្នាំ ២០២៤ ជាមួយនឹងក្តីសប្បាយរីករាយ និងក្តីសង្ឃឹមជាច្រើន។ វិទ្យុសម្លេងវៀតណាម សូមជម្រាបជូនលោកអ្នក នាងនិងប្រិយមិត្ត នូវកម្មវិធីផ្សាយសម្លេងពិសេស ក្រោមចំណងជើងថា “ឫទ្ធានុភាពរបស់វៀតណាមក្នុងដំណើរសមាហរណកម្ម”។

ជាបឋម សូមជម្រាបជូនលោកអ្នកនាងនិងប្រិយមិត្តនូវលិខិតជូនពរឆ្នាំថ្មី របស់អគ្គនាយកវិទ្យុសម្លេងវៀតណាម៖

សូមគោរពមិត្តអ្នកស្តាប់វិទ្យុសម្លេងវៀតណាមនៅក្នុងប្រទេសវៀតណាម និងជុំវិញពិភពលោក!សូមគោរពបងប្អូនជនរួមជាតិវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅបរទេស!

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ខ្ញុំសូមផ្ញើជូនសហគមន៍ជនវៀតណាមនៅឯបរទេសនូវក្តីគោរព និងក្ដីជូនពរឆ្នាំថ្មីដ៏ល្អប្រសើរបំផុត។ សូមជូនពរមិត្តអ្នកស្តាប់របស់វិទ្យុសម្លេងវៀតណាមនៅគ្រប់ទ្វីបទាំង៥ ឲ្យមានសុខភាពល្អ សុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំ២០២៤។

សូមគោរពមិត្តអ្នកស្តាប់ និងជនរួមជាតិវៀតណាមនៅឯបរទេស!

ពិភពលោកឈានចូលឆ្នាំថ្មី ២០២៤ ជាមួយនឹងក្តីសង្ឃឹមថា អនាគតនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនឹងក្លាយជានិន្នាការចម្បងនៅទូទាំងពិភពលោក។

ក្រឡេកមើលឆ្នាំមុន ឆ្នាំ២០២៣ ជាឆ្នាំពាក់កណ្តាលអាណត្តិនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ ទោះបីជាស្ថានភាពពិភពលោក តំបន់ និងក្នុងប្រទេសមានការវិវឌ្ឍថ្មី ការលំបាក និងបញ្ហាប្រឈមធំជាងការព្យាករណ៍ក៏ដោយ ប៉ុន្តែប្រទេសវៀតណាមបានអនុវត្តន៍ប្រកបដោយជោគជ័យ និងពេញលេញនូវគោលដៅ ភារកិច្ចដែលបានដាក់ចេញ។

ឫទ្ធានុភាពរបស់វៀតណាមក្នុងដំណើរសមាហរណកម្ម - ảnh 1ទំហំនាំចេញសរុបរបស់វៀតណាមសម្រេចបានជាង ៦២០ ពាន់លានដុល្លារអាមេរិក។
(រូបថត៖ TTXVN)

កំណើន GDP នៃប្រទេសទាំងមូលសម្រេចបានកម្រិតខ្ពស់បង្គួរ បើធៀបនឹងប្រទេសជាច្រើននៅក្នុងតំបន់ និងលើពិភពលោក។ ទំហំនាំចូល-នាំចេញសរុបសម្រេចបានជាង ៦២០ ពាន់លានដុល្លារអាមេរិក; ក្នុងនោះអតិរេកពាណិជ្ជកម្មមានជាង ២៦ ពាន់លានដុល្លារ ដែលកត់សម្គាល់ឆ្នាំទី៨ជាប់ៗគ្នាដែលវៀតណាមមានអតិរេកពាណិជ្ជកម្ម។ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ ជាពិសេស សកម្មភាពកិច្ចការបរទេស រួមទាំងសកម្មភាពកិច្ចការបរទេសកម្រិតខ្ពស់ បានប្រព្រឹត្តទៅយ៉ាងរស់រវើកនិងជាបន្តបន្ទាប់ ហើយនេះក៏ជាចំណុចលេចធ្លោនៃឆ្នាំ២០២៣ផងដែរ។

សមិទ្ធិផលរបស់ប្រទេសជាតិក្នុងឆ្នាំ ២០២៣ បានអះអាងជាថ្មីម្តងទៀតនូវកម្លាំងពលំដ៏មហិមារនៃស្មារតីមហាសាមគ្គីជនជាតិទាំងមូល ការគាំទ្ររបស់ប្រជាជននៅទាំងក្នុងនិងក្រៅប្រទេសចំពោះគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋវៀតណាម។ ហើយក្នុងទម្រង់ជាច្រើន និងក្នុងវិស័យផ្សេងៗគ្នា បងប្អូនជនរួមជាតិនៅបរទេសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។

សូមគោរពមិត្តអ្នកស្តាប់ និងបងប្អូនជនរួមជាតិវៀតណាមនៅឯបរទេស!

សម្រាប់វិទ្យុសម្លេងវៀតណាម ក្នុងឆ្នាំ ២០២៣ សមូហភាពកម្មាភិបាលអ្នកសារព័ត៌មាន អ្នកបច្ចេកទេស សិល្បករ តួរសម្ដែង និងពលករនៃវិទ្យុ បានខិតខំបំពេញដោយជោគជ័យនូវការងារដែលបានប្រគល់ជូន រៀបចំការឃោសនាប្រកបដោយប្រសិទ្ធភាពអំពីព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើនរបស់ប្រទេសជាតិ ដោយមានក្នុងកម្មវិធីរំលេចទ្រង់ទ្រាយធំ ដែលរីកសាយភាយឥទ្ធិពលយ៉ាងទូលំទូលាយ ជាពិសេសគឺកម្មវិធីនយោបាយសិល្បៈដែលមានប្រធានបទ៖ "ខ្លាំង
មាំមួននិងសម្បូរធូធារពីសមុទ្រមាតុភូមិ" ជាមួយនឹងការរួមចំណែកដ៏ធំធេងរបស់បងបង្អូនជនរួមជាតិវៀតណាមនៅឯបរទេស។ វិទ្យុសម្លេងវៀតណាមក៏បន្តជាស្ថាប័នសារព័ត៌មានមួយដែល
ឈានមុខគេ រួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការងារឃោសនាអំពីដំណោះស្រាយនានាក្នុងការស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ សកម្មភាពកិច្ចការបរទេសឆ្នើមដ៏លេចធ្លោនិងការធ្វើសមាហរណកម្មអន្តរជាតិដ៏ខ្លាំងក្លារបស់វៀតណាមទៅក្នុងសេដ្ឋកិច្ចសកលផងដែរ។

ឫទ្ធានុភាពរបស់វៀតណាមក្នុងដំណើរសមាហរណកម្ម - ảnh 2អ្នកសារព័ត៌មានរបស់ VOV ទទួលពានរង្វាន់ ABU ឆ្នាំ ២០២៣។ (រូបថត៖ VOV)

ជាពិសេស វិទ្យុសម្លេងវៀតណាមឈានឡើងដើម្បីអះអាងនូវសញ្ញាសម្គាល់ដ៏ច្បាស់លាស់របស់ខ្លួនតាមរយៈពានរង្វាន់សារព័ត៌មានថ្នាក់ជាតិជាច្រើន ហើយបានវ៉ាដាច់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អន្តរជាតិចំនួន ២៦០ ដើម្បីឈ្នះពានរង្វាន់ខ្ពស់បំផុតរបស់សមាគមវិទ្យុនិងទូរទស្សន៍អាស៊ីប៉ាស៊ីហ្វិក (ABU)។ ក្នុងនោះ នាយកដ្ឋានផ្សាយសម្លេងជាភាសាបរទេស (VOV5) ក៏បានរួមចំណែកទៅក្នុងជោគជ័យរួមទាំងនោះជាមួយនឹងពានរង្វាន់សារព័ត៌មានដ៏មានកិត្យានុភាព ព្រមទាំងនាំរលកធាតុអាកាសនៃវិទ្យុសម្លេងវៀតណាមកាន់តែខិតទៅជិតមិត្តអ្នកស្តាប់ជាទីស្រឡាញ់ផងដែរ។

ក្នុងឆ្នាំ ២០២៤ វិទ្យុសម្លេងវៀតណាមនឹងបន្តស្រាវជ្រាវ និងអនុវត្តន៍បច្ចេកវិទ្យាថ្មីៗ ដើម្បីធានាបាននូវលទ្ធភាពទទួលបានល្អបំផុតសម្រាប់បងប្អូនជនរួមជាតិវៀតណាមក៏ដូចជាមិត្តអ្នកស្ដាប់លើទូទាំងពិភពលោក; បន្តផ្លាស់ប្ដូរថ្មីខ្លឹមសារ គុណភាពកម្មវិធី និងព័ត៌មាននៅក្នុងប្រភេទសារព័ត៌មានទាំងអស់ និងនៅលើផ្លាតហ្វមឌីជីថល ដើម្បីបម្រើឱ្យកាន់តែល្អថែមទៀតនូវតម្រូវការព័ត៌មានរបស់មិត្តអ្នកស្តាប់ និងតម្រូវការតភ្ជាប់ជាមួយមាតុភូមិ រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌វៀតណាមរបស់បងប្អូនជនរួមជាតិនៅក្រៅប្រទេស។

ក្នុងឱកាសចូលឆ្នាំថ្មីនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះមិត្តអ្នកស្ដាប់ជាទីគោរពក៏ដូចជាបងប្អូនជនរួមជាតិនៅទាំងក្នុងនិងក្រៅប្រទេស។

ឫទ្ធានុភាពរបស់វៀតណាមក្នុងដំណើរសមាហរណកម្ម
ឆ្នាំ ២០២៤ គឺជាឆ្នាំដំបូងដែលវៀតណាមអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍឧស្សាហកម្ម semiconductor ដែលជាឧស្សាហកម្មមូលដ្ឋាន ហើយនឹងក្លាយជាឧស្សាហកម្មសំខាន់ថ្នាក់ជាតិក្នុងរយៈពេលពី ៣០ ទៅ ៥០ ឆ្នាំខាងមុខ។ ការធ្វើជាម្ចាស់នៃបច្ចេកវិទ្យានេះគឺជាខ្លោងទ្វារទៅកាន់ពិភពបច្ចេកវិទ្យាដ៏ធំទូលាយ ហើយក៏ជាការបោះជំហានលោតផ្លោះដើម្បីជួយវៀតណាមអាចអភិវឌ្ឍន៍កាន់តែលឿននិងឆ្ងាយជាងទៀតផងដែរ។

“បច្ចុប្បន្ននេះ ខ្ញុំកំពុងសិក្សាផ្នែករចនាមីក្រូឈីបនៅសាកលវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាន ហើយនឹងក្លាយជាវិស្វករមីក្រូឈីបនាពេលអនាគត។ បច្ចុប្បន្នឧស្សាហកម្មនេះមិនទាន់មានប្រជាប្រិយភាពនៅឡើយ ប៉ុន្តែនៅពេលអនាគត ឧស្សាហកម្មនេះនឹងអភិវឌ្ឍន៍ ហើយមនុស្សកាន់តែច្រើននឹងស្គាល់ដល់”។

“បន្ទះឈីប Semiconductor នៅវៀតណាមមានសក្តានុពលខ្លាំង ដោយសារប្រទេសអភិវឌ្ឍន៍នានាលើពិភពលោកសុទ្ធតែធ្វើជាម្ចាស់នៃបច្ចេកវិទ្យា semiconductor ដូចជាអាមេរិក និងចិន។ នាពេលកន្លងមក មានសហគ្រាសបរទេសជាច្រើនបានមកវៀតណាម ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការក្នុងការផលិតបន្ទះឈីប semiconductor។ ខ្ញុំមើលឃើញថា វិជ្ជាជីវៈនេះពិតជាមានសក្តានុពល ហើយជាឱកាសសម្រាប់និស្សិតដែលសិក្សាមុខជំនាញនេះ”។

ភាពជោគជ័យនៃឧស្សាហកម្មបន្ទះឈីប semiconductor គឺជាជើងទម្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល។ វាមិនមែនជាគោលបំណងទៀតទេ ប៉ុន្តែនៅវៀតណាម មានសម្ព័ន្ធក្រុមហ៊ុនខ្លះដែលបានបោះជំហានចូលក្នុងវិស័យរចនាមីក្រូឈីប ហើយបង្កើតសញ្ញាសម្គាល់ដ៏សំខាន់។

ឫទ្ធានុភាពរបស់វៀតណាមក្នុងដំណើរសមាហរណកម្ម - ảnh 3ឧបករណ៍ 5G ផលិតដោយ Viettel អនុវត្តន៍បច្ចេកវិទ្យាថ្មីបំផុត ស្របតាមស្តង់ដារពិភពលោក។
(រូបថត៖ qdnd.vn)

ជាលើកដំបូង និងតែមួយគត់រហូតមកដល់ពេលនេះ ដែលនៅវៀតណាម មានប្រភេទបន្ទះឈីបកម្រិតខ្ពស់ និងស្មុគស្មាញបំផុតនៃប្រព័ន្ធអេកូឡូស៊ី 5G ត្រូវបានសាកពិសោធន៍ដោយជោគជ័យ ដោយក្រុមវិស្វករវៀតណាមនៅក្រុមហ៊ុន Viettel។ នោះគឺជាប្រភេទបន្ទះឈីប 5G DFE ដែលមានសមត្ថភាពធ្វើគណនា ១ ពាន់លានលើកក្នុងមួយវិនាទី។ ការដែលវិស្វករវៀតណាមធ្វើជាម្ចាស់ទាំងស្រុងនៃការរចនាបន្ទះឈីបកម្រិតខ្ពស់នេះ គឺមានសារៈសំខាន់ពិសេសនៅក្នុងបរិបទដែលទីផ្សារពិភពលោកមិនទាន់ធ្វើពាណិជ្ជកម្មប្រភេទបន្ទះឈីប 5G នៅឡើយ។ បច្ចុប្បន្ននេះ នៅលើពិភពលោកមានប្រទេសតែ ៥ ដល់ ៦ ប៉ុណ្ណោះដែលមានបច្ចេកវិទ្យាផលិតបន្ទះឈីប 5G ហើយមិនទាន់ធ្វើពាណិជ្ជកម្មនៅឡើយទេ។ លោកបណ្ឌិត Le Thai Ha ប្រធានវិស្វករបច្ចេកវិទ្យា មជ្ឈមណ្ឌលមីក្រូឈីប Viettel បានធ្វើអត្ថាធិប្បាយថា៖

“ទាំងនេះគឺជាបច្ចេកវិទ្យាទំនើបបំផុតរបស់ពិភពលោកក្នុងការរចនាបន្ទះឈីប។ យើងខ្ញុំទទួលបានការជួយឧបត្ថម្ភពីក្រុមហ៊ុន Synopsys ហើយបានបញ្ជូនក្រុមវិស្វករទៅកាន់មជ្ឈមណ្ឌល R&D នៅបែលហ្សិក។ តាមរយៈការផ្លាស់ប្ដូរជាមួយវិស្វករដែលកំពុងធ្វើជាម្ចាស់នៃបច្ចេកវិទ្យាស្នូលនោះ យើងខ្ញុំយល់ឃើញថាវិស្វករវៀតណាមពិតជាអាចឈានដល់កម្រិតនេះ”។

បន្ទះឈីប 5G DFE គឺជាឧទាហរណ៍មួយនៃសមិទ្ធិផលថ្មីបំផុតរបស់វៀតណាមក្នុងការធ្វើជាម្ចាស់លើផលិតផលបន្ទះឈីបកម្រិតខ្ពស់ដែលមានប្រទេសយ៉ាងតិចតួចលើពិភពលោកអាចធ្វើបាន។ វាជួយនាំប្រទេសវៀតណាមចូលរួមកាន់តែស៊ីជម្រៅក្នុងឧស្សាហកម្ម semiconductor សកល។

មិនត្រឹមតែការរចនាបន្ទះឈីប semiconductor ប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមកំពុងក្លាយជាគោលដៅទាក់ទាញសម្រាប់ក្រុមហ៊ុនផលិត semiconductor ឈានមុខគេលើពិភពលោកទៀតផង។ គម្រោងដែលមានតម្លៃពីរាប់រយលានរហូតដល់រាប់ពាន់លានដុល្លារអាមេរិកកំពុងត្រូវបានបណ្តាក់ទុនចូលមកវៀតណាម។

រោងចក្រ semiconductor ដោយមានតម្លៃ ១,៦ ពាន់លានដុល្លារអាមេរិក របស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Amkor ត្រូវបានសម្ពោធជាផ្លូវការនៅ Bac Ninh កាលពីថ្ងៃទី ១១ ខែតុលា ដែលសម្ព័ន្ធក្រុមហ៊ុនឈានមុខគេមួយរបស់សហរដ្ឋអាមេរិកនៅក្នុងឧស្សាហកម្មវេចខ្ចប់ និងសាកពិសោធសារធាតុ semiconductor។

មុននោះ ក្នុងខែឧសភា សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Marvell (សហរដ្ឋអាមេរិក) ក៏បានប្រកាសបង្កើតមជ្ឈមណ្ឌលរចនាសៀវគ្វីឈានមុខគេលើពិភពលោកនៅទីក្រុងហូជីមិញ ដោយនាំឲ្យ Marvell វៀតណាមក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលនៃការស្រាវជ្រាវនិងការអភិវឌ្ឍចំនួន ៤ ដែលមានលំដាប់ពិភពលោក (រួមជាមួយមជ្ឈមណ្ឌលនៅក្នុងប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល)។ លោក Le Quang Dam អគ្គនាយក Marvell វៀតណាមបានចែករំលែកថា៖

“យើងខ្ញុំទទួលបានការគាំទ្រយ៉ាងល្អពីរដ្ឋាភិបាល។ ទាក់ទងនឹងបច្ចេកវិទ្យាវិញ យើងកំពុងមានបច្ចេកវិទ្យាទំនើបបំផុត។ តាមការវាយតម្លៃរបស់យើងខ្ញុំ នេះជាឱកាសមាស ហើយធ្វើយ៉ាងណាដើម្បីពីឱកាសនៃ វៀតណាមអាចអភិវឌ្ឍន៍ឧស្សាហកម្មមីក្រូឈីប ឡើងដល់កម្រិតខ្ពស់ជាង”។

លោក Do Nhat Hoang ប្រធាននាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគវៀតណាមបានចាត់ទុកថា៖

“វៀតណាមបានចាប់ផ្តើមបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការផលិតបន្ទះឈីបជាបណ្ដើរៗ។ សម្ព័ន្ធក្រុមហ៊ុនមួយចំនួនដែលវិនិយោគនិងធ្វើផលិតកម្មនៅវៀតណាមមានគម្រោងពង្រីកផលិតកម្ម។ ប្រការនេះបញ្ជាក់ឱ្យឃើញថា ពួកគេបានបោះជំហាននីមួយៗយ៉ាងរឹងមាំ ចាប់តាំងពីការសាកល្បងហើយឃើញថាមានស្ថេរភាពហើយ ទើបពួកគេចាប់ផ្តើមពង្រីក។ តាមរយៈទំនាក់ទំនង យើងខ្ញុំឃើញថា នាពេលខាងមុខ សហគ្រាសទំនងជានឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារអាមេរិកចូលមកវៀតណាមក្នុងវិស័យនេះ”។

ការវិនិយោគទាំងនេះគឺជាភស្តុតាងនៃតួនាទីដែលកាន់តែកើនឡើងៗរបស់វៀតណាម និងជាឱកាសដើម្បីឲ្យវៀតណាមបង្កើតសញ្ញាសម្គាល់របស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល។

ឫទ្ធានុភាពរបស់វៀតណាមក្នុងដំណើរសមាហរណកម្ម - ảnh 4លោក Nguyen Thien Nghia អនុប្រធានទទួលបន្ទុកនាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ក្រសួងព័ត៌មាននិងគមនាគមន៍។

វៀតណាមមានទិសដៅ គោលដៅ និងសកម្មភាពជាក់លាក់ ដើម្បីកសាងមូលដ្ឋានគ្រឹះដំបូងសំខាន់ៗសម្រាប់ឧស្សាហកម្ម semiconductor។ លោក Nguyen Thien Nghia អនុប្រធានទទួលបន្ទុកនាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ ក្រសួងព័ត៌មាននិងគមនាគមន៍បានអះអាងពីការត្រៀមខ្លួនជាស្រេចរបស់វៀតណាមក្នុងវិស័យនេះ។

អ្នកសារព័ត៌មាន៖ សូមលោកជម្រាបថា តើស្ថាប័នមានសមត្ថកិច្ចបានកំណត់ពីគុណសម្បត្តិជាក់ស្តែងនៃសេដ្ឋកិច្ចវៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម semiconductor យ៉ាងដូចម្តេច?

“យុទ្ធសាស្រ្ត semiconductor របស់បណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក អឺរ៉ុប កូរ៉េ និងជប៉ុន សុទ្ធតែចង់នាំយកសកម្មភាពផលិតកម្មមកកាន់ប្រទេសខ្លួនដើម្បីមានភាពម្ចាស់ការនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ យើងត្រូវតែដឹងថា នៅពេលដែលវៀតណាមក៏ចង់ចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីនេះ យើងត្រូវតែតភ្ជាប់ជាមួយនឹងប្រព័ន្ធអេកូនៃប្រទេសមួយទៀតដែលមានទស្សនៈស្រដៀងគ្នា ក៏ដូចជាមានឱកាសអំណោយផល និងការគាំទ្រគ្នាទៅវិញទៅមក។ ខ្ញុំគិតថា វៀតណាមមានឱកាសល្អណាស់ ដោយសារយើងមានគោលនយោបាយការទូតឯករាជ្យ មិនពឹងពាក់លើអ្នកដទៃ ហើយយើងបើកចំហចំពោះដៃគូក្នុងតំបន់”។

ដើម្បីឱ្យវៀតណាមអាចបង្កើតសញ្ញាសម្គាល់កាន់តែច្បាស់នៅក្នុងប្រព័ន្ធអេកូឡូស៊ី semiconductor សកល គឺយើងចាំបាច់ត្រូវមានផែនទីបង្ហាញផ្លូវដ៏ល្អមួយមែនទេ?

“ជាទូទៅ ខ្ញុំគិតថាវៀតណាមត្រូវការយុទ្ធសាស្ត្រទន្ទឹមគ្នា។ ទីមួយ បន្តទាក់ទាញសហគ្រាសអន្តរជាតិមកវៀតណាមដើម្បីពង្រីកផលិតកម្មនិងអាជីវកម្ម ជួយវៀតណាមក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មក្នុងតំបន់ជាបណ្ដើរៗ។ ទន្ទឹមនឹងនោះយើងត្រូវមានគោលនយោបាយអភិវឌ្ឍន៍សមត្ថភាពក្នុងស្រុក។ កង្វះខាតមួយនៅក្នុងសាលាឈានមុខគេរបស់វៀតណាមគឺប្រព័ន្ធបន្ទប់ពិសោធន៍ពេញលេញដើម្បីជួយនិស្សិតនៅពេលបញ្ចប់ការសិក្សា អាចបង្កើតផលិតផលមីក្រូឈីបបានភ្លាមៗ”។ លើសពីនេះ យើងត្រូវតែតភ្ជាប់ជាមួយមជ្ឈមណ្ឌលផលិតកម្មនិងមន្ទីរពិសោធន៍ជុំវិញពិភពលោក ដើម្បីគាំទ្រដល់សហគ្រាសចាប់ផ្តើមអាជីវកម្មផ្នែកមីក្រូឈីប ដើម្បីអាចនាំយកផលិតផលទៅកាន់ទីផ្សារឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

អ្នកសារព័ត៌មាន៖ ប្រទេសនានាក្នុងតំបន់កំពុងផ្ដល់អនុគ្រោះពិសេសក្នុងឧស្សាហកម្ម semiconductor ដូច្នេះតើវៀតណាមមានគោលនយោបាយអ្វីខ្លះដើម្បីលើកទឹកចិត្តដល់សហគ្រាស?

“ខ្ញុំគិតថា គោលនយោបាយអនុគ្រោះរបស់វៀតណាមក៏ល្អបង្គួរបើធៀបនឹងប្រទេសដទៃទៀត។ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងទៀត យើងអាចសម្រេចបានយ៉ាងហោចណាស់ ៧/១០ ដូចជា៖ ការលើកលែង ការកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់សហគ្រាស ការលើកលែងពន្ធលើសមាសធាតុនាំចូល ការលើកលែងពន្ធលើតម្លៃបន្ថែម.. ទាំងនេះគឺជាគោលនយោបាយដែលខ្ញុំគិតថាជាហេតុផលដែលក្រុមហ៊ុន FDI ក្នុងវិស័យអេឡិចត្រូនិកបានបណ្តាក់ទុននៅវៀតណាមយ៉ាងច្រើនក្នុងរយៈពេលកន្លងមកនេះ”។

អ្នកសារព័ត៌មាន៖ សូមអរគុណលោក Nguyen Thien Nghia អនុប្រធានទទួលបន្ទុកនាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ក្រសួងព័ត៌មាន និងគមនាគមន៍។

ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសមួយតែមួយគ្មានពីរ នៅក្នុងឧស្សាហកម្ម semiconductor គឺធនធានមនុស្សមានសារៈសំខាន់ខ្លាំងណាស់។ វៀតណាមក៏មានការត្រៀមរៀបចំគ្រប់ជ្រុងជ្រោយសម្រាប់បញ្ហានេះ។

#កាលពីខែសីហាកន្លងទៅនេះ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ១២៤ ដែលតម្រូវឱ្យក្រសួង ស្ថាប័ននានា កសាងគម្រោងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឧស្សាហកម្ម semiconductor រហូតដល់ឆ្នាំ ២០៣០។ ក្រោយនោះ នៅក្នុងសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី១៥ (ខែ តុលា) លោកនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

“ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់ឧស្សាហកម្ម និងវិស័យដែលទើបលេចចេញ ក្នុងនោះផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ពី ៥០ ទៅ ១០០ ពាន់នាក់សម្រាប់ឧស្សាហកម្មផលិតបន្ទះឈីប semiconductor ក្នុងដំណាក់កាល ២០២៥-២០៣០”។

ក្នុងពេលជាមួយគ្នានោះ សាកលវិទ្យាល័យជាច្រើននៅវៀតណាមបានទទួលយកការចុះឈ្មោះនិងបណ្តុះបណ្តាលនិស្សិតផ្នែករចនាមីក្រូឈីប និងបច្ចេកវិទ្យាមីក្រូឈីប។

“សាកលវិទ្យាល័យជាតិហាណូយ មានក្រុមអ្នកជំនាញនិងមានបទពិសោធន៍ក្នុងការអនុវត្តប្រធានបទ គម្រោងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យមីក្រូឈីប ចាប់ពីការរចនា ការផលិតសម្ភារៈ Semiconductor រហូតដល់ការការធ្វើតេស្ត និងការអនុវត្តផងដែរ។ បច្ចុប្បន្ននេះ សាលាក៏មាននិស្សិតបរិមាណធំដែលកំពុងសិក្សាលើមុខវិជ្ជាវិស្វកម្ម បច្ចេកវិទ្យា ក៏ដូចជាវិទ្យាសាស្ត្រមូលដ្ឋានទាក់ទងនឹងមីក្រូឈីប semiconductor”។

“ឱកាសរបស់វៀតណាមបានមកដល់ហើយ យើងត្រូវតែចាប់យកឱកាសនេះ។ ដូច្នេះ វិធីសាស្រ្តរបស់សាកលវិទ្យាល័យ FPT គឺសហការជាមួយសាលាធំៗជុំវិញពិភពលោក ដើម្បីនាំយកកម្មវិធីសិក្សារបស់គេមកប្រទេសវៀតណាមដើម្បីបង្រៀន ដោយផ្តោតលើក្រុមហ៊ុនដូចជា Amkor... ដើម្បីអាចផ្តល់ធនធានមនុស្សសម្រាប់ក្រុមហ៊ុនទាំងនោះនៅប្រទេសវៀតណាមភ្លាមមួយរំពិច។ លើសពីនេះ ក៏មានកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី រយៈពេលវែង និងកម្មវិធីកម្រិតខ្ពស់ផងដែរ”។

ឧស្សាហកម្មបន្ទះឈីប semiconductor គឺជាឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដែលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈជម្រៅ។ ដោយមានភាពម្ចាស់ការ និងវិធីសាស្ត្រល្អក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សង្ឃឹមថា វៀតណាមនឹងចាប់យកឱកាសអភិវឌ្ឍន៍ប្រកបដោយជោគជ័យ។ 

វៀតណាមកំណត់ថា ឧស្សាហកម្ម semiconductor នឹងក្លាយជាឧស្សាហកម្មសំខាន់ថ្នាក់ជាតិក្នុងរយៈពេល ៣០ ទៅ ៥០ ឆ្នាំខាងមុខ។ ការកំណត់ទិសដៅនេះបានអះអាងនូវឬទ្ធានុភាពរបស់វៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ដោយចាប់យកនិន្នាការពិភពលោក បង្កើតលក្ខខណ្ឌសម្រាប់វៀតណាមបង្កើតឋានៈថ្មីលើផែនទីបន្ទះឈីប semiconductor សកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ