តន្ត្រីករ Phong Nha - អ្នកចាក់គ្រឹះសម្រាប់ចម្រៀងកុមារវៀតណាម

(VOVWORLD) - តន្ត្រីរ Phong Nha ជាអ្នកដែលបានចាក់គ្រឹះនិងដើរជួរមុខក្នុងចលនានិពន្ធ បទចម្រៀងសម្រាប់កុមារចាប់ពីទសវត្សឆ្នាំ១៩៤០មក។ លោកទើបតែបានចែកឋានទៅ នាថ្ងៃទី២៨ មីនា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្នុងជន្មាយុ៩៦ឆ្នាំ។ អស់មួយ ជីវិតរបស់ខ្លួន លោកបានផ្សាភ្ជាប់នឹងសកម្មភាពកុមារ។
តន្ត្រីករ Phong Nha - អ្នកចាក់គ្រឹះសម្រាប់ចម្រៀងកុមារវៀតណាម - ảnh 1តន្ត្រីរ Phong Nha ជាអ្នកដែលបានចាក់គ្រឹះនិងដើរជួរមុខក្នុងចលនានិពន្ធ បទចម្រៀងសម្រាប់កុមារចាប់ពីទសវត្សឆ្នាំ១៩៤០មក។  

  តន្ត្រីករ Phong Nha មានឈ្មោះដើមថា Nguyen Van Tuong កើតនា ថ្ងៃទី៤ មេសា ឆ្នាំ១៩២៤។ ស្រុកកំណើតលោកនៅភូមិ Ngoc Dong ស្រុក Duy Tien (សព្វថ្ងៃគឺសង្កាត់ Hoang Dong ទីរួមខេត្ត Duy Tien ខេត្ត Ha Nam) ប៉ុន្តែលោក បានរស់នៅជាមួយគ្រួសារនៅរដ្ឋធានីហាណូយកាលពីកុមារភាព។

        តន្ត្រីករ Phong Nha បាននិពន្ធបទចម្រៀងសម្រាប់កុមារចាប់ពីប៉ុន្មានថ្ងៃដំបូងនៃ បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥។ វណ្ណកម្មតន្ត្រីរបស់លោកសុទ្ធតែផ្សារភ្ជាប់ទៅនឹងបណ្ដាអនុស្សាវរីយ៍កាលពីកុមារភាពដែលមិនអាចបំភ្លេចបានរបស់រូបលោកផ្ទាល់។ ក្នុងនោះ វណ្ណកម្មដ៏ល្បីល្បាញបំផុតគឺបទចម្រៀងដោយចំណងជើងថា “នរណា ស្រឡាញ់លោកអ៊ុំហូជីមិញជាងកុមារ”។ ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំ១៩៤៥ ក្រោយពីបានជួបលោកប្រធានហូជីមិញជាលើកដំបូង ហើយមានការចាប់ អារម្មណ៍ចំពោះសេចក្ដីស្រឡាញ់របស់លោកអ៊ុំចំពោះក្មួយៗកុមារ តន្ត្រីករ Phong Nha បាននិពន្ធបទចម្រៀងនេះ។ បន្ទាប់ពីត្រូវបានផ្សាយតាម រលកវិទ្យុ សម្លេងវៀតណាម បទចម្រៀងនេះទទួលបានការនិយមចូលចិត្តរបស់ប្រជាជន រាប់លាននាក់ ជាពិសេសគឺជំនាន់យុវជននិងកុមារទូទាំងប្រទេស។

        ចាប់ពីកុមារភាព លោក Phong Nha បានបង្ហាញទេពកោសល្យនិងការ ជក់ចិត្តចំពោះតន្ត្រី។ នាដើមទសវត្សឆ្នាំ១៩៤០ លោកចាប់ផ្ដើមចូលរួមសកម្មភាព តន្ត្រីមហាជន ទោះបីជាមិនធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលតន្ត្រីណាមួយ ក៏ដោយ ប៉ុន្តែភាគច្រើនគឺរៀនសូត្រដោយខ្លួនឯង។ នាឆ្នាំ១៩៤៤ លោកចូលរួម កសាងចលនាកុមារនៅស្រុកកំណើត ហើយចូលរួមចលនា Viet Minh នៅទីនេះ ដែរ។ ក្នុងដំណាក់កាលនេះ លោកយករហស្សនាមថា Phong Nha ដើម្បី រំលឹកដល់បងប្អូនម្នាក់ដែលបានលាចាកដោយសាររោគាពាធ ហើយលោកក៏ បាននិពន្ធបទចម្រៀងដើមដំបូងរបស់ខ្លួនក្នុងដំណាក់កាលនេះដែរ។ វណ្ណកម្ម របស់តន្ត្រីករ Phong Nha បានបន្សល់ទុកនូវការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅចំពោះ កុមារវៀតណាមជាច្រើនជំនាន់ក្នុងអំឡុងពេលជាងពាក់កណ្ដាលសតវត្សកន្លងទៅ។ ក្មួយ Cao Huy Hoang សិស្សម្នាក់នៅទីក្រុងហាណូយ បានចែករំលែកថា៖

        “ចាប់ពីពេលរៀននៅសាលាបឋមសិក្សាមក ក្មួយត្រូវបានបង្រៀនបទ ចម្រៀងជាច្រើនស្ដីពីកុមារ ក្នុងនោះមានបទចម្រៀង “នរណាស្រឡាញ់លោក អ៊ុំហូជីមិញជាងកុមារ” និងបទចម្រៀងប្រពៃណីរបស់សម្ព័ន្ធកុមារជំទង់ដោយមាន ចំណងជើងថា “យើងរួមគ្នាឈានឡើង” របស់តន្ត្រីករ Phong Nha។ ក្មួយៗសុទ្ធ តែទន្ទេញចាំទាំងអស់។ ក្រោយពីដឹងថា លោកតន្ត្រីករបានចែកឋានទៅ ក្មួយៗពិត ជាមានអារម្មណ៍សោកស្ដាយណាស់។ ក្មួយៗសង្ឃឹមថា បណ្ដាតន្ត្រីករជំនាន់ ក្រោយៗរបស់វៀតណាម នឹងមានអ្នកមានទេពកោសល្យដូចលោក ហើយ អាចនិពន្ធបទចម្រៀងពិរោះៗស្ដីពីកុមារ។ ក្មួយបានអានកាសែត ស្ដាប់វិទ្យុ ហើយមើលទូរទស្សន៍ដើម្បីស្វែងយល់អំពីជីវិតរបស់លោកតន្ត្រីករ Phong Nha ហើយមានការកោតសរសើរយ៉ាងខ្លាំងចំពោះអ្វីៗដែលលោកបានរួមវិភាគទាន សម្រាប់តន្ត្រីវៀតណាម”។

        នាដើមឆ្នាំ១៩៤៥ លោកតន្ត្រីករ Phong Nha ត្រូវបានប្រគល់ភារកិច្ចទទួល បន្ទុកការងារកុមារសង្គ្រោះជាតិនៅរដ្ឋធានីហាណូយ។ ក្រោយពីបដិវត្តន៍ខែសីហា ទទួលជ័យជំនះ លោកត្រូវបានមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ តែងតាំងជាលេខាសមាគមន៍កុមារសង្គ្រោះជាតិហាណូយ។ ក្នុងដំណាក់កាល តស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង លោកបាននិពន្ធបទចម្រៀងជាច្រើនស្ដីពី យុវជននិងកុមារនៅលើសមរភូមិហើយទទួលបានការពេញនិយមយ៉ាងខ្លាំង។ បទចម្រៀងមួយចំនួនរបស់លោកក្រោយនោះបានក្លាយទៅជាបទចម្រៀងប្រពៃណីរបស់សម្ព័ន្ធក្មេងជំទង់ Tien Phong ដូចជា៖ Kim Dong រួមគ្នាយើងឈាន ឡើង ជាដើម។ នាឆ្នាំ១៩៦៩ លោកបាននិពន្ធបទ ចម្រៀង “លោកអ៊ុំរស់នៅ ជានិច្ច” ដើម្បីរំលឹកដល់លោកប្រធានហូជីមិញដែលទើបតែទទួលមរណភាព។ ក្រោយពីបានឯកភាពប្រទេសជាតិមក លោកបាននិពន្ធបទចម្រៀង “កុមារធ្វើផែនការ តូចៗ” ដើម្បីគាំទ្រចំពោះចលនា “ផែនការតូចៗ” របស់កុមារទូទាំងប្រទេស។ ចែករំលែកអំពីមិត្តភក្តិរបស់ខ្លួន លោកតន្ត្រីករ Pham Tuyen បានឲ្យដឹងថា៖

        “លោកតន្ត្រីករ Phong Nha ផ្សារភ្ជាប់នឹងកុមារតាមរយៈសកម្មភាពជាច្រើន រួមទាំងរយៈពេលដែលលោកកាន់តំណែងជាអគ្គនិពន្ធនាយកដើមដំបូងនៃកាសែត ក្មេងជំទង់ Tien Phong។ លោកបានបន្សល់ទុកនូវបទចម្រៀងដ៏ល្បីល្បាញ ជាច្រើន។ យើងខ្ញុំបានជួបគ្នាជាច្រើនលើកច្រើនសារនៅមហោស្រពកុមារទូទាំង ប្រទេស ហើយមានគោលបំណងដូចគ្នាថា ចង់មានសុខភាពល្អដើម្បីបន្តសរសេរ សម្រាប់កុមារ។ ជំនាន់កុមារនិងក្មេងជំទង់ត្រូវការបទចម្រៀងស្ដីពីប្រទេសជាតិ ច្រើនណាស់ ដើម្បីពូនជ្រុំឲ្យបំណងប្រាថ្នាលះបង់សម្រាប់មាតុប្រទេសនាអនាគត”។

        ដោយមានការលះបង់និងការរួមវិភាគទានដ៏ធំធេងសម្រាប់តន្ត្រីវៀតណាម លោកតន្ត្រីករ Phong Nha មានកិត្តិយសដោយត្រូវបានរដ្ឋាភិបាលប្រគល់ពាន់រង្វាន់ ថ្នាក់ជាតិស្ដីពីអក្សរសាស្ត្រសិល្បៈកាលពីឆ្នាំ១៩៩៦ និងពានរង្វាន់ហូជីមិញ ស្ដីពីអក្សរសាស្ត្រសិល្បៈនាឆ្នាំ២០០១។ ទោះបីជាជាង៧០ឆ្នាំបានកន្លងផុត ទៅក៏ដោយ ប៉ុន្តែបទចម្រៀងដ៏ពិរោះៗរបស់តន្ត្រីករ Phong Nha នៅតែដិតជាប់ ក្នុងដួងព្រលឹងរបស់កុមារវៀតណាមជាច្រើនជំនាន់ ក៏ដូចជាបន្សល់ទុកនូវការ ចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងជីវភាពខាងវប្បធម៌ស្មារតីរបស់ប្រជាជនវៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ