ថាច់ តារា ព្រះតេជគុណខ្មែរដែលអស់ពីចិត្តដើម្បីសហគមន៍

(VOVWORLD) - ព្រះតេជគុណ ថាច់ តារា ជនជាតិខ្មែរ ថ្វីត្បិតតែទើបមានព្រះជន្មាយុជាង ៤០ វស្សាក៏ដោយ ប៉ុន្តែបានធ្វើជាព្រះចៅអធិការវត្តធ្លក ឃុំ Hiep Hoa ស្រុក Cau Ngang ខេត្តត្រាវិញអស់រយៈពេលច្រើនឆ្នាំកន្លងមកនេះហើយ។ ដោយជួយជ្រោមជ្រែងនឹងចលនាសិក្សា និងធ្វើតាមគំរូសីលធម៌ហូជីមិញ ព្រះអង្គបានផ្តួចផ្តើមចលនាជាច្រើនដើម្បីជួយប្រជាជនក្រីក្រនៅមូលដ្ឋានសម្រាលការលំបាក។

ថាច់ តារា ព្រះតេជគុណខ្មែរដែលអស់ពីចិត្តដើម្បីសហគមន៍ - ảnh 1ព្រះតេជគុណ ថាច់ តារា ឃោសនា ផ្សព្វផ្សាយច្បាប់ដល់ពុទ្ធបរិស័ទ។ (រូបថត៖ VOV)

ក្នុងឋានៈជាព្រះចៅអធិការវត្តធ្លក ព្រះតេជគុណ ថាច់ តារា ជានិច្ចកាលយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយចំណេះដឹងអំពីច្បាប់ គោលមាគ៌ា គោលជំហរនិងគោលនយោបាយរបស់បក្ស និងរដ្ឋ លើកកំពស់កម្រិតចំណេះដឹងទូទៅជូនជនរួមជាតិ។ ជារៀងរាល់ឆ្នាំ ព្រះអង្គបើកថ្នាក់រៀនភាសាបាលី-ភាសាខ្មែរចំនួន ២ ហើយបើកថ្នាក់រៀនភាសាខ្មែរបន្ថែមក្នុងវិស្សមកាល សម្រាប់សមណៈសិស្ស និងកូនចៅរបស់ពុទ្ធបរិស័ទនៅមូលដ្ឋាន។ នៅថ្ងៃបុណ្យទានធំៗឬថ្ងៃដែលមានពុទ្ធបរិស័ទច្រើន មកវត្ត ព្រះអង្គតែងតែសម្របសម្រួលជាមួយគណៈគ្រប់គ្រងវត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឃោសនា ពន្យល់គោលនយោបាយថ្មីដល់ជនរួមជាតិខ្មែរ។

មិនត្រឹមតែយកចិត្តទុកដាក់ដល់ជំនាន់វ័យក្មេងប៉ុណ្ណោះទេ ព្រះតេជគុណ ថាច់ តារា ក៏បានចលនាសហគមន៍ជនរួមជាតិខ្មែរចូលរួមកសាងផ្លូវគមនាគមន៍ជនបទ និងកសាងផ្ទះមហាសាមគ្គីជូនគ្រួសារក្រីក្រផងដែរ។ ដើម្បីឲ្យការងារចលនា ឃោសនាពិតជាមានប្រសិទ្ធភាព ព្រះអង្គរួមជាមួយនឹងគណៈគ្រប់គ្រងវត្ត និងអ្នកមានកិត្យានុភាពដទៃទៀត អនុវត្តន៍ជាមុនសិន បន្ទាប់មកបានពង្រីកគំរូរួមវិភាគទាននៅមូលដ្ឋាន។ ជាមួយនឹងវិធីសាស្រ្តនេះ ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ ព្រះតេជគុណ ថាច់ តារា បានកៀងគរសាងសង់ផ្ទះមហាសាមគ្គីចំនួន ៨ ខ្នង ដែលមានតម្លៃ ៤០០ លានដុង (១៧ ពាន់ដុល្លារអាមេរិក) ជូនគ្រួសារក្រីក្រ។ លោកក៏បានកៀរគរសប្បុរសជនរួមចំណែកថវិកាសាងសង់ស្ពានជនបទចំនួន ៩ ដែលមានតម្លៃជិត ១,៣ ពាន់លានដុង (៥៥.៣០០ ដុល្លារ) ដើម្បីជួយប្រជាជនធ្វើដំណើរបានរលូន ងាយស្រួលដឹកជញ្ជូនកសិផល ហើយលើកកំពស់ជីវភាពរស់នៅ។ អាស្រ័យហេតុនេះ ឃុំ Hiep Hoa បានសម្រេចរួចរាល់លក្ខណៈវិនិច្ឆ័យក្នុងការកសាងជនបទថ្មីកម្រិតខ្ពស់ក្នុងពេលឆាប់ៗ។ លោក Thach Tran Giang អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hiep Hoa ស្រុក Cau Ngang បានឲ្យដឹងថា៖

“ខ្ញុំឃើញថា ព្រះតេជគុណជួយឧបត្ថម្ភប្រជាជនយ៉ាងសកម្មដើម្បីសម្រាលការលំបាក ហើយចូលរួមកសាងជនបទថ្មីនៅមូលដ្ឋាន។ ព្រះតេជគុណបានកៀរគរប្រជាជនរួមចំណែកថវិកាដើម្បីជួយអាជ្ញាធរក្នុងការសាងសង់ស្ពាន។ ក្រៅពីការវិនិយោគសាងសង់ស្ពាននោះ ព្រះតេជគុណក៏បានផ្តល់អំណោយដល់គ្រួសារក្រីក្រ និងសិស្សក្រីក្រនៅមូលដ្ឋានផងដែរ។ ព្រះតេជគុណគឺជាគំរូក្នុងការសិក្សានិងធ្វើតាមគំរូសីលធម៌ហូជីមិញ។

ថាច់ តារា ព្រះតេជគុណខ្មែរដែលអស់ពីចិត្តដើម្បីសហគមន៍ - ảnh 2ព្រះតេជគុណ ថាច់ តារា ប្រគេនអំណោយដល់គ្រួសារក្រីក្រ។ (រូបថត៖ VOV)

បើនិយាយពីការសិក្សានិងធ្វើតាមគំរូលោកប្រធានហូជីមិញ ព្រះតេជគុណ ថាច់ តារា ចាត់ទុកថា លោកប្រធានហូជីមិញ “បានឧទ្ទិសបូជាអស់មួយជីវិតដើម្បីប្រជាជន និងប្រទេសជាតិ ការងារអ្វីក៏ដោយ ក៏ដើម្បីបម្រើប្រជាជនដែរ”។ ចំណែកឯសតិអារម្មណ៍នៃព្រះពុទ្ធសាសនាគឺ "លើកតម្កើងស្មារតីបម្រើសត្វលោក ទូន្មានមនុស្សឲ្យប្រព្រឹត្តអំពើល្អ និងមានធម៌មេត្តាករុណា"។ ដូច្នេះហើយព្រះអង្គតែងតែមានបំណងចង់ធ្វើការងារជាច្រើនដែលមានប្រយោជន៍ដល់ជីវិត និងស្រុកកំណើត។ នោះក៏ជាក្ដីសុភមង្គលដ៏ធំបំផុតរបស់អ្នកបួសរៀនតាមដំប៉ូន្មានរបស់ព្រះពុទ្ធ។

សព្វថ្ងៃនៅឃុំ Hiep Hoa ការធ្វើចរាចរបានរលូន ដើមឈើបៃតងត្រូវបានកាត់ម៉ែកចេញយ៉ាងស្រឡះ ចម្ការបន្លែរីកលូតលាស់នៅតាមវាលស្រែសម្បូរជីជាតិ។ប្រការនេះបង្ហាញថា ជីវភាពសេដ្ឋកិច្ច ការយល់ដឹងអំពីរបៀបរស់នៅវប្បធម៌ និងអរិយធម៌របស់ប្រជាជនខ្មែរនៅទីនេះបានផ្លាស់ប្តូរហើយ។ លទ្ធផលនេះមានការរួមចំណែកគួរឲ្យកត់សម្គាល់របស់ព្រះតេជគុណ ថាច់ តារា ព្រះសង្ឃគំរូទាំងផ្លូវលោកផ្លូវធម៌ ដែលឈានមុខគេក្នុងការសិក្សា និងធ្វើតាមគំរូលោកប្រធាន
ហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ