យុវជនម្នាក់ដែលជក់ចិត្តនឹងការច្នៃប្រឌិតផលិតផលបច្ចេកវិទ្យាថ្មីដោយមានម៉ាកយីហោវៀតណាម

(VOVWORLD) - ដោយមានការជក់ចិត្ត ការប្ដេជ្ញាចិត្តនិងភាពប្រថុយប្រថាន នៅពេលត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិតដំណោះស្រាយបច្ចេកវិទ្យាថ្មីនៅវៀតណាម លោក Vu Gia Luyen បានក្លាយទៅជាយុវជនម្នាក់ក្នុងចំណោមយុវជនវៀតណាមគំរូនៅក្នុងវិស័យចាប់ផ្តើមអាជីវកម្ម។ ដំណោះស្រាយបច្ចេកវិទ្យារបស់ CEO វ័យក្មេងរូបនេះបានរួមចំណែកដោះស្រាយបញ្ហាជាច្រើននៅក្នុងសង្គម។

 
Callbot - ស្ថានីយ៍អ្នកប្រឹក្សានិម្មិតដោយប្រើបញ្ញាសិប្បនិម្មិត (AI) ដែលមានសមត្ថភាពទំនាក់ទំនងជាមួយអ្នកជំងឺ COVID-១៩ តាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយនឹងសេណារីយ៉ូផ្សេងៗរាប់រយ។ នេះគឺជាផលិតផលបច្ចេកវិទ្យាដ៏ពិសេស និងមានប្រយោជន៍របស់លោក Vu Gia Luyen និងក្រុមហ៊ុនភាគហ៊ុនដំណោះស្រាយបច្ចេកវិទ្យាអន្តរជាតិ (ITS)។ ក្នុងអំឡុងពេលនៃការផ្ទុះរាលដាលនៃជំងឺរាតត្បាត COVID-១៩ ការហៅទូរស័ព្ទជាង ៤ លានលើក ពីស្ថានីយ៍ Callbot នេះបានរួមចំណែកកាត់បន្ថយបន្ទុកការងារនៃប្រព័ន្ធសុខាភិបាលគ្រប់ជាន់ថ្នាក់ ហើយប្រមូលព័ត៌មានអំពីករណីឆ្លងយ៉ាងពេញលេញ។
យុវជនម្នាក់ដែលជក់ចិត្តនឹងការច្នៃប្រឌិតផលិតផលបច្ចេកវិទ្យាថ្មីដោយមានម៉ាកយីហោវៀតណាម - ảnh 1Vu Gia Luyen ជាយុវជនវៀតណាមគំរូម្នាក់ក្នុងវិស័យចាប់ផ្តើមអាជីវកម្ម។  រូបថត៖Cong Dat

កាលពីខែតុលា ឆ្នាំ ២០១៥ នៅពេលមានអាយុ ២៨ ឆ្នាំ លោក Vu Gia Luyen បានចាប់ផ្តើមអាជីវកម្មដោយការបង្កើត ITS រួមជាមួយសហការីចំនួន ៣ នាក់ទៀត។ ដំណោះស្រាយ និងសេវាកម្មស្នូលរបស់ ITS នៅពេលនោះ គឺត្រឹមតែជាការផ្តល់សេវាទូរគមនាគមន៍ ការកសាងដំណោះស្រាយសេវាតម្លៃបន្ថែម តន្ត្រីដែល រក្សាសិទ្ធិអន្តរជាតិ ការកម្សាន្តតាមទូរស័ព្ទ... ដែលត្រូវបានទីផ្សារទទួលយក និងវាយតម្លៃខ្ពស់។ បន្ទាប់ពីទទួលបានជោគជ័យផ្នែកសេវាកម្មទូរគមនាគមន៍ លោក Vu Gia Luyen និងសហការីនៅ ITS បានផ្លាស់ប្តូរការយកចិត្តទុកដាក់ជាបណ្ដើរៗទៅកាន់ឧស្សាហកម្មបច្ចេកវិទ្យា។ ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ផលិតផលបច្ចេកវិទ្យាថ្មីៗជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។ នោះគឺជាដំណោះស្រាយជីវមាត្រសំឡេង Voice Biometrics ដំណោះស្រាយស្ថានីយ៍អ្នកប្រឹក្សានិម្មិត Callbot ដំណោះស្រាយផ្ទៀងផ្ទាត់ហត្ថលេខា Viet Signature ដំណោះស្រាយផ្ទៀងផ្ទាត់អតិថិជនតាមវីដេអូ KYC និងដំណោះស្រាយលក់ Smart Sales។ ជាពិសេស ដំណោះស្រាយការហៅជាសំឡេងម៉ាកយីហោ Voice Brandname ទទួលបានការវាយតម្លៃខ្ពស់ពីអតិថិជន។ លោក Vu Gia Luyen បានចែករំលែកថា៖

“យើងខ្ញុំផ្តោតសំខាន់ទៅលើផ្នែកពាក់ព័ន្ធដល់បច្ចេកវិទ្យាស្នូល បម្រើដំណោះស្រាយទូរគមនាគមន៍ និងបញ្ញាសិប្បនិម្មិត។ នាបច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍នានាដើម្បីផ្តល់ផ្លាតហ្វមទូរគមនាគមន៍។ ជាពិសេស ដំណោះស្រាយមួយនៅពេលដែលសហគ្រាសហៅចូល នឹងបង្ហាញឈ្មោះសហក្រាសនៅលើលេខទូរសព្ទ (ដំណោះស្រាយការហៅជាសំឡេងម៉ាកយីហោ Voice Brandname) បានជួយយើងក្នុងការសម្រេចចិត្តថាតើគួរស្តាប់ឬអត់ ព្រមទាំងជៀសវាងការយាយីឬការក្លែងបន្លំ។ សហគ្រាសក៏អាចទំនាក់ទំនងជាមួយនឹងអតិថិជនដែលមានតម្រូវការផងដែរ។ បច្ចុប្បន្ននេះដំណោះស្រាយត្រូវបានផ្គត់ផ្គង់ជាផ្លូវការដោយ Viettel, Mobiphone, និង Vinaphone”។

រហូតមកដល់ពេលនេះ មានសហគ្រាសជាង ៦០០០ អង្គភាព និងម៉ាកយីហោរាប់ម៉ឺនបានចុះឈ្មោះប្រើប្រាស់សេវាកម្ម Voice Brandname របស់ ITS។ លោក Tran Ngoc Vinh នាយកក្រុមហ៊ុនមួយនៅទីក្រុងហូជីមិញបានវាយតម្លៃថា៖

“Voice Brandname គឺជាសេវាកម្មដ៏មានប្រសិទ្ធភាព ដែលជួយបញ្ជាក់ម៉ាកយីហោជាមួយអតិថិជន បង្កើនអត្រាទទួលការរហៅទូរស័ព្ទចូលរបស់អតិថិជន និងអនុលោមតាមសារាចរណ៍លេខ ៩១ របស់រដ្ឋាភិបាល (ស្តីពីការប្រយុទ្ធប្រឆាំងនឹងសារឥតបានការ អ៊ីម៉ែលឥតបានការ ការហៅទូរស័ព្ទសារឥតបានការ)។ នៅពេលប្រើប្រាស់សេវាកម្មនេះ អត្រាពិតប្រាកដបានកើនឡើងយ៉ាងខ្លាំង អតិថិជនមិនចាំបាច់ឆ្ងល់ថាតើគួរតែទទួលការហៅចូលឬអត់នោះទេ”។

មិនត្រឹមតែបម្រើសហគ្រាសខ្នាតធំប៉ុណ្ណោះទេ ITS ក៏មានគោលបំណងជួយគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមទៀតផង។ ជាមួយនឹងប្រព័ន្ធ Smartbot និងដំណោះស្រាយ AI Smartcall ITS ត្រូវបានជ្រើសរើសជាផ្លាតហ្វមឌីជីថលមួយក្នុងចំណោមផ្លាតហ្វមឌីជីថលចំនួន ៣ ដែលផ្តល់ការគាំទ្រអតិបរមាដល់សហគ្រាសខ្នាតតូចនិងមធ្យមរាប់រយអង្គភាព។

យុវជនម្នាក់ដែលជក់ចិត្តនឹងការច្នៃប្រឌិតផលិតផលបច្ចេកវិទ្យាថ្មីដោយមានម៉ាកយីហោវៀតណាម - ảnh 2ផលិតផលរបស់លោក Vu Gia Luyen និងសហការីបានទទួលពានរង្វាន់ជាច្រើន។ រូបថត៖ TTXVN

បច្ចុប្បន្ននេះ បច្ចេកវិទ្យា AI កំពុងនាំមុខគេក្នុងនិន្នាការសហសម័យ។ នាយកវ័យក្មេង លោក Vu Gia Luyen បានចែករំលែកថា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀត ជួរវិស្វកររបស់ក្រុមហ៊ុនតែងតែកសាងនិងអភិវឌ្ឍន៍ផលិតផលដោយមានការលំបាកខ្ពស់ មានលទ្ធភាពអនុវត្តន៍យ៉ាងទូលំទូលាយ និងមានប្រយោជន៍សម្រាប់សហគមន៍។ លោក Vu Gia Luyen និងសហការីពុងបន្តដាក់ពង្រាយប្រព័ន្ធឌីជីថលភាវូបនីយកម្ម ជាពិសេសធ្វើឌីជីថលភាវូបនីយកម្មនូវការសរសេរដោយដៃ ដើម្បីជំនួសកម្មវិធីបរទេសដែលមានស្រាប់។ ក្រោយរយៈពេល ៥ ឆ្នាំរួមដំណើរ និងធ្វើការជាមួយនាយកវ័យក្មេងរូបនេះ វិស្វករ Nguyen Dang Tuan បានឲ្យដឹងថា ការយល់ស្របនិងការគោរពចំពោះមតិយោបល់របស់បុគ្គលម្នាក់ៗ គឺជាប្រការដែលគេងាយស្រួលមើលឃើញ ក្នុងរបៀបប្រតិបត្តិការរបស់ លោក CEO Vu Gia Luyen៖

“CEO Luyen គឺជាបងប្រុសម្នាក់ប្រកបដោយភាពក្លៀវក្លា។ គាត់អាចធ្វើការ ២៤/៧ ក្នុងដំណើរការការងារអាចផ្ដួចផ្ដើមគំនិត និងផលិតផលគ្រប់ខណៈពេល។ នៅលើផ្លូវដ៏វែងឆ្ងាយ ខ្ញុំឃើញថា គាត់តែងតែធ្វើការសម្រេចចិត្តត្រឹមត្រូវ:។ក្នុងរយៈពេល ៥ ឆ្នាំមកនេះ CEO Vu Gia Luyen និងសហការីបានស្រាវជ្រាវ និងច្នៃប្រឌិតផលិតផលបច្ចេកវិទ្យាថ្មីៗជាច្រើន។ សម្រាប់ លោក Vu Gia Luyen ជោគជ័យនីមួយៗរបស់មនុស្សវ័យក្មេងតែងតែដើរទន្ទឹមគ្នាជាមួយនឹងសេចក្ដីប្រាថ្នានិងការលះបង់៖

“ក្នុងនាមជាមនុស្សវ័យក្មេងម្នាក់ ត្រូវតែមានសេចក្ដីប្រាថ្នាជានិច្ច ហ៊ានប្រថុយប្រថាន និងលះបង់។ ក្នុងការស្រាវជ្រាវ ការច្នៃប្រឌិតត្រូវតែដើរតាមផ្លូវផ្សេងទៀត ទីបំផុតគឺបម្រើសង្គម បង្កើនប្រាក់ចំណូល រកចំណុលបានច្រើនដើម្បីជួយឱ្យអ្វីៗទាំងអស់បោះជំហានទៅមុខ”។

ជាមួយនឹងការរួមវិភាគទានរបស់ខ្លួន ផលិតផលរបស់លោក Vu Gia Luyen និងសហការីបានទទួលពានរង្វាន់ជាច្រើនដូចជា៖ សហគ្រិនវ័យក្មេងឆ្នើមកំពូលទាំង ១០ ក្នុងឆ្នាំ ២០២១ ពានរង្វាន់ Sao Khue និងពានរង្វាន់យុវជនវៀតណាមឆ្នើមឆ្នាំ ២០២១ ពានរង្វាន់ផលិតផលផ្លាស់ប្តូរឌីជីថលឆ្នើម - Digital Award ឆ្នាំ ២០១៩ និងជាបុគ្គលម្នាក់ដែលត្រូវបានលើកតម្កើងក្នុងកម្មវិធី "រុងរឿងវៀតណាមឆ្នាំ២០២២"។

ជាមួយនឹងផ្នត់គំនិតនៃការប្ដេជ្ញាចិត្តនិងការលះបង់ដោយឥតឈប់ឈរ លោក Vu Gia Luyen កំពុងដឹកនាំសហគ្រាសបច្ចេកវិទ្យារបស់ខ្លួនឈានទៅមហាសមុទ្រ ហើយបង្កើតឋានៈសម្រាប់ផលិតផលឌីជីថលដោយមានម៉ាកយីហោវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ