លោក Vu Huu Le - អ្នកច្នៃប្រឌិតរបស់កសិករ

(VOVWORLD) - លោក Vu Huu Le នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មេកានិច សាងសង់និងដំឡើង Hong Ha ទីក្រុង Yen Bai ជាបុគ្គលមួយនាក់ក្នុងចំណោមបុគ្គលឆ្នើមចំនួន៦នាក់ ដែលទើបបានលើកតម្កើងនៅកម្មវិធី ភាពរុងរឿងវៀតណាម ឆ្នាំ២០២១ ដោយមានស្នាដៃឆ្នើមៗក្នុងការធ្វើពលកម្ម ផលិតកម្ម; ការច្នៃប្រឌិតដោយឥតឈប់ឈរ ហ៊ានគិតហ៊ានធ្វើហ៊ានលះបង់ រួមចំណែកយ៉ាងសក្តិសមដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ នៅខេត្ត Yen Bai លោកត្រូវបានមនុស្សរាល់គ្នាស្គាល់ដល់ដោយការជក់ចិត្តស្រាវជ្រាវ ផលិតម៉ាស៊ីន ឧបករណ៍កសិកម្មសម្រាប់បម្រើការធ្វើយន្តូបនីយកម្មក្នុងវិស័យកសិកម្ម រុក្ខកម្ម។
លោក Vu Huu Le - អ្នកច្នៃប្រឌិតរបស់កសិករ - ảnh 1ទោះបីជាមានអាយុជាង៨០ឆ្នាំហើយក៏ដោយ ប៉ុន្តែលោក Vu Huu Le (ខាងឆ្វេង) នៅតែជក់ចិត្តនឹងការផលិតម៉ាស៊ីនសម្រាប់បម្រើការកែច្នៃផលិតផលកសិកម្មរបស់កសិករ។ (រូបថត៖ danviet.vn)

ទោះបីមានអាយុ៨៧ឆ្នាំហើយក៏ដោយ ប៉ុន្តែ លោក Vu Huu Le វិស្វករមេកានិច នៅតែមិនអនុញ្ញាតឲ្យខ្លួនឈប់សម្រាកទេ ផ្ទុយទៅវិញ លោកបានជ្រើសរើសការបន្តលះបង់កម្លាំងកាយចិត្តនិងបញ្ញារបស់ខ្លួនដើម្បីសង្គម។

ចូលនិវត្តន៍កាលពីឆ្នាំ១៩៩០ ប៉ុន្តែ លោកនៅតែមានបំណងប្រាថ្នាបើករោងចក្រមេកានិចផ្ទាល់ខ្លួន។ នៅពេលនោះ មានប្រាក់ត្រឹមតែ១លានដុង និងម៉ូតូចាស់មួយគ្រឿងធ្វើជាទុនប៉ុណ្ណោះ លោកបាន “ចាប់ផ្ដើមអាជីព” ដោយការប្រមូលឧបករណ៍ចាស់ៗ ចាប់ពីចបកាប់ ប៉ែល យកមកជួសជុល កែថ្មីឡើងវិញហើយលក់បន្តដើម្បីសន្សំទុកដើមទុនសម្រាប់ទិញសម្ភារៈបរិក្ខារ កសាងរោងចក្រមេកានិច។ ក្រោយពីមានឧបករណ៍ រោងចក្ររួចហើយ នៅឆ្នាំ២០០៨ លោកបានបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតមេកានិក សាងសង់និងដំឡើង Hong Ha ដែលផ្ដោតសំខាន់លើការស្រាវជ្រាវ ផលិតម៉ាស៊ីនកសិកម្ម។ ដោយមានការខិតខំប្រឹងប្រែងមិនចេះនឿយណាយ និងការសាកល្បងជាច្រើនលើកច្រើនសារអស់រយៈពេល៣ឆ្នាំក្រោយមក លោកបានផលិតដោយជោគជ័យនូវម៉ាស៊ីនកែច្នៃតែខ្នាតមីនីដើមដំបូង ដែលមានអានុភាពនិងគុណភាពនៃការផលិតតែស្មើនឹងម៉ាស៊ីននាំចូល ប៉ុន្តែតម្លៃទាបជាងច្រើន សមរម្យណាស់ដើម្បីផលិតសម្រាប់គ្រួសារកសិករ។

ចាប់តាំងពីពេលនោះមក លោក Le និងសហការីបានផលិតម៉ាស៊ីនរាប់សិបប្រភេទសម្រាប់កែច្នៃកសិផល ដែលទទួលបានគាំពារសិទ្ធិផ្ដាច់មុខដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញាចំណុះក្រសួងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដូចជា៖ ម៉ាស៊ីនកិនតែ ឧបករណ៍ចម្រោះប្រេងយីហ៊ុប ម៉ាស៊ីនគាបមីសួ ជាដើម។ ម៉ាស៊ីនទាំងនេះត្រូវបានលោកស្រាវជ្រាវ ផលិតតាមបាវចនា៖ ងាយប្រើប្រាស់ មានតម្លៃសមរម្យតាមសមត្ថភាពរបស់ប្រជាកសិករ។ លោក Vu Huu Le បានពន្យល់យ៉ាងដូច្នេះថា៖

“ខ្ញុំធ្លាប់ជាកសិករ ដូច្នេះខ្ញុំអាណិតអាសូរប្រជាកសិករណាស់។ ពេលខ្ញុំទៅភូមិប្រកបរបរធ្វើមីសួ ហើយឃើញបងប្អូនគាបមីសួដោយដៃគឺលំបាកពេក បានជាខ្ញុំមានគំនិតផលិតម៉ាស៊ីនគាបមីសួជូនបងប្អូនកសិករ។ ដំបូងឡើយក៏ជួបការលំបាកដែរ ព្រោះថាគេធ្វើដោយដៃបានយូរហើយ មិនសូវប្រើម៉ាស៊ីនទេ។ ប៉ុន្តែ ពេលស៊ាំទៅហើយ គេចូលចិត្តណាស់”។

ម៉ាស៊ីនដែលផលិតដោយលោក Vu Huu Le ទទួលបានការពេញនិយមពីសំណាក់ប្រជាជន មិនត្រឹមតែដោយសារវាមានតម្លៃថោក ប្រើប្រាស់បានយូរ ងាយស្រួលប្រើប្រាស់និងជួសជុលប៉ុណ្ណោះទេ ថែមទាំងដោយសារប្រការពិសេសមួយទៀតនោះ គឺចំពោះមនុស្សដែលមានលក្ខណៈសេដ្ឋកិច្ចលំបាក លោកនឹងលក់ទំនិញតាមវិធីបង់រំលស់ដោយគ្មានការប្រាក់ទេ។ លោក Dinh Duc Toan នៅទីក្រុង Yen Bai ឲ្យដឹងថា៖

“មុននេះ ខ្ញុំនិងប្រពន្ធធ្វើដោយដៃ។ ដោយដឹងថា អ៊ុំ Le ផលិតបានម៉ាស៊ីនធ្វើនំក្រៀប ដែលមានអានុភាពខ្ពស់ ជួយកាត់បន្ថយពេលវេលាធ្វើការ ដូច្នេះខ្ញុំបានទៅទិញ។ បន្ទាប់ពីមានម៉ាស៊ីនហើយ ផលិតភាពក៏កើនឡើង ទីផ្សារត្រូវបានពង្រីក សេដ្ឋកិច្ចគ្រួសារក៏ប្រសើរឡើងដែរ”។

ម៉ាស៊ីនដែលផលិតដោយលោក LE មិនត្រឹមតែបម្រើតម្រូវការផលិតកម្មរបស់ប្រជាជននៅខេត្ត Yen Bai ប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៅកាន់ខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេសផងដែរ។

ថ្វីត្បិតតែមានអាយុជាង៨០ឆ្នាំហើយក៏ដោយ ប៉ុន្តែ លោកនាយក Vu Huu Le នៅតែធ្វើការជាមួយបងប្អូនកម្មករជារៀងរាល់ថ្ងៃដើម្បីស្រាវជ្រាវ ផលិតម៉ាស៊ីន និងឧបករណ៍កសិកម្មសម្រាប់បម្រើកសិករ។ លោក Cao Ngoc Trieu កម្មករនៅក្រុមហ៊ុនមេកានិច សាងសង់និងដំឡើង Hong Ha បាននិយាយថា៖

“លោក Le ជាគំរូឆ្នើមមួយរូបដើម្បីបងប្អូនក្នុងរោងចក្រសិក្សារៀនសូត្រនូវស្មារតីធ្វើពលកម្មយ៉ាងឧស្សាហ៍ព្យាយាម មានគំនិតថ្មីៗដោយឥតឈប់ឈរ។ ទោះជាមានអាយុចាស់ជរាទៅហើយ ក៏លោកនៅតែជក់ចិត្តនឹងការងារ មិនឈប់សម្រាកថ្ងៃណាមួយទេ”។

ចំពោះលោក Le ការច្នៃប្រឌិតមិនដែលធុញទ្រាន់ទេ ព្រោះវាជាចំណង់ចំណូលចិត្តដែលជួយលោកមានឧបករណ៍ ម៉ាស៊ីនថ្មីៗបន្ថែមទៀត ដើម្បីបម្រើ

ប្រជាកសិករ។ ជាមួយនឹងស្នាដៃរបស់ខ្លួន ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ លោកទទួលបានប័ណ្ណសរសើរជាច្រើន ក្នុងនោះមានគ្រឿងឥស្សរិយៈយសពលកម្មថ្នាក់ទី៣ ហើយនាពេលថ្មីៗនេះ លោកជាបុគ្គលមួយនាក់ក្នុងចំណោមបុគ្គលឆ្នើមចំនួន៦នាក់ដែលត្រូវបានលើកតម្កើងនៅក្នុងកម្មវិធីភាពរុងរឿងវៀតណាមឆ្នាំ២០២១។ លោក Vu Huu Le បាននិយាយថា លោកនឹងបន្តលះបង់កម្លាំងកាយចិត្តដើម្បីសង្គម ដោយបំណងចង់ឲ្យប្រជាកសិករជំរុញផលិតកម្មយ៉ាងខ្លាំងក្លា សន្សំសម្ចៃកម្លាំងពលកម្ម និងលើកកំពស់ប្រាក់ចំណូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ